ដានីយ៉ែល 8:13-19

ដានីយ៉ែល 8:13-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ខ្ញុំ​ឮ​អ្នក​បរិសុទ្ធ​ម្នាក់​កំពុង​តែ​និយាយ ហើយ​មាន​អ្នក​បរិសុទ្ធ​ម្នាក់​ទៀត សួរ​ទៅ​អ្នក​ដែល​និយាយ​នោះ​ថា៖ «តើ​និមិត្ត​អំពី​ការ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ អំពើ​រំលង​ដែល​ធ្វើ​ឲ្យ​ខូច‌បង់ ការ​ប្រគល់​ទី​បរិសុទ្ធ និង​ពួក​ពល​បរិវារ​ឲ្យ​ស្នែង​នោះ​ជាន់​ឈ្លី នៅ​រហូត​ដល់​ពេល​ណា?»។ អ្នក​នោះ​ឆ្លើយ​ទៅ​គាត់ ថា៖ «គឺ​អស់​រយៈ​ពេល​ពីរ​ពាន់​បី​រយ​ដង គិត​ទាំង​ល្ងាច ទាំង​ព្រឹក។ បន្ទាប់​មក ទើប​រៀប​ចំ​ទី​បរិសុទ្ធ​ឲ្យ​បាន​ស្អាត​ឡើង​វិញ»។ កាល​ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត​នោះ​ហើយ ខ្ញុំ​ក៏​រិះ​គិត​ចង់​យល់​អត្ថ​ន័យ ហើយ​មើល៍ មាន​ម្នាក់​ដែល​មាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ខ្ញុំ​ឮ​សំឡេង​មនុស្ស​ចេញ​ពី​កណ្ដាល​ទន្លេ​អ៊ូឡាយ ហើយ​សំឡេង​នោះ​ហៅ​មក​ថា៖ «កាព្រី‌យ៉ែល​អើយ ចូរ​ប្រាប់​ឲ្យ​មនុស្ស​នេះ​យល់​និមិត្ត​នេះ​ចុះ»។ ដូច្នេះ លោក​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ ហើយ​ពេល​លោក​ចូល​មក​ដល់ ខ្ញុំក៏​ភ័យ​ញ័រ រួច​ក្រាប​ចុះ​មុខ​ដល់​ដី។ ប៉ុន្ដែ លោក​ពោល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​យល់​ចុះ ដ្បិត​និមិត្ត​នេះ​សម្រាប់​គ្រា​ចុង​បំផុត»។ កាល​លោក​កំពុង​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី ទាំង​ក្រាប​ចុះ​មុខ​ដល់​ដី តែ​លោក​ពាល់​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ឈរ​ឡើង។ លោក​ពោល​ថា៖ «មើល៍ ខ្ញុំ​នឹង​ឲ្យ​លោក​ដឹង​ពី​ហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ ដ្បិត​និមិត្ត​នេះ​សំដៅ​ទៅ​គ្រា​ចុង​ក្រោយ។

ចែក​រំលែក
អាន ដានីយ៉ែល 8

ដានីយ៉ែល 8:13-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​បាន​ឮ​អ្នក​ដ៏វិសុទ្ធ​មួយ​រូប​កំពុង​តែ​និយាយ ហើយ​អ្នក​ដ៏វិសុទ្ធ​មួយ​រូប​ទៀត​ពោល​ទៅ​គាត់​ថា៖ «និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ស្ដី​អំពី​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ អំពើ​ឧក្រិដ្ឋ​ដែល​កំពុង​តែ​រាត‌ត្បាត​ទីសក្ការៈ និង​កង‌ពល ដែល​ត្រូវ​ស្នែង​នោះ​ជាន់​ឈ្លី​មាន​ដូច្នេះ រហូត​ដល់​ពេល​ណា»។ គាត់​ពោល​មក​ខ្ញុំ​ថា៖ «រហូត​ដល់​ពេល​ដែល​គេ​ខាន​បាន​ថ្វាយ​យញ្ញ‌បូជា​ពីរ​ពាន់​បី​រយ​ដង ដោយ​គិត​ទាំង​ព្រឹក ទាំង​ល្ងាច។ បន្ទាប់​មក គេ​នឹង​រៀបចំ​ទីសក្ការៈ​ឡើង​វិញ»។ នៅ​ពេល​ដែល​ខ្ញុំ ដានី‌យ៉ែល កំពុង​តែ​សម្លឹង​មើល​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ទាំង​រិះគិត​ចង់​យល់​អត្ថ‌ន័យ មាន​ម្នាក់​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ឈរ​នៅ​ពី​មុខ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​មនុស្ស​ម្នាក់ បន្លឺ​ចេញ​ពី​ទន្លេ​អ៊ូឡៃ​មក​ថា៖ «កាព្រី‌យ៉ែល​អើយ ចូរ​ពន្យល់​ប្រាប់​គាត់​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ផង»។ លោក​នោះ​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហើយ​ខ្ញុំ​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ លោក​ពោល​មក​ខ្ញុំ​ថា៖ «បុត្រ​មនុស្ស​អើយ ចូរ​ជ្រាប​ថា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ សម្តែង​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ចុង​ក្រោយ»។ ក្នុង​ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​លង់​ស្មារតី ហើយ​នៅ​តែ​ឱន​មុខ​ដល់​ដី​ដដែល។ លោក​ពាល់​ខ្ញុំ រួច​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង នៅ​កន្លែង​ដែល​ខ្ញុំ​ឈរ​ពី​មុន។ បន្ទាប់​មក លោក​ពោល​ថា៖ «ខ្ញុំ​នឹង​ជម្រាប​ឲ្យ​លោក​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស ដ្បិត​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​ចុង​ក្រោយ​ទុក​ជា​ស្រេច​ហើយ។

ចែក​រំលែក
អាន ដានីយ៉ែល 8

ដានីយ៉ែល 8:13-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លំដាប់​នោះ ខ្ញុំ​ឮ​អ្នក​បរិសុទ្ធ​ម្នាក់​កំពុង​តែ​និយាយ ហើយ​មាន​អ្នក​បរិសុទ្ធ​១​ទៀត​សួរ​ដល់​អ្នក​ដែល​និយាយ​នោះ​ថា តើ​ដល់​កាល​ណា​ទើប​បាន​សំរេច​ការ​ជាក់​ស្តែង ពី​ការ​ថ្វាយ​ដង្វាយ​ដុត​ជានិច្ច នឹង​ពី​អំពើ​រំលង​ដែល​ធ្វើ​ឲ្យ​ខូច​បង់​នោះ ដើម្បី​នឹង​ប្រគល់​ទី​បរិសុទ្ធ ហើយ​នឹង​ពួក​ពល​បរិវារ​ឲ្យ​ត្រូវ​ជាន់​ឈ្លី​ទៅ អ្នក​នោះ​ក៏​ប្រាប់​មក​ខ្ញុំ​ថា គឺ​ដរាប​ដល់​បាន​កន្លង​២៣០០​ព្រឹកនឹង​ល្ងាច​ទៅ នោះ​ទើប​ទី​បរិសុទ្ធ​នឹង​បាន​ស្អាត​ឡើង​វិញ។ កាល​ខ្ញុំ គឺ​ដានី‌យ៉ែល​ខ្ញុំ​នេះ បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​ហើយ ខ្ញុំ​ក៏​រក​ចង់​យល់​ន័យ នោះ​ឃើញ​មាន​ភាព​ដូច​ជា​មនុស្ស​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ខ្ញុំ​ឮ​សំឡេង​មនុស្ស ពី​កណ្តាល​ទន្លេ​អ៊ូឡាយ ហៅ​មក​ថា កាព្រី‌យ៉ែល​អើយ ចូរ​ឲ្យ​មនុស្ស​នេះ​យល់​ការ​ជាក់​ស្តែង​ចុះ ដូច្នេះ លោក​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ​នៅ កាល​លោក​មក​ដល់​ហើយ នោះ​ខ្ញុំ​ភ័យ​ញ័រ ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​ចុះ តែ​លោក​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​យល់​ចុះ ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំរាប់​គ្រា​ខាង​ចុង​បំផុត កាល​លោក​កំពុង​និយាយ​មក​ខ្ញុំ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ មាន​មុខ​ផ្កាប់​ដល់​ដី តែ​លោក​ពាល់​ខ្ញុំធ្វើ​ឲ្យ​ខ្ញុំ​ឈរ​ឡើង ក៏​ប្រាប់​ខ្ញុំ​ថា នែ អញ​នឹង​ឲ្យ​ឯង​ដឹង ពី​ការ​ដែល​ត្រូវ​មក​ក្នុង​ពេល​ចុង​បំផុត​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់ ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំដៅ​ទៅ​គ្រា​ចុង​បំផុត

ចែក​រំលែក
អាន ដានីយ៉ែល 8