អេភេសូ 2:13-16

អេភេសូ 2:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តែ​ឥឡូវ​នេះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ។ ដ្បិត​ព្រះ‌អង្គ​ជា​សេចក្ដី​សុខសាន្ត​របស់​យើង ព្រះ‌អង្គ​បាន​ធ្វើ​ទាំង​ពីរ​រួម​មក​តែ​មួយ ហើយ​បាន​រើ​ជញ្ជាំង​ខណ្ឌ​ញែក គឺ​ភាព​ជា​សត្រូវ​នឹង​គ្នា​រវាង​យើង​ចេញ ដោយ​រូប​សាច់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​បំបាត់​ក្រឹត្យ‌វិន័យ​ដែល​មាន​បទ‌បញ្ជា និង​បញ្ញត្តិ​ទាំង​ឡាយ​ចេញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​យក​ទាំង​ពីរ​មក​បង្កើត​ជា​មនុស្ស​ថ្មី​តែ​មួយ​ក្នុង​ព្រះ‌អង្គ​ទ្រង់ ដោយ​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត ហើយ​ឲ្យ​ព្រះ‌អង្គ​បាន​ផ្សះ​ផ្សា​សាសន៍​ទាំង​ពីរ​ជា​មួយ​ព្រះ ក្នុង​រូប‌កាយ​តែ​មួយ តាម​រយៈ​ឈើ​ឆ្កាង ទាំង​បំបាត់​ភាព​ជា​សត្រូវ​ចោល តាម​រយៈ​ឈើ​ឆ្កាង​នោះ​ឯង។

ចែក​រំលែក
អាន អេភេសូ 2

អេភេសូ 2:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ពី​ដើម បងប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្តែ ឥឡូវ​នេះ ដោយ​បងប្អូន​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ​គ្រិស្ត បងប្អូន​បាន​មក​នៅ​ជិត​ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ត។ គឺ​ព្រះ‌គ្រិស្ត​ហើយ​ដែល​ជា​សន្តិ‌ភាព​របស់​យើង ព្រះអង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរឲ្យ​រួម​គ្នា​មក​ជា​ប្រជា‌រាស្ត្រ​តែ​មួយ។ ក្នុង​ព្រះ‌កាយ​របស់​ព្រះអង្គ ព្រះអង្គ​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​ឲ្យ​ទៅ​ជា​បច្ចា​មិត្ត​នឹង​គ្នា។ ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យ‌វិន័យ*​ដែល​មាន​បទ‌បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល ដើម្បី​បង្រួប‌បង្រួម​សាសន៍​ទាំង​ពីរ​ឲ្យ​ទៅ​ជា​មនុស្ស​ថ្មី​តែ​មួយ ក្នុង​ព្រះអង្គ​ផ្ទាល់ ព្រម​ទាំង​នាំ​សន្តិ‌ភាព​មក​ផង។ ដោយ​ព្រះអង្គ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​សម្រុះ‌សម្រួល​សាសន៍​ទាំង​ពីរ​ឲ្យ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​ឲ្យ​គេ​ស្រុះ‌ស្រួល​ជា​មួយ​ព្រះ‌ជាម្ចាស់​វិញ ទាំង​កម្ចាត់​ការ​ស្អប់​គ្នា​ចោល​ផង។

ចែក​រំលែក
អាន អេភេសូ 2

អេភេសូ 2:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ឲ្យ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ ព្រម​ទាំង​បំបាត់​សេចក្ដី​សំអប់​គ្នា ដោយ​នូវ​រូប​សាច់​ទ្រង់ គឺ​បំបាត់​ក្រិត្យ‌វិន័យ​ដែល​មាន​បញ្ញត្ត នឹង​សេចក្ដី​ហាម‌ប្រាម​ទាំង​ប៉ុន្មាន​ចេញ ដើម្បី​ឲ្យ​បាន​យក​ទាំង​២​មក បង្កើត​ជា​មនុស្ស​ថ្មី​តែ​១​ក្នុង​ព្រះ‌អង្គ​ទ្រង់ ដោយ​តាំង​ជា​ស្ពាន​មេត្រី​ឲ្យ ហើយ​ឲ្យ​ទ្រង់​បាន​ផ្សះ‌ផ្សា​ទាំង​២​នឹង​ព្រះ ក្នុង​រូប‌កាយ​តែ​១ ដោយ‌សារ​ឈើ​ឆ្កាង ព្រម​ទាំង​រំងាប់​សេចក្ដី​សំអប់​គ្នា ដោយ​ឈើ​ឆ្កាង​នោះ​ឯង

ចែក​រំលែក
អាន អេភេសូ 2