សាស្ដា 12:1-6

សាស្ដា 12:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​នឹក​ចាំ​ពី​ព្រះ​អាទិករ​របស់​អ្នក ក្នុង​កាល​ដែល​នៅ​ក្មេង​នៅ​ឡើយ មុន​ថ្ងៃ​អាក្រក់​មក​ដល់ ហើយ​អស់​ទាំង​ឆ្នាំ​មក​ជិត ដែល​ឯង​នឹង​ថា «ខ្ញុំ​អស់​សប្បាយ​ហើយ» គឺ​មុន​ដែល​ថ្ងៃ ពន្លឺ ខែ និង​ផ្កាយ​ទាំង​ប៉ុន្មាន​ត្រឡប់​ជា​ងងឹត ហើយ​ពពក​វិល​មក​វិញ​ក្រោយ​ពេល​ភ្លៀង នៅ​ថ្ងៃ​ដែល​ពួក​អ្នក​ចាំ​ផ្ទះ ត្រូវ​ញាប់‌ញ័រ ពួក​មនុស្ស​ខ្លាំង​ពូកែ ត្រូវ​ចុះ​ខ្សោយ ពួក​ស្រី​ដែល​កិន​ម្សៅ​ត្រូវ​ឈប់ ដោយ​ព្រោះ​មាន​គ្នា​តិច ពួក​អ្នក​ដែល​មើល​តាម​បង្អួច​ត្រូវ​ងងឹត​ទៅ ហើយ​ទ្វារ​ដែល​នៅ​តាម​ផ្លូវ​ត្រូវ​បិទ ជា​ពេល​ដែល​អន់​ឮ​សូរ​ត្បាល់​កិន ហើយ​ក៏​ស្ទុះ​ក្រោក​ឡើង​ដោយ​ឮ​សំឡេង​សត្វ​ហើរ​យំ ហើយ​អស់​ទាំង​សំឡេង​កូន​ស្រី​ដែល​ច្រៀង​ត្រូវ​ចុះ​ខ្សោយ គេ​ភ័យ​ខ្លាច​នឹង​ទី​កន្លែង​ខ្ពស់ៗ ក៏​មាន​សេចក្ដី​ស្ញែង‌ខ្លាច​តាម​ផ្លូវ ឯ​ដើម​ចំបក់​នឹង​ចេញ​ផ្កា ហើយ​កណ្តូប​នឹង​សង្កត់​លើ​គេ​ជា​ធ្ងន់ ឯ​សេចក្ដី​ប៉ង​ប្រាថ្នា​នឹង​រសាយ​អស់​ទៅ ព្រោះ​មនុស្ស​តែង​ឆ្ពោះ​ទៅ​ឯ​ទី​លំនៅ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​ពួក​អ្នក​កាន់​ទុក្ខ​ដើរ​ទៅ​មក​តាម​ផ្លូវ។ គឺ​មុន​ដែល​ខ្សែ​ប្រាក់​ដាច់ ចាន​មាស​បែក ក្អម​បែក​នៅ​ឯ​ក្បាល​ទឹក ឬ​រហាត់​ទឹក​នៅ​អណ្តូង​ខូច​ទៅ

ចែក​រំលែក
អាន សាស្ដា 12

សាស្ដា 12:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ពេល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ ត្រូវ​នឹក​ដល់​ព្រះ‌អាទិករ​របស់​អ្នក មុន​ពេល​ថ្ងៃ​វេទនា​មក​ដល់ និង​មុន​ពេល​អាយុ​របស់​អ្នក​កាន់​តែ​ជ្រេ​ទៅៗ ហើយ​ពេល​នោះ អ្នក​នឹង​ពោល​ថា «ខ្ញុំ​លែង​សប្បាយ​ក្នុង​ជីវិត​ទៀត​ហើយ»។ ត្រូវ​នឹក​ដល់​ព្រះអង្គ មុន​ពេល​ពន្លឺ​ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ផ្កាយ​ទាំង‌ឡាយ​ប្រែ​ទៅ​ជា​អាប់​រស្មី ហើយ​មុន​ពេល​ពពក និង​ភ្លៀង​មក​ដល់​ផ្ទួនៗ​គ្នា។ នៅ​ថ្ងៃ​នោះ អ្នក​យាម​ផ្ទះ​នឹង​រញី‌រញ័រ មនុស្ស​ដ៏​ខ្លាំង​ពូកែ​បែរ​ជា​កោង​ខ្នង ស្ត្រីៗ​ដែល​កិន​ម្សៅ​នឹង​ឈប់​កិន​មក​ពី​ខ្វះ​គ្នា​ជួយ ហើយ​អស់​អ្នក​ដែល​ធ្លាប់​តែ​សម្លឹង​តាម​បង្អួច ប្រែ​ជា​ងងឹត​ភ្នែក។ ជីវិត​របស់​អ្នក​នឹង​រសាត់​បាត់​ទៅ ដូច​ទ្វារ​ដែល​បែរ​ទៅ​រក​ផ្លូវ​ត្រូវ​គេ​បិទ ដូច​សំឡេង​ត្បាល់​កិន​ដែល​ឮ​កាន់​តែ​ខ្សោយ​ទៅៗ ដូច​សំឡេង​បក្សា‌បក្សី​ស្ងាត់​សូន្យ​ទៅ​វិញ និង​ដូច​សំឡេង​ស្ត្រី​ចម្រៀង​ទាំង​អស់​ចុះ​ខ្សោយ។ ពេល​នោះ អ្នក​នឹង​មិន​ហ៊ាន​ឡើង​ទៅ​កាន់​ទី​ខ្ពស់ៗ ហើយ​ក៏​មិន​ហ៊ាន​ធ្វើ​ដំណើរ​ដែរ។ សក់​របស់​អ្នក​នឹង​ស្កូវ​ដូច​ផ្កា​កប្បាស អ្នក​លែង​រហ័ស‌រហួន​ដូច​កណ្ដូប អ្នក​នឹង​លែង​ដឹង​រស‌ជាតិ​អាហារ​ទៀត​ហើយ។ មនុស្ស​លោក​ចេះ​តែ​ឈាន​ទៅ​រក​ទី​លំ‌នៅ​ដែល​ស្ថិត‌ស្ថេរ​រហូត។ ពួក​ស៊ី​ឈ្នួល​យំ​នឹង​ដើរ​ក្រឡឹង​ជុំ‌វិញ​ផ្ទះ​អ្នក រង់‌ចាំ​ពេល​អ្នក​ស្លាប់។ ពេល​នោះ ខ្សែ​ជីវិត​ត្រូវ​ដាច់​ដូច​ជា​ថូ​មាស​បែក ដូច​ក្អម​បែក​នៅ​ប្រភព​ទឹក ឬ​ដូច​រហាត់​យោង​ទឹក​បាក់​ធ្លាក់​ទៅ​ក្នុង​អណ្ដូង។

ចែក​រំលែក
អាន សាស្ដា 12

សាស្ដា 12:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង មុន​ដែល​អស់​ទាំង​ថ្ងៃ​អាក្រក់​មក​ដល់ ហើយ​អស់​ទាំង​ឆ្នាំ​មក​ជិត ដែល​ឯង​នឹង​ថា អញ​អស់​សប្បាយ​ហើយ គឺ​មុន​ដែល​ថ្ងៃ ពន្លឺ ខែ នឹង​ផ្កាយ​ទាំង​ប៉ុន្មាន​ទៅ​ជា​ងងឹត ហើយ​ពពក​វិល​មក​ក្រោយ​ដែល​ភ្លៀង នៅ​ថ្ងៃ​ដែល​ពួក​អ្នក​ចាំ​ផ្ទះ​ត្រូវ​ញាប់‌ញ័រ ពួក​មនុស្ស​ខ្លាំង​ពូកែ​ត្រូវ​ឱន​ខ្លួន​ចុះ ពួក​ស្រី​ដែល​កិន​ស្រូវ​ត្រូវ​ឈប់ ដោយ​ព្រោះ​មាន​គ្នា​តិច​ពេក ពួក​អ្នក​ដែល​មើល​តាម​បង្អួច​ត្រូវ​ងងឹត​ទៅ ហើយ​ទ្វារ​ដែល​បើក​ទៅ​ឯ​ថ្នល់​ត្រូវ​បិទ ជា​ពេល​ដែល​អន់​ឮ​សូរ​ត្បាល់​កិន កាល​គេ​ស្ទុះ​ក្រោក​ឡើង ដោយ​ឮ​សំឡេង​សត្វ​ហើរ​យំ ហើយ​អស់​ទាំង​ពួក​ស្រីៗ​ដែល​ធ្លាប់​ច្រៀង​ត្រូវ​ទាប​ថោក​វិញ អើ គេ​នឹង​ភ័យ​ខ្លាច​ចំពោះ​អន្តរាយ​ដែល​មក​ពី​ខាង​លើ ក៏​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​តាម​ផ្លូវ ឯ​ដើម​ចំបក់​នឹង​ផ្កា​ឡើង ហើយ​កណ្តូប​នឹង​សង្កត់​លើ​គេ​ជា​ធ្ងន់ សេចក្ដី​ប៉ង‌ប្រាថ្នា​នឹង​រសាយ​អស់​ទៅ ដោយ​ព្រោះ​មនុស្ស​រមែង​ទៅ​ឯ​ទី​លំនៅ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ពួក​អ្នក​កាន់​ទុក្ខ​ដើរ​ទៅ​មក​តាម​ផ្លូវ គឺ​មុន​ដែល​ខ្សែ​ប្រាក់​ដាច់ ចាន​មាស​បែក ក្អម​បែក​នៅ​ឯ​ក្បាល​ទឹក ឬ​រហាត់​ទឹក​នៅ​អណ្តូង​ខូច​ទៅ

ចែក​រំលែក
អាន សាស្ដា 12