សាស្ដា 4:1-16

សាស្ដា 4:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មួយ​វិញ​ទៀត ខ្ញុំ​បាន​ឃើញ​ការ​សង្កត់‌សង្កិន​គ្រប់​យ៉ាង ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​លើ​ផែនដី​នេះ។ ខ្ញុំ​ឃើញ​ទឹក​ភ្នែក​របស់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន តែ​គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ទេ ដ្បិត​អំណាច​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​សង្កត់‌សង្កិន ដូច្នេះ គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ឡើយ។ ខ្ញុំ​យល់​ថា អ្នក​ដែល​ស្លាប់​ទៅ​ហើយ​មាន​សុភមង្គល​ជាង​អ្នក​ដែល​នៅ​រស់។ ក៏​ប៉ុន្តែ អ្នក​ដែល​មិន​ទាន់​កើត ហើយ​មិន​បាន​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែនដី ប្រសើរ​ជាង​មនុស្ស​ដែល​ស្លាប់ និង​មនុស្ស​ដែល​នៅ​រស់​ទៅ​ទៀត។ ខ្ញុំ​យល់​ឃើញ​ថា ការ​នឿយ‌ហត់​ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ​រហូត​ដល់​មាន​ជោគ‌ជ័យ​នោះ គឺ​មក​ពី​ការ​ច្រណែន​គ្នា​ប៉ុណ្ណោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ មនុស្ស​លេលា​គិត​តែ​ពី​ឱប​ដៃ ហើយ​ស៊ី​សាច់​ខ្លួន​ឯង។ បាន​សម្រាក​តែ​បន្តិច នោះ​ប្រសើរ​ជាង​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​ច្រើន ដូច​ជា​ដេញ​ចាប់​ខ្យល់។ ខ្ញុំ​បាន​ឃើញ​ការ​ម្យ៉ាង​ទៀត​នៅ​លើ​ផែនដី​នេះ ដែល​ឥត​បាន​ការ គឺ​មនុស្ស​រស់​នៅ​កណ្ដោច‌កណ្ដែង​តែ​ម្នាក់​ឯង គ្មាន​កូន គ្មាន​បងប្អូន តែ​អ្នក​នោះ​ធ្វើ​ការ​មិន​ចេះ​ឈប់ ចង់​បាន​ទ្រព្យ មិន​ចេះ​ស្កប់​ចិត្ត។ តើ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​សម្រាប់​នរណា បាន​ជា​បង្អត់​ខ្លួន​ឯង​មិន​ឲ្យ​មាន​សុភមង្គល​ដូច្នេះ? ត្រង់​នេះ​ទៀត​ក៏​សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ជា​ការ​ខ្វល់​ខ្វាយ​ឥត​អំពើ។ មនុស្ស​ពីរ​នាក់​ប្រសើរ​ជាង​មនុស្ស​តែ​ម្នាក់ ដ្បិត​កិច្ចការ​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​រួម​គ្នា រមែង​បាន​ទទួល​ផល​ច្រើន​ជាង។ ប្រសិន​បើ​ម្នាក់​ដួល ម្នាក់​ទៀត​ជួយ​លើក។ រីឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង មុខ​ជា​វេទនា​ពុំ‌ខាន ព្រោះ​ពេល​គេ​ដួល គ្មាន​នរណា​ជួយ​លើក​ទេ! មួយ​វិញ​ទៀត បើ​មនុស្ស​ពីរ​នាក់​ដេក​ជា​មួយ​គ្នា នោះ​គេ​បាន​កក់​ក្ដៅ។ ចំណែក​ឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង​វិញ ធ្វើ​ម្ដេច​ឲ្យ​កក់​ក្ដៅ​កើត? មនុស្ស​ម្នាក់​អាច​វាយ​មនុស្ស​ម្នាក់​ទៀត​ឈ្នះ តែ​បើ​មាន​ពីរ​នាក់​ព្រួត​គ្នា អ្នក​នោះ​ពុំ​អាច​ឈ្នះ​បាន​ឡើយ។ ពួរ​ដែល​វេញ​ដោយ​ខ្សែ​បី​សសៃ មិន​ងាយ​ដាច់​ទេ។ ក្មេង​ប្រុស​ម្នាក់​ក្រីក្រ តែ​មាន​ប្រាជ្ញា នោះ​ប្រសើរ​ជាង​ស្ដេច​មួយ​អង្គ​ដែល​មាន​វ័យ​ចាស់​ជរា ហើយ​ល្ងី‌ល្ងើ មិន​ព្រម​ទទួល​យោបល់​ពី​អ្នក​ដទៃ។ ក្មេង​ប្រុស​នោះ​អាច​ចេញ​ពី​ទី​ឃុំ‌ឃាំង ឡើង​គ្រង​រាជ្យ​បាន ទោះ​បី​គេ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​របស់​ខ្លួន​ក្ដី។ ខ្ញុំ​ឃើញ​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត និង​មាន​ចលនា នៅ​លើ​ផែនដី លើក​គ្នា​ទៅ​ហែ‌ហម​ក្មេង​ប្រុស ដែល​ឡើង​គ្រង​រាជ្យ​ជំនួស​ស្ដេច​ចាស់។ ក្មេង​ប្រុស​នោះ​នឹង​ធ្វើ​ជា​មគ្គទេសក៍​លើ​ប្រជា‌ជន ដែល​ច្រើន​ឥត​គណនា។ ប៉ុន្តែ មនុស្ស​នៅ​ជំនាន់​ក្រោយៗ​មិន​ចាប់​អារម្មណ៍នឹង​ស្ដេច​នោះ​ទេ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

ចែក​រំលែក
អាន សាស្ដា 4

សាស្ដា 4:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​បាន​ងាក​មក​ពិចារ‌ណា​មើល​ពី​ការ​សង្កត់‌សង្កិន​គ្រប់​យ៉ាង ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ ក៏​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ឃើញ​ថា គេ​គ្មាន​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​ឡើយ ត្រូវ​ពួក​អ្នក​មាន​អំណាច​រឹប‌ជាន់ ឥត​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​គេ​ឡើយ។ ហេតុ​នោះ ខ្ញុំ​ក៏​សរសើរ​ដល់​មនុស្ស​ដែល​ស្លាប់​ជា​យូរ​មក​ហើយ ជា​ជាង​មនុស្ស​ដែល​នៅ​រស់​នៅ​ឡើយ។ ប៉ុន្តែ អ្នក​ដែល​មិន​ទាន់​កើត​មក​នៅ​ឡើយ ជា​អ្នក​ដែល​មិន​បាន​ឃើញ​ការ​អាក្រក់​ដែល​កើត​នៅ​ក្រោម​ថ្ងៃ វិសេស​ជាង​ពួក​ទាំង​ពីរ​នោះ​ទៅ​ទៀត។ រួច​ខ្ញុំ​យល់​ឃើញ​ថា អស់​ទាំង​ការ​នឿយ​ហត់ និងភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច‌ការ គឺ​មក​ពី​មនុស្ស​មាន​ចិត្ត​ច្រណែន​នឹង​គ្នា​ប៉ុណ្ណោះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។ មនុស្ស​ល្ងី‌ល្ងើ​ឱប​ដៃ ហើយ​ស៊ី​សាច់​របស់​ខ្លួន​គេ បើ​មាន​តែ​មួយ​ក្តាប់​ទាំង​ប្រកប​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​ពីរ​ក្តាប់ និង​ការ​ខំ​ប្រឹង​ដោយ​នឿយ​ហត់ ដូច​ជា​ដេញ​ចាប់​ខ្យល់ ។ រួច​ហើយ​ខ្ញុំ​បែរ​មក​មើល​ការ​ដែល​ឥត​ប្រយោជន៍​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ គ្មាន​ទាំង​កូន គ្មាន​បង‌ប្អូន​ទេ ប៉ុន្តែ ការ​នឿយ​ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​សោះ ភ្នែក​គេ​មិន​ស្កប់​ដោយ​ទ្រព្យ‌សម្បត្តិ​ឡើយ គេ​គិត​ថា «ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សម្រាប់​អ្នក​ណា?» នេះ​ជា​ការ​ឥត​ប្រយោជន៍ និង​អាក្រក់​ណាស់។ មាន​ពីរ​នាក់ វិសេស​ជាង​នៅ​តែ​ឯង ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន។ ដ្បិត​បើ​ដួល ម្នាក់​ជ្រោង​គ្នា​ឡើង​វិញ តែ​វរ​ហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​ជួយ​ជ្រោង​ឡើង។ មួយ​ទៀត បើ​ដេក​មាន​គ្នា​ពីរ​នាក់ ក៏​បាន​កក់​ក្តៅ តែ​បើ​ដេក​តែ​ម្នាក់​ឯង តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​កក់​ក្តៅ​បាន? ហើយ​បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កម្លាំង​ជាង មាន​ពីរ​នាក់​នឹង​អាច​ទប់​ទល់​បាន។ ពួរ​បី​ធ្លុង​មិន​ងាយ​ដាច់​ទេ។ មនុស្ស​កំលោះ​ដែល​ទាល់​ក្រ តែ​មាន​ប្រាជ្ញា វិសេស​ជាង​ស្តេច​ដែល​ចាស់​ជរា ហើយ​ល្ងី‌ល្ងើ ជា​ស្តេច​ដែល​មិន​ព្រម​ទទួល​សេចក្ដី​ដាស់‌តឿន​ទៀត ដ្បិត​ទោះ​បើ​អ្នក​នោះ​ចេញ​ពី​គុក​មក ឬ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​ក៏​ដោយ គង់​តែ​នឹង​ឡើង​សោយ‌រាជ្យ​បាន​ដែរ។ ខ្ញុំ​បាន​ឃើញ​គ្រប់​មនុស្ស​មាន​ជីវិត​រស់ ដែល​ដើរ​នៅ​ក្រោម​ថ្ងៃ​ថា គេ​កាន់​ខាង​មនុស្ស​កំលោះ​នោះ គឺ​អ្នក​ទី​ពីរ​ដែល​បាន​តាំង​ឡើង​ជំនួស​គេ។ ឯ​បណ្ដា‌ជន​ទាំង‌ឡាយ គឺ​ជា​ពួក​មនុស្ស​ដែល​អ្នក​នោះ​គ្រប់‌គ្រង​លើ នោះ​ប្រមាណ​មិន​បាន​ឡើយ ប៉ុន្តែ ពួក​មនុស្ស​ដែល​កើត​មក​ក្រោយ គេ​មិន​សុខ​ចិត្ត​ចំពោះ​អ្នក​នោះ​ទេ នេះ​ពិត​ប្រាកដ​ឥត​មាន​ប្រយោជន៍ ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។

ចែក​រំលែក
អាន សាស្ដា 4

សាស្ដា 4:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មួយ​វិញ​ទៀត ខ្ញុំ​បាន​ឃើញ​ការ​សង្កត់‌សង្កិន​គ្រប់​យ៉ាង ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​លើ​ផែនដី​នេះ។ ខ្ញុំ​ឃើញ​ទឹក​ភ្នែក​របស់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន តែ​គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ទេ ដ្បិត​អំណាច​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​សង្កត់‌សង្កិន ដូច្នេះ គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ឡើយ។ ខ្ញុំ​យល់​ថា អ្នក​ដែល​ស្លាប់​ទៅ​ហើយ​មាន​សុភមង្គល​ជាង​អ្នក​ដែល​នៅ​រស់។ ក៏​ប៉ុន្តែ អ្នក​ដែល​មិន​ទាន់​កើត ហើយ​មិន​បាន​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែនដី ប្រសើរ​ជាង​មនុស្ស​ដែល​ស្លាប់ និង​មនុស្ស​ដែល​នៅ​រស់​ទៅ​ទៀត។ ខ្ញុំ​យល់​ឃើញ​ថា ការ​នឿយ‌ហត់​ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ​រហូត​ដល់​មាន​ជោគ‌ជ័យ​នោះ គឺ​មក​ពី​ការ​ច្រណែន​គ្នា​ប៉ុណ្ណោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ មនុស្ស​លេលា​គិត​តែ​ពី​ឱប​ដៃ ហើយ​ស៊ី​សាច់​ខ្លួន​ឯង។ បាន​សម្រាក​តែ​បន្តិច នោះ​ប្រសើរ​ជាង​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​ច្រើន ដូច​ជា​ដេញ​ចាប់​ខ្យល់។ ខ្ញុំ​បាន​ឃើញ​ការ​ម្យ៉ាង​ទៀត​នៅ​លើ​ផែនដី​នេះ ដែល​ឥត​បាន​ការ គឺ​មនុស្ស​រស់​នៅ​កណ្ដោច‌កណ្ដែង​តែ​ម្នាក់​ឯង គ្មាន​កូន គ្មាន​បងប្អូន តែ​អ្នក​នោះ​ធ្វើ​ការ​មិន​ចេះ​ឈប់ ចង់​បាន​ទ្រព្យ មិន​ចេះ​ស្កប់​ចិត្ត។ តើ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​សម្រាប់​នរណា បាន​ជា​បង្អត់​ខ្លួន​ឯង​មិន​ឲ្យ​មាន​សុភមង្គល​ដូច្នេះ? ត្រង់​នេះ​ទៀត​ក៏​សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ជា​ការ​ខ្វល់​ខ្វាយ​ឥត​អំពើ។ មនុស្ស​ពីរ​នាក់​ប្រសើរ​ជាង​មនុស្ស​តែ​ម្នាក់ ដ្បិត​កិច្ចការ​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​រួម​គ្នា រមែង​បាន​ទទួល​ផល​ច្រើន​ជាង។ ប្រសិន​បើ​ម្នាក់​ដួល ម្នាក់​ទៀត​ជួយ​លើក។ រីឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង មុខ​ជា​វេទនា​ពុំ‌ខាន ព្រោះ​ពេល​គេ​ដួល គ្មាន​នរណា​ជួយ​លើក​ទេ! មួយ​វិញ​ទៀត បើ​មនុស្ស​ពីរ​នាក់​ដេក​ជា​មួយ​គ្នា នោះ​គេ​បាន​កក់​ក្ដៅ។ ចំណែក​ឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង​វិញ ធ្វើ​ម្ដេច​ឲ្យ​កក់​ក្ដៅ​កើត? មនុស្ស​ម្នាក់​អាច​វាយ​មនុស្ស​ម្នាក់​ទៀត​ឈ្នះ តែ​បើ​មាន​ពីរ​នាក់​ព្រួត​គ្នា អ្នក​នោះ​ពុំ​អាច​ឈ្នះ​បាន​ឡើយ។ ពួរ​ដែល​វេញ​ដោយ​ខ្សែ​បី​សសៃ មិន​ងាយ​ដាច់​ទេ។ ក្មេង​ប្រុស​ម្នាក់​ក្រីក្រ តែ​មាន​ប្រាជ្ញា នោះ​ប្រសើរ​ជាង​ស្ដេច​មួយ​អង្គ​ដែល​មាន​វ័យ​ចាស់​ជរា ហើយ​ល្ងី‌ល្ងើ មិន​ព្រម​ទទួល​យោបល់​ពី​អ្នក​ដទៃ។ ក្មេង​ប្រុស​នោះ​អាច​ចេញ​ពី​ទី​ឃុំ‌ឃាំង ឡើង​គ្រង​រាជ្យ​បាន ទោះ​បី​គេ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​របស់​ខ្លួន​ក្ដី។ ខ្ញុំ​ឃើញ​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត និង​មាន​ចលនា នៅ​លើ​ផែនដី លើក​គ្នា​ទៅ​ហែ‌ហម​ក្មេង​ប្រុស ដែល​ឡើង​គ្រង​រាជ្យ​ជំនួស​ស្ដេច​ចាស់។ ក្មេង​ប្រុស​នោះ​នឹង​ធ្វើ​ជា​មគ្គទេសក៍​លើ​ប្រជា‌ជន ដែល​ច្រើន​ឥត​គណនា។ ប៉ុន្តែ មនុស្ស​នៅ​ជំនាន់​ក្រោយៗ​មិន​ចាប់​អារម្មណ៍នឹង​ស្ដេច​នោះ​ទេ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

ចែក​រំលែក
អាន សាស្ដា 4

សាស្ដា 4:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​យើង​បាន​វិល​មក​ពិចារណា​មើល​អស់​ទាំង​ការ​សង្កត់‌សង្កិន ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ ក៏​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ឃើញ​ថា គេ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ គេ​ត្រូវ​រឹប‌ជាន់​ដោយ​ពួក​អ្នក​មាន​អំណាច ឥត​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ទេ ហេតុ​នោះយើង​ក៏​សរសើរ​ដល់​មនុស្ស​ដែល​ស្លាប់​ជា​យូរ​មក​ហើយ ជា​ជាង​មនុស្ស​ដែល​នៅ​រស់​នៅ​ឡើយ អើ​អ្នក​ដែល​មិន​ទាន់​កើត​មក​នៅ​ឡើយ ជា​អ្នក​ដែល​មិន​បាន​ឃើញ​ការ​អាក្រក់​ដែល​កើត​នៅ​ក្រោម​ថ្ងៃ នោះ​វិសេស​ជាង​ពួក​ទាំង​២​នោះ​ទៅ​ទៀត។ រួច​យើង​បាន​ឃើញ​អស់​ទាំង​ការ​នឿយ‌ហត់ នឹង​គ្រប់​ការ​ដែល​ធ្វើ​បាន​ដោយ​ស្រួល​ថា ជា​ហេតុ​នាំ​ឲ្យ​អ្នក​ជិត​ខាង​មាន​ចិត្ត​ច្រណែន​ដល់​គ្នា​នឹង​គ្នា នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ។ មនុស្ស​ល្ងី‌ល្ងើ​គេ​ឱប​ដៃ ហើយ​ស៊ី​សាច់​របស់​ខ្លួន​គេ បើ​មាន​តែ​១​ក្តាប់ ទាំង​ប្រកប​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​២​ក្តាប់ ហើយ​មាន​ទាំង​ការ​នឿយ‌ហត់ នឹង​ការ​ខំ​ជា​អសារ​ឥត​ការ​ផង។ រួច​យើង​ងាក​បែរ​មក ឃើញ​ការ​ដែល​ឥត​ប្រយោជន៍​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ អើ​គ្មាន​ទាំង​កូន ឬ​បង​ប្អូន​ផង ប៉ុន្តែការ​នឿយ‌ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ឡើយ ភ្នែក​គេ​ក៏​មិន​បាន​ស្កប់‌ស្កល់​ដោយ​ទ្រព្យ​សម្បត្តិ​ដែរ គេ​ក៏​នឹក​ថា អញ​ធ្វើ​ការ​នឿយ‌ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សំរាប់​អ្នក​ណា នេះ​ជា​ការ​ឥត​ប្រយោជន៍​ដែរ ហើយ​ក៏​អាក្រក់​ណាស់​ផង មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពី​ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ‌ហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរ‌ហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ មួយ​ទៀត បើ​ដេក​មាន​គ្នា​២​នាក់ នោះ​ក៏​បាន​កក់‌ក្តៅ តែ​បើ​ដេក​តែ​ម្នាក់​ឯង នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​កក់‌ក្តៅ​បាន ហើយ​បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន ឯ​ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ។ មនុស្ស​កំឡោះ​ដែល​ទាល់​ក្រ តែ​មាន​ប្រាជ្ញា នោះ​វិសេស​ជាង​ស្តេច​ដែល​ចាស់‌ជរា ហើយ​ល្ងី‌ល្ងើ ជា​ស្តេច​ដែល​មិន​ព្រម​ទទួល​សេចក្ដី​ដាស់‌តឿន​ទៀត ដ្បិត​ទោះ​បើ​អ្នក​នោះ​ចេញ​ពី​គុក​មក ឬ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​ក៏​ដោយ គង់​តែ​នឹង​ឡើង​សោយ‌រាជ្យ​បាន​ដែរ យើង​បាន​ឃើញ​គ្រប់​មនុស្ស​មាន​ជីវិត​រស់ ដែល​ដើរ​នៅ​ក្រោម​ថ្ងៃ​ថា គេ​កាន់​ខាង​មនុស្ស​កំឡោះ​នោះ គឺ​ជា​អ្នក​ទី​២​ដែល​បាន​តាំង​ឡើង​ជំនួស​គេ ឯ​បណ្តាជន​ទាំង‌ឡាយ គឺ​ជា​ពួក​មនុស្ស​ដែល​អ្នក​នោះ​គ្រប់‌គ្រង​លើ នោះ​ប្រមាណ​មិន​បាន​ឡើយ ប៉ុន្តែពួក​មនុស្ស​ដែល​កើត​មក​ក្រោយ គេ​នឹង​មិន​សុខ​ចិត្ត​ចំពោះ​អ្នក​នោះ​ទេ នេះ​ពិត​ប្រាកដ​ជា​ឥត​មាន​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ​ដែរ។

ចែក​រំលែក
អាន សាស្ដា 4