សាស្ដា 1:7-11
សាស្ដា 1:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរ តាមផ្លូវដដែលវិញទៀត គ្រប់ការ ទាំងអស់ច្រំដែលៗគួរឲ្យធុញទ្រាន់ មនុស្សរកពាក្យថ្លែងមិនបាន ភ្នែកមើលមិនចេះឆ្អែត ហើយត្រចៀកក៏ស្តាប់មិនចេះពេញ។ អ្វីដែលមានពីមុនមក នោះនឹងមានតទៅទៀត ហើយអ្វីដែលបានធ្វើពីមុនមក នោះក៏នឹងត្រូវធ្វើតទៅទៀត ឥតមានអ្វីថ្មីនៅក្រោមថ្ងៃឡើយ។ តើមានអ្វីណាមួយដែលគេអាចថា «នេះជារបស់ថ្មី» ទេ? គឺសុទ្ធតែមានតាំងពីបុរាណមក ក៏មាននៅអស់កល្ប មុនដែលមនុស្សយើងកើតមកផង។ គ្មានអ្នកណានឹកចាំពីអ្វីៗនៅជំនាន់មុនទេ ហើយជំនាន់មនុស្សទៅខាងមុខ ក៏នឹងមិននឹកចាំ ចំពោះអ្វីៗដែលមិនទាន់មាន ដែលនឹងមកដល់បន្ទាប់ទៀតដែរ។
សាស្ដា 1:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។ អ្វីៗទាំងអស់សុទ្ធតែច្រំដែលៗ រហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។ ភ្នែកសម្លឹងមើល តែមិនចេះស្កប់ ត្រចៀកត្រងត្រាប់ស្ដាប់ តែមិនចេះធុញទ្រាន់។ ហេតុការណ៍ដែលធ្លាប់មានកាលពីមុន ក៏នឹងមាននៅពេលខាងមុខ ការអ្វីៗដែលគេធ្វើពីមុន គេនឹងធ្វើនៅពេលខាងមុខដែរ គឺនៅលើផែនដី គ្មានការអ្វីថ្មីសោះឡើយ។ ប្រសិនបើគេពោលអំពីហេតុការណ៍អ្វីមួយថា «នេះជាហេតុការណ៍ថ្មី» តោងដឹងថាហេតុការណ៍នោះធ្លាប់កើតមាន តាំងពីបុរាណកាលរួចស្រេចទៅហើយ។ គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុការណ៍ដែលនឹងកើតឡើងនៅអនាគត ក៏មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។
សាស្ដា 1:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀត គ្រប់ទាំងអស់ចេះតែជញ្ជាន់ដដែលៗជានិច្ច ទាល់តែមនុស្សរកថ្លែងមិនបាន ភ្នែកមើលមិនចេះឆ្អែត ហើយត្រចៀកស្តាប់ក៏មិនចេះពេញដែរ របស់ដែលមានពីមុនមក គឺរបស់នោះឯងដែលនឹងមានតទៅទៀត ហើយការដែលបានធ្វើពីមុនមក គឺការនោះឯងដែលនឹងធ្វើរៀងតទៅដែរ ឥតមានអ្វីជាថ្មីនៅក្រោមថ្ងៃឡើយ តើមានអ្វីណាមួយដែលគេអាចនឹងថា មើល នេះជារបស់ថ្មីទេដូច្នេះ គឺសុទ្ធតែបានមាននៅ តាំងពីបុរាណមក ក៏មាននៅអស់ទាំងកល្ប មុនដែលមនុស្សយើងកើតមកផង គ្មានអ្នកណានឹកចាំពីអ្វីៗនៅជាន់មុនទេ ហើយជំនាន់មនុស្សទៅខាងមុខ ក៏នឹងមិននឹកចាំពីអ្វីៗដែលត្រូវមាននៅខាងមុខដែរ។