ដានីយ៉ែល 7:17-25
ដានីយ៉ែល 7:17-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯសត្វធំទាំងបួននោះ គឺជាស្តេចបួនអង្គដែលនឹងកើតឡើងនៅផែនដី។ ប៉ុន្ដែ ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត នឹងទទួលរាជ្យនោះ ហើយបានរាជ្យនោះជារបស់ខ្លួនអស់កល្បជានិច្ច គឺអស់កល្បជាអង្វែងតរៀងទៅ។ ពេលនោះ ខ្ញុំចង់ដឹងន័យពិតអំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតទាំងអស់ ជាសត្វដែលគួរស្ញែងខ្លាចជាខ្លាំង មានធ្មេញដែក និងក្រចកលង្ហិន ដែលត្របាក់លេប កិនកម្ទេច ហើយជាន់ឈ្លីសំណល់ដោយជើង ក៏ចង់ដឹងអំពីដំណើរស្នែងដប់នៅលើក្បាលវា និងពីស្នែងមួយទៀតដែលដុះឡើង ហើយធ្វើឲ្យស្នែងបីមុនដួលនៅមុខវា ជាស្នែងមួយដែលមានភ្នែក និងមាត់ដែលពោលពាក្យធំៗ ហើយមើលទៅហាក់ដូចជាធំជាងស្នែងឯទៀតៗ។ ខ្ញុំគន់មើលទៅ ឃើញស្នែងនោះច្បាំងនឹងពួកបរិសុទ្ធ ហើយមានប្រៀបលើពួកគេ រហូតដល់ពេលព្រះដ៏មានព្រះជន្មពីបុរាណយាងមក ទើបការវិនិច្ឆ័យបានប្រគល់ឲ្យពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត រួចពេលកំណត់ក៏មកដល់ ជាពេលដែលពួកបរិសុទ្ធទទួលបានរាជ្យជារបស់ខ្លួន។ អ្នកនោះពោលដូច្នេះថា៖ «រីឯសត្វទីបួន គឺនឹងមាននគរទីបួននៅលើផែនដីកើតឡើង ដែលនគរនោះប្លែកពីនគរឯទៀតៗទាំងអស់ នគរនោះនឹងលេបត្របាក់ផែនដីទាំងមូល ហើយជាន់ឈ្លីដោយជើង ព្រមទាំងកិនកម្ទេចផង។ ឯស្នែងទាំងដប់ គឺនឹងមានស្តេចដប់អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមានមួយអង្គទៀតកើតឡើង ស្ដេចនេះប្លែកពីស្តេចមុនៗ ក៏នឹងទម្លាក់ស្តេចបីអង្គនោះចោល។ ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបុកម្នេញ ដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត ហើយមានបំណងចង់ផ្លាស់ប្ដូរ ពេលកំណត់ និងច្បាប់ ហើយគេនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចនោះ អស់រយៈពេលមួយខួប ពីរខួប និងកន្លះខួប។
ដានីយ៉ែល 7:17-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សត្វធំសម្បើមទាំងបួននោះ គឺព្រះមហាក្សត្របួនអង្គ ដែលនឹងឡើងគ្រងរាជ្យលើផែនដីនេះ។ បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជសម្បត្តិនោះ ហើយពួកគេគ្រងព្រះរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច ជាអង្វែងតរៀងទៅ។ ក្រោយមក ខ្ញុំក៏សួរចង់ដឹងឲ្យច្បាស់អំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតៗ គឺមានរូបរាងគួរស្ញែងខ្លាច មានធ្មេញដែក មានក្រចកលង្ហិន ហើយត្របាក់ស៊ីកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់។ ខ្ញុំក៏ចង់ដឹងអំពីស្នែងទាំងដប់នៅលើក្បាលសត្វនោះ និងអំពីស្នែងមួយទៀតដែលដុះឡើងធ្វើឲ្យជ្រុះស្នែងបី។ ស្នែងក្រោយនេះមានភ្នែក និងមានមាត់ពោលពាក្យព្រហើនកោងកាច ហើយឃើញហាក់ដូចជាធំជាងស្នែងឯទៀតៗ។ ខ្ញុំបានឃើញស្នែងនេះកំពុងតែច្បាំងនឹងប្រជាជនដ៏វិសុទ្ធ ហើយមានប្រៀបលើពួកគេ រហូតដល់ពេលព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរយាងមក ដើម្បីរកយុត្តិធម៌ឲ្យប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ពេលនោះ ជាពេលកំណត់ដែលប្រជាជនដ៏វិសុទ្ធត្រូវទទួលរាជសម្បត្តិ។ បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួនដែលនឹងកើតឡើង នៅលើផែនដី។ រាជាណាចក្រនោះប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេប ជាន់ឈ្លី និងកិនកម្ទេចរាជាណាចក្រឯទៀតៗ។ រីឯស្នែងទាំងដប់ គឺស្ដេចដប់អង្គដែលនឹងឡើងគ្រងរាជ្យ ក្នុងរាជាណាចក្រនោះ។ បន្ទាប់មក មានស្ដេចមួយអង្គ ដែលប្លែកពីស្ដេចមុនៗឡើងគ្រងរាជ្យក្រោយគេបង្អស់ ហើយទម្លាក់ស្ដេចបីអង្គទៀតចោល។ ស្ដេចអង្គនេះនឹងមានរាជឱង្ការប្រឆាំងព្រះដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរក្រឹត្យវិន័យទៀតផង។ ទ្រង់នឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា។
ដានីយ៉ែល 7:17-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសត្វធំទាំង៤នោះ គឺជាស្តេច៤អង្គដែលនឹងកើតឡើងនៅផែនដី តែពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត គេនឹងទទួលរាជ្យ ហើយនឹងបានរាជ្យនោះជារបស់ផងខ្លួននៅជានិច្ច គឺអស់កល្បតទៅ នោះខ្ញុំចង់ដឹងន័យពិត ពីសត្វទី៤ដែលផ្សេងពីសត្វឯទៀតនោះ ជាសត្វដែលគួរស្ញែងខ្លាចជាខ្លាំងមានធ្មេញដែក នឹងក្រចកលង្ហិន ដែលត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង ក៏ចង់ដឹងពីដំណើរស្នែង១០ នៅលើក្បាលវា នឹងពីស្នែង១នោះដែលដុះឡើងជាខាងក្រោយ ហើយមានស្នែង៣មុនដួលនៅមុខវា គឺជាស្នែង១នោះដែលមានភ្នែក នឹងមាត់ពោលយ៉ាងធំ ហើយឫកពាក៏មាំជាងស្នែងឯទៀត ខ្ញុំគន់មើលទៅ ឃើញស្នែងនោះឯង បានច្បាំងនឹងពួកបរិសុទ្ធហើយក៏ឈ្នះផង ដរាបដល់ព្រះដ៏មានព្រះជន្មពីបុរាណបានយាងមក នោះការវិនិច្ឆ័យបានប្រគល់ដល់ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត ហើយកំណត់ក៏មកដល់ ដែលពួកបរិសុទ្ធត្រូវបានរាជ្យជារបស់ផងខ្លួន។ អ្នកនោះក៏ប្រាប់ថា សត្វទី៤នោះ គឺជានគរទី៤នៅលើផែនដី ដែលនឹងត្រូវជាផ្សេងពីអស់ទាំងនគរ ហើយនឹងត្របាក់លេបផែនដីទាំងមូល ក៏នឹងជាន់ពង្រាបដោយជើង ព្រមទាំងលំអិតកំទេចផង ឯស្នែងទាំង១០នោះ គឺនឹងមានស្តេច១០អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមាន១ទៀតកើតឡើង ដែលនឹងប្លែកពីស្តេចមុនៗ ក៏នឹងទំលាក់ស្តេច៣អង្គនោះចុះ ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតដែរ ព្រមទាំងគិតបំផ្លាស់ពេលកំណត់ នឹងច្បាប់ផង ហើយគេនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចនោះ នៅ១ខួប២ខួប ហើយកន្លះខួប