ដានីយ៉ែល 7:23-27
ដានីយ៉ែល 7:23-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកនោះពោលដូច្នេះថា៖ «រីឯសត្វទីបួន គឺនឹងមាននគរទីបួននៅលើផែនដីកើតឡើង ដែលនគរនោះប្លែកពីនគរឯទៀតៗទាំងអស់ នគរនោះនឹងលេបត្របាក់ផែនដីទាំងមូល ហើយជាន់ឈ្លីដោយជើង ព្រមទាំងកិនកម្ទេចផង។ ឯស្នែងទាំងដប់ គឺនឹងមានស្តេចដប់អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមានមួយអង្គទៀតកើតឡើង ស្ដេចនេះប្លែកពីស្តេចមុនៗ ក៏នឹងទម្លាក់ស្តេចបីអង្គនោះចោល។ ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបុកម្នេញ ដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត ហើយមានបំណងចង់ផ្លាស់ប្ដូរ ពេលកំណត់ និងច្បាប់ ហើយគេនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចនោះ អស់រយៈពេលមួយខួប ពីរខួប និងកន្លះខួប។ ប៉ុន្តែ ការវិនិច្ឆ័យនឹងរៀបចំជាស្រេច ហើយគេនឹងដកអំណាចគ្រប់គ្រងពីស្ដេចនោះ ហើយឲ្យត្រូវបំផ្លាញ ឲ្យត្រូវវិនាសសាបសូន្យរហូតតទៅ។ នោះរាជ្យ និងអំណាចគ្រប់គ្រង និងភាពឧត្តុង្គឧត្តមនៃនគរទាំងឡាយ នៅក្រោមមេឃទាំងមូល នឹងត្រូវប្រគល់ឲ្យប្រជាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់គេនឹងបានជារាជ្យមួយ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងទាំងប៉ុន្មាននឹងបម្រើ ហើយស្តាប់បង្គាប់ពួកបរិសុទ្ធនោះ»។
ដានីយ៉ែល 7:23-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួនដែលនឹងកើតឡើង នៅលើផែនដី។ រាជាណាចក្រនោះប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេប ជាន់ឈ្លី និងកិនកម្ទេចរាជាណាចក្រឯទៀតៗ។ រីឯស្នែងទាំងដប់ គឺស្ដេចដប់អង្គដែលនឹងឡើងគ្រងរាជ្យ ក្នុងរាជាណាចក្រនោះ។ បន្ទាប់មក មានស្ដេចមួយអង្គ ដែលប្លែកពីស្ដេចមុនៗឡើងគ្រងរាជ្យក្រោយគេបង្អស់ ហើយទម្លាក់ស្ដេចបីអង្គទៀតចោល។ ស្ដេចអង្គនេះនឹងមានរាជឱង្ការប្រឆាំងព្រះដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរក្រឹត្យវិន័យទៀតផង។ ទ្រង់នឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា។ បន្ទាប់មក ពេលវិនិច្ឆ័យទោសក៏មកដល់ គេនឹងដកអំណាចគ្រប់គ្រងចេញពីស្ដេចនោះ ហើយរាជ្យនេះនឹងត្រូវគេបំផ្លាញឲ្យវិនាសសូន្យរហូតតទៅ។ ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យ អំណាចគ្រប់គ្រង និងទ្រព្យសម្បត្តិនៃរាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបម្រើ ហើយស្ដាប់បង្គាប់ប្រជាជនដ៏វិសុទ្ធនោះ។
ដានីយ៉ែល 7:23-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកនោះក៏ប្រាប់ថា សត្វទី៤នោះ គឺជានគរទី៤នៅលើផែនដី ដែលនឹងត្រូវជាផ្សេងពីអស់ទាំងនគរ ហើយនឹងត្របាក់លេបផែនដីទាំងមូល ក៏នឹងជាន់ពង្រាបដោយជើង ព្រមទាំងលំអិតកំទេចផង ឯស្នែងទាំង១០នោះ គឺនឹងមានស្តេច១០អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមាន១ទៀតកើតឡើង ដែលនឹងប្លែកពីស្តេចមុនៗ ក៏នឹងទំលាក់ស្តេច៣អង្គនោះចុះ ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតដែរ ព្រមទាំងគិតបំផ្លាស់ពេលកំណត់ នឹងច្បាប់ផង ហើយគេនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចនោះ នៅ១ខួប២ខួប ហើយកន្លះខួប ប៉ុន្តែការវិនិច្ឆ័យនឹងបានរៀបចំជាស្រេច ហើយគេនឹងដកអំណាចវាចេញ ឲ្យត្រូវបំផ្លាញ ហើយសាបសូន្យទៅដរាបដល់ចុងបំផុត នោះរាជ្យ នឹងអំណាចគ្រប់គ្រង ព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរ នៅក្រោមមេឃទាំងមូល នឹងបានប្រគល់ ដល់បណ្តាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងត្រូវគោរពដល់ទ្រង់ ហើយស្តាប់បង្គាប់ផង