សាស្ដា 10:1-7
សាស្ដា 10:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេង ទៅជាមានក្លិនស្អុយ ហើយសេចក្ដីចម្កួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញា និងកិត្តិយសដូច្នោះដែរ។ ចិត្តរបស់មនុស្សមានប្រាជ្ញារមែងនៅខាងដៃស្តាំ តែចិត្តរបស់មនុស្សល្ងីល្ងើនៅខាងដៃឆ្វេងវិញ។ ម្យ៉ាងទៀត កាលណាមនុស្សល្ងីល្ងើដើរតាមផ្លូវ នោះប្រាជ្ញាលះបង់ចោលវាបាត់ ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សល្ងីល្ងើទេ។ បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង នោះកុំថយចេញពីទីកន្លែងរបស់ឯងឡើយ ព្រោះការសម្លូតរមែងរម្ងាប់ទោសយ៉ាងធំ។ មានការអាក្រក់មួយ ដែលយើងបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាកំហុសដែលកើតពីអ្នកគ្រប់គ្រងដែរ គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ។ យើងបានឃើញទាសករកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាទាសករវិញ។
សាស្ដា 10:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រុយងាប់ធ្វើឲ្យខូចប្រេងក្រអូបរបស់អ្នកធ្វើទឹកអប់យ៉ាងណា អំពើលេលាតែបន្តិចក៏អាចបង្ខូចប្រាជ្ញា និងកិត្តិយសយ៉ាងនោះដែរ។ ចិត្តរបស់មនុស្សមានប្រាជ្ញាលម្អៀងទៅរកអ្វីៗដែលត្រឹមត្រូវ រីឯចិត្តរបស់មនុស្សល្ងីល្ងើវិញ លម្អៀងទៅរកអ្វីៗដែលខុសឆ្គង។ ពេលមនុស្សល្ងីល្ងើដើរតាមផ្លូវ ការវង្វេងស្មារតីរបស់គាត់ បង្ហាញឲ្យមនុស្សម្នាទាំងអស់ឃើញថា គាត់ពិតជាល្ងីល្ងើមែន។ ប្រសិនបើចៅហ្វាយនាយរបស់អ្នកខឹងនឹងអ្នក កុំបោះបង់ចោលមុខងាររបស់អ្នកឡើយ ដ្បិតការចេះទប់ចិត្តអាចចៀសវាងកំហុសដ៏ធ្ងន់។ ខ្ញុំឃើញការអាក្រក់មួយទៀតនៅលើផែនដី គឺមេដឹកនាំក៏អាចភ្លាត់ដែរ។ ជួនកាលមនុស្សល្ងីល្ងើទទួលតំណែងដ៏ខ្ពង់ខ្ពស់ ហើយអ្នកមានទទួលតំណែងតូចតាច។ ខ្ញុំធ្លាប់ឃើញទាសករជិះសេះ តែមន្ត្រីខ្ពង់ខ្ពស់បែរជាដើរជើងទទេ ដូចទាសករទៅវិញ។
សាស្ដា 10:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេងទៅជាមានក្លិនស្អុយ ហើយសេចក្ដីចំកួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញា នឹងកិត្តិយសដូច្នោះដែរ ចិត្តរបស់មនុស្សមានប្រាជ្ញារមែងនៅខាងដៃស្តាំ តែចិត្តរបស់មនុស្សល្ងីល្ងើនៅខាងដៃឆ្វេងវិញ អើ នេះ១ទៀត កាលណាមនុស្សល្ងីល្ងើដើរតាមផ្លូវ នោះប្រាជ្ញាលះបង់ចោលវាបាត់ ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សល្ងីល្ងើទេ បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង នោះកុំឲ្យថយចេញពីទីរបស់ឯងឡើយ ពីព្រោះសេចក្ដីសំឡូតរមែងរំងាប់ទោសយ៉ាងធំ។ មានការអាក្រក់១ ដែលយើងបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាការកំហុសដែលកើតជីវិតពីអ្នកគ្រប់គ្រងដែរ គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ យើងបានឃើញបាវបំរើកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាបាវវិញ។