សាស្ដា 12:1-8
សាស្ដា 12:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរនឹកចាំពីព្រះអាទិកររបស់អ្នក ក្នុងកាលដែលនៅក្មេងនៅឡើយ មុនថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា «ខ្ញុំអស់សប្បាយហើយ» គឺមុនដែលថ្ងៃ ពន្លឺ ខែ និងផ្កាយទាំងប៉ុន្មានត្រឡប់ជាងងឹត ហើយពពកវិលមកវិញក្រោយពេលភ្លៀង នៅថ្ងៃដែលពួកអ្នកចាំផ្ទះ ត្រូវញាប់ញ័រ ពួកមនុស្សខ្លាំងពូកែ ត្រូវចុះខ្សោយ ពួកស្រីដែលកិនម្សៅត្រូវឈប់ ដោយព្រោះមានគ្នាតិច ពួកអ្នកដែលមើលតាមបង្អួចត្រូវងងឹតទៅ ហើយទ្វារដែលនៅតាមផ្លូវត្រូវបិទ ជាពេលដែលអន់ឮសូរត្បាល់កិន ហើយក៏ស្ទុះក្រោកឡើងដោយឮសំឡេងសត្វហើរយំ ហើយអស់ទាំងសំឡេងកូនស្រីដែលច្រៀងត្រូវចុះខ្សោយ គេភ័យខ្លាចនឹងទីកន្លែងខ្ពស់ៗ ក៏មានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងចេញផ្កា ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ ឯសេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ព្រោះមនុស្សតែងឆ្ពោះទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ។ គឺមុនដែលខ្សែប្រាក់ដាច់ ចានមាសបែក ក្អមបែកនៅឯក្បាលទឹក ឬរហាត់ទឹកនៅអណ្តូងខូចទៅ ហើយធូលីត្រឡប់ជាដីដូចដើមវិញ ហើយវិញ្ញាណ ត្រឡប់ទៅឯព្រះ ដែលព្រះអង្គបានប្រទានមកនោះ «ការឥតប្រយោជន៍ទទេៗ» នេះហើយជាពាក្យដែលគ្រូប្រដៅ ពោលទុកថា គ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។
សាស្ដា 12:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងពេលដែលអ្នកនៅក្មេងនៅឡើយ ត្រូវនឹកដល់ព្រះអាទិកររបស់អ្នក មុនពេលថ្ងៃវេទនាមកដល់ និងមុនពេលអាយុរបស់អ្នកកាន់តែជ្រេទៅៗ ហើយពេលនោះ អ្នកនឹងពោលថា «ខ្ញុំលែងសប្បាយក្នុងជីវិតទៀតហើយ»។ ត្រូវនឹកដល់ព្រះអង្គ មុនពេលពន្លឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយទាំងឡាយប្រែទៅជាអាប់រស្មី ហើយមុនពេលពពក និងភ្លៀងមកដល់ផ្ទួនៗគ្នា។ នៅថ្ងៃនោះ អ្នកយាមផ្ទះនឹងរញីរញ័រ មនុស្សដ៏ខ្លាំងពូកែបែរជាកោងខ្នង ស្ត្រីៗដែលកិនម្សៅនឹងឈប់កិនមកពីខ្វះគ្នាជួយ ហើយអស់អ្នកដែលធ្លាប់តែសម្លឹងតាមបង្អួច ប្រែជាងងឹតភ្នែក។ ជីវិតរបស់អ្នកនឹងរសាត់បាត់ទៅ ដូចទ្វារដែលបែរទៅរកផ្លូវត្រូវគេបិទ ដូចសំឡេងត្បាល់កិនដែលឮកាន់តែខ្សោយទៅៗ ដូចសំឡេងបក្សាបក្សីស្ងាត់សូន្យទៅវិញ និងដូចសំឡេងស្ត្រីចម្រៀងទាំងអស់ចុះខ្សោយ។ ពេលនោះ អ្នកនឹងមិនហ៊ានឡើងទៅកាន់ទីខ្ពស់ៗ ហើយក៏មិនហ៊ានធ្វើដំណើរដែរ។ សក់របស់អ្នកនឹងស្កូវដូចផ្កាកប្បាស អ្នកលែងរហ័សរហួនដូចកណ្ដូប អ្នកនឹងលែងដឹងរសជាតិអាហារទៀតហើយ។ មនុស្សលោកចេះតែឈានទៅរកទីលំនៅដែលស្ថិតស្ថេររហូត។ ពួកស៊ីឈ្នួលយំនឹងដើរក្រឡឹងជុំវិញផ្ទះអ្នក រង់ចាំពេលអ្នកស្លាប់។ ពេលនោះ ខ្សែជីវិតត្រូវដាច់ដូចជាថូមាសបែក ដូចក្អមបែកនៅប្រភពទឹក ឬដូចរហាត់យោងទឹកបាក់ធ្លាក់ទៅក្នុងអណ្ដូង។ ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណដែលព្រះជាម្ចាស់ប្រទានឲ្យ ក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ។ សាស្ដាបានថ្លែងថា អ្វីៗទាំងអស់សុទ្ធតែគ្មានន័យគ្មានខ្លឹមសារ និងឥតបានការ។
សាស្ដា 12:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា អញអស់សប្បាយហើយ គឺមុនដែលថ្ងៃ ពន្លឺ ខែ នឹងផ្កាយទាំងប៉ុន្មានទៅជាងងឹត ហើយពពកវិលមកក្រោយដែលភ្លៀង នៅថ្ងៃដែលពួកអ្នកចាំផ្ទះត្រូវញាប់ញ័រ ពួកមនុស្សខ្លាំងពូកែត្រូវឱនខ្លួនចុះ ពួកស្រីដែលកិនស្រូវត្រូវឈប់ ដោយព្រោះមានគ្នាតិចពេក ពួកអ្នកដែលមើលតាមបង្អួចត្រូវងងឹតទៅ ហើយទ្វារដែលបើកទៅឯថ្នល់ត្រូវបិទ ជាពេលដែលអន់ឮសូរត្បាល់កិន កាលគេស្ទុះក្រោកឡើង ដោយឮសំឡេងសត្វហើរយំ ហើយអស់ទាំងពួកស្រីៗដែលធ្លាប់ច្រៀងត្រូវទាបថោកវិញ អើ គេនឹងភ័យខ្លាចចំពោះអន្តរាយដែលមកពីខាងលើ ក៏នឹងមានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងផ្កាឡើង ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ សេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ដោយព្រោះមនុស្សរមែងទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ គឺមុនដែលខ្សែប្រាក់ដាច់ ចានមាសបែក ក្អមបែកនៅឯក្បាលទឹក ឬរហាត់ទឹកនៅអណ្តូងខូចទៅ ហើយធូលីត្រឡប់ជាដីដូចដើមវិញ នឹងវិញ្ញាណត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ «ការឥតប្រយោជន៍ទទេៗ» នេះហើយជាពាក្យដែលគ្រូប្រដៅពោលទុកថា គ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។