ដានីយ៉ែល 7:7-14
ដានីយ៉ែល 7:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមក ក្នុងនិមិត្តនៅពេលយប់នោះ ខ្ញុំឃើញសត្វទីបួន ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកម្លាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប វាកិនកម្ទេច ហើយជាន់ឈ្លីសំណល់ដោយជើង។ សត្វនោះប្លែកពីសត្វមុនៗអស់ទាំង គឺវាក៏មានស្នែងដប់។ ខ្ញុំបានពិចារណាមើលស្នែងទាំងនោះ ក៏ឃើញមានស្នែងមួយទៀត ជាស្នែងតូច ដុះឡើងនៅកណ្ដាល នៅពីមុខវា ស្នែងចាស់បីត្រូវគេដកចេញទាំងឫស ស្នែងនេះមានភ្នែក ដូចភ្នែកមនុស្ស ហើយមានមាត់ដែលពោលពាក្យធំៗ។ កាលខ្ញុំគន់មើល ឃើញគេយកបល្ល័ង្កជាច្រើនមកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណ គង់លើបល្ល័ង្ករបស់ព្រះអង្គ ព្រះអង្គមានព្រះពស្ត្រសស្គុសដូចហិមៈ ហើយព្រះកេសានៅព្រះសិរព្រះអង្គ សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កព្រះអង្គសុទ្ធតែជាអណ្ដាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ជាភ្លើងដែលកំពុងឆេះ។ មានទន្លេជាភ្លើងហូរចេញពីចំពោះព្រះអង្គ មានមនុស្សរាប់ពាន់រាប់ម៉ឺនគោរពបម្រើព្រះអង្គ ហើយរាប់លានរាប់កោដិឈរនៅចំពោះព្រះអង្គ។ ការវិនិច្ឆ័យបានរៀបចំជាស្រេច ហើយបញ្ជីទាំងប៉ុន្មានក៏បើកឡើងដែរ។ ពេលនោះ ខ្ញុំគន់មើល ព្រោះមានសំឡេងរបស់ស្នែង ដែលពោលពាក្យយ៉ាងធំ។ ពេលខ្ញុំមើលទៅ ឃើញគេសម្លាប់សត្វនោះ ហើយគេបំផ្លាញខ្មោចវា រួចបោះចោលឲ្យភ្លើងឆេះ។ ចំណែកសត្វឯទៀតៗ អំណាចគ្រប់គ្រងរបស់វាត្រូវគេដកចេញ តែគេឲ្យវាមានជីវិតមួយរយៈពេលទៅមុខទៀត។ ខ្ញុំក៏ឃើញក្នុងនិមិត្តនៅពេលយប់នោះ មានម្នាក់ដូចកូនមនុស្ស យាងមកក្នុងពពកនៅលើមេឃ ព្រះអង្គយាងមកជិតព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ។ លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។
ដានីយ៉ែល 7:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។ ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះមានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច»។ «ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ គង់នៅលើបល្ល័ង្កមួយ ទ្រង់មានព្រះភូសាពណ៌សដូចកប្បាស ហើយព្រះកេសារបស់ព្រះអង្គសដូចសំឡី។ បល្ល័ង្ករបស់ព្រះអង្គប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។ មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើព្រះអង្គ និងរាប់លានរាប់កោដិនាក់ទៀតឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។ ខ្ញុំក្រឡេកមើលទៅ ខ្ញុំបានឮស្នែងតូចនោះពោលពាក្យយ៉ាងព្រហើនកោងកាច។ ពេលខ្ញុំកំពុងតែសម្លឹងមើល ស្រាប់តែសត្វទីបួននោះត្រូវគេសម្លាប់ ហើយគេយកខ្មោចទៅដុតចោលក្នុងភ្លើង។ រីឯសត្វឯទៀតៗក៏បាត់បង់អំណាចគ្រប់គ្រង តែពួកវាបានទទួលការអនុញ្ញាតឲ្យរស់តទៅមុខទៀតរហូតដល់ពេលកំណត់។ ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រមនុស្ស* មកជាមួយពពកនៅលើផ្ទៃមេឃ លោកចូលទៅជិតព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ លោកបានទទួលអំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់លោកមិនត្រូវរលាយដែរ។»
ដានីយ៉ែល 7:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ ក្នុងការជាក់ស្តែងពេលយប់ ខ្ញុំក៏ឃើញសត្វទី៤ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកំឡាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង សត្វនោះផ្សេងពីអស់ទាំងសត្វដែលមកជាមុននោះក៏មានស្នែង១០ ខ្ញុំបានពិចារណាមើលស្នែងទាំងនោះ ក៏ឃើញមានស្នែង១ទៀត ជាស្នែងតូច ដុះឡើងនៅជាកណ្តាល នៅមុខវាស្នែងចាស់៣ត្រូវដកចេញទាំងឫស ហើយឃើញថា ស្នែង១នោះមានភ្នែក ដូចជាភ្នែកនៃមនុស្ស ក៏មានមាត់កំពុងតែពោលយ៉ាងធំ។ ខ្ញុំក៏គន់មើល ទាល់តែមានគេយកបល្ល័ង្ក មកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះពស្ត្រទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិរទ្រង់ ក៏សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កទ្រង់ នោះសុទ្ធតែជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ក៏ជាភ្លើងឆេះដែរ មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំង ម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ ខណៈនោះ ខ្ញុំបានគន់មើល ដោយព្រោះសំឡេងរបស់ស្នែង១ ដែលពោលយ៉ាងធំនោះ ក៏មើលដរាបដល់សត្វ នោះត្រូវសំឡាប់បង់ ហើយខ្មោចវាត្រូវបំផ្លាញ ព្រមទាំងប្រគល់ដល់ភ្លើងឲ្យឆេះផង រីឯសត្វឯទៀតទាំងនោះ អំណាចគ្រប់គ្រងរបស់វាត្រូវដកចេញ តែជីវិតវាបាននៅតទៅអស់១ពេលដល់កំណត់។ ខ្ញុំក៏ឃើញ ក្នុងការជាក់ស្តែងពេលយប់នោះ មាន១អង្គដូចជាមនុស្សជាតិ ទ្រង់យាងមកក្នុងពពកឰដ៏អាកាស ទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង។