ដានីយ៉ែល 8:1-18
ដានីយ៉ែល 8:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទបេលសាសារ មាននិមិត្តមួយលេចមកឲ្យដានីយ៉ែលខ្ញុំបានឃើញ គឺក្រោយពីនិមិត្តដែលបានលេចមកឲ្យខ្ញុំឃើញពីលើកមុន។ ក្នុងនិមិត្តដែលខ្ញុំកំពុងគន់មើលនេះ ខ្ញុំឃើញថាខ្លួនខ្ញុំស្ថិតនៅស៊ូសាន ជាក្រុងហ្លួង ដែលស្ថិតក្នុងអាណាខេត្តអេឡាំ។ ក្នុងនិមិត្តនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡាយ ។ ខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញមានចៀមឈ្មោលមួយឈរនៅក្បែរទន្លេ វាមានស្នែងពីរ ហើយស្នែងទាំងពីរនោះវែង តែស្នែងមួយវែងជាងស្នែងមួយទៀត ឯស្នែងមួយដែលវែងជាងបានដុះឡើងក្រោយគេ។ ខ្ញុំឃើញចៀមឈ្មោលនោះទន្ទ្រានទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ឥតមានសត្វណាមួយអាចទប់ទល់នឹងវាបានឡើយ ក៏គ្មានអ្នកណាអាចជួយឲ្យរួចពីកណ្ដាប់ដៃរបស់វាបានដែរ គឺវាបានធ្វើតាមអំពើចិត្ត ហើយតម្កើងខ្លួន។ កាលខ្ញុំកំពុងពិចារណា នោះមើល៍ មានពពែឈ្មោលមួយមកពីទិសខាងលិច ហោះចេញលើផែនដីទាំងដុំមូល ឥតប៉ះដីសោះ។ ពពែនោះមានស្នែងមួយគួរឲ្យស្ញែង ដុះនៅចន្លោះភ្នែកទាំងពីរ។ ពពែនោះចូលសំដៅមករកចៀមឈ្មោលស្នែងពីរ ឈរនៅក្បែរទន្លេ ដែលខ្ញុំបានឃើញពីមុន ហើយវាក៏ស្ទុះទៅលើចៀម ដោយកំហឹងយ៉ាងខ្លាំង។ ខ្ញុំឃើញវាចូលទៅជិតចៀមនោះ ហើយវាមួម៉ៅជាខ្លាំង ក៏ជល់ចៀមនោះ រួចបំបាក់ស្នែងទាំងពីរ។ ចៀមនោះមិនមានកម្លាំងទប់ទល់នឹងវាបានទេ គឺវាផ្ដួលចៀមទៅលើដី ហើយពពែក៏ជាន់ឈ្លី គ្មានអ្នកណាអាចជួយចៀមឲ្យរួចពីអំណាចរបស់វាបានឡើយ។ ពពែឈ្មោលនោះតម្កើងខ្លួនយ៉ាងក្រៃលែង តែកាលវាមានអំណាចខ្លាំង នោះស្នែងធំក៏ត្រូវបាក់ រួចមានស្នែងបួនទៀតគួរឲ្យស្ញែងដុះឡើងជំនួស ស្នែងទាំងនោះកន្ធែកទៅរកទិសទាំងបួន។ មានស្នែងមួយក្នុងចំណោមស្នែងទាំងនោះ មានស្នែងមួយតូចផ្សេងទៀតដុះចេញមក ស្នែងនោះក៏ធំឡើងយ៉ាងក្រៃលែង ឆ្ពោះទៅទិសខាងត្បូង ទៅទិសខាងកើត និងឆ្ពោះទៅទឹកដីដ៏រុងរឿង។ ស្នែងនោះលូតឡើងខ្ពស់ ស្មើនឹងពួកពលបរិវារនៃស្ថានសួគ៌ ហើយវាក៏ទម្លាក់ពួកនោះខ្លះ និងផ្កាយខ្លះចុះមកដល់ដី រួចវាជាន់ឈ្លី។ វាតម្កើងខ្លួនឡើង រហូតដល់ស្មើនឹងព្រះអម្ចាស់នៃពួកពលបរិវារ ក៏ដកមិនឲ្យថ្វាយតង្វាយដុតប្រចាំថ្ងៃដល់ព្រះអង្គ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ព្រះអង្គអាប់ឱន។ ឯពួកពលបរិវារ ក៏ត្រូវប្រគល់ទៅព្រមគ្នាជាមួយការថ្វាយតង្វាយដុតប្រចាំថ្ងៃ ព្រោះតែអំពើរំលង វាបោះសេចក្ដីពិតចុះដល់ដី ហើយអ្វីៗដែលវាធ្វើក៏ចេះតែចម្រើនឡើង។ ពេលនោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធម្នាក់ទៀត សួរទៅអ្នកដែលនិយាយនោះថា៖ «តើនិមិត្តអំពីការថ្វាយតង្វាយដុតប្រចាំថ្ងៃ អំពើរំលងដែលធ្វើឲ្យខូចបង់ ការប្រគល់ទីបរិសុទ្ធ និងពួកពលបរិវារឲ្យស្នែងនោះជាន់ឈ្លី នៅរហូតដល់ពេលណា?»។ អ្នកនោះឆ្លើយទៅគាត់ ថា៖ «គឺអស់រយៈពេលពីរពាន់បីរយដង គិតទាំងល្ងាច ទាំងព្រឹក។ បន្ទាប់មក ទើបរៀបចំទីបរិសុទ្ធឲ្យបានស្អាតឡើងវិញ»។ កាលខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនោះហើយ ខ្ញុំក៏រិះគិតចង់យល់អត្ថន័យ ហើយមើល៍ មានម្នាក់ដែលមានទ្រង់ទ្រាយដូចមនុស្ស ឈរនៅមុខខ្ញុំ ហើយខ្ញុំឮសំឡេងមនុស្សចេញពីកណ្ដាលទន្លេអ៊ូឡាយ ហើយសំឡេងនោះហៅមកថា៖ «កាព្រីយ៉ែលអើយ ចូរប្រាប់ឲ្យមនុស្សនេះយល់និមិត្តនេះចុះ»។ ដូច្នេះ លោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរ ហើយពេលលោកចូលមកដល់ ខ្ញុំក៏ភ័យញ័រ រួចក្រាបចុះមុខដល់ដី។ ប៉ុន្ដែ លោកពោលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរយល់ចុះ ដ្បិតនិមិត្តនេះសម្រាប់គ្រាចុងបំផុត»។ កាលលោកកំពុងមានប្រសាសន៍មកកាន់ខ្ញុំ នោះខ្ញុំក៏លង់ស្មារតី ទាំងក្រាបចុះមុខដល់ដី តែលោកពាល់ខ្ញុំ ហើយធ្វើឲ្យខ្ញុំឈរឡើង។
ដានីយ៉ែល 8:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅបេលសាសារ ខ្ញុំដានីយ៉ែលបាននិមិត្តឃើញការអស្ចារ្យមួយ បន្ទាប់ពីសុបិននិមិត្តដែលខ្ញុំបានឃើញកាលពីលើកមុន។ ក្នុងនិមិត្តហេតុអស្ចារ្យនេះ ខ្ញុំក្រឡេកមើលទៅ ឃើញហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្រុងស៊ូសាន ជាក្រុងដ៏សំខាន់របស់អាណាខេត្តអេឡាំ។ ពេលខ្ញុំកំពុងតែសម្លឹងមើលក្នុងនិមិត្តហេតុអស្ចារ្យនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡៃ។ ពេលខ្ញុំក្រឡេកមើលទៅ ឃើញមានចៀមឈ្មោលមួយឈរនៅមាត់ទន្លេ។ ចៀមនោះមានស្នែងពីរ ស្នែងទាំងពីរនេះវែងណាស់ ហើយស្នែងមួយវែងជាងស្នែងមួយទៀត តែស្នែងដែលវែងនេះដុះក្រោយគេ។ ខ្ញុំឃើញចៀមនោះវ័ធប្រហារទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង តែគ្មានសត្វណាមួយអាចតទល់នឹងវាបានទេ ហើយក៏គ្មាននរណាអាចរំដោះអ្នករងគ្រោះឲ្យរួចពីអំណាចរបស់វាបានដែរ។ វាធ្វើអ្វីៗបានស្រេចតែនឹងចិត្ត ហើយអំណាចរបស់វាកាន់តែចម្រើនធំឡើងជានិច្ច។ ពេលខ្ញុំកំពុងតែរិះគិត ខ្ញុំឃើញមានពពែឈ្មោលមួយចេញពីទិសខាងលិចមក វាបោលកាត់ផែនដីយ៉ាងលឿន ជើងវាឥតប៉ះដីសោះឡើយ។ ពពែនេះមានស្នែងមួយគួរឲ្យស្ញប់ស្ញែង ដុះនៅចន្លោះភ្នែកទាំងពីរ។ ពពែនេះបានមកដល់ជិតចៀមស្នែងពីរឈរនៅមាត់ទន្លេ ដែលខ្ញុំបានឃើញពីមុន រួចសម្រុកទៅរកចៀមយ៉ាងពេញទំហឹង។ ខ្ញុំឃើញវាចូលទៅជិតចៀម ទាំងកំរោល វាជល់ចៀមនោះបាក់ស្នែងទាំងពីរ ហើយចៀមឥតមានកម្លាំងតទល់នឹងវាវិញឡើយ។ វាផ្ដួលចៀមទៅលើដីហើយជាន់កម្ទេច ដោយគ្មាននរណាអាចរំដោះចៀមឲ្យរួចពីអំណាចរបស់វាបានឡើយ។ ពពែឈ្មោលនោះកាន់តែធំឡើងៗ ហើយពេលវាកំពុងតែមានអំណាចខ្លាំងក្លា ស្នែងធំរបស់វាក៏បាក់ រួចមានស្នែងបួនទៀតគួរឲ្យស្ញប់ស្ញែងដុះឡើងជំនួស បែរមុខទៅរកទិសទាំងបួន។ មានស្នែងមួយតូចដុះចេញពីស្នែងមួយ ក្នុងចំណោមស្នែងទាំងបួន ស្នែងតូចនោះកាន់តែរីកធំឡើងៗ ឆ្ពោះទៅទិសខាងត្បូង ខាងកើត និងឆ្ពោះទៅកាន់ស្រុកដ៏ស្អាតជាងគេបំផុត។ បន្ទាប់មក ស្នែងនោះលូតឡើងរហូតដល់កងពលនៃស្ថានសួគ៌ ធ្វើឲ្យពួកគេមួយចំនួន និងផ្កាយខ្លះធ្លាក់មក ហើយវាជាន់ឈ្លី។ ស្នែងនោះលូតឡើងរហូតដល់ព្រះម្ចាស់សួគ៌ វាហាមគេមិនឲ្យថ្វាយយញ្ញបូជាប្រចាំថ្ងៃចំពោះព្រះអង្គ ព្រមទាំងបន្ថោកទីសក្ការៈថែមទៀតផង។ កងពល និងយញ្ញបូជាប្រចាំថ្ងៃ ធ្លាក់ទៅក្នុងអំណាចរបស់ស្នែងនោះ ព្រោះតែអំពើឧក្រិដ្ឋ។ ស្នែងនោះជាន់ឈ្លីសេចក្ដីពិត អ្វីៗដែលវាធ្វើសុទ្ធតែបានសម្រេចទាំងអស់។ ខ្ញុំបានឮអ្នកដ៏វិសុទ្ធមួយរូបកំពុងតែនិយាយ ហើយអ្នកដ៏វិសុទ្ធមួយរូបទៀតពោលទៅគាត់ថា៖ «និមិត្តហេតុដ៏អស្ចារ្យស្ដីអំពីយញ្ញបូជាប្រចាំថ្ងៃ អំពើឧក្រិដ្ឋដែលកំពុងតែរាតត្បាតទីសក្ការៈ និងកងពល ដែលត្រូវស្នែងនោះជាន់ឈ្លីមានដូច្នេះ រហូតដល់ពេលណា»។ គាត់ពោលមកខ្ញុំថា៖ «រហូតដល់ពេលដែលគេខានបានថ្វាយយញ្ញបូជាពីរពាន់បីរយដង ដោយគិតទាំងព្រឹក ទាំងល្ងាច។ បន្ទាប់មក គេនឹងរៀបចំទីសក្ការៈឡើងវិញ»។ នៅពេលដែលខ្ញុំ ដានីយ៉ែល កំពុងតែសម្លឹងមើលនិមិត្តហេតុដ៏អស្ចារ្យនេះ ទាំងរិះគិតចង់យល់អត្ថន័យ មានម្នាក់ដែលមានទ្រង់ទ្រាយដូចមនុស្សឈរនៅពីមុខខ្ញុំ ហើយខ្ញុំបានឮសំឡេងមនុស្សម្នាក់ បន្លឺចេញពីទន្លេអ៊ូឡៃមកថា៖ «កាព្រីយ៉ែលអើយ ចូរពន្យល់ប្រាប់គាត់អំពីនិមិត្តហេតុដ៏អស្ចារ្យនេះផង»។ លោកនោះក៏ចូលមកជិតកន្លែងដែលខ្ញុំឈរ ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង ហើយខ្ញុំក៏ក្រាបចុះ ឱនមុខដល់ដី។ លោកពោលមកខ្ញុំថា៖ «បុត្រមនុស្សអើយ ចូរជ្រាបថានិមិត្តហេតុដ៏អស្ចារ្យនេះ សម្តែងអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅគ្រាចុងក្រោយ»។ ក្នុងពេលលោកមានប្រសាសន៍មកខ្ញុំ ខ្ញុំក៏លង់ស្មារតី ហើយនៅតែឱនមុខដល់ដីដដែល។ លោកពាល់ខ្ញុំ រួចឲ្យខ្ញុំក្រោកឈរឡើង នៅកន្លែងដែលខ្ញុំឈរពីមុន។
ដានីយ៉ែល 8:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំទី៣ ក្នុងរាជ្យនៃស្តេចបេលសាសារ នោះមានការជាក់ស្តែងលេចមក ឲ្យដានីយ៉ែល ខ្ញុំឃើញ គឺក្រោយការជាក់ស្តែង១ដែលខ្ញុំបានឃើញពីមុននោះ រីឯកាលខ្ញុំឃើញការជាក់ស្តែង១នេះ នោះខ្ញុំនៅក្នុងព្រះរាជវាំងត្រង់ក្រុងស៊ូសាន ក្នុងខេត្តអេឡាំ តែក្នុងការជាក់ស្តែងនោះខ្ញុំឃើញថា ខ្ញុំនៅឯមាត់ទន្លេអ៊ូឡាយវិញ ខណៈនោះ ខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញមានចៀមឈ្មោល១ឈរនៅក្បែរទន្លេ វាមានស្នែង២ ហើយស្នែងទាំង២ក៏វែង មានតែ១វែងជាង ឯស្នែង១ដែលវែងជាង បានដុះឡើងជាខាងក្រោយ ខ្ញុំក៏ឃើញចៀមឈ្មោលនោះកំពុងតែទន្ទ្រានទៅទិសខាងលិច ទិសខាងជើង នឹងទិសខាងត្បូង ឥតមានសត្វណាមួយអាចនឹងទប់ទល់បានឡើយ ក៏គ្មានណាអាចនឹងជួយ ឲ្យរួចពីកណ្តាប់ដៃវាបានដែរ គឺវាបានធ្វើតាមតែអំពើចិត្ត ហើយក៏ដំកើងខ្លួនឡើងផង។ កាលខ្ញុំកំពុងតែពិចារណា នោះឃើញមានពពែឈ្មោល១មកពីទិសខាងលិច ហោះចេញលើផែនដីទាំងដុំមូល ឥតពាល់ប៉ះនឹងដីឡើយ ពពែនោះមានស្នែង១នៅកណ្តាលភ្នែកទាំង២ ជាស្នែងគួរពិចពិលមើល វាក៏មកដល់ចៀមឈ្មោលមានស្នែង២ ដែលខ្ញុំឃើញឈរនៅក្បែរទន្លេនោះ ក៏ស្ទុះទៅលើ ដោយសេចក្ដីឃោរឃៅនៃកំឡាំងវា ខ្ញុំឃើញវាចូលទៅជិតចៀមឈ្មោល មានសេចក្ដីមួម៉ៅដាលឡើង ក៏ជល់ចៀមនោះ បំបាក់ស្នែងទាំង២ទៅ ចៀមនោះមិនអាចនឹងឈរនៅមុខវាបានទេ គឺត្រូវដួលចុះដល់ដី ហើយពពែបានជាន់ឈ្លីទៅ ឥតមានអ្នកណាមួយអាចនឹងជួយចៀមឲ្យរួចបានឡើយ ពពែឈ្មោលនោះក៏ដំកើងខ្លួនយ៉ាងក្រៃលែង កាលបានមានកំឡាំងហើយ នោះស្នែងធំត្រូវបាក់ទៅ រួចមានស្នែង៤គួរពិចពិលមើល បានដុះឡើងជំនួសស្នែងទាំងនោះកន្ធែកទៅទិសទាំង៤។ រួចមកមានស្នែង១តូចដុះចេញពីស្នែង១នោះ ក៏ធំឡើងយ៉ាងក្រៃលែង មានអំណាចទៅទិសខាងត្បូង ទិសខាងកើត នឹងខាងស្រុកដ៏ឧត្តមដែរ វាក៏លើកខ្លួនឡើងរហូតដល់ពួកពលបរិវារនៅលើមេឃ ហើយក៏ទំលាក់ពួកនោះខ្លះ នឹងផ្កាយខ្លះចុះមកដល់ដី រួចជាន់ឈ្លីដោយជើង អើ វាដំកើងខ្លួនឡើង រហូតដល់អ្នកជាកំពូលបណ្តាច់នៃពួកពលបរិវារផង ក៏លើកចោលការថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ចពីទ្រង់ចេញ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ទ្រង់អាប់ឱនទៅ ឯពួកពលបរិវារ ក៏ត្រូវប្រគល់ទៅព្រមគ្នានឹងការថ្វាយដង្វាយដុតជានិច្ច ដោយព្រោះអំពើរំលង វាបានបោះចោលសេចក្ដីពិតចុះដល់ដី ក៏ធ្វើតាមតែអំពើចិត្ត ហើយបានចំរើនផង លំដាប់នោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធ១ទៀតសួរដល់អ្នកដែលនិយាយនោះថា តើដល់កាលណាទើបបានសំរេចការជាក់ស្តែង ពីការថ្វាយដង្វាយដុតជានិច្ច នឹងពីអំពើរំលងដែលធ្វើឲ្យខូចបង់នោះ ដើម្បីនឹងប្រគល់ទីបរិសុទ្ធ ហើយនឹងពួកពលបរិវារឲ្យត្រូវជាន់ឈ្លីទៅ អ្នកនោះក៏ប្រាប់មកខ្ញុំថា គឺដរាបដល់បានកន្លង២៣០០ព្រឹកនឹងល្ងាចទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ។ កាលខ្ញុំ គឺដានីយ៉ែលខ្ញុំនេះ បានឃើញការជាក់ស្តែងនោះហើយ ខ្ញុំក៏រកចង់យល់ន័យ នោះឃើញមានភាពដូចជាមនុស្សឈរនៅមុខខ្ញុំ ហើយខ្ញុំឮសំឡេងមនុស្ស ពីកណ្តាលទន្លេអ៊ូឡាយ ហៅមកថា កាព្រីយ៉ែលអើយ ចូរឲ្យមនុស្សនេះយល់ការជាក់ស្តែងចុះ ដូច្នេះ លោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរនៅ កាលលោកមកដល់ហើយ នោះខ្ញុំភ័យញ័រ ក៏ទំលាក់ខ្លួនផ្កាប់មុខចុះ តែលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ចូរយល់ចុះ ដ្បិតការជាក់ស្តែងនេះសំរាប់គ្រាខាងចុងបំផុត កាលលោកកំពុងនិយាយមកខ្ញុំ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ដល់ដី តែលោកពាល់ខ្ញុំធ្វើឲ្យខ្ញុំឈរឡើង