សាស្ដា 4:4-8

សាស្ដា 4:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រួច​ខ្ញុំ​យល់​ឃើញ​ថា អស់​ទាំង​ការ​នឿយ​ហត់ និងភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច‌ការ គឺ​មក​ពី​មនុស្ស​មាន​ចិត្ត​ច្រណែន​នឹង​គ្នា​ប៉ុណ្ណោះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។ មនុស្ស​ល្ងី‌ល្ងើ​ឱប​ដៃ ហើយ​ស៊ី​សាច់​របស់​ខ្លួន​គេ បើ​មាន​តែ​មួយ​ក្តាប់​ទាំង​ប្រកប​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​ពីរ​ក្តាប់ និង​ការ​ខំ​ប្រឹង​ដោយ​នឿយ​ហត់ ដូច​ជា​ដេញ​ចាប់​ខ្យល់ ។ រួច​ហើយ​ខ្ញុំ​បែរ​មក​មើល​ការ​ដែល​ឥត​ប្រយោជន៍​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ គ្មាន​ទាំង​កូន គ្មាន​បង‌ប្អូន​ទេ ប៉ុន្តែ ការ​នឿយ​ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​សោះ ភ្នែក​គេ​មិន​ស្កប់​ដោយ​ទ្រព្យ‌សម្បត្តិ​ឡើយ គេ​គិត​ថា «ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សម្រាប់​អ្នក​ណា?» នេះ​ជា​ការ​ឥត​ប្រយោជន៍ និង​អាក្រក់​ណាស់។

ចែក​រំលែក
អាន សាស្ដា 4

សាស្ដា 4:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​យល់​ឃើញ​ថា ការ​នឿយ‌ហត់​ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ​រហូត​ដល់​មាន​ជោគ‌ជ័យ​នោះ គឺ​មក​ពី​ការ​ច្រណែន​គ្នា​ប៉ុណ្ណោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ មនុស្ស​លេលា​គិត​តែ​ពី​ឱប​ដៃ ហើយ​ស៊ី​សាច់​ខ្លួន​ឯង។ បាន​សម្រាក​តែ​បន្តិច នោះ​ប្រសើរ​ជាង​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​ច្រើន ដូច​ជា​ដេញ​ចាប់​ខ្យល់។ ខ្ញុំ​បាន​ឃើញ​ការ​ម្យ៉ាង​ទៀត​នៅ​លើ​ផែនដី​នេះ ដែល​ឥត​បាន​ការ គឺ​មនុស្ស​រស់​នៅ​កណ្ដោច‌កណ្ដែង​តែ​ម្នាក់​ឯង គ្មាន​កូន គ្មាន​បងប្អូន តែ​អ្នក​នោះ​ធ្វើ​ការ​មិន​ចេះ​ឈប់ ចង់​បាន​ទ្រព្យ មិន​ចេះ​ស្កប់​ចិត្ត។ តើ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​សម្រាប់​នរណា បាន​ជា​បង្អត់​ខ្លួន​ឯង​មិន​ឲ្យ​មាន​សុភមង្គល​ដូច្នេះ? ត្រង់​នេះ​ទៀត​ក៏​សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ជា​ការ​ខ្វល់​ខ្វាយ​ឥត​អំពើ។

ចែក​រំលែក
អាន សាស្ដា 4

សាស្ដា 4:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​យើង​បាន​ឃើញ​អស់​ទាំង​ការ​នឿយ‌ហត់ នឹង​គ្រប់​ការ​ដែល​ធ្វើ​បាន​ដោយ​ស្រួល​ថា ជា​ហេតុ​នាំ​ឲ្យ​អ្នក​ជិត​ខាង​មាន​ចិត្ត​ច្រណែន​ដល់​គ្នា​នឹង​គ្នា នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ។ មនុស្ស​ល្ងី‌ល្ងើ​គេ​ឱប​ដៃ ហើយ​ស៊ី​សាច់​របស់​ខ្លួន​គេ បើ​មាន​តែ​១​ក្តាប់ ទាំង​ប្រកប​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​២​ក្តាប់ ហើយ​មាន​ទាំង​ការ​នឿយ‌ហត់ នឹង​ការ​ខំ​ជា​អសារ​ឥត​ការ​ផង។ រួច​យើង​ងាក​បែរ​មក ឃើញ​ការ​ដែល​ឥត​ប្រយោជន៍​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ អើ​គ្មាន​ទាំង​កូន ឬ​បង​ប្អូន​ផង ប៉ុន្តែការ​នឿយ‌ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ឡើយ ភ្នែក​គេ​ក៏​មិន​បាន​ស្កប់‌ស្កល់​ដោយ​ទ្រព្យ​សម្បត្តិ​ដែរ គេ​ក៏​នឹក​ថា អញ​ធ្វើ​ការ​នឿយ‌ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សំរាប់​អ្នក​ណា នេះ​ជា​ការ​ឥត​ប្រយោជន៍​ដែរ ហើយ​ក៏​អាក្រក់​ណាស់​ផង

ចែក​រំលែក
អាន សាស្ដា 4