សាស្ដា 7:1-29

សាស្ដា 7:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​មាន​តម្លៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ ស៊ូ​ទៅ​ផ្ទះ​ដែល​មាន​ការ​កាន់​ទុក្ខ ជា​ជាង​ទៅ​ផ្ទះ​ដែល​មាន​ការ​ជប់‌លៀង ដ្បិត​មរណ‌ភាព​ជា​ចុង​បំផុត របស់​មនុស្ស​ទាំង‌ឡាយ ហើយ​មនុស្ស​ដែល​នៅ​រស់ នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​នោះ។ សេចក្ដី​សោយ‌សោក​មាន​ប្រយោជន៍ ជាង​សំណើច ដ្បិត​ទឹក​មុខ​ព្រួយ​រមែង​បណ្ដាល​ឲ្យ ចិត្ត​សប្បាយ​ឡើង។ ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។ ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​របស់​មនុស្ស មាន​ប្រាជ្ញា​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចម្រៀង​របស់​ពួក​ល្ងី‌លើ ដ្បិត​សំណើច​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ឮ​ដូច​ជា​សូរ​គុក‌គឹក ពី​បន្លា​ដែល​ឆេះ​ក្រោម​ឆ្នាំង នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ ពិត​ប្រាកដ​ជា​ការ​សង្កត់‌សង្កិន​រមែង​បណ្ដាល​ឲ្យ មនុស្ស​ដែល​មាន​ប្រាជ្ញា ទៅ​ជា​ក្រឡក​ចិត្ត​វិញ ហើយ​សំណូក​ក៏​បង្ខូច​គំនិត​ផង។ ការ​បង្ហើយ​អ្វីៗ វិសេស​ជាង​ចាប់​ផ្តើម​ការ​ទៅ​ទៀត ហើយ​ដែល​មាន​ចិត្ត​អត់‌ធ្មត់ វិសេស​ជាង​មាន​ចិត្ត​អំនួត​ដែរ។ កុំ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ។ កុំ​ឲ្យ​សួរ​ថា «ហេតុ​អ្វី​បាន​ជា​សម័យ​មុន ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ?» ដ្បិត​ដែល​សួរ​ដូច្នេះ មិន​មែន​ដោយ​ប្រាជ្ញា​ទេ។ ឯ​ប្រាជ្ញា​នោះ​ល្អ​ស្មើ​នឹង​មត៌ក ក៏​វិសេស​ដល់​ពួក​អ្នក​ដែល​ឃើញ​ពន្លឺ​ថ្ងៃ​ផង។ ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការពារ​ខ្លួន​ដែរ ប៉ុន្តែ អ្វី​ដែល​វិសេស​ជាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត របស់​ពួក​អ្នក​មាន​ប្រាជ្ញា​ឲ្យ​គង់​នៅ។ ចូរ​ពិចារ‌ណា​ស្នាដៃ​របស់​ព្រះ ដ្បិត​របស់​អ្វី​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្ងិច‌ក្ងក់ តើ​អ្នក​ណា​អាច​ធ្វើ​ឲ្យ​ត្រង់​វិញ​បាន? នៅ​គ្រា​ដែល​មាន​សេចក្ដី​ចម្រើន ចូរ​មាន​ចិត្ត​អរ​សប្បាយ​ចុះ ហើយ​នៅ​គ្រា​ក្រក្រី ចូរ​ពិចារ‌ណា​វិញ ព្រះ​បាន​ដាក់​ទាំង​ពីរ​នោះ​នៅ​ទន្ទឹម​គ្នា ប្រយោជន៍​ឲ្យ​មនុស្ស​ស្វែង​រក ឲ្យ​យល់​មិន​បាន​ចំពោះ​ការ​ដែល​កើត​មក​នៅ​ពេល​ក្រោយ។ ក្នុង​អាយុ​ឥត​ប្រយោជន៍​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​សេចក្ដី​ទាំង​នេះ គឺ​ថា​មាន​មនុស្ស​សុចរិត​ដែល​វិនាស​ទៅ​ក្នុង​សេចក្ដី​សុចរិត​របស់​ខ្លួន ហើយ​ក៏​មាន​មនុស្ស​អាក្រក់​ដែល​មាន​ជីវិត​ចម្រើន​នៅ​យូរ ក្នុង​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ ដូច្នេះ កុំ​ឲ្យ​ប្រព្រឹត្ត​ជា​មនុស្ស​សុចរិត​ហួស​ល្បត់​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា​លើស​លន់​ដែរ តើ​ចង់​បំផ្លាញ​ខ្លួន​ធ្វើ​អី? ម្យ៉ាង​ទៀត កុំ​ប្រព្រឹត្ត​អាក្រក់​ហួស​ល្បត់ ក៏​កុំ​ឲ្យ​ល្ងី‌ល្ងើ​ពេក​ដែរ ឯង​ចង់​ស្លាប់​មុន​កំណត់​ធ្វើ​អី? ល្អ​ណាស់​ហើយ បើ​ឯង​ចាប់​យក​សេចក្ដី​មួយ​នេះ ហើយ​កុំ​ឲ្យ​ដក​ដៃ​ពី​សេចក្ដី​មួយ​នោះ​ផង ដ្បិត​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ នឹង​ចៀស​ចេញ​រួច​ពី​សេចក្ដី​ទាំង​នេះ​បាន។ ប្រាជ្ញា​រមែង​ជា​កម្លាំង​ដល់​មនុស្ស​មាន​ប្រាជ្ញា ជា​ជាង​អ្នក​គ្រប់‌គ្រង​ដប់​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​មួយ ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធ​តែ​ល្អ​ឥត​ធ្វើ​បាប​សោះ​នោះ​ទេ។ មួយ​ទៀត កុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​ទាំង​អស់​ដែល​គេ​ពោល​ឡើយ ក្រែង​ឯង​ឮ​បាវ​បម្រើ​និយាយ​អាក្រក់​ពី​ឯង។ ដ្បិត​ចិត្ត​ឯង​ក៏​ដឹង​ហើយ​ថា ឯង​បាន​ជេរ​គេ​ដូច្នោះ​ជា​ច្រើន​ដង​ដែរ។ ខ្ញុំ​បាន​ល​មើល ឲ្យ​ដឹង​សេចក្ដី​ទាំង​នេះ​ច្បាស់​ដោយ​ប្រាជ្ញា​ហើយ ខ្ញុំ​បាន​សម្រេច​ថា ខ្ញុំ​នឹង​បាន​ប្រាជ្ញា ប៉ុន្តែ ប្រាជ្ញា​នៅ​ឆ្ងាយ​ពី​ខ្ញុំ​នៅ​ឡើយ។ ប្រាជ្ញា​ដែល​មាន​ទាំង​ប៉ុន្មាន នោះ​នៅ​ឆ្ងាយ ហើយ​ក៏​ជ្រៅ​ណាស់​ផង តើ​នរណា​អាច​ស្ទង់​យល់​បាន? ខ្ញុំ​ក៏​វិល​មក​ផ្ចង់​ចិត្ត​ឲ្យ​បាន​ដឹង ឲ្យ​ស្វះ‌ស្វែង ហើយ​សួរ​រក​ប្រាជ្ញា និង​ហេតុ​ការ​ផ្សេងៗ ហើយ​ឲ្យ​បាន​ដឹង​ថា អំពើ​អាក្រក់​ជា​សេចក្ដី​ល្ងី‌ល្ងើ ហើយ​ថា សេចក្ដី​ល្ងី‌ល្ងើ​នោះ​ជា​សេចក្ដី​ចម្កួត​ផង។ ខ្ញុំ​ក៏​បាន​ឃើញ​ថា ស្ត្រី​ដែល​មាន​ចិត្ត ជា​អន្ទាក់ ជា​លប់ ហើយ​ដែល​ដៃ​ជា​ចំណង​ផង នាង​នោះ​ជា​ទី​ជូរ​ចត់​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត អ្នក​ណា​ដែល​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​នឹង​បាន​គេច​រួច​ពី​ស្ត្រី​នោះ តែ​មនុស្ស​មាន​បាប​នឹង​ត្រូវ​វា​ចាប់​បាន​វិញ។ គ្រូ​ប្រដៅ មាន​ប្រសាសន៍​ថា សេចក្ដី​នោះ ខ្ញុំ​បាន​ស្វែង​រក​ឃើញ​ហើយ ដោយ​បូក​រួម​សេចក្ដី​នេះ​ម្ដង​មួយៗ​ដើម្បី​ឲ្យ​បាន​ដឹង​ហេតុ។ ក៏​មាន​សេចក្ដី​នេះ​ទៀត ដែល​ចិត្ត​ខ្ញុំ​កំពុង​តែ​រក តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ ក្នុង​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ប្រុស​ពិត​តែ​ម្នាក់​ទេ តែ​ក្នុង​ពួក​អ្នក​ទាំង​នោះ ខ្ញុំ​រក​ស្រី​ពិត​តែ​មួយ​ក៏​មិន​បាន​ផង។ មើល​ខ្ញុំ​បាន​ឃើញ​តែ​ប៉ុណ្ណោះ គឺ​ថា​ព្រះ​បាន​បង្កើត​មនុស្ស​មក​ជា​ទៀង​ត្រង់ ប៉ុន្តែ គេ​បាន​ស្វែង​រក​បង្កើត​ការ​អាក្រក់​ជា​ច្រើន​វិញ។

ចែក​រំលែក
អាន សាស្ដា 7

សាស្ដា 7:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កេរ្តិ៍​ឈ្មោះ​ល្អ ប្រសើរ​ជាង​ទឹក​អប់​ដ៏​ក្រអូប ហើយ​ថ្ងៃ​ស្លាប់ ក៏​ប្រសើរ​ជាង​ថ្ងៃ​កើត​ដែរ។ ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ប្រសើរ​ជាង​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​ជប់‌លៀង ដ្បិត​អ្នក​ដែល​នៅ​រស់​ត្រូវ​ចង​ចាំ​ថា សេចក្ដី​ស្លាប់ ជា​ចុង​បញ្ចប់​របស់​មនុស្ស​គ្រប់ៗ​រូប។ ទុក្ខ​ព្រួយ​ប្រសើរ​ជាង​សើច​សប្បាយ ដ្បិត​ទឹក​មុខ​ក្រៀម‌ក្រំ​អាច​បង្កប់​នូវ ចិត្ត​អរ​សប្បាយ។ មនុស្ស​មាន​ប្រាជ្ញា​តែង​ចូល​ចិត្ត នៅ​ជា​មួយ​អ្នក​មាន​ទុក្ខ រីឯ​មនុស្ស​លេលា​ចូល​ចិត្ត​តែ​កន្លែង​ណា ដែល​មាន​ការ​សប្បាយ។ ស្ដាប់​ពាក្យ​ស្ដី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញា ប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើច‌បញ្ចើ​របស់ មនុស្ស​ល្ងី‌ល្ងើ។ សំណើច​របស់​មនុស្ស​លេលា​ប្រៀប​បី​ដូច​ជា ស្នូរ​បន្លា​ដែល​ឆេះ​នៅ​ពី​ក្រោម​ឆ្នាំង។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​អ្វី​ដែរ។ ពេល​ណា​អ្នក​ប្រាជ្ញ​ប្រើ​អំណាច សង្កត់‌សង្កិន​អ្នក​ដទៃ អ្នក​ប្រាជ្ញ​នោះ​ក្លាយ​ទៅ​ជា​មនុស្ស​លេលា ហើយ​សំណូក​ក៏​រមែង​ធ្វើ​ឲ្យ មនុស្ស​ពុក​រលួយ​ដែរ។ បង្ហើយ​ការ‌ងារ​អ្វី​មួយ វិសេស​ជាង​ចាប់​ផ្ដើម ចិត្ត​អត់‌ធ្មត់ ក៏​វិសេស​ជាង​ចិត្ត​អួត​បំប៉ោង​ដែរ។ កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយ ដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះ ដែល​រហ័ស​មួម៉ៅ។ មិន​ត្រូវ​ពោល​ថា «ហេតុ​អ្វី​បាន​សម័យ​បុរាណ​ប្រសើរ​ជាង​សព្វ​ថ្ងៃ?» ដ្បិត​សំណួរ​បែប​នេះ​មិន​មែន​មក​ពី​ប្រាជ្ញា​ទេ។ ប្រាជ្ញា​មាន​តម្លៃ​ដូច​កេរ‌មត៌ក ហើយ​តែងតែ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។ ស្ថិត​នៅ​ក្រោម​ម្លប់​ប្រាជ្ញា​ក៏​ដូច​ជា​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ប្រាក់​ដែរ។ គុណ​ប្រយោជន៍​នៃ​ចំណេះ​ដឹង​មាន​ដូច​ត​ទៅ: ប្រាជ្ញា​តែងតែ​ផ្ដល់​អាយុ​យឺន‌យូរ​ដល់​អ្នក​ដែល​មាន​ប្រាជ្ញា។ ចូរ​សង្កេត​មើល​កិច្ចការ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ។ អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​កោង នោះ​គ្មាន​នរណា​អាច​ពត់​ឲ្យ​ត្រង់​បាន​ឡើយ។ នៅ​ថ្ងៃ​មាន​សុភមង្គល ចូរ​សប្បាយ​រីក‌រាយ ហើយ​នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា ចូរ​រិះគិត​ពិចារណា។ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​មាន​សុភមង្គល និង​ទុក្ខ​វេទនា ដើម្បី​កុំ​ឲ្យ​មនុស្ស​ដឹង​ថា អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា។ ក្នុង​ជីវិត​ដ៏​ឥត​ន័យ​របស់​ខ្ញុំ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ហេតុ‌ការណ៍​គ្រប់​យ៉ាង។ ខ្ញុំ​ឃើញ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​សុចរិត ហើយ​មនុស្ស​ទុច្ចរិត​មាន​អាយុ​វែង​ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។ កុំ​សុចរិត​ជ្រុល​ពេក ហើយ​ក៏​កុំ​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​ជ្រុល​ពេក​ដែរ ក្រែង​នាំ​ឲ្យ​ខ្លួន​វិនាស។ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​អាក្រក់​ហួស​ហេតុ ហើយ​ក៏​កុំ​លេលា​ឲ្យ​សោះ ក្រែង​នាំ​ឲ្យ​ខ្លួន​អាយុ​ខ្លី។ ត្រូវ​តែ​ទទួល​យក​យោបល់​ទាំង​ពីរ​នេះ ដ្បិត​អ្នក​ដែល​កោតខ្លាច​ព្រះ‌ជាម្ចាស់ នៅ​ពេល​ស្ថាន‌ភាព​ទាំង​ពីរ​កើត​មាន គេ​តែងតែ​មាន​ច្រក​ចេញ​ជានិច្ច។ ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​កម្លាំង ជាង​អភិបាល​ដប់​នាក់​នៅ​ក្នុង​ក្រុង​មួយ​ទៅ​ទៀត។ នៅ​លើ​ផែនដី​នេះ គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​ធ្វើ​តែ​អំពើ​ល្អ ហើយ​មិន​ប្រព្រឹត្ត​អំពើ​បាប​នោះ​ឡើយ។ ហេតុ​នេះ កុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន ដែល​មនុស្ស‌ម្នា​និយាយ​ឡើយ បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​អ្នក​ឮ​ខ្ញុំ​បម្រើ​របស់​អ្នក​និយាយ​អាក្រក់​ពី​អ្នក។ អ្នក​ដឹង​ខ្លួន​ស្រាប់​ហើយ​ថា អ្នក​ក៏​ធ្លាប់​និយាយ​អាក្រក់​ពី​អ្នក​ដទៃ ជា​ច្រើន​លើក​ច្រើន​សា​ដែរ។ ខ្ញុំ​ពិនិត្យ‌ពិច័យ​មើល​ហេតុ‌ការណ៍​ទាំង​នេះ​ដោយ​ប្រើ​ប្រាជ្ញា ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មាន​ប្រាជ្ញា តែ​ប្រាជ្ញា​ស្ថិត​នៅ​ឆ្ងាយ​ពី​ខ្ញុំ​នៅ​ឡើយ។ អ្វីៗ​ដែល​មាន​សព្វ​ថ្ងៃ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ ហើយ​ជ្រៅ​បំផុត គ្មាន​នរណា​អាច​យល់​បាន​ទេ។ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់ ខិត‌ខំ​ពិចារណា ព្រម​ទាំង​ស្វែង​រក​ប្រាជ្ញា និង​វិចារណ‌ញ្ញាណ។ ខ្ញុំ​ក៏​យល់​ថា​អំពើ​អាក្រក់​ជា​ការ​ឆោត​ល្ងង់ ហើយ​ភាព​ល្ងី‌ល្ងើ​ជា​ការ​លេលា​បំផុត។ ខ្ញុំ​បាន​ឃើញ​ទៀត​ថា ស្ត្រីៗ​ជា​អន្ទាក់​ដែល​នាំ​ឲ្យ​ខ្លោច‌ផ្សា​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត។ សេចក្ដី​ស្រឡាញ់​របស់​នាង​ប្រៀប​ដូច​ជា​សំណាញ់ ហើយ​ដៃ​របស់​នាង​ប្រៀប​ដូច​ជា​ចំណង។ អ្នក​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​រមែង​គេច​ផុត​ពី​នាង រីឯ​អ្នក​មាន​បាប​តែងតែ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​នាង។ សាស្ដា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ: ខ្ញុំ​បាន​សង្កេត​មើល​ហេតុ‌ការណ៍​ទាំង​នេះ​ម្ដង​មួយៗ ដើម្បី​ស្វែង​រក​ហេតុ​ផល ក៏​ប៉ុន្តែ ខ្ញុំ​រក​មិន​ទាន់​ឃើញ​ទេ ហើយ​ខ្ញុំ​ចេះ​តែ​ស្វែង​រក​បន្ត​ទៀត។ ក្នុង​ចំណោម​បុរស​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ម្នាក់​ដែល​គួរ​គោរព ប៉ុន្តែ ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់ សូម្បី​តែ​ម្នាក់​ក៏​ខ្ញុំ​រក​ពុំ​បាន​ដែរ។ ខ្ញុំ​គ្រាន់​តែ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស​មក​ឲ្យ​បាន​ទៀង​ត្រង់ តែ​មនុស្ស​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ស្មុគ‌ស្មាញ​យ៉ាង​ច្រើន​ទៅ​វិញ។

ចែក​រំលែក
អាន សាស្ដា 7

សាស្ដា 7:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​ដ៏​មាន​ដំឡៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ ស៊ូ​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​កាន់​ទុក្ខ ជា​ជាង​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​ជប់‌លៀង ដ្បិត​មរណ‌ភាព​ជា​ចុង​បំផុត​របស់​មនុស្ស​ទាំង‌ឡាយ ហើយ​មនុស្ស​ដែល​នៅ​រស់​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​នោះ សេចក្ដី​សោយ‌សោក​មាន​ប្រយោជន៍​ជាង​សេចក្ដី​សំណើច ដ្បិត​ទឹក​មុខ​ព្រួយ​រមែង​បណ្តាល​ឲ្យ​ចិត្តសប្បាយ​ឡើង ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។ ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​នៃ​មនុស្ស​មាន​ប្រាជ្ញា​នោះ​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចំរៀង​របស់​ពួក​ល្ងី‌ល្ងើ ដ្បិត​សំណើច​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ឮ​ដូច​ជា​សូរ​គុក‌គឹក ពី​បន្លា​ដែល​ឆេះ​ក្រោម​ឆ្នាំង នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ ពិត​ប្រាកដ​ជា​ការ​សង្កត់‌សង្កិន​រមែង​បណ្តាល​ឲ្យ​មនុស្ស​ដែល​មាន​ប្រាជ្ញា ទៅ​ជា​ក្រឡក​ចិត្ត​វិញ ហើយ​សំណូក​ក៏​បង្ខូច​គំនិត​ផង។ ការ​បង្ហើយ​អ្វីៗ នោះ​វិសេស​ជាង​ចាប់​ផ្តើម​ការ​ទៅ​ទៀត ហើយ​ដែល​មាន​ចិត្ត​អត់‌ធ្មត់ នោះ​វិសេស​ជាង​មាន​ចិត្ត​អំនួត​ដែរ កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ កុំ​ឲ្យ​សួរ​ថា ហេតុ​អ្វី​បាន​ជា​សម័យ​ជាន់​មុន​ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ ដ្បិត​ដែល​សួរ​ដូច្នេះ នោះ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ។ ឯ​ប្រាជ្ញា​នោះ​ល្អ​ស្មើ​នឹង​មរដក អើ ក៏​វិសេស​ជាង​ដល់​ពួក​អ្នក​ដែល​ឃើញ​ពន្លឺ​ថ្ងៃ​ផង ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការ‌ពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការ‌ពារ​ខ្លួន​ដែរ ប៉ុន្តែការ​ដែល​វិសេស​ជាង​ខាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត​របស់​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​គង់​នៅ ចូរ​ពិចារណា​ស្នាដៃ​របស់​ព្រះ ដ្បិត​របស់​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ក្ងិច‌ក្ងក់ នោះ​តើ​អ្នក​ណា​អាច​នឹង​ធ្វើ​ឲ្យ​ត្រង់​វិញ​បាន នៅ​គ្រា​ដែល​មាន​សេចក្ដី​ចំរើន នោះ​ចូរ​ឲ្យ​មាន​ចិត្ត​អរ​សប្បាយ​ចុះ ហើយ​នៅ​គ្រា​ក្រក្រី នោះ​ចូរ​ពិចារណា​វិញ អើ ព្រះ‌ទ្រង់​បាន​ដាក់​ទាំង​២​នោះ​នៅ​ទន្ទឹម​គ្នា ប្រយោជន៍​ឲ្យ​មនុស្ស​ស្វែង​រក ឲ្យ​យល់​មិន​បាន​ចំពោះ​ការ​ដែល​កើត​មក​ខាង​ក្រោយ។ ក្នុង​អាយុ​ឥត​ប្រយោជន៍​របស់​យើង នោះ​យើង​បាន​ឃើញ​សេចក្ដី​ទាំង​នេះ គឺ​ថា​មាន​មនុស្ស​សុចរិត​ដែល​វិនាស​ទៅ​ក្នុង​សេចក្ដី​សុចរិត​របស់​ខ្លួន ហើយ​ក៏​មាន​មនុស្ស​អាក្រក់​ដែល​មាន​ជីវិត​ចំរើន​នៅ​យូរ ក្នុង​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ ដូច្នេះ កុំ​ឲ្យ​ប្រព្រឹត្ត​ជា​មនុស្ស​សុចរិត​ហួស​ល្បត់​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា​លើស‌លន់​ដែរ តើ​ចង់​បំផ្លាញ​ខ្លួន​ធ្វើ​អី ម្យ៉ាង​ទៀត កុំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ហួស​ល្បត់ ក៏​កុំ​ឲ្យ​ល្ងី‌ល្ងើ​ពេក​ដែរ ឯង​ចង់​ស្លាប់​មុន​កំណត់​ធ្វើ​អី ល្អ​ណាស់​ហើយ បើ​ឯង​ចាប់​យក​សេចក្ដី​១​នេះ ហើយ​កុំ​ឲ្យ​ដក​ដៃ​ពី​សេចក្ដី​១​នោះ​ផង ដ្បិត​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ នឹង​ចៀស​ចេញ​រួច​ពី​សេចក្ដី​ទាំង​នេះ​បាន។ ប្រាជ្ញា​រមែង​ជា​កំឡាំង​ដល់​មនុស្ស​ប្រាជ្ញ ជា​ជាង​អ្នក​គ្រប់‌គ្រង​១០​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​១ ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធ​តែ​ល្អ​ឥត​ធ្វើ​បាប​ឡើយ​នោះ​ទេ ១​ទៀត​កុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​ទាំង​អស់​ដែល​គេ​ពោល​ឡើយ ក្រែង​ឯង​ឮ​បាវ​បំរើ​ជេរ​ដល់​ឯង ដ្បិត​ចិត្ត​ឯង​ក៏​ដឹង​ហើយ​ថា ឯង​បាន​ជេរ​គេ​ដូច្នោះ​ជា​ច្រើន​ដង​ដែរ។ យើង​បាន​ល​មើល ឲ្យ​ដឹង​សេចក្ដី​ទាំង​នេះ​ច្បាស់​ដោយ​ប្រាជ្ញា​ហើយ យើង​បាន​សំរេច​ថា យើង​នឹង​បាន​ប្រាជ្ញា ប៉ុន្តែប្រាជ្ញា​បាន​នៅ​ឆ្ងាយ​ពី​យើង​ទេ ប្រាជ្ញា​ដែល​មាន​ទាំង​ប៉ុន្មាន នោះ​នៅ​ឆ្ងាយ ហើយ​ក៏​ជ្រៅ​ណាស់​ផង តើ​នរណា​អាច​ស្ទង់​យល់​បាន ដូច្នេះ យើង​ក៏​វិល​មក​ផ្ចង់​ចិត្ត​ឲ្យ​បាន​ដឹង ឲ្យ​ស្វះ‌ស្វែង ហើយ​សួរ​រក​ប្រាជ្ញា នឹង​ហេតុ​ការ​ផ្សេងៗ ហើយ​ឲ្យ​បាន​ដឹង​ថា អំពើ​អាក្រក់​ជា​សេចក្ដី​ល្ងី‌ល្ងើ ហើយ​ថា សេចក្ដី​ល្ងី‌ល្ងើ​នោះ​ជា​សេចក្ដី​ចំកួត​ផង យើង​ក៏​បាន​ឃើញ​ថា ស្ត្រី​ដែល​មាន​ចិត្ត ជា​អន្ទាក់​ជា​លប់ ហើយ​ដែល​ដៃ​ជា​ចំណង​ផង នាង​នោះ​ជា​ទី​ជូរ​ចត់​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត អ្នក​ណា​ដែល​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​នឹង​បាន​គេច​រួច​ពី​ស្ត្រី​នោះ តែ​មនុស្ស​មាន​បាប​នឹង​ត្រូវ​វា​ចាប់​បាន​វិញ ឯ​គ្រូ​ប្រដៅ​លោក​មាន​ប្រសាសន៍​ថា មើល ឯ​សេចក្ដី​នោះ យើង​បាន​ស្វែង​រក​ឃើញ​ហើយ ដោយ​បូក​រួម​សេចក្ដី​នេះ​១​នោះ​១ ដើម្បី​ឲ្យ​បាន​ដឹង​ហេតុ ក៏​មាន​សេចក្ដី​នេះ​ទៀត ដែល​ចិត្ត​យើង​កំពុង​តែ​រក តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ ក្នុង​១​ពាន់​នាក់ យើង​រក​បាន​ប្រុស​ពិត​តែ​ម្នាក់​ទេ តែ​ក្នុង​ពួក​អ្នក​ទាំង​នោះ យើង​រក​ស្រី​ពិត​តែ​១​ក៏​មិន​បាន​ផង មើល យើង​បាន​ឃើញ​តែ​ប៉ុណ្ណោះ គឺ​ថា​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក​ជា​ទៀង​ត្រង់ ប៉ុន្តែគេ​បាន​ស្វែង​រក​បង្កើត​ការ​អាក្រក់​ជា​ច្រើន​វិញ។

ចែក​រំលែក
អាន សាស្ដា 7