សាស្ដា 9:13-18
សាស្ដា 9:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងក៏ឃើញប្រាជ្ញាបែបយ៉ាងនេះទៀតនៅក្រោមថ្ងៃ ហើយប្រាជ្ញានោះក៏មើលទៅដូចជាធំប្រសើរដល់យើងដែរ។ គឺមានទីក្រុងមួយតូច ហើយមានមនុស្សតិចណាស់ផង រួចមានស្តេចធំមួយមកទាស់ ក៏ឡោមព័ទ្ធ ហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះ។ រីឯនៅក្រុងនោះ មានមនុស្សក្រម្នាក់ដែលមានប្រាជ្ញា អ្នកនោះក៏ជួយទីក្រុងឲ្យរួច ដោយប្រាជ្ញារបស់ខ្លួន តែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះ។ ខ្ញុំយល់ថា ប្រាជ្ញាវិសេសជាងកម្លាំង ប៉ុន្តែ គេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញ ក៏មិនស្តាប់តាមពាក្យរបស់អ្នកនោះដែរ។ ការដែលស្តាប់ពាក្យរបស់មនុស្ស មានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសម្រែករបស់អ្នក ដែលគ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ។ ប្រាជ្ញាតែងវិសេសជាងគ្រឿងចម្បាំង តែមនុស្សមានបាបតែម្នាក់ រមែងបំផ្លាញការល្អជាច្រើន។
សាស្ដា 9:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅលើផែនដីនេះ ខ្ញុំបានសង្កេតឃើញប្រាជ្ញាមួយទៀត ដែលខ្ញុំយល់ឃើញថាមានតម្លៃណាស់។ ក្នុងទីក្រុងតូចមួយ មានមនុស្សរស់នៅតែបន្តិចបន្តួចប៉ុណ្ណោះ។ ស្ដេចដ៏ខ្លាំងពូកែមួយអង្គបានលើកទ័ពមកវាយយកក្រុងនោះ ទាំងបង្កើតសស្ត្រាវុធយ៉ាងសម្បើមឡោមព័ទ្ធទីក្រុង។ នៅក្រុងនោះ មានបុរសម្នាក់ជាជនក្រីក្រ តែមានប្រាជ្ញា គាត់បានសង្គ្រោះទីក្រុងឲ្យរួចពីកណ្ដាប់ដៃខ្មាំង ដោយសារប្រាជ្ញារបស់ខ្លួន។ ប៉ុន្តែ គ្មាននរណាម្នាក់នឹកនាដល់បុរសក្រីក្រនោះទេ។ ខ្ញុំយល់ថា ប្រាជ្ញាប្រសើរជាងចិត្តក្លាហានអង់អាច។ ប៉ុន្តែ ប្រាជ្ញារបស់ជនក្រីក្រតែងតែត្រូវគេមើលងាយ ហើយពាក្យសម្ដីរបស់ជនក្រីក្រក៏គ្មាននរណាស្ដាប់ដែរ។ ស្ដាប់ពាក្យសម្ដីដែលអ្នកប្រាជ្ញនិយាយដោយស្ងាត់ៗ ប្រសើរជាងស្ដាប់សម្រែករបស់អ្នកដែលបញ្ជាមនុស្សល្ងីល្ងើ។ ប្រាជ្ញាប្រសើរជាងគ្រឿងសស្ត្រាវុធ ប៉ុន្តែ មនុស្សបាបតែម្នាក់អាចរំលាយការល្អជាច្រើន។
សាស្ដា 9:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងក៏ឃើញប្រាជ្ញាបែបយ៉ាងនេះទៀតនៅក្រោមថ្ងៃ ហើយប្រាជ្ញានោះក៏មើលទៅ ដូចជាធំប្រសើរដល់យើងដែរ គឺមានទីក្រុង១តូច ហើយមានមនុស្សតិចណាស់ផង រួចមានស្តេចធំ១មកទាស់ ក៏ឡោមព័ទ្ធហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះ រីឯនៅក្រុងនោះ មានមនុស្សក្រម្នាក់ដែលមានប្រាជ្ញា អ្នកនោះក៏ជួយទីក្រុងឲ្យរួច ដោយប្រាជ្ញារបស់ខ្លួន តែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះ នោះយើងបានថា ប្រាជ្ញាវិសេសជាងកំឡាំង ប៉ុន្តែគេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញ ក៏មិនស្តាប់តាមពាក្យរបស់អ្នកនោះដែរ ការដែលស្តាប់ពាក្យរបស់មនុស្សមានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសំរែករបស់អ្នកណាដែលគ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ ប្រាជ្ញាតែងវិសេសជាងគ្រឿងចំបាំង តែមនុស្សមានបាបតែម្នាក់រមែងបំផ្លាញការល្អទៅជាច្រើនវិញ។