សាស្ដា 2:1-17
សាស្ដា 2:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងបាននិយាយចំពោះចិត្តយើងថា៖ «មកចុះ យើងនឹងល្បងលឯងដោយការអរសប្បាយ ឯងនឹងបានគ្រឹកគ្រេងសប្បាយ»។ តែមើល៍ ការនោះក៏ឥតប្រយោជន៍ដែរ។ យើងបាននិយាយពីការសើចសប្បាយថា «វាជាការចម្កួត» និងពីការគ្រឹកគ្រេងថា «តើមានផលអ្វី?» យើងបានរកនឹកក្នុងចិត្ត ពីរបៀបយ៉ាងណាដែលធ្វើឲ្យសាច់ឈាមបានរីករាយ ដោយស្រាទំពាំងបាយជូរ ទាំងនៅមានចិត្តនាំដោយប្រាជ្ញា ហើយតោងជាប់នឹងសេចក្ដីចម្កួតផង ទាល់តែបានឃើញការណាដែលគួរឲ្យមនុស្សជាតិធ្វើនៅក្រោមមេឃអស់មួយជីវិត។ ដូច្នេះ យើងបានធ្វើការយ៉ាងធំ គឺបានសង់ផ្ទះជាច្រើន បានដាំដំណាំទំពាំងបាយជូរ។ បានធ្វើសួនច្បារ និងសួនឈើសម្រាប់ខ្លួនយើង ទាំងបានដាំដើមឈើមានផ្លែគ្រប់មុខក្នុងសួននោះដែរ។ យើងបានជីកស្រះទឹក សម្រាប់ស្រោចចម្ការបណ្តុះកូនឈើ ខ្ញុំបានទិញបាវប្រុសស្រីជាច្រើន ហើយមានកូនកើតមកនៅក្នុងផ្ទះយើង។ ក៏មានទ្រព្យសម្បត្តិជាច្រើនដូចជា ហ្វូងគោ ហ្វូងចៀម លើសជាងអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើង។ ខ្ញុំបានប្រមូលប្រាក់ មាស និងរបស់ថ្លៃវិសេសផ្សេងៗដែលមកពីស្តេច និងពីខេត្តនានា ក៏ប្រមូលបានពួកចម្រៀងទាំងប្រុសទាំងស្រី និងគ្រប់ទាំងរបស់អ្វីដែលគាប់ចិត្តមនុស្ស ព្រមទាំងស្រីអ្នកម្នាងជាច្រើនផង។ ខ្ញុំបានក្លាយជាធំ ហើយបានចម្រើនឡើង លើសជាងអស់អ្នកដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត តែប្រាជ្ញារបស់យើងក៏នៅជាប់នឹងយើងដែរ ហើយរបស់អ្វីដែលភ្នែកចង់បាន ខ្ញុំមិនបានបង្អត់ឡើយ ខ្ញុំមិនបានហាមឃាត់ចិត្ត មិនឲ្យមានអំណរណាមួយទេ ដ្បិតចិត្តយើងបានរីករាយចំពោះការងារទាំងប៉ុន្មានដែលយើងធ្វើ ហើយនោះជាផលដែលកើតពីកិច្ចការរបស់យើង។ គ្រានោះ យើងបានត្រួតមើលគ្រប់ទាំងការដែលដៃយើងបានធ្វើ និងការនឿយហត់ដែលយើងបានខំបង្កើតនោះ ហើយមើល៍ សុទ្ធតែឥតប្រយោជន៍ ហើយដូចជាដេញចាប់ខ្យល់ ក៏ឥតប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ។ រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងការចម្កួត ការផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន? គឺធ្វើបានតែការណាដែលបានធ្វើជាយូរអង្វែងមកហើយប៉ុណ្ណោះ។ យើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងការផ្តេសផ្តាស ដូចជាពន្លឺ ក៏វិសេសជាងងងឹតដែរ។ ភ្នែករបស់មនុស្សមានប្រាជ្ញានៅត្រង់ក្បាលគេ តែមនុស្សល្ងីល្ងើ រមែងដើរក្នុងសេចក្ដីងងឹតវិញ ប៉ុន្តែ យើងយល់ឃើញថា មានការតែមួយទេ ដែលកើតដល់គ្រប់គ្នា។ រួចយើងបាននឹកក្នុងចិត្តថា ការដែលកើតដល់មនុស្សល្ងីល្ងើ នោះនឹងកើតដល់យើងដូចគ្នាដែរ ដូច្នេះ ហេតុអ្វីបានជាយើងមានប្រាជ្ញាលើសជាងគេ រួចយើងបានសម្រេចក្នុងចិត្តថា នេះក៏ឥតមានទំនងដែរ ពីព្រោះអ្នកមានប្រាជ្ញា ក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពីមួយលើសជាងមួយជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយ មនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ ហេតុនោះ យើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយដូចជាដេញចាប់ខ្យល់ ។
សាស្ដា 2:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំនិយាយមកខ្លួនឯងថា: «ឥឡូវនេះ មកយើង! គិតតែពីសប្បាយ ហើយផ្ដោតអារម្មណ៍លើសុភមង្គលតែប៉ុណ្ណោះ»។ សូម្បីយ៉ាងនេះក្ដី ក៏ឥតបានការដែរ។ ខ្ញុំគិតថា ការសើចសប្បាយជាការលេលា រីឯអំណររីករាយវិញ តើបានប្រយោជន៍អ្វី? ខ្ញុំបានសម្រេចចិត្តយកសុរាជាត្រីមុខ ហើយរស់នៅដូចមនុស្សលេលា ប៉ុន្តែ ព្រមជាមួយគ្នានោះ ចិត្តគំនិតរបស់ខ្ញុំនៅតែចង់ធ្វើជាម្ចាស់លើប្រាជ្ញារបស់ខ្ញុំ ដើម្បីឲ្យបានដឹងច្បាស់ថា អ្វីទៅជាការល្អ ដែលមនុស្សត្រូវប្រព្រឹត្ត ក្នុងជីវិតដ៏ខ្លីរបស់គេនៅលើផែនដីនេះ។ ខ្ញុំបានធ្វើកិច្ចការដ៏ប្រសើរជាច្រើន គឺខ្ញុំសង់ដំណាក់ផ្សេងៗ ហើយដាំចម្ការទំពាំងបាយជូរទុកសម្រាប់ខ្លួនឯង ខ្ញុំធ្វើសួនច្បារ និងសួនឧទ្យាន ហើយខ្ញុំដាំដើមឈើស៊ីផ្លែគ្រប់មុខក្នុងសួននោះ។ ខ្ញុំបានជីកស្រះយកទឹកស្រោចស្រពព្រៃ ដែលមានកូនឈើដុះដេរដាស។ ខ្ញុំបានទិញអ្នកបម្រើប្រុសស្រី ថែមពីលើអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏មានហ្វូងគោ និងហ្វូងចៀមច្រើនជាងស្ដេចនានា ដែលសោយរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ខ្ញុំបានប្រមូលមាសប្រាក់ ព្រមទាំងទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ស្ដេច និងនគរនានា។ ខ្ញុំរកបានអ្នកចម្រៀងប្រុសស្រី និងអ្វីៗទាំងអស់ដែលមនុស្សប្រាថ្នាចង់បាន ហើយក៏មានស្ត្រីស្នំជាច្រើនផង។ ខ្ញុំទទួលឋានៈដ៏ប្រសើរឧត្ដុង្គឧត្ដមលើសស្ដេចនានា ដែលសោយរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ប៉ុន្តែ ប្រាជ្ញាស្ថិតនៅជាមួយខ្ញុំដដែល។ អ្វីៗដែលខ្ញុំប្រាថ្នាចង់បាន ខ្ញុំទទួលទាំងអស់។ ខ្ញុំតែងតែបំពេញតាមបំណងសប្បាយគ្រប់យ៉ាងរបស់ខ្ញុំ ដ្បិតខ្ញុំសប្បាយរីករាយនឹងការងារទាំងប៉ុន្មានដែលខ្ញុំធ្វើ គឺការសប្បាយនេះហើយជាផលនៃការងាររបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំពិចារណាមើលស្នាដៃទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងការនឿយហត់របស់ខ្ញុំ ដើម្បីសម្រេចកិច្ចការទាំងនេះ ខ្ញុំយល់ឃើញថា អ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។ កិច្ចការដែលធ្វើនៅលើផែនដី គ្មានប្រយោជន៍អ្វីឡើយ។ ពេលនោះ ខ្ញុំបែរទៅពិចារណាមើលថា តើប្រាជ្ញា ភាពលេលា ឬការវង្វេងស្មារតី មានប្រយោជន៍អ្វី។ ខ្ញុំក៏ដណ្ដឹងសួរថា តើស្ដេចដែលគ្រងរាជ្យបន្តពីខ្ញុំ នឹងប្រព្រឹត្តអ្វីផ្សេងពីស្ដេចមុនៗដែរឬ? ខ្ញុំក៏យល់ឃើញដូចតទៅ: ប្រាជ្ញាមានតម្លៃជាងការវង្វេងស្មារតី ដូចពន្លឺមានតម្លៃជាងភាពងងឹត។ មនុស្សមានប្រាជ្ញាដឹងថា ខ្លួនកំពុងធ្វើដំណើរទៅទីណា រីឯមនុស្សល្ងីល្ងើដើរនៅក្នុងភាពងងឹត។ ប៉ុន្តែ ខ្ញុំយល់ថា ចុងបញ្ចប់របស់អ្នកទាំងពីរមិនខុសគ្នាទេ។ ខ្ញុំនឹកក្នុងចិត្តថា: ចុងបញ្ចប់របស់ខ្ញុំក៏ដូចជាចុងបញ្ចប់របស់មនុស្សលេលាដែរ។ ដូច្នេះ បើខ្ញុំមានប្រាជ្ញាច្រើន តើបានប្រយោជន៍អ្វី? ខ្ញុំនឹកក្នុងចិត្តថា ត្រង់នេះក៏ឥតបានការដែរ អ្នកប្រាជ្ញមិនខុសប្លែកពីមនុស្សលេលាទេ ដ្បិតគ្មាននរណានឹកនាដល់គេ រហូតអស់កល្បជានិច្ចឡើយ។ ពេលវេលាចេះតែកន្លងផុតទៅ ហើយមនុស្សក៏ភ្លេចអ្វីៗទាំងអស់ដែរ។ អ្នកប្រាជ្ញនឹងស្លាប់ដូចមនុស្សលេលា។ ហេតុនេះហើយបានជាខ្ញុំមិនចូលចិត្តជីវិតទេ ហើយខ្ញុំយល់ឃើញថា អ្វីៗដែលមនុស្សធ្វើនៅលើផែនដីសុទ្ធតែអាក្រក់ ព្រោះអ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។
សាស្ដា 2:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងបាននិយាយចំពោះចិត្តយើងថា មកចុះ យើងនឹងល្បងលឯងដោយការអរសប្បាយ ឯងនឹងបានគ្រឹកគ្រេងសប្បាយទទេ តែមើល ការនោះក៏ឥតប្រយោជន៍ដែរ យើងបាននិយាយពីការសើចសប្បាយថា នេះជាការចំកួតទទេ ហើយពីការគ្រឹកគ្រេងថា តើមានផលអ្វី យើងបាននឹករកក្នុងចិត្ត ពីបែបយ៉ាងណានឹងធ្វើឲ្យសាច់ឈាមបានរីករាយ ដោយស្រាទំពាំងបាយជូរ ទាំងនៅមានចិត្តនាំដោយប្រាជ្ញាផង ហើយតោងជាប់នឹងសេចក្ដីចំកួតផង ទាល់តែបានឃើញការណាដែលគួរឲ្យមនុស្សជាតិធ្វើនៅក្រោមមេឃអស់១ជីវិត ដូច្នេះ យើងបានធ្វើការយ៉ាងធំ គឺបានសង់ផ្ទះជាច្រើន បានដាំដំណាំទំពាំងបាយជូរ បានធ្វើសួនច្បារ នឹងសួនឈើសំរាប់ខ្លួនយើងផង បានទាំងដាំដើមឈើមានផ្លែគ្រប់មុខ ក្នុងសួននោះដែរ យើងបានជីកស្រះទឹក សំរាប់នឹងស្រោចចំការបណ្តុះកូនឈើ យើងបានទិញបាវប្រុសបាវស្រីជាច្រើន ហើយមានកូនរបស់បាវកើតមកនៅក្នុងផ្ទះយើង ក៏មានទ្រព្យសម្បត្តិ ជាហ្វូងគោ ហ្វូងចៀមយ៉ាងសន្ធឹក លើសជាងអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើង យើងបានប្រមូលប្រាក់នឹងមាស ហើយរបស់ថ្លៃវិសេសផ្សេងៗដែលមកពីពួកស្តេច ហើយពីខេត្តទាំងប៉ុន្មាន ក៏ប្រមូលបានពួកចំរៀងទាំងប្រុសទាំងស្រី នឹងគ្រប់ទាំងរបស់អ្វីដែលគាប់ចិត្តមនុស្ស ព្រមទាំងស្រីអ្នកម្នាងជាច្រើនផង យ៉ាងនោះយើងបានជាធំ ហើយក៏ចំរើនឡើង លើសជាងអស់អ្នកដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត តែប្រាជ្ញារបស់យើងក៏នៅជាប់នឹងយើងដែរ ហើយរបស់អ្វីដែលភ្នែកចង់បាន នោះយើងមិនបានបង្អត់ឲ្យឡើយ យើងមិនបានហាមឃាត់ចិត្ត មិនឲ្យមានសេចក្ដីអំណរណាមួយទេ ដ្បិតចិត្តយើងបានរីករាយនឹងបណ្តាការ ដែលយើងធ្វើទាំងនោះ ហើយនោះឯងជាផលដែលកើតពីអស់ទាំងការរបស់យើង គ្រានោះ យើងបានត្រួតមើលគ្រប់ទាំងការដែលដៃយើងបានធ្វើ នឹងការនឿយហត់ដែលយើងបានខំបង្កើតនោះ ហើយមើល សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ ឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ។ រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត នឹងសេចក្ដីផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន គឺនឹងធ្វើបានតែការដែលបានធ្វើជាយូរអង្វែងមកហើយ នោះយើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងសេចក្ដីផ្តេសផ្តាស ដូចជាពន្លឺ ក៏វិសេសជាងងងឹតដែរ ឯភ្នែករបស់មនុស្សមានប្រាជ្ញានោះនៅត្រង់ក្បាលគេ តែមនុស្សល្ងីល្ងើគេរមែងដើរក្នុងសេចក្ដីងងឹតវិញ ប៉ុន្តែយើងយល់ឃើញថា មានការតែមួយទេ ដែលកើតដល់គ្រប់គ្នា រួចយើងបាននឹកក្នុងចិត្តថា ការដែលកើតដល់មនុស្សល្ងីល្ងើ នោះនឹងកើតដល់យើងដូចគ្នាដែរ ដូច្នេះ ហេតុអ្វីបានជាយើងមានប្រាជ្ញាលើសជាងគេ រួចយើងបានសំរេចក្នុងចិត្តថា នេះក៏ឥតមានទំនងដែរ ពីព្រោះអ្នកមានប្រាជ្ញា ក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពី១លើសជាង១ជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយ មនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ ហេតុនោះយើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយជាអសារឥតការទទេ។