សាស្ដា 2:17-23
សាស្ដា 2:17-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនោះ យើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយដូចជាដេញចាប់ខ្យល់ ។ ខ្ញុំបានស្អប់គ្រប់ទាំងការនឿយហត់ទាំងប៉ុន្មាន ដែលខ្ញុំបានខំធ្វើនៅក្រោមថ្ងៃ ដោយយល់ឃើញថា ខ្ញុំត្រូវទុកទាំងអស់ ឲ្យដល់មនុស្សដែលបន្តក្រោយខ្ញុំ ហើយតើមានអ្នកណាដឹងពីអ្នកនោះ ថានឹងត្រឡប់ជាមនុស្សមានប្រាជ្ញា ឬជាមនុស្សល្ងីល្ងើវិញ ប៉ុន្តែ អ្នកនោះនឹងគ្រប់គ្រងលើកិច្ចការទាំងប៉ុន្មានដែលយើងបានខំធ្វើ ជាការដែលបានធ្វើ ដើម្បីសម្ដែងខ្លួនជាអ្នកមានប្រាជ្ញានៅក្រោមថ្ងៃ នេះក៏ឥតមានទំនងដែរ ដោយហេតុនោះ យើងបានវិលមកបណ្ដាលឲ្យចិត្តលែងសង្ឃឹមចំពោះការទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃទៅ ដ្បិតមានមនុស្សដែលការខ្លួនធ្វើទាំងប៉ុន្មាន សុទ្ធតែធ្វើដោយប្រាជ្ញា ដោយតម្រិះ ហើយដោយស្ទាត់ជំនាញ តែអ្នកនោះត្រូវប្រគល់ការខ្លួន ទុកជាចំណែកដល់ម្នាក់ទៀត ដែលមិនបានខំធ្វើឡើយនោះវិញ នេះជាការឥតមានទំនង ហើយក៏អាក្រក់ណាស់ផង ដ្បិតក្នុងកិច្ចការទាំងប៉ុន្មានដែលមនុស្សធ្វើ និងសេចក្ដីដែលចិត្តខំបង្កើត គឺជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃ នោះតើមានផលអ្វីខ្លះ ពីព្រោះអស់ទាំងថ្ងៃនៃអ្នកនោះមានសុទ្ធតែសេចក្ដីទុក្ខព្រួយ ហើយកិច្ចធុរៈរបស់គេសុទ្ធតែលំបាកទទេ អើ ទោះទាំងពេលយប់ ចិត្តអ្នកនោះក៏មិនសម្រាកដែរ នេះជាការឥតមានទំនងដែរ។
សាស្ដា 2:17-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាខ្ញុំមិនចូលចិត្តជីវិតទេ ហើយខ្ញុំយល់ឃើញថា អ្វីៗដែលមនុស្សធ្វើនៅលើផែនដីសុទ្ធតែអាក្រក់ ព្រោះអ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។ ខ្ញុំមិនចូលចិត្តការនឿយហត់ទាំងប៉ុន្មាន ដែលខ្ញុំខំធ្វើនៅលើផែនដីឡើយ ដ្បិតខ្ញុំត្រូវទុកទាំងអស់សម្រាប់ស្ដេច ដែលគ្រងរាជ្យបន្តពីខ្ញុំ។ មួយវិញទៀត គ្មាននរណាដឹងថា ស្ដេចថ្មីនោះជាមនុស្សមានប្រាជ្ញា ឬមនុស្សលេលាទេ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ស្ដេចនោះនឹងគ្រប់គ្រងលើស្នាដៃទាំងប៉ុន្មានដែលខ្ញុំខំប្រឹងប្រែងធ្វើ ដោយប្រាជ្ញារបស់ខ្ញុំ នៅលើផែនដី។ ត្រង់នេះក៏ឥតបានការដែរ។ គិតដូច្នេះ ខ្ញុំក៏បាក់ទឹកចិត្តចំពោះការខំប្រឹងប្រែងទាំងប៉ុន្មាន ដែលខ្ញុំធ្វើនៅលើផែនដីនេះ។ មនុស្សម្នាក់ខំប្រឹងធ្វើការយ៉ាងនឿយហត់ ដោយប្រើប្រាជ្ញា ចំណេះ និងការស្ទាត់ជំនាញតែបែរជាទុកអ្វីៗដែលខ្លួនធ្វើឲ្យមនុស្សម្នាក់ទៀត ដែលពុំបានខំប្រឹងប្រែងទាល់តែសោះ។ ត្រង់នេះក៏ឥតបានការ ហើយជាការមួយដ៏អាក្រក់បំផុត។ អ្នកដែលខំប្រឹងប្រែង ខ្វល់ខ្វាយធ្វើការនៅលើផែនដី ដើម្បីសម្រេចតាមគោលបំណងរបស់ខ្លួនបែបនេះ តើបានប្រយោជន៍អ្វី? ដ្បិតរៀងរាល់ថ្ងៃ មានតែទុក្ខកង្វល់ និងទុក្ខព្រួយ សូម្បីតែពេលយប់ ចិត្តរបស់គេក៏មិនស្ងប់។ ត្រង់នេះក៏ឥតបានការដែរ។
សាស្ដា 2:17-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះយើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយជាអសារឥតការទទេ។ យើងបានស្អប់បណ្តាការនឿយហត់ទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃ ដោយយល់ឃើញថាយើងត្រូវទុកទាំងអស់ ឲ្យដល់មនុស្សដែលបន្តក្រោយយើង ហើយតើមានអ្នកណាដឹងពីអ្នកនោះ ថានឹងត្រឡប់ជាមនុស្សមានប្រាជ្ញា ឬជាមនុស្សល្ងីល្ងើវិញ ប៉ុន្តែអ្នកនោះនឹងគ្រប់គ្រងលើអស់ទាំងការដែលយើងបានខំធ្វើ ជាការដែលបានធ្វើ ដើម្បីសំដែងខ្លួនជាអ្នកមានប្រាជ្ញានៅក្រោមថ្ងៃ នេះក៏ឥតមានទំនងដែរ ដោយហេតុនោះយើងបានវិលមកបណ្តាលឲ្យចិត្តលែងសង្ឃឹមចំពោះការទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃទៅ ដ្បិតមានមនុស្សដែលការខ្លួនធ្វើទាំងប៉ុន្មាន សុទ្ធតែធ្វើដោយប្រាជ្ញា ដោយដំរិះ ហើយដោយស្ទាត់ជំនាញ តែអ្នកនោះត្រូវប្រគល់ការខ្លួន ទុកជាចំណែកដល់ម្នាក់ទៀត ដែលមិនបានខំធ្វើឡើយនោះវិញ នេះជាការឥតមានទំនង ហើយក៏អាក្រក់ណាស់ផង ដ្បិតក្នុងអស់ទាំងការដែលមនុស្សធ្វើ នឹងសេចក្ដីដែលចិត្តខំបង្កើត គឺជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃ នោះតើមានផលអ្វីខ្លះ ពីព្រោះអស់ទាំងថ្ងៃនៃអ្នកនោះមានសុទ្ធតែសេចក្ដីទុក្ខព្រួយ ហើយកិច្ចធុរៈរបស់គេសុទ្ធតែលំបាកទទេ អើ ទោះទាំងពេលយប់ ចិត្តអ្នកនោះក៏មិនសំរាកដែរ នេះជាការឥតមានទំនងដែរ។