សាស្ដា 11:1-6
សាស្ដា 11:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរបោះនំបុ័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ ចូរចែកឲ្យដល់ប្រាំពីរនាក់ចុះ ហើយដល់ប្រាំបីនាក់ផង ដ្បិតឯងមិនដឹងជានឹងកើតមាន ការអាក្រក់យ៉ាងណានៅផែនដីទេ បើកាលណាពពកពេញដោយទឹក នោះនឹងចាក់ភ្លៀងឲ្យធ្លាក់ចុះមកលើផែនដី ហើយបើដើមឈើណារលំដួលទៅខាងត្បូង ឬទៅខាងជើងក្តី នឹងដេកនៅត្រង់កន្លែង ដែលបានដួលនោះ។ អ្នកណាដែលសង្កេតមើលតែខ្យល់ នឹងមិនសាបព្រោះទេ ហើយអ្នកណា សង្កេតមើលពពក ក៏មិនច្រូតកាត់ឡើយ។ ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណ ដែលបណ្ដាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទម្ងន់ជាយ៉ាងណា នោះក៏មិនស្គាល់កិច្ចការរបស់ព្រះ ដែលជាអ្នកធ្វើគ្រប់ការទាំងអស់ដែរ។ នៅពេលព្រឹក ចូរព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចម្រើនឡើង ទោះបើខាងនេះ ឬខាងនោះក្តី ឬបើទាំងពីរនឹងចម្រើនបានល្អដូចគ្នា។
សាស្ដា 11:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរចំណាយធនធាន ដើម្បីប្រកបរបររកស៊ី ដោយមិនខ្លាចខាត ដ្បិតថ្ងៃក្រោយ អ្នកនឹងបានទទួលផលវិញ។ ចូរបំបែកទ្រព្យសម្បត្តិជាប្រាំពីរ ឬប្រាំបីចំណែក ដ្បិតអ្នកពុំដឹងថា ទុក្ខវេទនានឹងកើតមានលើផែនដីនេះនៅពេលណាឡើយ។ ពេលណាពពកខ្មួលខ្មាញ់ នោះនឹងមានភ្លៀងធ្លាក់មកលើផែនដីពុំខាន។ រីឯដើមឈើវិញ ពេលវារលំ ទោះបីរលំនៅទិសខាងត្បូង ឬទិសខាងជើងក្ដី វារលំនៅនឹងកន្លែងជានិច្ច។ អ្នកដែលសម្លឹងមើលខ្យល់ មិនសាបព្រោះទេ ហើយអ្នកដែលតាមមើលពពក ក៏មិនច្រូតកាត់ដែរ។ បើអ្នកមិនដឹងថា ខ្យល់ដង្ហើមមកពីណា ឬមិនដឹងពីរបៀបដែលទារកកកើតក្នុងផ្ទៃម្ដាយទេនោះ អ្នកក៏មិនស្គាល់ស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ ដែលបានបង្កើតអ្វីៗទាំងអស់មកដែរ។ ត្រូវសាបព្រោះគ្រាប់ពូជរបស់អ្នក តាំងពីព្រលឹម ហើយនៅពេលល្ងាចក៏មិនត្រូវទំនេរដៃដែរ ដ្បិតអ្នកពុំដឹងថា កិច្ចការណាមួយនឹងបង្កើតផល ឬអ្នកទទួលផលប្រយោជន៍ពីកិច្ចការទាំងអស់ឡើយ។
សាស្ដា 11:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរបោះនំបុ័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ ចូរចែកឲ្យដល់៧នាក់ចុះ ហើយដល់៨នាក់ផង ដ្បិតឯងមិនដឹងជានឹងកើតមានសេចក្ដីអាក្រក់យ៉ាងណានៅផែនដីទេ បើកាលណាពពកពេញដោយទឹក នោះនឹងចាក់ភ្លៀងឲ្យធ្លាក់ចុះមកលើផែនដី ហើយបើដើមឈើណារលំដួលទៅខាងត្បូង ឬទៅខាងជើងក្តី នោះនឹងដេកនៅត្រង់កន្លែងដែលបានដួលនោះឯង អ្នកណាដែលសង្កេតមើលតែខ្យល់ នោះនឹងមិនសាបព្រោះទេ ហើយអ្នកណាសង្កេតមើលពពក នោះក៏មិនច្រូតកាត់ឡើយ ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណ ដែលបណ្តាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទំងន់ជាយ៉ាងណា នោះក៏មិនស្គាល់ការរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ទាំងអស់យ៉ាងនោះដែរ នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចំរើនឡើង ទោះបើខាងណេះឬខាងណោះក្តី ឬបើទាំង២នឹងចំរើនបានល្អដូចគ្នាផង