សាស្ដា 3:12-22

សាស្ដា 3:12-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ដឹង​ហើយ​ថា គ្មាន​អ្វី​សម្រាប់​គេ​ដែល​វិសេស​ជាង​មាន​ចិត្ត​រីក‌រាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ ដូច្នេះ ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី និង​ផឹក ព្រម​ទាំង​រីក‌រាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ‌ទាន​របស់​ព្រះ។ យើង​ក៏​ដឹង​ដែរ​ថា ការ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប មិន​ត្រូវ​បន្ថែម​អ្វី​ចូល ឬ​ដក​អ្វី​ចេញ​បាន​ឡើយ មួយ​ទៀត ព្រះ​បាន​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​កោត​ខ្លាច​ព្រះ‌អង្គ។ អ្វីៗ​ដែល​មាន គឺ​មាន​ជា​យូរ​អង្វែង​មក​ហើយ ឯ​អ្វីៗ​ដែល​មាន​ខាង​មុខ​ទៀត ក៏​បាន​មាន​ជា​យូរ​មក​ហើយ​ដែរ ព្រះ​ស្វែង​រក​អ្វីៗ​ដែល​កន្លង​បាត់ទៅ ឲ្យ​បាន​មក​វិញ។ ម្យ៉ាង​ទៀត យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ​ថា នៅ​កន្លែង​វិនិច្ឆ័យ​មាន​អំពើ​ទុច្ចរិត ហើយ​នៅ​កន្លែង​សុចរិត​មាន​អំពើ​អយុត្តិ‌ធម៌​ដែរ។ យើង​ក៏​នឹក​ក្នុង​ចិត្ត​ថា ព្រះ​នឹង​ជំនុំ‌ជម្រះ​ទាំង​ពួក​អ្នក​សុចរិត និង​ទុច្ចរិត​ផង ដ្បិត​មាន​ពេល​សម្រាប់​គ្រប់​ទាំង​បំណង​ដែល​ប៉ង​ធ្វើ និង​កិច្ច‌ការ​ទាំង​ប៉ុន្មាន។ យើង​បាន​នឹក​ក្នុង​ចិត្ត​ពី​មនុស្ស​ជាតិ​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ​ចង់​ល្បង​ល​គេ ហើយ​ឲ្យ​គេ​យល់​ឃើញ​ថា ខ្លួន​គេ​ជា​សត្វ​តិរច្ឆាន​ទេ។ ព្រោះ​ការ​ដែល​កើត​ដល់​មនុស្ស​ជាតិ ក៏​កើត​ដល់​សត្វ​តិរច្ឆាន​ដែរ មាន​ការ​ដដែល​កើត​ដល់​ទាំង​ពីរ​ពួក ពួក​មួយ​ស្លាប់​យ៉ាង​ណា ពួក​មួយ​ទៀត​ក៏​ស្លាប់​យ៉ាង​នោះ អើ គេ​មាន​ដង្ហើម​ជីវិត​ដូច​គ្នា​ទាំង​អស់ ហើយ​មនុស្ស​មិន​វិសេស​ជាង​សត្វ​ទេ ដ្បិត​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ។ គ្រប់​ទាំង​អស់​ទៅ​ឯ​កន្លែង​តែ​មួយ​ប៉ុណ្ណោះ ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រូវ​ត្រឡប់​ទៅ​ឯ​ធូលី​ដី​វិញ។ តើ​មាន​អ្នក​ណា​ដឹង​បាន​ថា វិញ្ញាណ​របស់​មនុស្ស​ឡើង​ទៅ​លើ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្នុង​ដី​វិញ​ឬ​ទេ? ដូច្នេះ យើង​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​ដល់​មនុស្ស ជា​ជាង​មាន​ចិត្ត​រីក‌រាយ​ក្នុង​ការ​ដែល​គេ​ធ្វើ​នោះ​ទេ ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​គេ តើ​មាន​អ្នក​ណា​អាច​នាំ​មនុស្ស​មក​មើល​ការ​ដែល​នឹង​កើត​មក​ក្រោយ​ពី​គេ​ស្លាប់​ទៅ​បាន?

ចែក​រំលែក
អាន សាស្ដា 3

សាស្ដា 3:12-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​យល់​ឃើញ​ថា គ្មាន​ការ​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​ការ​សប្បាយ និង​មាន​សេចក្ដី​សុខ ក្នុង​ពេល​ដែល​ខ្លួន​នៅ​មាន​ជីវិត​នោះ​ឡើយ។ ការ​ស៊ី​ផឹក និង​ការ​មាន​អំណរ​សប្បាយ​ចំពោះ​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ​នោះ គឺ​ជា​អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ព្រះអង្គ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​គោរព​កោតខ្លាច​ព្រះអង្គ។ អ្វីៗ​ដែល​មាន​នៅ​បច្ចុប្បន្ន​កាល​នេះ ពី​អតីត​កាល​ក៏​ធ្លាប់​មាន​ដែរ ហើយ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល សុទ្ធ​តែ​មាន​រួច​ស្រេច​មក​ហើយ។ អ្វីៗ​ដែល​កន្លង​ហួស​ទៅ​ហើយ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​សា​ជា​ថ្មី។ នៅ​លើ​ផែនដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​ទៀត គឺ​កន្លែង​ដែល​ត្រូវ​មាន​យុត្តិធម៌ បែរ​ជា​មាន​អំពើ​អាក្រក់ ហើយ​កន្លែង​ដែល​ត្រូវ​មាន​អំពើ​សុចរិត ក៏​មាន​អំពើ​អាក្រក់​ដែរ។ ខ្ញុំ​បាន​រិះគិត​ក្នុង​ចិត្ត​ថា ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​មនុស្ស​សុចរិត ព្រម​ទាំង​មនុស្ស​អាក្រក់ ដ្បិត​មាន​ពេល​កំណត់​សម្រាប់​អ្វីៗ​ទាំង​អស់ ហើយ​ក៏​មាន​ពេល​វិនិច្ឆ័យ​គ្រប់​អំពើ​ដែល​មនុស្ស​ប្រព្រឹត្ត​ដែរ។ ខ្ញុំ​រិះគិត​អំពី​មនុស្ស​លោក គឺ​ព្រះ‌ជាម្ចាស់​នឹង​ល្បង‌ល​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​យល់​ដោយ​ខ្លួន​ឯង​ថា ពួក​គេ​មិន​ខុស​ពី​សត្វ​ឡើយ ដ្បិត​ចុង​បញ្ចប់​របស់​មនុស្ស និង​ចុង​បញ្ចប់​របស់​សត្វ មិន​ខុស​គ្នា​ទេ។ ទាំង​មនុស្សទាំង​សត្វមាន​ដង្ហើម​ដូច​គ្នា ហើយ​គេ​ក៏​ស្លាប់​ដូច​គ្នា​ដែរ។ មនុស្ស​លោក​គ្មាន​អ្វី​ប្រសើរ​ជាង​សត្វ​ទេ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ។ សត្វ​លោក​ទាំង​អស់​បោះ​ជំហាន​ទៅ​រក​ទិស‌ដៅ​តែ​មួយ។ សត្វ​លោក​ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។ តើ​នរណា​អាច​អះ‌អាង​ថា វិញ្ញាណ‌ក្ខ័ន្ធរបស់​មនុស្ស​ឡើង​ទៅ​លើ​មេឃ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្រោម​ដី? ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​សប្បាយ​រីក‌រាយ ចំពោះ​កិច្ចការ​ដែល​ខ្លួន​ធ្វើ​នោះ​ទេ ព្រោះ​ជា​រង្វាន់​មួយ​សម្រាប់​គេ។ គ្មាន​នរណា​ម្នាក់​អាច​នាំ​គេ​ឲ្យ​មក​មើល​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន ក្រោយ​ពេល​ដែល​ខ្លួន​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ឡើយ។

ចែក​រំលែក
អាន សាស្ដា 3

សាស្ដា 3:12-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យើង​ដឹង​ហើយ​ថា គ្មាន​អ្វី​សំរាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីក‌រាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ីហើយ​ផឹក ព្រម​ទាំង​រីក‌រាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ‌ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ យើង​ក៏​ដឹង​ដែរ ថា​ការ​អ្វី​ដែល​ព្រះ‌ទ្រង់​ធ្វើ នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប នឹង​បន្ថែម​អ្វី​ចូល ឬ​ដក​អ្វី​ចេញ​មិន​បាន​ឡើយ ១​ទៀត​ព្រះ‌ទ្រង់​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់ អ្វីៗ​ដែល​មាន​នៅ នោះ​បាន​មាន​ជា​យូរ‌អង្វែង​មក​ហើយ ឯ​អ្វីៗ​ដែល​ត្រូវ​មាន​ខាង​មុខ​ទៀត នោះ​ក៏​បាន​មាន​ជា​យូរ​មក​ហើយ​ដែរ ព្រះ‌ទ្រង់​ស្វែង​រក​អ្វីៗ ដែល​កន្លង​បាត់​ហើយ​ឲ្យ​បាន​មក​វិញ។ ១​សោត​ទៀត យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ​ថា នៅ​កន្លែង​វិនិច្ឆ័យ នោះ​មាន​សេចក្ដី​ទុច្ចរិត ហើយ​នៅ​កន្លែង​នៃ​សេចក្ដី​សុចរិត នោះ​មាន​សេចក្ដី​អយុត្តិ‌ធម៌​វិញ យើង​ក៏​នឹក​ក្នុង​ចិត្ត​ថា ព្រះ‌ទ្រង់​ជំនុំ‌ជំរះ​ទាំង​ពួក​អ្នក​សុចរិត នឹង​ទុច្ចរិត​ផង ដ្បិត​មាន​ពេល​សំរាប់​គ្រប់​ទាំង​បំណង​ដែល​ប៉ង​ធ្វើ នឹង​បណ្តា‌ការ​ទាំង​ពួង​ផង យើង​បាន​នឹក​ក្នុង​ចិត្ត​ពី​មនុស្ស​ជាតិ​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ‌ទ្រង់​ចង់​ល្បង​ល​នឹង​គេ ហើយ​ឲ្យ​គេ​យល់​ឃើញ​ថា ខ្លួន​គេ​ជា​សត្វ​តិរច្ឆាន​ទេ ពី​ព្រោះ​ការ​ដែល​កើត​ដល់​មនុស្ស​ជាតិ នោះ​ក៏​កើត​ដល់​សត្វ​តិរច្ឆាន​ដែរ មាន​ការ​ដដែល​កើត​ដល់​ទាំង​២​ពួក ពួក​១​ស្លាប់​យ៉ាង​ណា ពួក​១​ទៀត​ក៏​ស្លាប់​យ៉ាង​នោះ អើ គេ​មាន​ដង្ហើម​ជីវិត​ដូច​គ្នា​ទាំង​អស់ ហើយ​មនុស្ស​មិន​វិសេស​ជាង​សត្វ​ទេ ដ្បិត​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ គ្រប់​ទាំង​អស់​ទៅ​ឯ​កន្លែង​តែ​១​ប៉ុណ្ណោះ ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រូវ​ត្រឡប់​ទៅ​ឯ​ធូលី​ដី​វិញ​ទៀត តើ​មាន​អ្នក​ណា​ដឹង​បាន​ថា វិញ្ញាណនៃ​មនុស្ស​ឡើង​ទៅ​លើ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្នុង​ដី​វិញ​ឬ​ទេ ដូច្នេះ យើង​បាន​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​ដល់​មនុស្ស ជា​ជាង​ឲ្យ​គេ​មាន​ចិត្ត​រីក‌រាយ ក្នុង​ការ​ដែល​គេ​ធ្វើ​នោះ​ទេ ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​គេ ពី​ព្រោះ​តើ​អ្នក​ណា​នឹង​នាំ​មនុស្ស​មក​វិញ ដើម្បី​មើល​ការ​ដែល​នឹង​កើត​មក​ក្រោយ​គេ​បាន។

ចែក​រំលែក
អាន សាស្ដា 3