សាស្ដា 11:1-8

សាស្ដា 11:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​បោះ​នំបុ័ង​របស់​ឯង​ទៅ​លើ​ទឹក ដ្បិត​យូរ​ថ្ងៃ​ក្រោយ​មក ឯង​នឹង​បាន​សគុណ​នោះ​មក​វិញ ចូរ​ចែក​ឲ្យ​ដល់​ប្រាំពីរ​នាក់​ចុះ ហើយ​ដល់​ប្រាំបី​នាក់​ផង ដ្បិត​ឯង​មិន​ដឹង​ជា​នឹង​កើត​មាន ការ​អាក្រក់​យ៉ាង​ណា​នៅ​ផែនដី​ទេ បើ​កាល​ណា​ពពក​ពេញ​ដោយ​ទឹក នោះ​នឹង​ចាក់​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​លើ​ផែនដី ហើយ​បើ​ដើម​ឈើ​ណា​រលំ​ដួល​ទៅ​ខាង​ត្បូង ឬ​ទៅ​ខាង​ជើង​ក្តី នឹង​ដេក​នៅ​ត្រង់​កន្លែង ដែល​បាន​ដួល​នោះ។ អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់ នឹង​មិន​សាប‌ព្រោះ​ទេ ហើយ​អ្នក​ណា សង្កេត​មើល​ពពក ក៏​មិន​ច្រូត​កាត់​ឡើយ។ ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្ដាល​ឲ្យ​កូន​កើត​ឡើង​នៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទម្ងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​កិច្ច‌ការ​របស់​ព្រះ ដែល​ជា​អ្នក​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដែរ។ នៅ​ពេល​ព្រឹក ចូរ​ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច​កុំ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចម្រើន​ឡើង ទោះ​បើ​ខាង​នេះ ឬ​ខាង​នោះ​ក្តី ឬ​បើ​ទាំង​ពីរ​នឹង​ចម្រើន​បាន​ល្អ​ដូច​គ្នា។ ពន្លឺ​ជា​គ្រឿង​ល្អ ហើយ​ដែល​ភ្នែក​បាន​ឃើញ​ពន្លឺ​ថ្ងៃ​នោះ​ក៏​ស្រួល។ បើ​មនុស្ស​ណា​រស់​នៅ​បាន​យូរ​ឆ្នាំ គួរ​មាន​អំណរ​ចំពោះ​គ្រប់​ឆ្នាំ​ទាំង​នោះ​ចុះ តែ​ត្រូវ​នឹក​ដល់​អស់​ទាំង​ថ្ងៃ ដែល​មាន​សេចក្ដី​ងងឹត​ដែរ ព្រោះ​នឹង​មាន​ច្រើន​ទៀត គ្រប់​ទាំង​អស់​ដែល​ត្រូវ​មក សុទ្ធ​តែ​ជា​ការ​ឥត​ប្រយោជន៍​ទទេ។

ចែក​រំលែក
អាន សាស្ដា 11

សាស្ដា 11:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ចំណាយ​ធន‌ធាន ដើម្បី​ប្រកប‌របរ​រក​ស៊ី ដោយ​មិន​ខ្លាច​ខាត ដ្បិត​ថ្ងៃ​ក្រោយ អ្នក​នឹង​បាន​ទទួល​ផល​វិញ។ ចូរ​បំបែក​ទ្រព្យ​សម្បត្តិ​ជា​ប្រាំ‌ពីរ ឬ​ប្រាំ​បី​ចំណែក ដ្បិត​អ្នក​ពុំ​ដឹង​ថា ទុក្ខ​វេទនា​នឹង​កើត​មាន​លើ​ផែនដី​នេះ​នៅ​ពេល​ណា​ឡើយ។ ពេល​ណា​ពពក​ខ្មួល‌ខ្មាញ់ នោះ​នឹង​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​ពុំ‌ខាន។ រីឯ​ដើម​ឈើ​វិញ ពេល​វា​រលំ ទោះ​បី​រលំ‌នៅ​ទិស​ខាង​ត្បូង ឬ​ទិស​ខាង​ជើង​ក្ដី វា​រលំ‌នៅ​នឹង​កន្លែង​ជានិច្ច។ អ្នក​ដែល​សម្លឹង​មើល​ខ្យល់ មិន​សាប​ព្រោះ​ទេ ហើយ​អ្នក​ដែល​តាម​មើល​ពពក ក៏​មិន​ច្រូត​កាត់​ដែរ។ បើ​អ្នក​មិន​ដឹង​ថា ខ្យល់​ដង្ហើម​មក​ពី​ណា ឬ​មិន​ដឹង​ពី​របៀប​ដែល​ទារក​កកើត​ក្នុង​ផ្ទៃ​ម្ដាយ​ទេ​នោះ អ្នក​ក៏​មិន​ស្គាល់​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​មក​ដែរ។ ត្រូវ​សាប​ព្រោះ​គ្រាប់​ពូជ​របស់​អ្នក តាំង​ពី​ព្រលឹម ហើយ​នៅ​ពេល​ល្ងាច​ក៏​មិន​ត្រូវ​ទំនេរ​ដៃ​ដែរ ដ្បិត​អ្នក​ពុំ​ដឹង​ថា កិច្ចការ​ណា​មួយ​នឹង​បង្កើត​ផល ឬ​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​កិច្ចការ​ទាំង​អស់​ឡើយ។ ពន្លឺ​រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ឃើញ​ពន្លឺ​ព្រះ‌អាទិត្យ​ជា​ការ​ល្អ​ប្រពៃ​បំផុត។ ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​អាយុ​វែង គាត់​ត្រូវ​តែ​សប្បាយ​រីក‌រាយ​ក្នុង​ឆ្នាំ​ទាំង​ប៉ុន្មាន​នៃ​អាយុ​ជីវិត​របស់​ខ្លួន គាត់​ក៏​ត្រូវ​នឹក​ចាំ​ថា ថ្ងៃ​ដែល​ងងឹត​អាប់‌អួ​មាន​ចំនួន​ច្រើន​ណាស់។ អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​សុទ្ធ​តែ​ឥត​បាន​ការ។

ចែក​រំលែក
អាន សាស្ដា 11

សាស្ដា 11:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​បោះ​នំបុ័ង​របស់​ឯង​ទៅ​លើ​ទឹក ដ្បិត​យូរ​ថ្ងៃ​ក្រោយ​មក ឯង​នឹង​បាន​សគុណ​នោះ​មក​វិញ ចូរ​ចែក​ឲ្យ​ដល់​៧​នាក់​ចុះ ហើយ​ដល់​៨​នាក់​ផង ដ្បិត​ឯង​មិន​ដឹង​ជា​នឹង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ណា​នៅ​ផែនដី​ទេ បើ​កាល​ណា​ពពក​ពេញ​ដោយ​ទឹក នោះ​នឹង​ចាក់​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​លើ​ផែនដី ហើយ​បើ​ដើម​ឈើ​ណា​រលំ​ដួល​ទៅ​ខាង​ត្បូង ឬ​ទៅ​ខាង​ជើង​ក្តី នោះ​នឹង​ដេក​នៅ​ត្រង់​កន្លែង​ដែល​បាន​ដួល​នោះ​ឯង អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់ នោះ​នឹង​មិន​សាប‌ព្រោះ​ទេ ហើយ​អ្នក​ណា​សង្កេត​មើល​ពពក នោះ​ក៏​មិន​ច្រូត​កាត់​ឡើយ ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្តាល​ឲ្យ​កូន​កើត​ឡើងនៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទំងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​ការ​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់​យ៉ាង​នោះ​ដែរ នៅ​ពេល​ព្រឹក ចូរ​សាប‌ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាចកុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចំរើន​ឡើង ទោះ​បើ​ខាង​ណេះឬ​ខាង​ណោះ​ក្តី ឬ​បើ​ទាំង​២​នឹង​ចំរើន​បាន​ល្អ​ដូច​គ្នា​ផង ពន្លឺ​ជា​គ្រឿង​ល្អ ហើយ​ដែល​ភ្នែក​បាន​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ក៏​ស្រួល អើ បើ​មនុស្ស​ណា​រស់​នៅ​ជា​យូរ​ឆ្នាំ នោះ​គួរ​ឲ្យ​មាន​សេចក្ដី​អំណរ​ចំពោះ​គ្រប់​ឆ្នាំ​ទាំង​នោះ​ចុះ តែ​ត្រូវ​ឲ្យ​នឹក​ដល់​អស់​ទាំង​ថ្ងៃ ដែល​មាន​សេចក្ដី​ងងឹត​ដែរ ពី​ព្រោះ​នឹង​មាន​ជា​ច្រើន​ទៀត គ្រប់​ទាំង​អស់​ដែល​ត្រូវ​មក សុទ្ធ​តែ​ជា​ការ​ឥត​ប្រយោជន៍​ទទេ។

ចែក​រំលែក
អាន សាស្ដា 11