អេភេសូ 2:7-10
អេភេសូ 2:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដើម្បីឲ្យព្រះអង្គបានសម្ដែង ឲ្យមនុស្សជំនាន់ខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលុបរបស់ព្រះអង្គ ដោយសេចក្តីសប្បុរសចំពោះយើង ក្នុងព្រះគ្រីស្ទយេស៊ូវ។ ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន។ ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
អេភេសូ 2:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើង ក្នុងអង្គព្រះគ្រិស្តយេស៊ូដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់ព្រះគុណដ៏ប្រសើរលើសលុបបំផុតរបស់ព្រះអង្គ ព្រះអង្គសង្គ្រោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។ យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះអង្គបានបម្រុងទុកជាមុន សម្រាប់ឲ្យយើងប្រព្រឹត្តតាម។
អេភេសូ 2:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន ដ្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។