ដានីយ៉ែល 8:1-4

ដានីយ៉ែល 8:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាល​ព្រះ​បាទ​បេល‌សាសារ មាន​និមិត្ត​មួយ​លេច​មក​ឲ្យ​ដានី‌យ៉ែល​ខ្ញុំ​បាន​ឃើញ គឺ​ក្រោយ​ពី​និមិត្ត​ដែល​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ពី​លើក​មុន។ ក្នុង​និមិត្ត​ដែល​ខ្ញុំ​កំពុង​គន់​មើល​នេះ ខ្ញុំ​ឃើញ​ថា​ខ្លួន​ខ្ញុំ​ស្ថិត​នៅ​ស៊ូសាន ជាក្រុងហ្លួង ដែល​ស្ថិត​ក្នុង​អាណា​ខេត្ត​អេឡាំ។ ក្នុង​និមិត្ត​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡាយ ។ ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​ក្បែរ​ទន្លេ វា​មាន​ស្នែង​ពីរ ហើយ​ស្នែង​ទាំង​ពីរ​នោះ​វែង តែ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត ឯ​ស្នែង​មួយ​ដែល​វែង​ជាង​បាន​ដុះ​ឡើង​ក្រោយ​គេ។ ខ្ញុំ​ឃើញ​ចៀម​ឈ្មោល​នោះ​ទន្ទ្រាន​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឥត​មាន​សត្វ​ណា​មួយ​អាច​ទប់​ទល់​នឹង​វា​បាន​ឡើយ ក៏​គ្មាន​អ្នក​ណា​អាច​ជួយ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​អំពើ​ចិត្ត ហើយ​តម្កើង​ខ្លួន។

ចែក​រំលែក
អាន ដានីយ៉ែល 8

ដានីយ៉ែល 8:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះចៅ​បេលសា‌សារ ខ្ញុំ​ដានី‌យ៉ែល​បាន​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មួយ បន្ទាប់​ពី​សុបិន​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ពី​លើក​មុន។ ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នេះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ហាក់​បី​ដូច​ជា​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​ក្រុង​ដ៏​សំខាន់​របស់​អាណា‌ខេត្ត​អេឡាំ។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡៃ។ ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​មាត់​ទន្លេ។ ចៀម​នោះ​មាន​ស្នែង​ពីរ ស្នែង​ទាំង​ពីរ​នេះ​វែង​ណាស់ ហើយ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត តែ​ស្នែង​ដែល​វែង​នេះ​ដុះ​ក្រោយ​គេ។ ខ្ញុំ​ឃើញ​ចៀម​នោះ​វ័ធ​ប្រហារ​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង តែ​គ្មាន​សត្វ​ណា​មួយ​អាច​តទល់​នឹង​វា​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំដោះ​អ្នក​រង​គ្រោះ​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ដែរ។ វា​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត ហើយ​អំណាច​របស់​វា​កាន់​តែ​ចម្រើន​ធំ​ឡើង​ជានិច្ច។

ចែក​រំលែក
អាន ដានីយ៉ែល 8

ដានីយ៉ែល 8:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​នៃ​ស្តេច​បេល‌សាសារ នោះ​មាន​ការ​ជាក់​ស្តែង​លេច​មក ឲ្យ​ដានី‌យ៉ែល ខ្ញុំ​ឃើញ គឺ​ក្រោយ​ការ​ជាក់​ស្តែង​១​ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន​នោះ រីឯ​កាល​ខ្ញុំ​ឃើញ​ការ​ជាក់​ស្តែង​១​នេះ នោះ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌រាជ​វាំង​ត្រង់​ក្រុង​ស៊ូសាន ក្នុង​ខេត្ត​អេឡាំ តែ​ក្នុង​ការ​ជាក់​ស្តែង​នោះ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​នៅ​ឯ​មាត់​ទន្លេ​អ៊ូឡាយ​វិញ ខណៈ​នោះ ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​មាន​ចៀម​ឈ្មោល​១​ឈរ​នៅ​ក្បែរ​ទន្លេ វា​មាន​ស្នែង​២ ហើយ​ស្នែង​ទាំង​២​ក៏​វែង មាន​តែ​១​វែង​ជាង ឯ​ស្នែង​១​ដែល​វែង​ជាង បាន​ដុះ​ឡើង​ជា​ខាង​ក្រោយ ខ្ញុំ​ក៏​ឃើញ​ចៀម​ឈ្មោល​នោះ​កំពុង​តែ​ទន្ទ្រាន​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង នឹង​ទិស​ខាង​ត្បូង ឥត​មាន​សត្វ​ណា​មួយ​អាច​នឹង​ទប់​ទល់​បាន​ឡើយ ក៏​គ្មាន​ណា​អាច​នឹង​ជួយ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​តែ​អំពើ​ចិត្ត ហើយ​ក៏​ដំកើង​ខ្លួន​ឡើង​ផង។

ចែក​រំលែក
អាន ដានីយ៉ែល 8