អេភេសូ 2:13-18
អេភេសូ 2:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែឥឡូវនេះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ។ ដ្បិតព្រះអង្គជាសេចក្ដីសុខសាន្តរបស់យើង ព្រះអង្គបានធ្វើទាំងពីររួមមកតែមួយ ហើយបានរើជញ្ជាំងខណ្ឌញែក គឺភាពជាសត្រូវនឹងគ្នារវាងយើងចេញ ដោយរូបសាច់របស់ព្រះអង្គ។ ព្រះអង្គបានបំបាត់ក្រឹត្យវិន័យដែលមានបទបញ្ជា និងបញ្ញត្តិទាំងឡាយចេញ ដើម្បីឲ្យព្រះអង្គបានយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយក្នុងព្រះអង្គទ្រង់ ដោយតាំងឲ្យមានសេចក្ដីសុខសាន្ត ហើយឲ្យព្រះអង្គបានផ្សះផ្សាសាសន៍ទាំងពីរជាមួយព្រះ ក្នុងរូបកាយតែមួយ តាមរយៈឈើឆ្កាង ទាំងបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាងនោះឯង។ ហើយពេលព្រះអង្គបានយាងមក នោះព្រះអង្គបានប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្តដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់អស់អ្នកដែលនៅជិតផង ដ្បិតដោយសារព្រះអង្គ យើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះវរបិតា ដោយព្រះវិញ្ញាណតែមួយ។
អេភេសូ 2:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្តែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត បងប្អូនបានមកនៅជិតដោយសារព្រះលោហិតរបស់ព្រះគ្រិស្ត។ គឺព្រះគ្រិស្តហើយដែលជាសន្តិភាពរបស់យើង ព្រះអង្គបានប្រមូលសាសន៍ទាំងពីរឲ្យរួមគ្នាមកជាប្រជារាស្ត្រតែមួយ។ ក្នុងព្រះកាយរបស់ព្រះអង្គ ព្រះអង្គបានរំលំជញ្ជាំងដែលបំបាក់បំបែកយើងឲ្យទៅជាបច្ចាមិត្តនឹងគ្នា។ ព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យ*ដែលមានបទបញ្ជា និងក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរឲ្យទៅជាមនុស្សថ្មីតែមួយ ក្នុងព្រះអង្គផ្ទាល់ ព្រមទាំងនាំសន្តិភាពមកផង។ ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ព្រះអង្គបានសម្រុះសម្រួលសាសន៍ទាំងពីរឲ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឲ្យគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកម្ចាត់ការស្អប់គ្នាចោលផង។ ព្រះអង្គបានយាងមក «ទាំងនាំដំណឹងល្អ*អំពីសន្តិភាពមកឲ្យបងប្អូនដែលនៅឆ្ងាយ និងនាំសន្តិភាពមកឲ្យអស់អ្នកដែលនៅជិតដែរ» ។ ដោយសារព្រះគ្រិស្តនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។
អេភេសូ 2:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់ ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើឲ្យទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ ព្រមទាំងបំបាត់សេចក្ដីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រិត្យវិន័យដែលមានបញ្ញត្ត នឹងសេចក្ដីហាមប្រាមទាំងប៉ុន្មានចេញ ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ ហើយឲ្យទ្រង់បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង ព្រមទាំងរំងាប់សេចក្ដីសំអប់គ្នា ដោយឈើឆ្កាងនោះឯង ហើយកាលទ្រង់បានយាងមក នោះទ្រង់បានផ្សាយដំណឹងល្អ គឺជាសេចក្ដីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយ នឹងដល់ពួកអ្នកដែលនៅជិតផង ដ្បិតដោយសារទ្រង់ នោះយើងទាំង២សាសន៍មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១