សាស្ដា 12:9-14
សាស្ដា 12:9-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយមួយទៀត ដោយព្រោះគ្រូប្រដៅមានប្រាជ្ញាបានជាលោកបង្រៀនប្រជាជន ឲ្យមានតម្រិះទៅទៀត អើ លោកបានរំពឹងគិត ព្រមទាំងស្វែងរក ហើយតែងពាក្យសុភាសិតជាច្រើន។ គ្រូប្រដៅបានស្វែងរកពាក្យពីរោះ និងសេចក្ដីដែលបានតែងទុកយ៉ាងត្រឹមត្រូវ គឺជាពាក្យដ៏ពិតទាំងអស់។ ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នកដែលប្រមូលកត់ទុកពាក្យប្រាជ្ញនោះ ក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីគង្វាលតែម្នាក់ មួយទៀត កូនអើយ ចូរទទួលដំបូន្មានចុះ ដ្បិតការដែលធ្វើសៀវភៅជាច្រើន មិនចេះអស់មិនចេះហើយឡើយ ហើយការដែលរៀនជាច្រើន រមែងនាំឲ្យអផ្សុកដល់រូបសាច់។ សេចក្ដីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសម្ដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តិរបស់ព្រះអង្គចុះ ដ្បិតនេះជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ។ ព្រះនឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚
សាស្ដា 12:9-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សាស្ដាមិនត្រឹមតែជាអ្នកប្រាជ្ញប៉ុណ្ណោះទេ គឺលោកក៏បានបង្រៀនប្រជាជនឲ្យចេះដឹងដែរ លោកបានពិចារណា និងថ្លឹងមើលសេចក្ដីផ្សេងៗ រួចចងក្រងជាសុភាសិតយ៉ាងច្រើន។ សាស្ដាខិតខំស្វែងរកពាក្យពេចន៍ល្អៗមកបរិយាយ ឥតលម្អៀង អំពីសេចក្ដីផ្សេងៗដែលត្រឹមត្រូវ។ ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញប្រៀបដូចជាជន្លួញ ហើយពាក្យចងក្រងរបស់អ្នកប្រាជ្ញ ប្រៀបដូចជាដែកគោល ដែលគេបោះយ៉ាងជាប់។ ប្រាជ្ញាជាអំណោយទានរបស់ព្រះជាម្ចាស់ ដែលជាគង្វាលដ៏ពិតប្រាកដតែមួយគត់។ កូនអើយ កុំបន្ថែមអ្វីពីលើពាក្យប្រៀនប្រដៅនេះឡើយ។ សៀវភៅដែលគេអាចសរសេរបានមានចំនួនច្រើនឥតគណនា ហើយការសិក្សាច្រើនរមែងធ្វើឲ្យរូបកាយនឿយហត់។ អ្វីៗទាំងប៉ុន្មានដូចមានបរិយាយខាងលើ យើងអាចទាញជាសេចក្ដីសន្និដ្ឋានថា ត្រូវគោរពកោតខ្លាចព្រះជាម្ចាស់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ។ នេះហើយជាការដែលមនុស្សគ្រប់ៗរូបត្រូវធ្វើ។ ព្រះជាម្ចាស់នឹងវិនិច្ឆ័យកិច្ចការទាំងប៉ុន្មានដែលមនុស្សធ្វើ ទោះបីជាអំពើដែលគេធ្វើដោយលាក់កំបាំង ហើយជាការល្អ ឬអាក្រក់ក្ដី។
សាស្ដា 12:9-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយ១ទៀត ដោយព្រោះគ្រូប្រដៅមានប្រាជ្ញាបានជាលោកបង្រៀនប្រជាជន ឲ្យមានដំរិះទៅទៀត អើលោកបានរំពឹងគិត ព្រមទាំងស្វែងរក ហើយតែងពាក្យសុភាសិតជាច្រើនតាមរបៀបគ្រូប្រដៅ លោកបានស្វែងរកពាក្យពីរោះ នឹងសេចក្ដីដែលបានតែងទុកយ៉ាងត្រឹមត្រូវ គឺជាពាក្យដ៏ពិតទាំងអស់។ ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នកដែលប្រមូលកត់ទុកពាក្យប្រាជ្ញ នោះក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីអ្នកគង្វាលតែ១ ១ទៀត កូនអើយ ចូរទទួលដំបូន្មានចុះ ដ្បិតការដែលធ្វើសៀវភៅជាច្រើន នោះមិនចេះអស់មិនចេះហើយឡើយ ហើយការដែលរៀនជាច្រើន នោះរមែងនាំឲ្យអផ្សុកដល់រូបសាច់។ សេចក្ដីនេះចប់តែប៉ុណ្ណេះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មក ដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚