ដានីយ៉ែល 7:7-23

ដានីយ៉ែល 7:7-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក ក្នុង​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​សត្វ​ទី​បួន ដែល​គួរ​ស្បើម គួរ​ស្ញែង​ខ្លាច ហើយ​មាន​កម្លាំង​យ៉ាង​ក្រៃ‌លែង មាន​ធ្មេញ​ដែក​ធំៗ វា​ត្របាក់​លេប វា​កិន​កម្ទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង។ សត្វ​នោះ​ប្លែក​ពី​សត្វ​មុនៗ​អស់​ទាំង គឺ​វា​ក៏​មាន​ស្នែង​ដប់។ ខ្ញុំ​បាន​ពិចា‌រណា​មើល​ស្នែង​ទាំង​នោះ ក៏​ឃើញ​មាន​ស្នែង​មួយ​ទៀត ជា​ស្នែង​តូច ដុះ​ឡើង​នៅ​កណ្ដាល នៅ​ពី​មុខ​វា ស្នែង​ចាស់​បី​ត្រូវ​គេ​ដក​ចេញ​ទាំង​ឫស ស្នែង​នេះ​មាន​ភ្នែក ដូច​ភ្នែក​មនុស្ស ហើយ​មាន​មាត់​ដែល​ពោល​ពាក្យធំៗ។ កាល​ខ្ញុំ​គន់​មើល ឃើញ​គេ​យក​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណ គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌ពស្ត្រ​ស‌ស្គុស​ដូច​ហិមៈ ហើយ​ព្រះ‌កេសា​នៅ​ព្រះ‌សិរ​ព្រះ‌អង្គ ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​អណ្ដាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ជា​ភ្លើង​ដែល​កំពុង​ឆេះ។ មាន​ទន្លេ​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ព្រះ‌អង្គ មាន​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​គោរព​បម្រើ​ព្រះ‌អង្គ ហើយ​រាប់​លាន​រាប់​កោដិ​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ។ ការ​វិនិច្ឆ័យ​បាន​រៀប​ចំ​ជា​ស្រេច ហើយ​បញ្ជី​ទាំង​ប៉ុន្មាន​ក៏​បើក​ឡើង​ដែរ។ ពេល​នោះ ខ្ញុំ​គន់​មើល ព្រោះ​មាន​សំឡេង​របស់​ស្នែង ដែល​ពោល​ពាក្យ​យ៉ាង​ធំ។ ពេល​ខ្ញុំ​មើល​ទៅ ឃើញ​គេ​សម្លាប់​សត្វ​នោះ ហើយ​គេ​បំផ្លាញ​ខ្មោច​វា រួច​បោះ​ចោល​ឲ្យ​ភ្លើង​ឆេះ។ ចំណែក​សត្វ​ឯ​ទៀត​ៗ អំណាច​គ្រប់​គ្រង​របស់​វា​ត្រូវ​គេ​ដក​ចេញ តែ​គេ​ឲ្យ​វា​មាន​ជីវិត​មួយ​រយៈ​ពេល​ទៅ​មុខ​ទៀត។ ខ្ញុំ​ក៏​ឃើញ​ក្នុង​និមិត្ត​នៅ​ពេល​យប់​នោះ មាន​ម្នាក់​ដូច​កូន​មនុស្ស យាង​មក​ក្នុង​ពពក​នៅ​លើ​មេឃ ព្រះ‌អង្គ​យាង​មក​ជិត​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ។ លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង និង​សិរី‌ល្អ ព្រម​ទាំង​រាជ​សម្បត្តិ ដើម្បី​ឲ្យ​ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​នានា និង​មនុស្ស​គ្រប់​ភាសាបាន​គោរព​បម្រើ​ព្រះ‌អង្គ ឯ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ជា​អំណាច​គ្រប់​គ្រង​នៅ​ស្ថិត​ស្ថេរ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ។ ឯ​ខ្ញុំ ដានី‌យ៉ែល ចិត្ត​ខ្ញុំ​កើត​មាន​សេចក្ដី​តប់‌ប្រមល់​នៅ​ក្នុង​ខ្លួន ហើយ​និមិត្ត​ក្នុង​គំនិត​ខ្ញុំ ក៏​នាំ​ឲ្យ​ខ្ញុំ​តក់​ស្លុត។ ខ្ញុំ​ចូល​ទៅ​ជិត​ម្នាក់ ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ទី​នោះ ហើយ​សួរ​អត្ថ​ន័យ​ពិត​អំពី​ហេតុ‌ការណ៍​ទាំង​នោះ។ ដូច្នេះ អ្នក​នោះ​ក៏​ប្រាប់​ខ្ញុំ ហើយ​ទម្លាយ​ឲ្យ​ខ្ញុំ​ដឹង​ពី​ន័យ​កាត់​ស្រាយ​នោះ​ថា ឯ​សត្វ​ធំ​ទាំង​បួន​នោះ គឺ​ជា​ស្តេច​បួន​អង្គ​ដែល​នឹង​កើត​ឡើង​នៅ​ផែន‌ដី។ ប៉ុន្ដែ ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​ទទួល​រាជ្យ​នោះ ហើយ​បាន​រាជ្យ​នោះ​ជា​របស់​ខ្លួន​អស់​កល្ប​ជានិច្ច គឺ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។ ពេល​នោះ ខ្ញុំ​ចង់​ដឹង​ន័យ​ពិត​អំពី​សត្វ​ទីបួន ដែល​ខុស​ប្លែក​ពី​សត្វ​ឯ​ទៀត​ទាំង​អស់ ជា​សត្វ​ដែល​គួរ​ស្ញែង​ខ្លាច​ជា​ខ្លាំង មាន​ធ្មេញ​ដែក និង​ក្រចក​លង្ហិន ដែល​ត្របាក់​លេប កិន​កម្ទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង ក៏​ចង់​ដឹង​អំពី​ដំណើរ​ស្នែង​ដប់​នៅ​លើ​ក្បាល​វា និង​ពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង ហើយ​ធ្វើ​ឲ្យ​ស្នែង​បី​មុន​ដួល​នៅ​មុខ​វា ជា​ស្នែង​មួយ​ដែល​មាន​ភ្នែក និង​មាត់​ដែល​ពោល​ពាក្យ​ធំៗ ហើយ​មើល​ទៅ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។ ខ្ញុំ​គន់​មើល​ទៅ ឃើញ​ស្នែង​នោះ​ច្បាំង​នឹង​ពួក​បរិសុទ្ធ ហើយ​មាន​ប្រៀប​លើ​ពួកគេ រហូត​ដល់​ពេល​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​យាង​មក ទើប​ការ​វិនិច្ឆ័យ​បាន​ប្រគល់​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត រួច​ពេល​កំណត់​ក៏​មក​ដល់ ជា​ពេល​ដែល​ពួក​បរិសុទ្ធ​ទទួល​បាន​រាជ្យ​ជា​របស់​ខ្លួន។ អ្នក​នោះ​ពោល​ដូច្នេះ​ថា៖ «រី​ឯ​សត្វ​ទី​បួន គឺ​នឹង​មាន​នគរ​ទី​បួន​នៅ​លើ​ផែន‌ដី​កើត​ឡើង ដែល​នគរ​នោះ​ប្លែក​ពី​នគរឯ​ទៀតៗ​ទាំង​អស់ នគរ​នោះ​នឹង​លេប​ត្របាក់​ផែន‌ដី​ទាំង​មូល ហើយ​ជាន់​ឈ្លី​ដោយ​ជើង ព្រម​ទាំង​កិន​កម្ទេច​ផង។

ចែក​រំលែក
អាន ដានីយ៉ែល 7

ដានីយ៉ែល 7:7-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​ទី​បួន​ដែល​មាន​រូប​រាង​គួរ​ព្រឺ​ស្ញែង​ខ្លាច។ វា​មាន​កម្លាំង​ដ៏​ខ្លាំង​ក្លា​អស្ចារ្យ ធ្មេញ​វា​ជា​ដែក​ដ៏​ធំៗ វា​ត្របាក់​ស៊ី វា​កម្ទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់​ផង។ សត្វ​នេះ​មាន​រូប​រាង​ខុស​ប្លែក​ពី​សត្វ​មុនៗ គឺ​វា​មាន​ស្នែង​ដប់។ ខ្ញុំ​សង្កេត​មើល​ស្នែង​ទាំង​នោះ ស្រាប់​តែ​ឃើញ​មាន​ស្នែង​មួយ​ទៀត​តូច​ជាង​គេ ដុះ​ចេញ​ពី​កណ្ដាល​ចំណោម​ស្នែង​ទាំង​ដប់។ គេ​ដក​ស្នែង​មុនៗ​បី​ចេញ​ពី​មុខ​ស្នែង​តូច។ ស្នែង​នេះ​មាន​ភ្នែក​ដូច​ភ្នែក​មនុស្ស ហើយ​មាន​មាត់​ពោល​ចេញ​មក​នូវ​ពាក្យ​ព្រហើន​កោង​កាច»។ «ពេល​នោះ ខ្ញុំ​នៅ​តែ​គន់​មើល​ត​ទៅ​ទៀត ឃើញ​គេ​យក​រាជ​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ គង់​នៅ​លើ​បល្ល័ង្ក​មួយ ទ្រង់​មាន​ព្រះ‌ភូសា​ពណ៌​ស​ដូច​កប្បាស ហើយ​ព្រះ‌កេសា​របស់​ព្រះអង្គ​ស​ដូច​សំឡី។ បល្ល័ង្ក​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង ហើយ​មាន​កង់​កំពុង​ឆេះ​សន្ធោ‌សន្ធៅ។ មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ព្រះអង្គ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។ ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​បាន​ឮ​ស្នែង​តូច​នោះ​ពោល​ពាក្យ​យ៉ាង​ព្រហើន​កោង‌កាច។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល ស្រាប់​តែ​សត្វ​ទី​បួន​នោះ​ត្រូវ​គេ​សម្លាប់ ហើយ​គេ​យក​ខ្មោច​ទៅ​ដុត​ចោល​ក្នុង​ភ្លើង។ រីឯ​សត្វ​ឯ​ទៀតៗ​ក៏​បាត់​បង់​អំណាច​គ្រប់‌គ្រង តែ​ពួក​វា​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​រស់​ត​ទៅ​មុខ​ទៀត​រហូត​ដល់​ពេល​កំណត់។ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ លោក​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ ហើយ​គេ​ក៏​នាំ​លោក​ទៅ​គាល់​ព្រះអង្គ។ លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង​ព្រះ‌កិត្តិនាម ព្រម​ទាំង​រាជ​សម្បត្តិ​ផង។ ប្រជា‌ជន​ទាំង​អស់ ប្រជា‌ជាតិ​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា នាំ​គ្នា​គោរព​បម្រើ​លោក អំណាច​គ្រប់‌គ្រង​របស់​លោក​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ឥត​សាប‌សូន្យ​ឡើយ។ រាជ​សម្បត្តិ​របស់​លោក​មិន​ត្រូវ​រលាយ​ដែរ។» ពេល​នោះ ខ្ញុំ ដានី‌យ៉ែល តប់‌ប្រមល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ណាស់។ ខ្ញុំ​ក៏​ខិត​ទៅ​ជិត​បុរស​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​បល្ល័ង្ក ហើយ​សួរ​គាត់​ឲ្យ​ពន្យល់​អត្ថ‌ន័យ​ពិត​ប្រាកដ​នៃ​ហេតុ‌ការណ៍​ទាំង​នោះ។ គាត់​ក៏​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ​នោះ​ដូច​ត​ទៅ: សត្វ​ធំ​សម្បើម​ទាំង​បួន​នោះ គឺ​ព្រះ‌មហា‌ក្សត្រ​បួន​អង្គ ដែល​នឹង​ឡើង​គ្រង​រាជ្យ​លើ​ផែនដី​នេះ។ បន្ទាប់​មក ប្រជា‌ជន​ដ៏វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​ទទួល​រាជ​សម្បត្តិ​នោះ ហើយ​ពួក​គេ​គ្រង​ព្រះ‌រាជ្យ​ដ៏​ស្ថិត​នៅ​អស់‌កល្ប​ជានិច្ច ជា​អង្វែង​ត​រៀង​ទៅ។ ក្រោយ​មក ខ្ញុំ​ក៏​សួរ​ចង់​ដឹង​ឲ្យ​ច្បាស់​អំពី​សត្វ​ទី​បួន ដែល​ខុស​ប្លែក​ពី​សត្វ​ឯ​ទៀតៗ គឺ​មាន​រូប‌រាង​គួរ​ស្ញែង​ខ្លាច មាន​ធ្មេញ​ដែក មាន​ក្រចក​លង្ហិន ហើយ​ត្របាក់​ស៊ី​កម្ទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់។ ខ្ញុំ​ក៏​ចង់​ដឹង​អំពី​ស្នែង​ទាំង​ដប់​នៅ​លើ​ក្បាល​សត្វ​នោះ និង​អំពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង​ធ្វើ​ឲ្យ​ជ្រុះ​ស្នែង​បី។ ស្នែង​ក្រោយ​នេះ​មាន​ភ្នែក និង​មាន​មាត់​ពោល​ពាក្យ​ព្រហើន​កោង‌កាច ហើយ​ឃើញ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។ ខ្ញុំ​បាន​ឃើញ​ស្នែង​នេះ​កំពុង​តែ​ច្បាំង​នឹង​ប្រជា‌ជន​ដ៏វិសុទ្ធ ហើយ​មាន​ប្រៀប​លើ​ពួក​គេ រហូត​ដល់​ពេល​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​យាង​មក ដើម្បី​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ពេល​នោះ ជា​ពេល​កំណត់​ដែល​ប្រជា‌ជន​ដ៏វិសុទ្ធ​ត្រូវ​ទទួល​រាជ​សម្បត្តិ។ បុរស​នោះ​ប្រាប់​ខ្ញុំ​ថា សត្វ​ទី​បួន គឺ​រាជា‌ណាចក្រ​ទី​បួន​ដែល​នឹង​កើត​ឡើង នៅ​លើ​ផែនដី។ រាជា‌ណាចក្រ​នោះ​ប្លែក​ពី​រាជា‌ណាចក្រ​ឯ​ទៀតៗ គឺ​រាជា‌ណាចក្រ​នោះ​នឹង​ត្របាក់​លេប ជាន់​ឈ្លី និង​កិន​កម្ទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ។

ចែក​រំលែក
អាន ដានីយ៉ែល 7

ដានីយ៉ែល 7:7-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លំដាប់​នោះ ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់ ខ្ញុំ​ក៏​ឃើញ​សត្វ​ទី​៤​ដែល​គួរ​ស្បើម គួរ​ស្ញែង​ខ្លាច ហើយ​មាន​កំឡាំង​យ៉ាង​ក្រៃ‌លែង មាន​ធ្មេញ​ដែក​ធំៗ វា​ត្របាក់​លេប លំអិត​កំទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង សត្វ​នោះ​ផ្សេង​ពី​អស់​ទាំង​សត្វ​ដែល​មក​ជា​មុន​នោះ​ក៏​មាន​ស្នែង​១០ ខ្ញុំ​បាន​ពិចារណា​មើល​ស្នែង​ទាំង​នោះ ក៏​ឃើញ​មាន​ស្នែង​១​ទៀត ជា​ស្នែង​តូច ដុះ​ឡើង​នៅ​ជា​កណ្តាល នៅ​មុខ​វា​ស្នែង​ចាស់​៣​ត្រូវ​ដក​ចេញ​ទាំង​ឫស ហើយ​ឃើញ​ថា ស្នែង​១​នោះ​មាន​ភ្នែក ដូច​ជា​ភ្នែក​នៃ​មនុស្ស ក៏​មាន​មាត់​កំពុង​តែ​ពោល​យ៉ាង​ធំ។ ខ្ញុំ​ក៏​គន់​មើល ទាល់​តែ​មាន​គេ​យក​បល្ល័ង្ក មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណទ្រង់​ក៏​គង់​លើ ព្រះ‌ពស្ត្រ​ទ្រង់​ស‌ស្គុស​ដូច​ហិមៈ ហើយ​ព្រះ‌កេស​នៅ​ព្រះ‌សិរ​ទ្រង់ ក៏​ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ទ្រង់ នោះ​សុទ្ធ​តែ​ជា​អណ្តាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ក៏​ជា​ភ្លើង​ឆេះ​ដែរ មាន​ដូច​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ទ្រង់​មក មាន​ទាំង​ពាន់​ទាំង​ពាន់​ដែល​គោរព​ដល់​ទ្រង់ ហើយ​ទាំង ម៉ឺន​ទាំង​សែន​ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ នោះ​ការ​វិនិច្ឆ័យ​បាន​រៀបចំ​ជា​ស្រេច ឯ​បញ្ជី​ទាំង​ប៉ុន្មាន​បាន​បើក​ឡើង​ហើយ ខណៈ​នោះ ខ្ញុំ​បាន​គន់​មើល ដោយ​ព្រោះ​សំឡេង​របស់​ស្នែង​១ ដែល​ពោល​យ៉ាង​ធំ​នោះ ក៏​មើល​ដរាប​ដល់​សត្វ នោះ​ត្រូវ​សំឡាប់​បង់ ហើយ​ខ្មោច​វា​ត្រូវ​បំផ្លាញ ព្រម​ទាំង​ប្រគល់​ដល់​ភ្លើង​ឲ្យ​ឆេះ​ផង រីឯ​សត្វ​ឯ​ទៀត​ទាំង​នោះ អំណាច​គ្រប់‌គ្រង​របស់​វា​ត្រូវ​ដក​ចេញ តែ​ជីវិត​វា​បាន​នៅ​ត​ទៅ​អស់​១​ពេល​ដល់​កំណត់។ ខ្ញុំ​ក៏​ឃើញ ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់​នោះ មាន​១​អង្គ​ដូច​ជា​មនុស្ស​ជាតិ ទ្រង់​យាង​មក​ក្នុង​ពពក​ឰដ៏​អាកាស ទ្រង់​យាង​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់‌គ្រង នឹង​សិរី‌ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្តាជន​ទាំង‌ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់ ឯ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង។ ឯ​ខ្ញុំ ដានី‌យ៉ែល ចិត្ត​ខ្ញុំ​កើត​មាន​សេចក្ដី​តប់‌ប្រមល់​នៅ​ក្នុង​ខ្លួន ហើយ​ការ​ជាក់​ស្តែង​ក្នុង​ខួរ​ខ្ញុំ ក៏​នាំ​ឲ្យ​ខ្ញុំ​វិតក្ក​ព្រួយ ខ្ញុំ​ក៏​អែប​ចូល​ទៅ​ជិត​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ សួរ​ន័យ​ដ៏​ពិត​របស់​ការ​ទាំង​នោះ អ្នក​នោះ​ក៏​ប្រាប់​ដល់​ខ្ញុំ ព្រម​ទាំង​ទំលាយ​ន័យ​សេចក្ដី​ឲ្យ​ខ្ញុំ​យល់​ផង ឯ​សត្វ​ធំ​ទាំង​៤​នោះ គឺ​ជា​ស្តេច​៤​អង្គ​ដែល​នឹង​កើត​ឡើង​នៅ​ផែនដី តែ​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត គេ​នឹង​ទទួល​រាជ្យ ហើយ​នឹង​បាន​រាជ្យ​នោះ​ជា​របស់​ផង​ខ្លួន​នៅ​ជានិច្ច គឺ​អស់‌កល្ប​ត​ទៅ នោះ​ខ្ញុំ​ចង់​ដឹង​ន័យ​ពិត ពី​សត្វ​ទី​៤ដែល​ផ្សេង​ពី​សត្វ​ឯ​ទៀត​នោះ ជា​សត្វ​ដែល​គួរ​ស្ញែង​ខ្លាច​ជា​ខ្លាំង​មាន​ធ្មេញ​ដែក នឹង​ក្រចក​លង្ហិន ដែល​ត្របាក់​លេប លំអិត​កំទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង ក៏​ចង់​ដឹង​ពី​ដំណើរ​ស្នែង​១០ នៅ​លើ​ក្បាល​វា នឹង​ពី​ស្នែង​១​នោះ​ដែល​ដុះ​ឡើង​ជា​ខាង​ក្រោយ ហើយ​មាន​ស្នែង​៣​មុន​ដួល​នៅ​មុខ​វា គឺ​ជា​ស្នែង​១​នោះ​ដែល​មាន​ភ្នែក នឹង​មាត់​ពោល​យ៉ាង​ធំ ហើយ​ឫកពា​ក៏​មាំ​ជាង​ស្នែង​ឯ​ទៀត ខ្ញុំ​គន់​មើល​ទៅ ឃើញ​ស្នែង​នោះ​ឯង បាន​ច្បាំង​នឹង​ពួក​បរិសុទ្ធ​ហើយ​ក៏​ឈ្នះ​ផង ដរាប​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​បាន​យាង​មក នោះ​ការ​វិនិច្ឆ័យ​បាន​ប្រគល់​ដល់​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​កំណត់​ក៏​មក​ដល់ ដែល​ពួក​បរិសុទ្ធ​ត្រូវ​បាន​រាជ្យ​ជា​របស់​ផង​ខ្លួន។ អ្នក​នោះ​ក៏​ប្រាប់​ថា សត្វ​ទី​៤​នោះ គឺ​ជា​នគរ​ទី​៤​នៅ​លើ​ផែនដី ដែល​នឹង​ត្រូវ​ជា​ផ្សេង​ពី​អស់​ទាំង​នគរ ហើយ​នឹង​ត្របាក់​លេប​ផែនដី​ទាំង​មូល ក៏​នឹង​ជាន់​ពង្រាប​ដោយ​ជើង ព្រម​ទាំង​លំអិត​កំទេច​ផង

ចែក​រំលែក
អាន ដានីយ៉ែល 7