អេភេសូ 1:6-9
អេភេសូ 1:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដើម្បីសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។ នៅក្នុងព្រះអង្គយើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការអត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ ដែលព្រះអង្គបានផ្តល់មកយើងជាបរិបូរ។ ព្រះអង្គបានសម្ដែងឲ្យយើងស្គាល់អាថ៌កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ ដោយប្រាជ្ញា និងការយល់ដឹងគ្រប់យ៉ាង ស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យសម្រេចទុកក្នុងព្រះគ្រីស្ទ
អេភេសូ 1:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះគុណ ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះគ្រិស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឲ្យយើងបានរួចពីបាប ស្របតាមព្រះគុណដ៏លើសលុបរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ ព្រះអង្គបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំង*នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
អេភេសូ 1:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ ដែលបានផ្តល់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា នឹងដំរិះសព្វគ្រប់ ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់