សាស្ដា 9:7-12

សាស្ដា 9:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​ទៅ​ចុះ បរិ‌ភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​កិច្ច‌ការ​ដែល​ឯង​ធ្វើ​ហើយ។ ចូរ​ឲ្យ​សម្លៀក​បំពាក់​របស់​ឯង​បាន​ស​ជា‌និច្ច ហើយ​កុំ​ខាន​មាន​ប្រេង នៅ​លើ​ក្បាល​ឯង​ដែរ។ ចូរ​រស់​នៅ​ដោយ​អំណរ ជា‌មួយ​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ឯង​ដរាប ពេល​ដែល​ឯង​រស់​នៅ​ក្នុង​ជីវិត​ដ៏​ឥត​ប្រយោជន៍​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឯង​នៅ​ក្រោម​ថ្ងៃ​ចុះ គឺ​គ្រប់​មួយ​ជីវិត​ឥត​ប្រយោជន៍​របស់​ឯង ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ឯង នៅ​ក្នុង​ជីវិត​នេះ ហើយ​ក្នុង​ការ​នឿយ​ហត់​ដែល​ឯង​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ផង។ ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។ យើង​ក៏​វិល​មក​មើល‌នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សម្រេច​លើ​មនុស្ស​ដែល​រត់​លឿន ចម្បាំង​ក៏​មិន​សម្រេច​លើ​មនុស្ស​ដែល​មាន​កម្លាំង​ដែរ ឯ​នំបុ័ង មិន​សម្រេច​លើ​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ‌សម្បត្តិ និង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា និង​ឱកាស​វិញ។ ព្រោះ​មនុស្ស​ក៏​មិន​ដឹង​ពេល​កំណត់​របស់​ខ្លួន​ដែរ ឧបមា​ដូច​ជា​ត្រី​ដែល​ជាប់​នៅ​ក្នុង​សំណាញ់​ដ៏​អាក្រក់ ហើយ​សត្វ​ហើរ​ជាប់​ក្នុង​អន្ទាក់ គឺ​យ៉ាង​នោះ​ដែល​មនុស្ស​ជាតិ​ត្រូវ​ជាប់​នៅ​ក្នុង​ពេល​វេលា​ដ៏​អាក្រក់ ក្នុង​កាល​មាន​គ្រោះ​កើត​ដល់​ខ្លួន​ភ្លាម​មួយ​រំពេច​ដែរ។

ចែក​រំលែក
អាន សាស្ដា 9

សាស្ដា 9:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ចូរ​ទៅ​បរិភោគ​អាហារ​ដោយ​អំណរ ហើយ​ពិសា​ស្រា​ទំពាំង‌បាយជូរ​ដោយ​ចិត្ត​សប្បាយ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នោះ​ហើយ។ ចូរ​ស្លៀក​ពាក់​ស្អាត​គ្រប់​ពេល​វេលា ហើយ​លាប​ប្រេង​ក្រអូប​លើ​ក្បាល​អ្នក​ជានិច្ច។ ចូរ​រួម​រស់​យ៉ាង​សប្បាយ​នឹង​ភរិយា​ដែល​អ្នក​ស្រឡាញ់ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត គឺ​ជីវិត​ឥត​បាន​ការ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នៅ​លើ​ផែនដី។ នេះ​ហើយ​ចំណែក​ដែល​អ្នក​ទទួល​នៅ​ក្នុង​ជីវិត ក្នុង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ។ ការ​អ្វី​ដែល​អ្នក​អាច​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ទៅ ដ្បិត​នៅ​ស្ថាន​មនុស្ស​ស្លាប់​ដែល​អ្នក​នឹង​ទៅ​នៅ គ្មាន​សកម្ម‌ភាព​ការ​វិនិច្ឆ័យ ការ​ចេះ​ដឹង និង​ប្រាជ្ញា​ទៀត​ឡើយ។ នៅ​លើ​ផែនដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ថា អ្នក​ពូកែ​រត់​មិន​ដែល​រត់​ឈ្នះ​គេ​រហូត​ទេ ហើយ​អ្នក​ពូកែ​ច្បាំង​ក៏​មិន​ដែល​ច្បាំង​ឈ្នះ​រហូត​ដែរ។ រីឯ​អ្នក​មាន​ប្រាជ្ញា​ក៏​មិន​ដែល​រក​បាន​អាហារ​រហូត អ្នក​ឈ្លាស‌វៃ​ក៏​មិន​ដែល​រក​ទ្រព្យ​បាន​រហូត ហើយ​អ្នក​ចេះ​ដឹង​ក៏​មិន​ដែល​មាន​គេ​គោរព​រហូត​ដែរ។ ពេល​ខ្លះ អ្នក​ទាំង​នោះ​មាន​ជោគ‌ជ័យ ពេល​ខ្លះ​ទៀត​បរា‌ជ័យ។ មនុស្ស​លោក​ពុំ​អាច​ដឹង​ជា​មុន​ថា ថ្ងៃ‌អន្សា​របស់​ខ្លួន​កើត​មាន​នៅ​ពេល​ណា​ឡើយ។ ត្រី​ជាប់​សំណាញ់​ដ៏​អប្រិយ ឬ​សត្វ​ស្លាប​ជាប់​អន្ទាក់​យ៉ាង​ណា មនុស្ស​លោក​ក៏​ធ្លាក់​ទៅ​ទុក្ខ​វេទនា​ដ៏​អប្រិយ​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន សាស្ដា 9

សាស្ដា 9:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ​ចូរ​ទៅ​ចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ‌ទ្រង់​បាន​ទទួល​ការ​របស់​ឯង​ហើយ ចូរ​ឲ្យ​សំលៀក‌បំពាក់​របស់​ឯង​បាន​ស​នៅ​ជានិច្ច ហើយ​កុំ​ឲ្យ​ខាន​មាន​ប្រេង នៅ​លើ​ក្បាល​ឯង​ដែរ ចូរ​រស់​នៅ​ដោយ​អំណរ ជា​មួយ​នឹង​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ឯង​ដរាប​ពេល​ដែល​ឯង​រស់​នៅ ក្នុង​ជីវិត​ដ៏​ឥត​ប្រយោជន៍​នេះ ដែល​ទ្រង់​បាន​ប្រទាន​មក​ឯង​នៅ​ក្រោម​ថ្ងៃ​ចុះ គឺ​គ្រប់​មួយ​អាយុ​ឥត​ប្រយោជន៍​របស់​ឯង ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ឯង នៅ​ក្នុង​ជីវិត​នេះ ហើយ​ក្នុង​ការ​នឿយ‌ហត់​ដែល​ឯង​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ផង ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ។ យើង​ក៏​វិល​មក​មើល​នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សំរេច​នឹង​មនុស្ស​ដែល​រត់​លឿន ការ​ចំបាំង​ក៏​មិន​សំរេច​នឹង​មនុស្ស​ដែល​មាន​កំឡាំង​ដែរ ឯ​នំបុ័ង មិន​សំរេច​នឹង​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ​សម្បត្តិ​នឹង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលានឹង​ឱកាស​វិញ ពី​ព្រោះ​មនុស្ស​ក៏​មិន​ដឹង​ពេល​កំណត់​របស់​ខ្លួន​ដែរ ឧបមា​ដូច​ជា​ត្រី​ដែល​ជាប់​នៅ​ក្នុង​សំណាញ់​ដ៏​អាក្រក់ ហើយ​សត្វ​ហើរ​ជាប់​ក្នុង​អន្ទាក់ គឺ​យ៉ាង​នោះ​ដែល​មនុស្ស​ជាតិ​ត្រូវ​ជាប់​នៅ​ក្នុង​ពេល​វេលា​ដ៏​អាក្រក់ ក្នុង​កាល​មាន​គ្រោះ​កើត​ដល់​ខ្លួន​ភ្លាម​១​រំពេច​ដែរ។

ចែក​រំលែក
អាន សាស្ដា 9