សាស្ដា 9:1-12
សាស្ដា 9:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រប់ការទាំងនេះ យើងបានពិចារណានៅក្នុងចិត្ត ដើម្បីឲ្យបានយល់ច្បាស់ ឃើញថាមនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ព្រមទាំងកិច្ចការរបស់គេទាំងប៉ុន្មាន សុទ្ធតែនៅក្នុងអំណាចព្រះហស្តរបស់ព្រះ ទោះបើការនោះមកដោយស្រឡាញ់ ឬសម្អប់ក្តី នោះមនុស្សមិនយល់ទេ ប៉ុន្តែ ការទាំងអស់ឃើញច្បាស់នៅចំពោះមុខគេ គ្រប់ការកើតដល់មនុស្សទាំងអស់ដូចគ្នា ដ្បិតមានការមួយដូចគ្នាកើតដល់មនុស្ស ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សស្អាត និងមនុស្សមិនស្អាត ទាំងអ្នកដែលថ្វាយយញ្ញបូជា និងអ្នកមិនថ្វាយ។ មនុស្សល្អយ៉ាងណា មនុស្សមានបាបក៏យ៉ាងនោះដែរ ហើយអ្នកដែលស្បថ ក៏ដូចជាអ្នកដែលមិនហ៊ានស្បថដែរ។ នេះជាការអាក្រក់មួយក្នុងអស់ទាំងការ ដែលកើតមកនៅក្រោមថ្ងៃ គឺដែលមានសេចក្ដីតែមួយដដែល កើតដល់មនុស្សទាំងអស់ ចិត្តរបស់មនុស្សជាតិក៏ពេញដោយការអាក្រក់ ហើយក៏មានការចម្កួតក្នុងចិត្ត អស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់។ ដ្បិតមានសេចក្ដីសង្ឃឹមចំពោះអ្នកណា ដែលនៅជាប់ក្នុងពួកមនុស្សរស់នៅឡើយ ព្រោះថា សូម្បីតែឆ្កែរស់ គង់វិសេសជាងសិង្ហស្លាប់ដែរ។ ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ព្រោះនឹកចាំពីគេបានសូន្យបាត់ហើយ។ ការស្រឡាញ់ ការស្អប់ និងការឈ្នានីសរបស់គេវិនាសសូន្យបាត់ទៅហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។ ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។ ចូរឲ្យសម្លៀកបំពាក់របស់ឯងបានសជានិច្ច ហើយកុំខានមានប្រេង នៅលើក្បាលឯងដែរ។ ចូររស់នៅដោយអំណរ ជាមួយប្រពន្ធជាទីស្រឡាញ់របស់ឯងដរាប ពេលដែលឯងរស់នៅក្នុងជីវិតដ៏ឥតប្រយោជន៍ដែលព្រះអង្គបានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយជីវិតឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯង នៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង។ ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។ យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។ ព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាមមួយរំពេចដែរ។
សាស្ដា 9:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំខិតខំស្វែងយល់អំពីអ្វីៗទាំងអស់ដែលខ្ញុំបានឃើញ ហើយខ្ញុំយល់ថា ជីវិតរបស់មនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ព្រមទាំងកិច្ចការដែលគេធ្វើសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ មនុស្សពុំអាចដឹងជាមុនថា ខ្លួនមានចិត្តស្រឡាញ់ ឬមានចិត្តស្អប់បានឡើយ។ អ្វីៗទាំងអស់កើតមានចំពោះមនុស្សគ្រប់ៗរូបដូចគ្នា ពួកគេត្រូវរងនូវវាសនាតែមួយ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សបរិសុទ្ធ និងមនុស្សមិនបរិសុទ្ធ ទាំងអ្នកថ្វាយយញ្ញបូជា និងអ្នកមិនថ្វាយ។ រីឯអ្នកដែលមានចិត្តល្អ និងមនុស្សបាប អ្នកស្បថ និងអ្នកមិនហ៊ានស្បថ ក៏មិនខុសគ្នាដែរ។ អ្វីៗទាំងអស់ដែលកើតមាននៅលើផែនដី សុទ្ធតែជួបតែនឹងផលអាក្រក់ដូចគ្នា គឺចុងបញ្ចប់របស់មនុស្សទាំងអស់មិនខុសគ្នាទេ។ ចិត្តរបស់មនុស្សមានពេញទៅដោយគំនិតអាក្រក់ ហើយគំនិតលេលាក៏ដក់នៅក្នុងចិត្តរបស់មនុស្សក្នុងមួយជីវិតរបស់គេដែរ។ បន្ទាប់មក ពួកគេនឹងស្គាល់សេចក្ដីស្លាប់។ ទោះជាយ៉ាងណាក្ដី ដរាបណានៅមានជីវិត នៅតែមានសេចក្ដីសង្ឃឹម ដ្បិតឆ្កែដែលនៅរស់ប្រសើរជាងសិង្ហងាប់។ អ្នកដែលនៅរស់ដឹងថាខ្លួនមុខជាត្រូវស្លាប់ តែអ្នកដែលស្លាប់ផុតទៅហើយ មិនដឹងអ្វីទាំងអស់ ពួកគេមិនរង់ចាំផលអ្វីបានឡើយ ព្រោះគ្មាននរណានឹកដល់ពួកគេទៀតទេ។ ការស្រឡាញ់ ការស្អប់ និងការច្រណែនរបស់ពួកគេ រលាយសូន្យអស់ទៅហើយ ពួកគេក៏ពុំរួមចំណែកនឹងអ្វីៗដែលមនុស្សធ្វើនៅលើផែនដីនេះទៀតដែរ។ ដូច្នេះ ចូរទៅបរិភោគអាហារដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយចុះ ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងការងារដែលអ្នកធ្វើនោះហើយ។ ចូរស្លៀកពាក់ស្អាតគ្រប់ពេលវេលា ហើយលាបប្រេងក្រអូបលើក្បាលអ្នកជានិច្ច។ ចូររួមរស់យ៉ាងសប្បាយនឹងភរិយាដែលអ្នកស្រឡាញ់ ជារៀងរាល់ថ្ងៃ អស់មួយជីវិត គឺជីវិតឥតបានការ ដែលព្រះជាម្ចាស់ប្រទានឲ្យនៅលើផែនដី។ នេះហើយចំណែកដែលអ្នកទទួលនៅក្នុងជីវិត ក្នុងការងារដែលអ្នកធ្វើនៅក្រោមកម្ដៅថ្ងៃ។ ការអ្វីដែលអ្នកអាចធ្វើ ចូរធ្វើឲ្យអស់ពីកម្លាំងកាយទៅ ដ្បិតនៅស្ថានមនុស្សស្លាប់ដែលអ្នកនឹងទៅនៅ គ្មានសកម្មភាពការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។ នៅលើផែនដីនេះ ខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះ អ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។ មនុស្សលោកពុំអាចដឹងជាមុនថា ថ្ងៃអន្សារបស់ខ្លួនកើតមាននៅពេលណាឡើយ។ ត្រីជាប់សំណាញ់ដ៏អប្រិយ ឬសត្វស្លាបជាប់អន្ទាក់យ៉ាងណា មនុស្សលោកក៏ធ្លាក់ទៅទុក្ខវេទនាដ៏អប្រិយយ៉ាងនោះដែរ។
សាស្ដា 9:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អើ គ្រប់សេចក្ដីទាំងនេះ យើងបានពិចារណានៅក្នុងចិត្ត ដើម្បីឲ្យបានយល់ច្បាស់ នោះឃើញថា មនុស្សសុចរិត នឹងមនុស្សប្រាជ្ញ ព្រមទាំងកិច្ចការរបស់គេទាំងប៉ុន្មាន សុទ្ធតែនៅក្នុងអំណាចព្រះហស្តនៃព្រះ ទោះបើការនោះមក ដោយសេចក្ដីស្រឡាញ់ ឬសេចក្ដីសំអប់ក្តី នោះមនុស្សមិនយល់ទេ ប៉ុន្តែទាំងអស់ក៏ច្បាស់នៅចំពោះមុខគេ គ្រប់ទាំងអស់កើតដល់មនុស្សទាំងអស់ដូចគ្នា មានការតែ១មុខកើតដល់ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត មនុស្សល្អ មនុស្សស្អាត នឹងមនុស្សដែលមិនស្អាត ហើយមនុស្សដែលថ្វាយយញ្ញបូជា នឹងមនុស្សដែលមិនថ្វាយផង គឺមនុស្សល្អយ៉ាងណា មនុស្សមានបាបក៏យ៉ាងនោះដែរ ហើយអ្នកណាដែលហ៊ានផ្តាសាដល់ខ្លួន ក៏ដូចជាអ្នកដែលខ្លាចពាក្យផ្តាសាដែរ នេះជាការអាក្រក់១ ក្នុងអស់ទាំងការ ដែលកើតមកនៅក្រោមថ្ងៃ គឺដែលមានសេចក្ដីតែ១ដដែល កើតដល់មនុស្សទាំងអស់ អើ ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្ដីអាក្រក់ ហើយក៏មានសេចក្ដីចំកួតក្នុងចិត្ត អស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់ ដ្បិតមានសេចក្ដីសង្ឃឹមចំពោះអ្នកណា ដែលនៅជាប់ក្នុងពួកមនុស្សរស់នៅឡើយ ពីព្រោះថា សូម្បីតែឆ្កែរស់ គង់វិសេសជាងសិង្ហស្លាប់ដែរ ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្ដីនឹកចាំពីគេបានសូន្យបាត់ហើយ ទោះទាំងសេចក្ដីស្រឡាញ់ សេចក្ដីសំអប់ នឹងសេចក្ដីឈ្នានីសរបស់គេក៏វិនាសសូន្យបាត់ជាយូរមកហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។ ដូច្នេះចូរទៅចុះ ឲ្យបរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះទ្រង់បានទទួលការរបស់ឯងហើយ ចូរឲ្យសំលៀកបំពាក់របស់ឯងបានសនៅជានិច្ច ហើយកុំឲ្យខានមានប្រេង នៅលើក្បាលឯងដែរ ចូររស់នៅដោយអំណរ ជាមួយនឹងប្រពន្ធជាទីស្រឡាញ់របស់ឯងដរាបពេលដែលឯងរស់នៅ ក្នុងជីវិតដ៏ឥតប្រយោជន៍នេះ ដែលទ្រង់បានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយអាយុឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯង នៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ។ យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំបុ័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ ពីព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាម១រំពេចដែរ។