ទុតិយកថា 7:6-10

ទុតិយកថា 7:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ជ្រើស​រើស​អ្នក ពី​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែន‌ដី មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។ ព្រះ‌យេហូវ៉ា​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ជ្រើស​រើស​អ្នក​រាល់​គ្នា មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន​ជាង​សាសន៍​ឯ​ទៀត​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​សាសន៍​មាន​គ្នា​តិច​ជាង​សាសន៍​ទាំង​អស់ តែ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​គោរព​តាម​សេចក្ដី​សម្បថ ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា បាន​ជា​ព្រះ‌អង្គ​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​បាន​លោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ទាសករ គឺ​ពី​កណ្ដាប់​ដៃ​របស់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ។ ដូច្នេះ ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ពិត​ជា​ព្រះ​មែន គឺ​ជា​ព្រះ​ស្មោះ‌ត្រង់​ដែល​គោរព​តាម​សេចក្ដី‌សញ្ញា និង​សេចក្ដី​សប្បុរស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ រហូត​ដល់​មួយ​ពាន់​តំណ ព្រះ‌អង្គ​សង​ដល់​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ​នៅ​ប្រទល់​មុខ​គេ ដោយ​បំផ្លាញ​គេ​ចេញ។ ព្រះ‌អង្គ​នឹង​មិន​បង្អង់​ឡើយ​ចំពោះ​អ្នកណា​ដែល​ស្អប់​ព្រះ‌អង្គ គឺ​នឹង​សង​ដល់​អ្នក​នោះ​នៅ​ប្រទល់​មុខ ។

ចែក​រំលែក
អាន ទុតិយកថា 7

ទុតិយកថា 7:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់»។ «ព្រះ‌អម្ចាស់​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ជ្រើស​រើស​អ្នក​រាល់​គ្នា​ដូច្នេះ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ជាង​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​ជាតិ​សាសន៍​មួយ​តូច​ជាង​គេ​បំផុត។ ព្រះអង្គ​ជ្រើស​រើស​អ្នក​រាល់​គ្នា មក​ពី​ព្រះអង្គ​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​សព្វ​ព្រះ‌ហឫទ័យ​គោរព​តាម​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាសករ ព្រះអង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ព្រះអង្គ​គោរព​តាម​សម្ពន្ធ‌មេត្រី*​របស់​ព្រះអង្គ ដោយ​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ និង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ដាក់​ទោស​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ និង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស ដោយ​ឥត​បង្អង់​ឡើយ។

ចែក​រំលែក
អាន ទុតិយកថា 7

ទុតិយកថា 7:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​យក​ឯង ឲ្យ​បាន​ជា​របស់​ផង​ទ្រង់ លើស​ជាង​អស់​ទាំង​សាសន៍ ដែល​នៅ​ផែនដី​ផង។ ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ស្រឡាញ់​ឯង​រាល់​គ្នា ឬ​រើស​ឯង ដោយ​ព្រោះ​ឯង​មាន​គ្នា​ច្រើន​ជាង​សាសន៍​ឯ​ទៀត​នោះ​ទេ ដ្បិត​ឯង​រាល់​គ្នា​ជា​សាសន៍​តិច​ជាង​សាសន៍​ទាំង​អស់ គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​ឯង​រាល់​គ្នា​វិញ ហើយ​ដោយ​ព្រោះ​ទ្រង់​ចង់​កាន់​តាម​សេចក្ដី​សម្បថ​ដែល​ទ្រង់​បាន​ស្បថ នឹង​ពួក​ឰយុកោ​ឯង បាន​ជា​ទ្រង់​នាំ​ឯង​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​បាន​លោះ​ឯង​ពី​ផ្ទះ​ពួក​បាវ​បំរើ គឺ​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​មក ដូច្នេះ ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ពិត​ជា​ព្រះ​ហើយ គឺ​ជា​ព្រះ​ស្មោះ‌ត្រង់ ដែល​ទ្រង់​កាន់​តាម​សេចក្ដី​សញ្ញា ហើយ​នឹង​សេចក្ដី​សប្បុរស​ដរាប​ដល់​ទាំង​ពាន់​ដំណ របស់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ហើយ​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់ ហើយ​ទ្រង់​ក៏​សង​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់​នៅ​ប្រទល់​មុខ​គេ ដើម្បី​នឹង​បំផ្លាញ​គេ​ចេញ ទ្រង់​មិន​បង្អង់​ដល់​អ្នក​ណា​ដែល​ស្អប់​ទ្រង់​ឡើយ គឺ​ទ្រង់​នឹង​សង​គេ​នៅ​ប្រទល់​មុខ​វិញ

ចែក​រំលែក
អាន ទុតិយកថា 7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ