សាស្ដា 8:1-9

សាស្ដា 8:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​មាន​អ្នក​ណា​ដូច​អ្នក​ប្រាជ្ញ? តើ​អ្នក​ណា​ចេះ​កាត់​ស្រាយ​ន័យ​សេចក្ដី​ផ្សេងៗ? ប្រាជ្ញា​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​ទឹក​មុខ​គេ​ផូរ‌ផង់​ឡើង ហើយ​ទឹក​មុខ​រឹង​របស់​គេ​ក៏​ផ្លាស់​ប្រែ​ទៅ។ ខ្ញុំ​សូម​រំឭក​ថា ចូរ​ប្រព្រឹត្ត​តាម បញ្ជា​របស់​ស្តេច​ចុះ គឺ​ដោយ​យល់​ដល់​សម្បថ ដែល​ខ្លួន​បាន​ស្បថ​ដល់​ព្រះ​ផង។ កុំ​ប្រញាប់​ថយ​ចេញ​ពី​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ស្អិត​ចិត្ត​ក្នុង​អំពើ​អាក្រក់​ណា​ដែរ ដ្បិត​ស្ដេច​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ។ ដ្បិត​រាជ‌ឱង្ការ​របស់​ស្ដេច​មាន​អំណាច តើ​អ្នក​ណា​ហ៊ាន​ទូល​ស្ដេច​ថា «តើ​ព្រះ‌ករុណា​កំពុង​ធ្វើ​អ្វី?» អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់ នឹង​មិន​ស្គាល់​ការ​អាក្រក់​ណា​ឡើយ មួយ​ទៀត ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​យល់​ពេល​ដែល​ស្រួល និង​សេចក្ដី​វិនិច្ឆ័យ ក៏​មាន​ពេល​វេលា នឹង​សេចក្ដី​វិនិច្ឆ័យ សម្រាប់​គ្រប់​ការ​ទាំង​អស់ ព្រោះ​អំពើ​អាក្រក់​របស់​មនុស្ស​តែង‌តែ​សង្កត់​លើ​ខ្លួន​គេ​យ៉ាង​ធ្ងន់។ ដ្បិត​គេ​មិន​ដឹង​ថា​នឹង​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ទេ? តើ​អ្នក​ណា​អាច​ប្រាប់​ឲ្យ​គេ​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​បាន? គ្មាន​អ្នក​ណា​មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​បាន​ទេ ក៏​គ្មាន​អ្នក​ណា​មាន​អំណាច​លើ​ថ្ងៃ​មរណៈ​បាន​ដែរ។ គ្មាន​ផ្លូវ​គេច​រួច​ពី​ចម្បាំង​បាន​ទេ ហើយ​អំពើ​អាក្រក់​ក៏​មិន​ជួយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់​ឲ្យ​បាន​រួច​ដែរ។ ការ​ទាំង​នេះ​ខ្ញុំ​បាន​ឃើញ​អស់​ហើយ ក៏​បាន​ផ្ចង់​ចិត្ត​ចំពោះ​គ្រប់​ការ​ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ មាន​គ្រា​ដែល​មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា។

ចែក​រំលែក
អាន សាស្ដា 8

សាស្ដា 8:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​នរណា​ដូច​អ្នក​ប្រាជ្ញ តើ​នរណា​អាច​ពន្យល់​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​បាន? ប្រាជ្ញា​របស់​មនុស្ស​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​គេ​ភ្លឺ​ថ្លា ព្រម​ទាំង​បំផ្លាស់‌បំប្រែ​ទឹក​មុខ​ដ៏​មួហ្មង​របស់​គេ​ផង។ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ស្ដេច ដោយ​យល់​ពាក្យ​ដែល​យើង​បាន​សច្ចា​ចំពោះ​ព្រះ‌ជាម្ចាស់ កុំ​បោះ​បង់​ចោល​ស្ដេច​ឲ្យ​សោះ ហើយ​ក៏​កុំ​តាំង​ចិត្ត​មានះ​ប្រព្រឹត្ត​អំពើ​ដែល​ស្ដេច​មិន​គាប់​ព្រះ‌ហឫទ័យ​ដែរ ដ្បិត​ស្ដេច​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​តាម​ព្រះ‌រាជ​បំណង។ ស្ដេច​មាន​រាជ‌ឱង្ការ​យ៉ាង​ណា​ក្ដី ក៏​សុទ្ធ​តែ​មាន​អំណាច។ គ្មាន​នរណា​អាច​សួរ​ស្ដេច​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ធ្វើ​ដូច្នេះ” បាន​ឡើយ។ អ្នក​ធ្វើ​តាម​បទ‌បញ្ជា មិន​ដែល​ជួប​នឹង​ទុក្ខ​ទោស​ឡើយ។ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​សម្គាល់​មើល​កាលៈ‌ទេសៈ និង​ការ​វិនិច្ឆ័យ។ អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ នៅ​ពេល​អំពើ​អាក្រក់​របស់​មនុស្ស​កើន​ដល់​កម្រិត។ មនុស្ស​ពុំ​អាច​ដឹង​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​បាន​ឡើយ គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​គេ​ដឹង​ទេ។ មនុស្ស​គ្មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​របស់​ខ្លួន​បាន​ឡើយ ហើយ​ក៏​ពុំ​អាច​ពន្យារ​ថ្ងៃ​ស្លាប់​របស់​ខ្លួន​បាន​ដែរ។ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​តយុទ្ធ​ទេ រីឯ​អំពើ​អាក្រក់​ពុំ​អាច​ជួយ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ឲ្យ​រួច​ជីវិត​បាន​ជា​ដាច់​ខាត។ ពេល​ខ្ញុំ​សង្កេត​មើល​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែនដី ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ​នេះ: មាន​ពេល​ខ្លះ មនុស្ស​ត្រួត‌ត្រា​លើ​មនុស្ស​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​គេ​រង​ទុក្ខ​វេទនា។

ចែក​រំលែក
អាន សាស្ដា 8

សាស្ដា 8:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តើ​មាន​អ្នក​ណា​ដូច​អ្នក​ប្រាជ្ញ តើ​អ្នក​ណា​ចេះ​កាត់​ស្រាយ​ន័យ​សេចក្ដី​អ្វីៗ ប្រាជ្ញា​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​ទឹក​មុខ​គេ​ផូរ‌ផង់​ឡើង ហើយ​ទឹក​មុខ​រឹង​របស់​គេ​ក៏​ផ្លាស់​ប្រែ​ទៅ យើង​សូម​រំឭក​ថា ចូរ​ប្រព្រឹត្ត​តាម​បង្គាប់​នៃ​ស្តេច​ចុះ នោះ​គឺ​ដោយ​យល់​ដល់​សម្បថ ដែល​ខ្លួន​បាន​ស្បថ​ដល់​ព្រះ​ផង កុំ​ឲ្យ​ប្រញាប់​នឹង​ថយ​ចេញ​ពី​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ឲ្យ​ស្អិត​ចិត្ត​ក្នុង​អំពើ​អាក្រក់​ណា​ដែរ ដ្បិត​ស្តេច​ទ្រង់​ធ្វើ​តាម​តែ​ព្រះ‌ទ័យ​ទ្រង់ ពី​ព្រោះ​ព្រះ‌បន្ទូល​នៃ​ស្តេច​មាន​ឫទ្ធិ​អំណាច តើ​មាន​អ្នក​ណា​ហ៊ាន​ទូល​ដល់​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អី​នោះ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​នឹង​មិន​ស្គាល់​ការ​អាក្រក់​ណា​ឡើយ ១​ទៀត ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​យល់​ពេល​ដែល​ស្រួល នឹង​សេចក្ដី​វិនិច្ឆ័យ ក៏​មាន​ពេល​វេលា នឹង​សេចក្ដី​វិនិច្ឆ័យ សំរាប់​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​សេចក្ដី​អាក្រក់​របស់​មនុស្ស​តែង‌តែ​សង្កត់​លើ​ខ្លួន​គេ​ជា​ធ្ងន់ ដ្បិត​គេ​មិន​ដឹង​ជា​នឹង​កើត​មាន​អ្វី​ទេ តើ​អ្នក​ណា​នឹង​ប្រាប់​ឲ្យ​គេ​ដឹង​ជា​នឹង​កើត​មាន​អ្វី​បាន គ្មាន​អ្នក​ណា​មាន​អំណាច​ត្រួត​លើ​វិញ្ញាណ ដើម្បី​នឹង​ឃាត់​វិញ្ញាណ​បាន​ទេ ក៏​គ្មាន​អ្នក​ណា​មាន​អំណាច​លើ​ថ្ងៃ​មរណៈ​ដែរ គ្មាន​ផ្លូវ​នឹង​គេច​រួច​ចេញ​ពី​ចំបាំង​ទេ ហើយ​សេចក្ដី​អាក្រក់​ក៏​មិន​ជួយ​ឲ្យ​អ្នក​ណា ដែល​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប្រព្រឹត្ត​តាម បាន​រួច​ដែរ។ បណ្តា‌ការ​ទាំង​នេះយើង​បាន​ឃើញ​អស់​ហើយ ក៏​បាន​ផ្ចង់​ចិត្ត​ចំពោះ​គ្រប់​ទាំង​ការ​ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ មាន​គ្រា​ដែល​មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា

ចែក​រំលែក
អាន សាស្ដា 8