សាស្ដា 11:1-10
សាស្ដា 11:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរបោះនំបុ័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ ចូរចែកឲ្យដល់ប្រាំពីរនាក់ចុះ ហើយដល់ប្រាំបីនាក់ផង ដ្បិតឯងមិនដឹងជានឹងកើតមាន ការអាក្រក់យ៉ាងណានៅផែនដីទេ បើកាលណាពពកពេញដោយទឹក នោះនឹងចាក់ភ្លៀងឲ្យធ្លាក់ចុះមកលើផែនដី ហើយបើដើមឈើណារលំដួលទៅខាងត្បូង ឬទៅខាងជើងក្តី នឹងដេកនៅត្រង់កន្លែង ដែលបានដួលនោះ។ អ្នកណាដែលសង្កេតមើលតែខ្យល់ នឹងមិនសាបព្រោះទេ ហើយអ្នកណា សង្កេតមើលពពក ក៏មិនច្រូតកាត់ឡើយ។ ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណ ដែលបណ្ដាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទម្ងន់ជាយ៉ាងណា នោះក៏មិនស្គាល់កិច្ចការរបស់ព្រះ ដែលជាអ្នកធ្វើគ្រប់ការទាំងអស់ដែរ។ នៅពេលព្រឹក ចូរព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចម្រើនឡើង ទោះបើខាងនេះ ឬខាងនោះក្តី ឬបើទាំងពីរនឹងចម្រើនបានល្អដូចគ្នា។ ពន្លឺជាគ្រឿងល្អ ហើយដែលភ្នែកបានឃើញពន្លឺថ្ងៃនោះក៏ស្រួល។ បើមនុស្សណារស់នៅបានយូរឆ្នាំ គួរមានអំណរចំពោះគ្រប់ឆ្នាំទាំងនោះចុះ តែត្រូវនឹកដល់អស់ទាំងថ្ងៃ ដែលមានសេចក្ដីងងឹតដែរ ព្រោះនឹងមានច្រើនទៀត គ្រប់ទាំងអស់ដែលត្រូវមក សុទ្ធតែជាការឥតប្រយោជន៍ទទេ។ ឱមនុស្សកំលោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំលោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្ដាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែ ត្រូវឲ្យដឹងថា ព្រះនឹងហៅឯងមកជំនុំជម្រះ ដោយព្រោះអំពើទាំងនេះជាមិនខាន។ ដូច្នេះ ចូរដកទុក្ខកង្វល់ចេញពីចិត្តឯងទៅ ហើយបណ្តេញការឈឺចាប់ឲ្យឆ្ងាយពីរូបកាយឯងដែរ ដ្បិតគ្រានៅកំលោះ និងវ័យក្មេងរមែងឥតប្រយោជន៍ទទេ។
សាស្ដា 11:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរចំណាយធនធាន ដើម្បីប្រកបរបររកស៊ី ដោយមិនខ្លាចខាត ដ្បិតថ្ងៃក្រោយ អ្នកនឹងបានទទួលផលវិញ។ ចូរបំបែកទ្រព្យសម្បត្តិជាប្រាំពីរ ឬប្រាំបីចំណែក ដ្បិតអ្នកពុំដឹងថា ទុក្ខវេទនានឹងកើតមានលើផែនដីនេះនៅពេលណាឡើយ។ ពេលណាពពកខ្មួលខ្មាញ់ នោះនឹងមានភ្លៀងធ្លាក់មកលើផែនដីពុំខាន។ រីឯដើមឈើវិញ ពេលវារលំ ទោះបីរលំនៅទិសខាងត្បូង ឬទិសខាងជើងក្ដី វារលំនៅនឹងកន្លែងជានិច្ច។ អ្នកដែលសម្លឹងមើលខ្យល់ មិនសាបព្រោះទេ ហើយអ្នកដែលតាមមើលពពក ក៏មិនច្រូតកាត់ដែរ។ បើអ្នកមិនដឹងថា ខ្យល់ដង្ហើមមកពីណា ឬមិនដឹងពីរបៀបដែលទារកកកើតក្នុងផ្ទៃម្ដាយទេនោះ អ្នកក៏មិនស្គាល់ស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ ដែលបានបង្កើតអ្វីៗទាំងអស់មកដែរ។ ត្រូវសាបព្រោះគ្រាប់ពូជរបស់អ្នក តាំងពីព្រលឹម ហើយនៅពេលល្ងាចក៏មិនត្រូវទំនេរដៃដែរ ដ្បិតអ្នកពុំដឹងថា កិច្ចការណាមួយនឹងបង្កើតផល ឬអ្នកទទួលផលប្រយោជន៍ពីកិច្ចការទាំងអស់ឡើយ។ ពន្លឺរមែងធ្វើឲ្យចិត្តរីករាយ ហើយឃើញពន្លឺព្រះអាទិត្យជាការល្អប្រពៃបំផុត។ ប្រសិនបើមនុស្សម្នាក់មានអាយុវែង គាត់ត្រូវតែសប្បាយរីករាយក្នុងឆ្នាំទាំងប៉ុន្មាននៃអាយុជីវិតរបស់ខ្លួន គាត់ក៏ត្រូវនឹកចាំថា ថ្ងៃដែលងងឹតអាប់អួមានចំនួនច្រើនណាស់។ អ្វីៗទាំងអស់ដែលកើតមានសុទ្ធតែឥតបានការ។ យុវជនអើយ ចូរសប្បាយទាន់ខ្លួនអ្នកនៅក្មេង ចូរឲ្យចិត្តរបស់អ្នកបានរីករាយក្នុងគ្រាយុវវ័យនេះ ចូរប្រព្រឹត្តតាមចិត្តប៉ងប្រាថ្នា និងតាមការយល់ឃើញរបស់អ្នកទៅ។ ក៏ប៉ុន្តែ តោងដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យគ្រប់កិច្ចការដែលអ្នកធ្វើ។ ចូរដកទុក្ខកង្វល់ចេញពីចិត្តរបស់អ្នក ហើយដកអ្វីៗដែលនាំឲ្យរូបកាយអ្នកឈឺចាប់នោះចេញ ដ្បិតយុវវ័យ និងគ្រាពេញវ័យមិននៅស្ថិតស្ថេរយូរឡើយ។
សាស្ដា 11:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរបោះនំបុ័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ ចូរចែកឲ្យដល់៧នាក់ចុះ ហើយដល់៨នាក់ផង ដ្បិតឯងមិនដឹងជានឹងកើតមានសេចក្ដីអាក្រក់យ៉ាងណានៅផែនដីទេ បើកាលណាពពកពេញដោយទឹក នោះនឹងចាក់ភ្លៀងឲ្យធ្លាក់ចុះមកលើផែនដី ហើយបើដើមឈើណារលំដួលទៅខាងត្បូង ឬទៅខាងជើងក្តី នោះនឹងដេកនៅត្រង់កន្លែងដែលបានដួលនោះឯង អ្នកណាដែលសង្កេតមើលតែខ្យល់ នោះនឹងមិនសាបព្រោះទេ ហើយអ្នកណាសង្កេតមើលពពក នោះក៏មិនច្រូតកាត់ឡើយ ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណ ដែលបណ្តាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទំងន់ជាយ៉ាងណា នោះក៏មិនស្គាល់ការរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ទាំងអស់យ៉ាងនោះដែរ នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចំរើនឡើង ទោះបើខាងណេះឬខាងណោះក្តី ឬបើទាំង២នឹងចំរើនបានល្អដូចគ្នាផង ពន្លឺជាគ្រឿងល្អ ហើយដែលភ្នែកបានឃើញពន្លឺថ្ងៃ នោះក៏ស្រួល អើ បើមនុស្សណារស់នៅជាយូរឆ្នាំ នោះគួរឲ្យមានសេចក្ដីអំណរចំពោះគ្រប់ឆ្នាំទាំងនោះចុះ តែត្រូវឲ្យនឹកដល់អស់ទាំងថ្ងៃ ដែលមានសេចក្ដីងងឹតដែរ ពីព្រោះនឹងមានជាច្រើនទៀត គ្រប់ទាំងអស់ដែលត្រូវមក សុទ្ធតែជាការឥតប្រយោជន៍ទទេ។ ឱមនុស្សកំឡោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំឡោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្តាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែត្រូវឲ្យដឹងថា ព្រះទ្រង់នឹងហៅឯងមកជំនុំជំរះ ដោយព្រោះអំពើទាំងនេះជាមិនខាន ដូច្នេះ ចូរកាត់សេចក្ដីក្នាញ់ក្តៅចេញពីចិត្តឯងទៅ ហើយបណ្តេញសេចក្ដីអាក្រក់ឲ្យឆ្ងាយពីសាច់ឈាមឯងផង ដ្បិតគ្រានៅកំឡោះ ហើយវ័យក្មេងរមែងជាឥតប្រយោជន៍ទទេ។