សាស្ដា 6:1-6
សាស្ដា 6:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានការអាក្រក់មួយទៀត ដែលខ្ញុំបានឃើញនៅក្រោមថ្ងៃ ជាការដែលមានជាញឹកញយនៅក្នុងពួកមនុស្សលោកដែរ គឺមានមនុស្សដែលព្រះទ្រង់ប្រទានឲ្យមានទ្រព្យសម្បត្តិ មានធនធាន និងកិត្តិយស។ ហេតុនោះ គេមិនខ្វះខាតអ្វីឡើយ មានគ្រប់ទាំងរបស់ដែលចិត្តប្រាថ្នាចង់បាន តែព្រះមិនប្រទានឲ្យមានអំណាចអាចបរិភោគបានទេ គឺមានអ្នកដទៃបរិភោគវិញ នេះជាការឥតមានទំនង ហើយជាគ្រោះថ្នាក់យ៉ាងអាក្រក់ណាស់។ ប្រសិនបើអ្នកណាបង្កើតបានកូនមួយរយនាក់ ហើយរស់នៅជាយូរឆ្នាំ ទោះជាមានអាយុយឺនយូរយ៉ាងណា តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង ខ្ញុំយល់ថា កូនដែលរលូតកើតមុនកំណត់វិសេសជាងអ្នកនោះ។ ដ្បិតវាកើតមកជាឥតប្រយោជន៍ ហើយក៏បាត់ទៅក្នុងសេចក្ដីងងឹត ឯឈ្មោះក៏គ្របបាំងដោយងងឹតដែរ មួយទៀត វាមិនបានឃើញពន្លឺថ្ងៃ ឬដឹងអ្វីសោះ នេះឯងបានសេចក្ដីស្រាកស្រាន្តជាងម្នាក់នោះ។ អើ ទោះបើអ្នកនោះរស់នៅមួយពាន់ឆ្នាំ ឬថាទ្វេជាពីរផង តែឥតដែលមានសេចក្ដីល្អសោះ តើទាំងអស់មិនចុះទៅកន្លែងតែមួយទេឬ?
សាស្ដា 6:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសង្កេតឃើញការវេទនាមួយទៀត ដែលរមែងកើតមានដល់មនុស្សលោកនៅលើផែនដី។ ព្រះជាម្ចាស់ប្រទានឲ្យមនុស្សម្នាក់មានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយស។ គេមិនខ្វះអ្វីឡើយ គឺគេទទួលអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាចង់បាន។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានទុកឲ្យគេទាញផលប្រយោជន៍ពីអ្វីៗដែលគេមាននោះឡើយ គឺមានម្នាក់ទៀតទទួលជំនួស។ ត្រង់នេះ ក៏ឥតបានការ ហើយអាក្រក់បំផុត។ ឧបមាថាបុរសម្នាក់មានកូនប្រុសមួយរយ និងមានអាយុយឺនយូរ ទោះបីគាត់មានអាយុវែងក៏ដោយ ប្រសិនបើគាត់មិនដែលមានសុភមង្គល ហើយគ្មាននរណាបញ្ចុះសពគាត់ទេនោះ ខ្ញុំយល់ថា កូនរលូតប្រសើរជាងគាត់ឆ្ងាយណាស់។ កូនរលូតនោះកកើតមក ដោយឥតបានការ ហើយបាត់សូន្យទៅវិញ ក្នុងទីងងឹត គ្មាននរណានឹកនាដល់វាទេ។ វាមិនដែលបានឃើញ ក៏មិនដែលស្គាល់ពន្លឺព្រះអាទិត្យដែរ ប៉ុន្តែ វាបានសុខជាងអ្នកមានអាយុវែងទៅទៀត។ ប្រសិនបើមនុស្សមិនជួបនឹងសុភមង្គលទេ ទោះបីគេរស់បានពីរពាន់ឆ្នាំក្ដី ក៏ឥតបានការអ្វីដែរ ព្រោះមនុស្សទាំងអស់ឈានទៅរកចុងបញ្ចប់ដូចគ្នា។
សាស្ដា 6:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានការអាក្រក់១ទៀត ដែលយើងបានឃើញនៅក្រោមថ្ងៃ ជាការដែលមានជាញឹកញយនៅក្នុងពួកមនុស្សលោកដែរ គឺមានមនុស្សដែលព្រះទ្រង់ប្រទានឲ្យមានទ្រព្យសម្បត្តិ នឹងធនធាន ហើយកិត្តិយស ដល់ម៉្លេះបានជាគេមិនខ្វះខាតអ្វី ក្នុងគ្រប់ទាំងរបស់ដែលចិត្តប្រាថ្នាចង់បានឡើយ តែព្រះទ្រង់មិនប្រទានឲ្យមានអំណាចអាចនឹងបរិភោគបានទេ គឺមានអ្នកដទៃបរិភោគវិញ នេះជាការឥតមានទំនង ហើយជាគ្រោះថ្នាក់យ៉ាងអាក្រក់ផង បើសិនជាមនុស្សណាបង្កើតបានកូន១០០នាក់ ហើយរស់នៅជាយូរឆ្នាំ ដល់ម៉្លេះបានជាមានអាយុយឺនយូរ តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង នោះយើងថា កូនដែលរលូតមកមុនកំណត់ក៏វិសេសជាងអ្នកនោះ ដ្បិតវាកើតមកជាឥតប្រយោជន៍ ហើយក៏បាត់ទៅក្នុងសេចក្ដីងងឹត ឯឈ្មោះក៏គ្របបាំងដោយងងឹតដែរ ១ទៀតវាមិនបានឃើញពន្លឺថ្ងៃ ឬដឹងអ្វីសោះ នេះឯងបានសេចក្ដីស្រាកស្រាន្តជាងអ្នក១នោះ អើ ទោះបើអ្នកនោះរស់នៅ១ពាន់ឆ្នាំ ឬថាទ្វេជា២ផង តែឥតដែលមានសេចក្ដីល្អសោះ នោះគង់តែទាំងអស់នឹងចុះទៅឯកន្លែងតែ១ដែរទេតើ។