ទុតិយកថា 7:1-8
ទុតិយកថា 7:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកហៀបនឹងចូលទៅកាន់កាប់ ហើយព្រះអង្គបានដេញសាសន៍ជាច្រើនពីមុខអ្នកចេញ គឺសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស សាសន៍ទាំងប្រាំពីរនោះមានគ្នាច្រើន ហើយខ្លាំងពូកែជាងអ្នក កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រគល់សាសន៍ទាំងនោះមកអ្នក ហើយអ្នកបានឈ្នះគេ នោះត្រូវបំផ្លាញគេឲ្យអស់កុំឲ្យសល់ មិនត្រូវតាំងសញ្ញាជាមួយគេ ឬអាណិតមេត្តាដល់គេឡើយ។ មិនត្រូវរៀបការជាមួយគេ ដោយឲ្យកូនស្រីរបស់អ្នកទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់អ្នកឡើយ ដ្បិតគេនឹងបង្វែរកូនរបស់អ្នកចេញពីយើង ឲ្យទៅគោរពប្រតិបត្តិតាមព្រះដទៃ។ ពេលនោះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានឹងត្រូវឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងបំផ្លាញអ្នកយ៉ាងរហ័ស។ ប៉ុន្ដែ អ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងគេយ៉ាងនេះវិញ គឺត្រូវរំលំអាសនារបស់គេ បំបាក់បំបែកស្ដូបរបស់គេ ហើយបំផ្លាញបង្គោលសក្ការៈ របស់គេ ព្រមទាំងដុតរូបឆ្លាក់របស់គេនឹងភ្លើងទៅ។ ដ្បិតអ្នកជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយព្រះយេហូវ៉ាជាព្រះរបស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមប្រជាជនទាំងអស់នៅលើផែនដី មកធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់។ ព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមានគ្នាច្រើនជាងសាសន៍ឯទៀតនោះឡើយ ដ្បិតអ្នករាល់គ្នាជាសាសន៍មានគ្នាតិចជាងសាសន៍ទាំងអស់ តែដោយព្រោះព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា ហើយដោយព្រោះព្រះអង្គគោរពតាមសេចក្ដីសម្បថ ដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា បានជាព្រះអង្គនាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ ហើយបានលោះអ្នករាល់គ្នាឲ្យរួចពីផ្ទះដែលអ្នកធ្វើទាសករ គឺពីកណ្ដាប់ដៃរបស់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ។
ទុតិយកថា 7:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ ដោយបណ្ដេញប្រជាជាតិជាច្រើនចេញពីមុខអ្នក ដូចជាជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស គឺប្រជាជាតិទាំងប្រាំពីរដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យជម្នះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។ កុំចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នកឲ្យកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្ដឹងកូនស្រីរបស់ពួកគេឲ្យកូនប្រុសរបស់អ្នកដែរ។ បើមិនដូច្នោះទេ កូនប្រុសរបស់អ្នកមុខជាបែរចិត្តចេញឆ្ងាយពីព្រះអម្ចាស់ ទៅគោរពថ្វាយបង្គំព្រះឯទៀតៗ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងអ្នករាល់គ្នា ហើយកម្ទេចអ្នកមួយរំពេច។ អ្នករាល់គ្នាត្រូវប្រព្រឹត្តចំពោះជាតិសាសន៍ទាំងនោះដូចតទៅ គឺត្រូវផ្ដួលរំលំអាសនៈរបស់ពួកគេ បំបាក់ស្តូបរបស់ពួកគេ ត្រូវកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយដុតកម្ទេចរូបព្រះរបស់ពួកគេ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់»។ «ព្រះអម្ចាស់ស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នាដូច្នេះ មិនមែនមកពីអ្នករាល់គ្នាមានចំនួនច្រើនជាងជាតិសាសន៍ទាំងប៉ុន្មាននោះឡើយ ដ្បិតអ្នករាល់គ្នាជាជាតិសាសន៍មួយតូចជាងគេបំផុត។ ព្រះអង្គជ្រើសរើសអ្នករាល់គ្នា មកពីព្រះអង្គស្រឡាញ់អ្នករាល់គ្នា ហើយសព្វព្រះហឫទ័យគោរពតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុនេះហើយបានជាព្រះអម្ចាស់ប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដើម្បីនាំអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាធ្វើជាទាសករ ព្រះអង្គរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។
ទុតិយកថា 7:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុកដែលត្រូវចូលទៅទទួលយកនោះ ហើយទ្រង់បានដេញសាសន៍ជាច្រើន ពីមុខឯងចេញ គឺជាសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស ទាំង៧សាសន៍នោះដែលធំ ហើយពូកែជាងឯង កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បានប្រគល់សាសន៍ទាំងនោះមកឯង ហើយឯងបានឈ្នះគេ នោះត្រូវឲ្យបំផ្លាញគេឲ្យអស់រលីងចេញ មិនត្រូវតាំងសញ្ញានឹងគេ ឬអាណិតមេត្តាដល់គេឡើយ ក៏មិនត្រូវរៀបការជាមួយនឹងគេ ឬឲ្យកូនស្រីឯងទៅកូនប្រុសគេ ហើយយកកូនស្រីគេមកឲ្យកូនប្រុសឯងនោះដែរ ដ្បិតគេនឹងបង្វែរកូនឯងពីអញចេញ ឲ្យទៅគោរពប្រតិបត្តិតាមព្រះដទៃ យ៉ាងនោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងត្រូវកាត់ឡើងទាស់នឹងឯងរាល់គ្នា ហើយទ្រង់នឹងបំផ្លាញឯងចេញជាឆាប់ ត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តនឹងគេយ៉ាងនេះវិញ គឺត្រូវរំលំអាសនារបស់គេ បំបាក់បំបែកបង្គោលដែលសំរាប់គោរព ហើយបំផ្លាញអ្នកតា ព្រមទាំងដុតរូបឆ្លាក់របស់គេនៅក្នុងភ្លើងទៅ ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសយកឯង ឲ្យបានជារបស់ផងទ្រង់ លើសជាងអស់ទាំងសាសន៍ ដែលនៅផែនដីផង។ ព្រះយេហូវ៉ាទ្រង់មិនបានស្រឡាញ់ឯងរាល់គ្នា ឬរើសឯង ដោយព្រោះឯងមានគ្នាច្រើនជាងសាសន៍ឯទៀតនោះទេ ដ្បិតឯងរាល់គ្នាជាសាសន៍តិចជាងសាសន៍ទាំងអស់ គឺដោយព្រោះព្រះយេហូវ៉ាទ្រង់ស្រឡាញ់ឯងរាល់គ្នាវិញ ហើយដោយព្រោះទ្រង់ចង់កាន់តាមសេចក្ដីសម្បថដែលទ្រង់បានស្បថ នឹងពួកឰយុកោឯង បានជាទ្រង់នាំឯងចេញមក ដោយព្រះហស្តដ៏មានព្រះចេស្តា ហើយបានលោះឯងពីផ្ទះពួកបាវបំរើ គឺពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក