សាស្ដា 5:8-19
សាស្ដា 5:8-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រ ឬពួកច្រឡោតកំពុងតែបង្វែរសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណា កុំឲ្យឆ្ងល់ពីការនោះឡើយ ដ្បិតមានអ្នកមួយដែលខ្ពស់ជាង គេត្រួតមើលអ្នកធំនោះ ហើយក៏មានអ្នកដែលខ្ពស់ជាងគេទៅទៀតផង។ ប៉ុន្តែ ផលកើតពីដី នោះសម្រាប់គ្រប់គ្នា ទោះទាំងស្តេចក៏បានស្បៀងអាហារពីចម្ការមកដែរ។ អ្នកណាដែលស្រឡាញ់ប្រាក់ នឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តទ្រព្យដ៏បរិបូរ ក៏មិនស្កប់ចិត្តដោយផលចម្រើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍។ កាលណារបស់ទ្រព្យបានចម្រើនឡើង ពួកអ្នកដែលស៊ីទ្រព្យនោះ ក៏មានគ្នាច្រើនឡើងដែរ ដូច្នេះ តើមានប្រយោជន៍អ្វីដល់ម្ចាស់ទ្រព្យសម្បត្តិនោះ លុះត្រាតែបានឃើញដោយភ្នែក? ការដេកលក់របស់មនុស្សដែលធ្វើការនឿយហត់ ស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិច ឬច្រើនក្តី ប៉ុន្តែ ការបរិភោគហួសប្រមាណរបស់អ្នកមាន មិនឲ្យគេដេកលក់បានទេ។ មានការអាក្រក់យ៉ាងធ្ងន់មួយមុខ ដែលយើងបានឃើញនៅក្រោមថ្ងៃ គឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួន ហើយទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ បើអ្នកនោះបានបង្កើតកូនប្រុសម្នាក់ គ្មានសល់អ្វីនៅដៃវាទេ។ អ្នកនោះសម្រាលចេញពីផ្ទៃម្តាយមកយ៉ាងណា ក៏ត្រូវត្រឡប់ទៅវិញខ្លួនទទេ ដូចជាបានមកនោះដែរ ឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយ។ នេះជាការអាក្រក់យ៉ាងធ្ងន់ដែរ គឺដែលកើតមកយ៉ាងណា នោះត្រូវទៅវិញយ៉ាងនោះឯង ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះ តើមានប្រយោជន៍អ្វីដល់ខ្លួន? គ្រប់មួយជីវិត ត្រូវរោយរៀវទៅក្នុងសេចក្ដីងងឹត ក៏កើតមានទុក្ខព្រួយច្រើន ព្រមទាំងមានជំងឺបៀតបៀន និងក្រហល់ក្រហាយចិត្តផង។ នេះហើយជាការដែលយើងបានគិតឃើញថាល្អ ហើយគួរសម គឺឲ្យមនុស្សបានស៊ី ហើយផឹក ព្រមទាំងមានចិត្តរីករាយក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ ដរាបដល់អស់មួយជីវិត ដែលព្រះបានប្រទានមកខ្លួន ដ្បិតនោះហើយជាចំណែករបស់ខ្លួន។ អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងឲ្យមានអំណាច និងបរិភោគផលនៃរបស់ទាំងនោះ នឹងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ នេះឯងជាអំណោយទានពីព្រះ។
សាស្ដា 5:8-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើអ្នកឃើញគេជិះជាន់ប្រជាជនក្រីក្រនៅក្នុងស្រុក ឬក៏ឃើញគេរំលោភច្បាប់ និងបំពានលើយុត្តិធម៌ មិនត្រូវងឿងឆ្ងល់ឡើយ។ អ្នកធំតែងតែគាំទ្រអ្នកធំដូចគ្នា ហើយមានអ្នកធំផ្សេងទៀតត្រួតពីលើអ្នកទាំងពីរ។ ភោគផលដែលកើតចេញពីដី ផ្ដល់អាហារដល់មនុស្សទាំងអស់ សូម្បីតែស្ដេចក៏ទទួលស្បៀងអាហារពីស្រែចម្ការដែរ។ អ្នកស្រឡាញ់ប្រាក់ពុំដែលស្កប់ចិត្តនឹងប្រាក់ទេ រីឯអ្នកស្រឡាញ់ទ្រព្យសម្បត្តិ ក៏មិនអាចទាញផលប្រយោជន៍អ្វីពីទ្រព្យសម្បត្តិរបស់ខ្លួនបានដែរ។ ត្រង់នេះក៏នៅតែឥតបានការ។ ទ្រព្យសម្បត្តិកើនចំនួនច្រើនឡើងប៉ុណ្ណា មនុស្សដែលដេកស៊ីទ្រព្យសម្បត្តិនោះ ក៏កើនចំនួនច្រើនឡើងប៉ុណ្ណោះដែរ។ ម្ចាស់ទ្រព្យនឹងមិនទទួលផលប្រយោជន៍អ្វីពីទ្រព្យរបស់ខ្លួន ក្រៅពីឃើញទ្រព្យនោះផ្ទាល់នឹងភ្នែកឡើយ។ អ្នកដែលធ្វើការនឿយហត់ រមែងដេកលក់ស្រួល ទោះបីគេមានអាហារបរិភោគតិច ឬច្រើនក្ដី រីឯអ្នកមានវិញ ទោះបីគេមានអាហារបរិភោគច្រើនយ៉ាងណា ក៏ដេកមិនលក់ដែរ។ ខ្ញុំសង្កេតឃើញការមួយទៀតគួរឲ្យបារម្ភនៅលើផែនដី គឺមនុស្សសន្សំទ្រព្យទុកសម្រាប់ឲ្យខ្លួនឯងវេទនា។ អ្នកនោះបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការអាក្រក់ណាមួយ ពេលកូនកើតមក នោះគ្មានអ្វីទុកឲ្យកូនឡើយ។ អ្នកនោះកើតពីផ្ទៃម្ដាយមកខ្លួនទទេយ៉ាងណា ក៏វិលត្រឡប់ទៅវិញខ្លួនទទេយ៉ាងនោះដែរ។ គេនឹងលាចាកលោកនេះទៅដោយដៃទទេ គឺមិនអាចយកទ្រព្យដែលខ្លួនខំប្រឹងប្រែងរកនោះទៅជាមួយបានឡើយ។ ត្រង់នេះគឺជាការមួយទៀតគួរឲ្យបារម្ភ គេកើតមកផែនដីយ៉ាងណា គេក៏វិលត្រឡប់ទៅវិញយ៉ាងនោះដែរ។ អ្វីៗដែលគេប្រឹងប្រែងធ្វើឥតបានផលប្រយោជន៍អ្វីឡើយ ដូចដេញចាប់ខ្យល់។ មិនតែប៉ុណ្ណោះសោតគេរស់នៅ ក្នុងភាពអាប់អួរជារៀងរាល់ថ្ងៃ ព្រមទាំងកើតទុក្ខកង្វល់វេទនា និងក្ដៅក្រហាយផង។ ខ្ញុំយល់ឃើញដូចតទៅនេះ: ក្នុងពេលដែលព្រះជាម្ចាស់ប្រទានឲ្យមនុស្សនៅមានជីវិតដ៏ខ្លីនេះ គេត្រូវតែស៊ីផឹក ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើនៅលើផែនដី។ នេះហើយជាអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យ។ អ្នកណាដែលព្រះជាម្ចាស់ប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងប្រោសប្រទានឲ្យមានលទ្ធភាពប្រើប្រាស់ទ្រព្យធន ដែលជាចំណែករបស់ខ្លួន ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើ អ្នកនោះត្រូវគិតថា នេះហើយជាអំណោយទានរបស់ព្រះជាម្ចាស់។
សាស្ដា 5:8-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើសិនជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រ ឬពួកច្រឡោតកំពុងតែបង្វែរសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅក្នុងស្រុកណា នោះកុំឲ្យឆ្ងល់ពីការនោះឡើយ ដ្បិតមានអ្នកមួយដែលខ្ពស់ជាង គេត្រួតមើលអ្នកធំនោះ ហើយក៏មានដែលខ្ពស់ជាងគេទៅទៀតផង ១ទៀតផលកើតពីដី នោះសំរាប់គ្រប់គ្នា ទោះទាំងស្តេចក៏បានស្បៀងអាហារពីចំការមកដែរ។ អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តនឹងទ្រព្យដ៏បរិបូរ នោះក៏មិនស្កប់ចិត្តដោយផលចំរើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍ទទេ កាលណារបស់ទ្រព្យបានចំរើនឡើង នោះពួកអ្នកដែលស៊ីទ្រព្យនោះ ក៏មានគ្នាច្រើនឡើងដែរ ដូច្នេះ តើមានប្រយោជន៍អ្វីដល់ម្ចាស់នៃទ្រព្យសម្បត្តិនោះ លើកតែបានឃើញដោយភ្នែកប៉ុណ្ណោះ ឯការដេកលក់នៃមនុស្សដែលធ្វើការនឿយហត់ នោះស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិចឬច្រើនក្តី ប៉ុន្តែការបរិភោគហួសប្រមាណរបស់អ្នកមាន នោះមិនឲ្យគេដេកលក់បានទេ។ មានការអាក្រក់យ៉ាងធ្ងន់១មុខ ដែលយើងបានឃើញនៅក្រោមថ្ងៃ គឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួន ហើយទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ បើអ្នកនោះបានបង្កើតកូនប្រុស១ នោះគ្មានសល់អ្វីនៅដៃវាទេ អ្នកនោះសំរាលចេញពីផ្ទៃម្តាយមកយ៉ាងណា នោះក៏ត្រូវត្រឡប់ទៅវិញខ្លួនទទេ ដូចជាបានមកនោះដែរ ឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយ នេះក៏ជាការអាក្រក់យ៉ាងធ្ងន់ដែរ គឺដែលកើតមកយ៉ាងណា នោះត្រូវទៅវិញយ៉ាងនោះឯង ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះនោះតើមានប្រយោជន៍អ្វីដល់ខ្លួន គ្រប់១ជីវិត នោះត្រូវរោយរៀវទៅក្នុងសេចក្ដីងងឹត ក៏កើតមានទុក្ខព្រួយច្រើន ព្រមទាំងមានជំងឺបៀតបៀន នឹងក្រហល់ក្រហាយចិត្តផង។ នេះហើយជាការ ដែលយើងបានគិតឃើញថាល្អ ហើយគួរសម គឺឲ្យមនុស្សបានស៊ីហើយផឹក ព្រមទាំងមានចិត្តរីករាយក្នុងអស់ទាំងការដែលខ្លួនធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ ដរាបដល់អស់១ជីវិត ដែលព្រះបានប្រទានមកខ្លួន ដ្បិតនោះហើយជាចំណែករបស់ខ្លួន ឯអស់អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិ នឹងធនធាន ព្រមទាំងឲ្យមានអំណាចនឹងបរិភោគផលនៃរបស់ទាំងនោះ នឹងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ នេះឯងជាអំណោយទានពីព្រះ