ដានីយ៉ែល 9:17-19
ដានីយ៉ែល 9:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ឱព្រះនៃយើងខ្ញុំអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកបម្រើព្រះអង្គផង ហើយដោយយល់ដល់ព្រះអង្គ សូមធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើទីបរិសុទ្ធរបស់ព្រះអង្គ ដែលនៅស្ងាត់ច្រៀបនេះផង។ ឱព្រះនៃទូលបង្គំអើយ សូមផ្អៀងព្រះកាណ៌ស្តាប់ សូមបើកព្រះនេត្រទតមើលសេចក្ដីវេទនារបស់យើងខ្ញុំ និងទីក្រុងដែលបានហៅតាមព្រះនាមព្រះអង្គផង ដ្បិតយើងខ្ញុំមិនមែនទូលអង្វរនៅចំពោះព្រះអង្គ ដោយព្រោះសេចក្ដីសុចរិតរបស់យើងខ្ញុំទេ គឺដោយព្រោះព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គវិញ។ ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្តាប់ ឱព្រះអម្ចាស់អើយ សូមព្រះអង្គអត់ទោស ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្តាប់ ហើយប្រោសមេត្តាផង! ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់ព្រះអង្គ ដ្បិតទីក្រុងរបស់ព្រះអង្គ និងប្រជារាស្ត្ររបស់ព្រះអង្គ មានឈ្មោះហៅតាមព្រះនាមព្រះអង្គ»។
ដានីយ៉ែល 9:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះនៃយើងខ្ញុំអើយ ឥឡូវនេះ សូមទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំដែលជាអ្នកបម្រើព្រះអង្គផង។ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមសម្តែងព្រះហឫទ័យប្រណីមេត្តាចំពោះទីសក្ការៈរបស់ព្រះអង្គ ដែលត្រូវគេបំផ្លាញនេះផង។ ឱព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមទតមើលក្រុងបាក់បែក ដែលជាព្រះដំណាក់របស់ព្រះអង្គនេះផង! យើងខ្ញុំអង្វរព្រះអង្គ ដោយមិនពឹងផ្អែកលើអំពើសុចរិតរបស់យើងខ្ញុំទេ តែយើងខ្ញុំសូមពឹងផ្អែកលើព្រះហឫទ័យអាណិតអាសូរដ៏ធំធេងរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! ព្រះអម្ចាស់អើយ សូមអត់ទោសឲ្យយើងខ្ញុំផង! ព្រះអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱព្រះនៃទូលបង្គំអើយ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមយាងមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ត្រនេះ ជាកម្មសិទ្ធិរបស់ព្រះអង្គ”។
ដានីយ៉ែល 9:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ឱព្រះនៃយើងខ្ញុំអើយ សូមទ្រង់ស្តាប់តាមសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វររបស់អ្នកបំរើទ្រង់ ហើយសូមធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើទីបរិសុទ្ធរបស់ទ្រង់ ដែលនៅស្ងាត់ច្រៀបចុះ គឺដោយយល់ដល់ព្រះអម្ចាស់ ឱព្រះនៃទូលបង្គំអើយ សូមផ្អៀងព្រះកាណ៌មកស្តាប់ សូមបើកព្រះនេត្រទ្រង់ទតមើលសេចក្ដីខូចបង់របស់យើងខ្ញុំ នឹងទីក្រុងដែលបានហៅតាមព្រះនាមទ្រង់ ដ្បិតយើងខ្ញុំមិនមែនទូលអង្វរដល់ទ្រង់ដោយព្រោះយើងខ្ញុំមានសេចក្ដីសុចរិតទេ គឺដោយព្រោះតែសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់វិញ ឱព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្តាប់ ឱព្រះអម្ចាស់អើយ សូមទ្រង់អត់ទោស ឱព្រះអម្ចាស់អើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាផង ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់អង្គទ្រង់ ដ្បិតទីក្រុងនៃទ្រង់ នឹងរាស្ត្ររបស់ទ្រង់ បានហៅតាមព្រះនាមទ្រង់ហើយ។