សាស្ដា 6:7-12
សាស្ដា 6:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់ទាំងកិច្ចការរបស់មនុស្សសុទ្ធតែសម្រាប់មាត់ខ្លួនទេ បើទុកជាដូច្នោះ គង់តែមិនចេះឆ្អែតផង។ ដ្បិតមនុស្សមានប្រាជ្ញា តើមានអ្វីលើសជាងមនុស្សល្ងីល្ងើយ៉ាងណា? ឬមនុស្សទាល់ក្រ តើមានអ្វីលើសជាងគេបានជាអាចដើរនៅចំពោះមនុស្សមានជីវិតរស់ដូច្នេះ? ការដែលមើលឃើញដោយភ្នែក វិសេសជាងមានចិត្តប៉ងដែលសាវា។ នេះក៏ជាការឥតប្រយោជន៍ដែរ ហើយដូចជាដេញចាប់ខ្យល់ ។ របស់អ្វីៗដែលមានស្រាប់ មានឈ្មោះតាំងពីយូរមកហើយ ក៏មិនដឹងជាមនុស្សបែបយ៉ាងណាដែរ ហើយគេពុំអាចតតាំងនឹងអ្នកដែលពូកែជាងខ្លួនបានឡើយ។ មានសេចក្ដីជាច្រើនមុខ ដែលនាំឲ្យការឥតប្រយោជន៍ចម្រើនកើនឡើង ដូច្នេះ តើមនុស្សបានផលប្រយោជន៍អ្វីខ្លះ? ដ្បិតតើមានអ្នកណាដឹងពីអ្វីៗដែលល្អសម្រាប់មនុស្សក្នុងជីវិតនេះ គឺក្នុងអស់ទាំងថ្ងៃនៃអាយុដ៏ឥតប្រយោជន៍ ដែលរស់នៅដូចជាស្រមោលនេះ តើអ្នកណាអាចនឹងប្រាប់ដល់មនុស្សបាន អំពីអ្វីៗដែលនឹងកើតមកក្រោយខ្លួននៅក្រោមថ្ងៃនេះ?
សាស្ដា 6:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កិច្ចការទាំងប៉ុន្មាន ដែលមនុស្សខំប្រឹងប្រែងធ្វើ បានត្រឹមតែចម្អែតក្រពះប៉ុណ្ណោះ តែពុំអាចធ្វើឲ្យគេស្កប់ចិត្តឡើយ។ តើមនុស្សមានប្រាជ្ញាទទួលបានអ្វីលើសមនុស្សលេលា? រីឯអ្នកក្រដែលខំតស៊ូក្នុងជីវិតនោះ តើបានប្រយោជន៍អ្វីដែរ? អ្វីៗដែលយើងមើលឃើញផ្ទាល់នឹងភ្នែក នោះប្រសើរជាងចិត្តស្រមើស្រមៃ។ សូម្បីតែត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។ អ្វីៗដែលមាននៅក្នុងលោកនេះ សុទ្ធតែមានឈ្មោះរបស់ខ្លួនស្រេចទៅហើយ ហើយយើងក៏ដឹងថា អ្វីទៅដែលហៅថាមនុស្ស។ មនុស្សពុំអាចជជែកតវ៉ានឹងអ្នកដែលខ្លាំងពូកែជាងខ្លួនឡើយ។ យើងនិយាយកាន់តែច្រើនយ៉ាងណា ពាក្យសម្ដីរបស់យើងរឹតតែឥតបានការយ៉ាងនោះដែរ ហើយយើងពុំអាចទាញផលប្រយោជន៍អ្វីបានឡើយ។ ជីវិតរបស់មនុស្សប្រៀបបាននឹងស្រមោល។ គ្មាននរណាអាចដឹងថា ខ្លួនត្រូវធ្វើការអ្វីដែលប្រសើរជាងគេ នៅពេលដែលខ្លួនរស់នៅក្នុងជីវិតដ៏ខ្លី ហើយឥតន័យនេះឡើយ។ គ្មាននរណាអាចថ្លែងប្រាប់មនុស្សអំពីហេតុការណ៍ ដែលកើតមាន នៅលើផែនដី ក្រោយពេលគេស្លាប់ផុតទៅហើយនោះដែរ។
សាស្ដា 6:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់ទាំងកិច្ចការរបស់មនុស្ស នោះសុទ្ធតែសំរាប់មាត់ខ្លួនទេ បើទុកជាដូច្នោះ គង់តែមិនចេះឆ្អែតផង ដ្បិតឯមនុស្សមានប្រាជ្ញា តើមានអ្វីលើសជាងមនុស្សល្ងីល្ងើយ៉ាងណា ឬមនុស្សទាល់ក្រ តើមានអ្វីលើសជាងគេ បានជាអាចដើរនៅចំពោះមនុស្សមានជីវិតរស់ដូច្នេះ ការដែលមើលឃើញដោយភ្នែក នោះវិសេសជាងមានចិត្តប៉ងសាវាវិញ នេះជាការឥតប្រយោជន៍ ហើយក៏អសារឥតការដែរ។ របស់អ្វីៗដែលមានស្រាប់ នោះបានមានឈ្មោះតាំងពីយូរមកហើយ ក៏មានដឹងជាមនុស្សបែបយ៉ាងណាដែរ ហើយគេពុំអាចនឹងតតាំងនឹងអ្នកដែលពូកែជាងខ្លួនបានឡើយ មានសេចក្ដីជាច្រើនមុខ ដែលនាំឲ្យការឥតប្រយោជន៍ចំរើនកើនឡើង ដូច្នេះ តើមនុស្សបានផលប្រយោជន៍អ្វីខ្លះ ដ្បិតតើមានអ្នកណាដឹងពីអ្វីៗដែលល្អសំរាប់មនុស្សក្នុងជីវិតនេះ គឺក្នុងអស់ទាំងថ្ងៃនៃអាយុដ៏ឥតប្រយោជន៍ ដែលរស់នៅដូចជាស្រមោលនេះ ដ្បិតតើអ្នកណាអាចនឹងប្រាប់ដល់មនុស្សបាន អំពីអ្វីៗដែលនឹងកើតមកក្រោយខ្លួននៅក្រោមថ្ងៃនេះ។