សាស្ដា 2:12-17
សាស្ដា 2:12-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងការចម្កួត ការផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន? គឺធ្វើបានតែការណាដែលបានធ្វើជាយូរអង្វែងមកហើយប៉ុណ្ណោះ។ យើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងការផ្តេសផ្តាស ដូចជាពន្លឺ ក៏វិសេសជាងងងឹតដែរ។ ភ្នែករបស់មនុស្សមានប្រាជ្ញានៅត្រង់ក្បាលគេ តែមនុស្សល្ងីល្ងើ រមែងដើរក្នុងសេចក្ដីងងឹតវិញ ប៉ុន្តែ យើងយល់ឃើញថា មានការតែមួយទេ ដែលកើតដល់គ្រប់គ្នា។ រួចយើងបាននឹកក្នុងចិត្តថា ការដែលកើតដល់មនុស្សល្ងីល្ងើ នោះនឹងកើតដល់យើងដូចគ្នាដែរ ដូច្នេះ ហេតុអ្វីបានជាយើងមានប្រាជ្ញាលើសជាងគេ រួចយើងបានសម្រេចក្នុងចិត្តថា នេះក៏ឥតមានទំនងដែរ ពីព្រោះអ្នកមានប្រាជ្ញា ក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពីមួយលើសជាងមួយជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយ មនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ ហេតុនោះ យើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយដូចជាដេញចាប់ខ្យល់ ។
សាស្ដា 2:12-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ខ្ញុំបែរទៅពិចារណាមើលថា តើប្រាជ្ញា ភាពលេលា ឬការវង្វេងស្មារតី មានប្រយោជន៍អ្វី។ ខ្ញុំក៏ដណ្ដឹងសួរថា តើស្ដេចដែលគ្រងរាជ្យបន្តពីខ្ញុំ នឹងប្រព្រឹត្តអ្វីផ្សេងពីស្ដេចមុនៗដែរឬ? ខ្ញុំក៏យល់ឃើញដូចតទៅ: ប្រាជ្ញាមានតម្លៃជាងការវង្វេងស្មារតី ដូចពន្លឺមានតម្លៃជាងភាពងងឹត។ មនុស្សមានប្រាជ្ញាដឹងថា ខ្លួនកំពុងធ្វើដំណើរទៅទីណា រីឯមនុស្សល្ងីល្ងើដើរនៅក្នុងភាពងងឹត។ ប៉ុន្តែ ខ្ញុំយល់ថា ចុងបញ្ចប់របស់អ្នកទាំងពីរមិនខុសគ្នាទេ។ ខ្ញុំនឹកក្នុងចិត្តថា: ចុងបញ្ចប់របស់ខ្ញុំក៏ដូចជាចុងបញ្ចប់របស់មនុស្សលេលាដែរ។ ដូច្នេះ បើខ្ញុំមានប្រាជ្ញាច្រើន តើបានប្រយោជន៍អ្វី? ខ្ញុំនឹកក្នុងចិត្តថា ត្រង់នេះក៏ឥតបានការដែរ អ្នកប្រាជ្ញមិនខុសប្លែកពីមនុស្សលេលាទេ ដ្បិតគ្មាននរណានឹកនាដល់គេ រហូតអស់កល្បជានិច្ចឡើយ។ ពេលវេលាចេះតែកន្លងផុតទៅ ហើយមនុស្សក៏ភ្លេចអ្វីៗទាំងអស់ដែរ។ អ្នកប្រាជ្ញនឹងស្លាប់ដូចមនុស្សលេលា។ ហេតុនេះហើយបានជាខ្ញុំមិនចូលចិត្តជីវិតទេ ហើយខ្ញុំយល់ឃើញថា អ្វីៗដែលមនុស្សធ្វើនៅលើផែនដីសុទ្ធតែអាក្រក់ ព្រោះអ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។
សាស្ដា 2:12-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត នឹងសេចក្ដីផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន គឺនឹងធ្វើបានតែការដែលបានធ្វើជាយូរអង្វែងមកហើយ នោះយើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងសេចក្ដីផ្តេសផ្តាស ដូចជាពន្លឺ ក៏វិសេសជាងងងឹតដែរ ឯភ្នែករបស់មនុស្សមានប្រាជ្ញានោះនៅត្រង់ក្បាលគេ តែមនុស្សល្ងីល្ងើគេរមែងដើរក្នុងសេចក្ដីងងឹតវិញ ប៉ុន្តែយើងយល់ឃើញថា មានការតែមួយទេ ដែលកើតដល់គ្រប់គ្នា រួចយើងបាននឹកក្នុងចិត្តថា ការដែលកើតដល់មនុស្សល្ងីល្ងើ នោះនឹងកើតដល់យើងដូចគ្នាដែរ ដូច្នេះ ហេតុអ្វីបានជាយើងមានប្រាជ្ញាលើសជាងគេ រួចយើងបានសំរេចក្នុងចិត្តថា នេះក៏ឥតមានទំនងដែរ ពីព្រោះអ្នកមានប្រាជ្ញា ក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពី១លើសជាង១ជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយ មនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ ហេតុនោះយើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយជាអសារឥតការទទេ។