អេភេសូ 1:1-5

អេភេសូ 1:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​សាវក​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ សូម​ជម្រាប​មក​ពួក​បរិសុទ្ធ ដែល​នៅ​ក្រុង​អេភេ‌សូរ ជា​ពួក​អ្នក​ស្មោះ​ត្រង់​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌ តាម​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​យើង​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​សេចក្តី​ស្រឡាញ់។ ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន សម្រាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ស្រប​តាម​បំណង​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ

ចែក​រំលែក
អាន អេភេសូ 1

អេភេសូ 1:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តាំង​ជា​សាវ័ក*​របស់​ព្រះ‌គ្រិស្ត*​យេស៊ូ សូម​ជម្រាប​មក​បងប្អូន​ជា​ប្រជា‌រាស្ដ្រ​ដ៏វិសុទ្ធ [នៅ​ក្រុង​អេភេសូ] ដែល​ជឿ​លើ​ព្រះគ្រិស្ត‌យេស៊ូ។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។ សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខ*​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រិស្ត។ ព្រះអង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រិស្ត តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​វិសុទ្ធ* និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។ ព្រះអង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឲ្យ​ធ្វើ​ជា​បុត្រ​របស់​ព្រះអង្គ ដោយ‌សារ​ព្រះ‌យេស៊ូ​គ្រិស្ត ស្រប​នឹង​ព្រះ​បំណង​ដ៏​សប្បុរស​របស់​ព្រះអង្គ

ចែក​រំលែក
អាន អេភេសូ 1

អេភេសូ 1:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​របស់​ផង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដោយ​នូវ​បំណង​ព្រះ‌ហឫទ័យ​ព្រះ ផ្ញើ​មក​ពួក​បរិសុទ្ធ ដែល​នៅ​ក្រុង​អេភេសូរ ជា​ពួក​អ្នក​ស្មោះ‌ត្រង់​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់ តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ​មក ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្ដី​ស្រឡាញ់ ពី​ព្រោះ​ទ្រង់​បាន​ដំរូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់

ចែក​រំលែក
អាន អេភេសូ 1