ទុតិយកថា 32:1-20

ទុតិយកថា 32:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ខ្ញុំ​នឹងថ្លែង ហើយ​សូម​ឲ្យ​ផែន‌ដី​ស្តាប់​ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ​ដែរ សូម​ឲ្យដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​មក​ដូច​ទឹក​ភ្លៀង ឲ្យ​ពាក្យ​សម្ដី​ខ្ញុំ​ស្រក់​ដូច​សន្សើម គឺ​ដូច​ជា​ភ្លៀង​រលឹម មក​លើ​ស្មៅ​ល្បាស់​ខ្ចី ហើយ​ដូច​ជា​ភ្លៀង​មួយ​មេ​មក​លើ​តិណ‌ជាតិ។ ដ្បិត​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ចូរ​លើក​តម្កើង​តេជា‌នុភាព​ដល់​ព្រះ​នៃ​យើង! ព្រះ‌អង្គ​ជា​ថ្មដា ការ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​គ្រប់​លក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវរប​ស់​ព្រះ‌អង្គ​សុទ្ធ​តែ​យុត្តិ‌ធម៌ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ព្រះ‌អង្គ​ក៏​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់។ គេ​បាន​ប្រព្រឹត្ត​យ៉ាង​ខូច​អាក្រក់​ជាមួយ​ព្រះ‌អង្គ គេ​មិន​មែន​ជា​កូន​របស់​ព្រះ‌អង្គ​ទៀតទេ ព្រោះ​គេ​បាន​សៅហ្មង ជា​តំណ​មនុស្ស​វៀច ហើយ​ក្រវិច‌ក្រវៀន ឱ​ពួក​មនុស្ស​លេលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​អ្នក​រាល់​គ្នា​សង​គុណដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ឬ? តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ‌វរ‌បិតា​របស់​អ្នក ដែល​បាន​ទិញ​អ្នក​មក​ទេ​ឬ? ព្រះ‌អង្គ​បាន​បង្កើត​អ្នក ហើយ​តាំង​អ្នក​ឡើង​ផង។ ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​តំណ​ត​មក ចូរ​សួរ​ឪពុក​របស់​អ្នក​ចុះ គាត់​នឹង​សម្ដែង​ឲ្យ​អ្នក​ដឹង ហើយ​សួរ​ពួក​ចាស់‌ទុំ​របស់​អ្នក​ផង គេ​នឹង​ប្រាប់​ដល់​អ្នក។ កាល​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ចែក​មត៌ក​ដល់​សាសន៍​ទាំង​ប៉ុន្មាន គឺ​កាល​ព្រះ‌អង្គ​បាន​បំបែក​មនុស្ស​ចេញ​ពី​គ្នា នោះ​ព្រះ‌អង្គ​បាន​ដាក់​ព្រំ​ប្រទល់ឲ្យ​អស់​ទាំង​ប្រជា‌ជន តាម​ចំនួន​ពួក​កូន​របស់​ព្រះ ។ ដ្បិត​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា គឺ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​លោក​យ៉ាកុប​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ឃើញ​លោក​នៅ​តំបន់​ស្ងាត់ ក្នុង​ទី​រហោ‌ស្ថាន​ហួត​ហែង មាន​តែ​សំឡេង​ថ្ងួចថ្ងូរ ព្រះ‌អង្គ​បាន​ព័ទ្ធ​លោក​ជុំ‌វិញ ហើយ​បាន​ថែ‌ទាំ ព្រម​ទាំង​រក្សា​លោក ទុក​ដូច​ជា​ប្រស្រី​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។ ដូច​សត្វ​ឥន្ទ្រី​ដែល​អង្រួន​សម្បុក ក៏​ហើរ​ការ​ពារ​ពី​លើកូន រួច​ត្រដាង​ស្លាប​ទទួល​កូន ទាំង​ទ្រ​នៅ​លើ​ចំអេង​ស្លាប ព្រះ‌យេហូវ៉ា​តែ​មួយ​ព្រះ‌អង្គ​បាន​នាំ​លោក ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​ជា‌មួយ​លោក​ឡើយ។ ព្រះ‌អង្គ​បាន​បញ្ជិះ​លោក​នៅ​លើ​ទី​ខ្ពស់​នៃ​ផែន‌ដី លោក​បាន​បរិ‌ភោគ​ផល​ចម្រើន​ពី​ស្រែ​ចម្ការ ហើយ​ព្រះ‌អង្គ​បាន​ឲ្យ​លោក​ជញ្ជក់​ទឹក​ឃ្មុំ​ពី​ថ្មដា និង​ប្រេង​ពី​ថ្ម​ដ៏​រឹង ក៏​បាន​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​សុទ្ធ​ពី​ហ្វូង​សត្វ ព្រម​ទាំង​ខ្លាញ់​កូន​ចៀម និង​ចៀម​ឈ្មោល​ពូជ​ពី​ស្រុក​បាសាន ហើយ​ពពែ​ផង ក៏​មាន​អង្ករ​ភោជ្ជ‌សាលី​យ៉ាង​ត្រសូល ហើយអ្នក​បាន​ផឹក​ឈាម​ទំពាំង‌បាយ​ជូរ​ដ៏​សុទ្ធ។ យ៉ាកុប​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ យេស៊ូរុន បាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង គេ​បាន​ចម្រើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ ក៏​ធាត់រលោង រួចគេ​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃការ​សង្គ្រោះ​របស់​ខ្លួន។ គេ​បាន​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ​ដោយ‌សារ​ព្រះ​ដទៃ ក៏​បាន​ចាក់‌រុក​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ‌សារ​ការ​គួរ​ស្អប់​ខ្ពើម។ គេ​បាន​ថ្វាយ​យញ្ញ‌បូជាដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​បុព្វបុរស​របស់អ្នក​មិនដែល​កោត​ខ្លាច។ ព្រះ​ដ៏​ជា​ថ្មដា​ដែល​បង្កើត​អ្នក​មក នោះ​អ្នក​មិន​រវល់ ហើយ​អ្នក​បាន​បំភ្លេច​ព្រះ​ដែល​បាន​ផ្តល់​កំណើត​ដល់​ខ្លួន។ ព្រះ‌យេហូវ៉ា​បាន​ទត​ឃើញ​កិរិយា​របស់​គេ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ ព្រះ‌អង្គ​ស្អប់​ខ្ពើម ព្រោះ​កូន​ប្រុស កូន​ស្រី​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​គេច​មុខ​ចេញ​ពី​គេ យើង​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​តំណ​មនុស្ស​រឹង​ចចេស ជា​កូន​ចៅ​ដែល​គ្មាន​ចិត្ត​ស្មោះ‌ត្រង់"។

ចែក​រំលែក
អាន ទុតិយកថា 32

ទុតិយកថា 32:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ផ្ទៃ​មេឃ​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​នឹង​ថ្លែង! ផែនដី​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ! សូម​ឲ្យ​ដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​ដូច​ទឹក​ភ្លៀង សូម​ឲ្យ​ពាក្យ​សម្ដី​របស់​ខ្ញុំ​ស្រក់​ដូច​សន្សើម ដូច​ភ្លៀង​បង្អុរ​មក​លើ​រុក្ខ‌ជាតិ​ខៀវ​ខ្ចី ឬ​ដូច​ដំណក់​ទឹក​ធ្លាក់​ទៅ​លើ​ស្មៅ ដ្បិត​ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌អម្ចាស់! ចូរ​លើក​តម្កើង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ​នៃ​យើង! ព្រះអង្គ​ជា​ថ្ម‌ដា ហើយ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ល្អ​ឥត​ខ្ចោះ។ មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​ទៀង​ត្រង់។ ព្រះអង្គ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះអង្គ​មិន​អយុត្តិធម៌​ឡើយ ដ្បិត​ព្រះអង្គ​សុចរិត និង​យុត្តិធម៌។ ព្រះអង្គ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ព្រះអង្គ ដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រ‌ធីតា របស់​ព្រះអង្គ​ទៀត​ទេ អ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយ និង​មាន​ចិត្ត​វៀច​វេរ។ ប្រជា‌ជន​ល្ងី‌ល្ងើ ឥត​ប្រាជ្ញា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​ព្រះអង្គ ជា​ព្រះ‌បិតា​ដែល​បាន​បង្កើត​អ្នក​មក! ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយ ព្រម​ទាំង​ពង្រឹង​អ្នក​ឲ្យ​មាំ‌មួន​ទៀត​ផង។ ចូរ​នឹក​ចាំ​ពី​អតីតកាល ចូរ​រិះគិត​អំពី​ឆ្នាំ​នានា​ដែល​កន្លង​ហួស​មក​ហើយ ចូរ​សុំ​ឲ្យ​ឪពុក‌ម្ដាយ និង​ជីដូន‌ជីតា​របស់​អ្នក រៀប​រាប់​អំពី​ហេតុ‌ការណ៍​នៅ​ជំនាន់​មុនៗ។ ពេល​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ប្រទាន​ទឹក​ដី ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ទុក​ជា​កេរ‌មត៌ក ពេល​ព្រះអង្គ​បំបែក​មនុស្ស​លោក​ចេញ​ពី​គ្នា ព្រះអង្គ​បាន​កំណត់​ព្រំ‌ដែន ឲ្យ​ជាតិ​សាសន៍​នានា ដោយ​យោង​តាម​ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​អ៊ីស្រា‌អែល ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​ជ្រើស​រើស​កូន​ចៅ​លោក​យ៉ាកុប ទុក​ជា​ចំណែក​មត៌ក​របស់​ព្រះអង្គ​ផ្ទាល់។ ព្រះអង្គ​បាន​រក​ឃើញ​អ៊ីស្រា‌អែល នៅ​វាល​រហោ‌ស្ថាន ក្នុង​ទឹក​ដី​ហួត‌ហែង ដែល​មាន​តែ​ឆ្កែ​ព្រៃ​រស់​នៅ ព្រះអង្គ​បី​បាច់​ថ្នាក់‌ថ្នម និង​អប់រំ​អ៊ីស្រា‌អែល ព្រះអង្គ​ការពារ​គេ ដូច​ប្រស្រី​ព្រះ‌នេត្រ​របស់​ព្រះអង្គ។ ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រា‌អែល ដូច​សត្វ​ឥន្ទ្រី​បង្រៀន​កូន​នៅ​ក្នុង​សំបុក ព្រម​ទាំង​ហើរ​ការពារ​ពី​លើ​កូន​របស់​វា ហើយ​ត្រដាង​ស្លាប​ក្រុង​កូន​របស់​វា និង​ដាក់​កូន​នៅ​លើ​ចំអេង​ស្លាប​ផង។ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​គត់ ដែល​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​មិន​ត្រូវ​ការ​ព្រះ​ដទៃ​ឡើយ។ ព្រះអង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ឡើង​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ ហើយ​ឲ្យ​ពួក​គេ​បរិភោគ ភោគ‌ផល​ដែល​ដុះ​នៅ​តាម​ចម្ការ ព្រះអង្គ​ឲ្យ​ពួក​គេ​បរិភោគ​ទឹក​ឃ្មុំ និង​ប្រេង នៅ​តាម​កន្លែង​ដែល​មាន​ថ្ម។ គោ​ញី និង​ពពែ​ញី​ផ្ដល់​ទឹក​ដោះ​ឲ្យ​ពួក​គេ ពួក​គេ​មាន​សាច់​សត្វ​ដ៏​ធាត់ៗ​បរិភោគ គឺ​កូន​ចៀម និង​ចៀម​ឈ្មោល​នៅ​ស្រុក​បាសាន ព្រម​ទាំង​ពពែ​ឈ្មោល ពួក​គេ​បរិភោគ​នំប៉័ង​ធ្វើ​ពី​ម្សៅ​ដ៏​ល្អៗ ហើយ​ផឹក​ស្រា​ទំពាំង‌បាយជូរ​ដ៏​ឆ្ងាញ់​ពិសា។ យេស៊ូ‌រូនបាន​ធំ​ធាត់ មាន​កម្លាំង​រឹង‌ប៉ឹង (ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំ‌មួន!) ហើយ​គេ​ក៏​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ ដែល​បាន​បង្កើត​ខ្លួន​មក គេ​បាន​មាក់‌ងាយ​ព្រះអង្គ​ដែល​ជា​ថ្ម‌ដា និង​ជា​ព្រះ​សង្គ្រោះ​របស់​ខ្លួន។ ពួក​គេ​ធ្វើ​ឲ្យ​ព្រះអង្គ​ប្រច័ណ្ឌ ព្រោះ​ពួក​គេ​បែរ​ទៅ​គោរព​ព្រះ​ដទៃ ពួក​គេ​ធ្វើ​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។ ពួក​គេ​សែន‌ព្រេន​អារក្ស​ដែល​មិន​មែន​ជា​ព្រះ ព្រម​ទាំង​សែន‌ព្រេន​ដល់​ព្រះ​ទាំង‌ឡាយ ដែល​ខ្លួន​ពុំ​ស្គាល់ គឺ​ជា​ព្រះ​ថ្មីៗ​ដែល​បុព្វបុរស​របស់​ខ្លួន​ពុំ​ធ្លាប់​គោរព។ អ្នក​បាន​ប្រមាថ​មាក់‌ងាយ​ព្រះអង្គ ដែល​ជា​ថ្ម‌ដា ហើយ​បាន​បង្កើត​អ្នក​មក អ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់​ដែល​ផ្ដល់​ជីវិត ឲ្យ​អ្នក។ ព្រះ‌អម្ចាស់​ទត​ឃើញ​ដូច្នេះ ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ។ បុត្រ‌ធីតា​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ ព្រះអង្គ​ខ្ញាល់។ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ហើយ យើង​មុខ​ជា​ឃើញ​ថា ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។ ពួក​គេ​ជា​មនុស្ស​ពាល គ្មាន​នរណា​អាច​ទុក​ចិត្ត​ពួក​គេ​ឡើយ»។

ចែក​រំលែក
អាន ទុតិយកថា 32

ទុតិយកថា 32:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ខ្ញុំ​នឹង​បញ្ចេញ​វាចា ហើយ​សូម​ឲ្យ​ផែនដី​ស្តាប់​ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ​ដែរ គោល‌លទ្ធិ​របស់​ខ្ញុំ​នឹង​ធ្លាក់​មក​ដូច​ជា​ភ្លៀង ហើយ​ពាក្យ​សំដី​ខ្ញុំ​នឹង​ចុះ​ដូច​ជា​ទឹក​សន្សើម គឺ​ដូច​ជា​ភ្លៀង​រលឹម មក​លើ​ស្មៅ​ល្បាស់​ខ្ចី ហើយ​ដូច​ជា​ភ្លៀង​១​មេ​មក​លើ​តិណ‌ជាតិ​ទាំង‌ឡាយ​ដែរ ពី​ព្រោះ​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ​ថា ទ្រង់​ជា​ព្រះ​ដ៏​ធំ​ឧត្តម ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្តិ‌ធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់។ គេ​បាន​បង្ខូច​ខ្លួន​ហើយ សេចក្ដី​សៅ‌ហ្មង​របស់​គេ​មិន​មែន​ជា​របស់​ពួក​កូន​ទ្រង់​ទេ គេ​ជា​ដំណ​មនុស្ស​វៀច ហើយ​ក្រវិច‌ក្រវៀន ឱ​ពួក​មនុស្ស​លីលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​ឯង​រាល់​គ្នា​សង​គុណ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ឬ​អី តើ​ទ្រង់​មិន​មែន​ជា​ព្រះវរ‌បិតា​នៃ​ឯង ដែល​បាន​ទិញ​ឯង​មក​ទេ​ឬ​អី ទ្រង់​បាន​បង្កើត​ឯង ហើយ​តាំង​ឯង​ឡើង​ផង ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​ដំណ​ត​មក ចូរ​សួរ​ឪពុក​ឯង​ចុះ គាត់​នឹង​សំដែង​ឲ្យ​ឯង​ដឹង ហើយ​សួរ​ពួក​ចាស់‌ទុំ​នៃ​ឯង​ផង គេ​នឹង​ប្រាប់​ដល់​ឯង កាល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ចែក​មរដក​ដល់​សាសន៍​ទាំង​ប៉ុន្មាន គឺ​កាល​ទ្រង់​បាន​បំបែក​ពួក​កូន​ចៅ​អ័ដាម​ចេញ​ពី​គ្នា នោះ​ទ្រង់​បាន​ដាក់​ព្រំ​ប្រទល់​ឲ្យ​អស់​ទាំង​ប្រជា‌ជន តាម​ចំនួន​អស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដ្បិត​កេរ្តិ៍‌អាករ​របស់​ព្រះ‌យេហូវ៉ា នោះ​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យ៉ាកុប​ជា​ចំណែក​មរដក​ទ្រង់ ទ្រង់​ឃើញ​លោក​នៅ​តំបន់​ស្ងាត់ ហើយ​នៅ​ទី​រហោ‌ស្ថាន​ជា​ទី​មាន​សុទ្ធ​តែ​សូរ‌សព្ទ​គឹក‌កង នោះ​ទ្រង់​បាន​ព័ទ្ធ​លោក​ជុំវិញ ហើយ​បាន​ថែ‌ទាំ ព្រម​ទាំង​រក្សា​លោក ទុក​ដូច​ជា​ប្រស្រី​ព្រះ‌នេត្រ​របស់​ទ្រង់ ឧបមា​ដូច​ជា​សត្វ​ឥន្ទ្រី ដែល​ដាស់‌តឿន​កូន​នៅ​សំបុក ក៏​ហើរ​សំរឹង​ពី​លើ រួច​ត្រដាង​ស្លាប​ទទួល​កូន ទ្រ​នៅ​លើ​ចំអេង​ឡើង ព្រះ‌យេហូវ៉ា​តែ​១​ព្រះ‌អង្គ ទ្រង់​បាន​នាំ​លោក ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​ជា​មួយ​ឡើយ ទ្រង់​បាន​បញ្ជិះ​លោក​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី លោក​បាន​បរិភោគ​ផល​ចំរើន​ពី​ស្រែ​ចំការ ហើយ​ទ្រង់​បាន​ឲ្យ​លោក​ជញ្ជក់​ទឹក​ឃ្មុំ​ពី​ថ្មដា នឹង​ប្រេង​ពី​ថ្ម​ដ៏​រឹង ក៏​បាន​ឲ្យ​បរិភោគ​ខ្លាញ់​ទឹក​ដោះ នឹង​ទឹក​ដោះ​សុទ្ធ​ពី​ហ្វូង​សត្វ ព្រម​ទាំង​ខ្លាញ់​កូន​ចៀម នឹង​ចៀម​ឈ្មោល​ពូជ​ពី​ស្រុក​បាសាន ហើយ​ពពែ​ផង ក៏​មាន​អង្ករ​ភោជ្ជ‌សាលី​យ៉ាង​ត្រសូល​ផង ហើយ​លោក​បាន​ផឹក​ឈាម​ទំពាំង‌បាយ‌ជូរ​ដ៏​សុទ្ធ តែ​យេស៊ូរុន បាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង​វិញ គេ​បាន​ចំរើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ​ហើយ ក៏​ធាត់​រលីក នោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន​មក ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន គេ​បាន​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ប្រចណ្ឌ​ដោយ‌សារ​ព្រះ​ដទៃ ក៏​បាន​ចាក់‌រុក​ឲ្យ​ទ្រង់​ខ្ញាល់ ដោយ‌សារ​ការ​គួរ​ស្អប់​ខ្ពើម គេ​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ​សោះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​ពួក​ឰយុកោ​ឯង​មិន​បាន​កោត‌ខ្លាច​ឡើយ ឯ​ព្រះ​ដ៏​ជា​ថ្មដា​ដែល​ទ្រង់​បង្កើត​ឯង នោះ​ឯង​ឥត​រវល់​វិញ គឺ​បាន​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ជីវិត​ឯង​មក។ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឃើញ ហើយ​ក៏​ខ្ពើម​ដោយ​ព្រោះ​កិរិយា​បង្អុច‌បង្អាល របស់​ពួក​កូន​ប្រុស កូន​ស្រី​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​គេច​មុខ​ចេញ​ពី​គេ អញ​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​ដំណ​មនុស្ស​វៀច​ពេក​ណាស់ ជា​កូន​ចៅ​ដែល​មិន​មាន​សេចក្ដី​ស្មោះ‌ត្រង់​សោះ

ចែក​រំលែក
អាន ទុតិយកថា 32