សាស្ដា 11:8-10
សាស្ដា 11:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើមនុស្សណារស់នៅបានយូរឆ្នាំ គួរមានអំណរចំពោះគ្រប់ឆ្នាំទាំងនោះចុះ តែត្រូវនឹកដល់អស់ទាំងថ្ងៃ ដែលមានសេចក្ដីងងឹតដែរ ព្រោះនឹងមានច្រើនទៀត គ្រប់ទាំងអស់ដែលត្រូវមក សុទ្ធតែជាការឥតប្រយោជន៍ទទេ។ ឱមនុស្សកំលោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំលោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្ដាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែ ត្រូវឲ្យដឹងថា ព្រះនឹងហៅឯងមកជំនុំជម្រះ ដោយព្រោះអំពើទាំងនេះជាមិនខាន។ ដូច្នេះ ចូរដកទុក្ខកង្វល់ចេញពីចិត្តឯងទៅ ហើយបណ្តេញការឈឺចាប់ឲ្យឆ្ងាយពីរូបកាយឯងដែរ ដ្បិតគ្រានៅកំលោះ និងវ័យក្មេងរមែងឥតប្រយោជន៍ទទេ។
សាស្ដា 11:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើមនុស្សម្នាក់មានអាយុវែង គាត់ត្រូវតែសប្បាយរីករាយក្នុងឆ្នាំទាំងប៉ុន្មាននៃអាយុជីវិតរបស់ខ្លួន គាត់ក៏ត្រូវនឹកចាំថា ថ្ងៃដែលងងឹតអាប់អួមានចំនួនច្រើនណាស់។ អ្វីៗទាំងអស់ដែលកើតមានសុទ្ធតែឥតបានការ។ យុវជនអើយ ចូរសប្បាយទាន់ខ្លួនអ្នកនៅក្មេង ចូរឲ្យចិត្តរបស់អ្នកបានរីករាយក្នុងគ្រាយុវវ័យនេះ ចូរប្រព្រឹត្តតាមចិត្តប៉ងប្រាថ្នា និងតាមការយល់ឃើញរបស់អ្នកទៅ។ ក៏ប៉ុន្តែ តោងដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យគ្រប់កិច្ចការដែលអ្នកធ្វើ។ ចូរដកទុក្ខកង្វល់ចេញពីចិត្តរបស់អ្នក ហើយដកអ្វីៗដែលនាំឲ្យរូបកាយអ្នកឈឺចាប់នោះចេញ ដ្បិតយុវវ័យ និងគ្រាពេញវ័យមិននៅស្ថិតស្ថេរយូរឡើយ។
សាស្ដា 11:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អើ បើមនុស្សណារស់នៅជាយូរឆ្នាំ នោះគួរឲ្យមានសេចក្ដីអំណរចំពោះគ្រប់ឆ្នាំទាំងនោះចុះ តែត្រូវឲ្យនឹកដល់អស់ទាំងថ្ងៃ ដែលមានសេចក្ដីងងឹតដែរ ពីព្រោះនឹងមានជាច្រើនទៀត គ្រប់ទាំងអស់ដែលត្រូវមក សុទ្ធតែជាការឥតប្រយោជន៍ទទេ។ ឱមនុស្សកំឡោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំឡោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្តាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែត្រូវឲ្យដឹងថា ព្រះទ្រង់នឹងហៅឯងមកជំនុំជំរះ ដោយព្រោះអំពើទាំងនេះជាមិនខាន ដូច្នេះ ចូរកាត់សេចក្ដីក្នាញ់ក្តៅចេញពីចិត្តឯងទៅ ហើយបណ្តេញសេចក្ដីអាក្រក់ឲ្យឆ្ងាយពីសាច់ឈាមឯងផង ដ្បិតគ្រានៅកំឡោះ ហើយវ័យក្មេងរមែងជាឥតប្រយោជន៍ទទេ។