ដានីយ៉ែល 7:1-25
ដានីយ៉ែល 7:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទបេលសាសារ ជាស្តេចស្រុកបាប៊ីឡូន ដានីយ៉ែលបានសុបិនឃើញ ហើយមាននិមិត្តមួយក្នុងគំនិត ក្នុងពេលលោកសម្រាកក្នុងដំណេក។ បន្ទាប់មក លោកកត់ត្រាសុបិននោះ ហើយរៀបរាប់ប្រាប់អត្ថន័យសំខាន់ៗដោយសង្ខេប។ ដានីយ៉ែលបរិយាយថា៖ «មើល៍ ក្នុងនិមិត្តរបស់ខ្ញុំនៅពេលយប់ ខ្ញុំឃើញខ្យល់ទាំងបួនទិសនៅលើអាកាស ធ្លាក់ចុះមកលើមហាសមុទ្រ រួចមានសត្វធំបួនឡើងចេញពីសមុទ្រ មានសណ្ឋានផ្សេងៗគ្នា។ សត្វទីមួយមានរាងដូចជាសិង្ហ ហើយមានស្លាបជាស្លាបឥន្ទ្រី។ ពេលខ្ញុំតាមមើល ខ្ញុំឃើញគេដកស្លាបវា ហើយគេលើកវាឡើងផុតពីដី ក៏ដាក់ឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។ មើល៍ មានសត្វមួយទៀត ជាសត្វទីពីរ មានសណ្ឋានជាខ្លាឃ្មុំ វាឈរលើជើងម្ខាង ទាំងពាំឆ្អឹងជំនីរ បីនៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់វាថា "ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ"។ ក្រោយមក ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀតមានសណ្ឋានជាខ្លារខិន នៅលើខ្នងវាមានស្លាបបួន ជាស្លាបសត្វហើរ វាមានក្បាលបួនដែរ ហើយគេឲ្យអំណាចគ្រប់គ្រងដល់វា។ ក្រោយមក ក្នុងនិមិត្តនៅពេលយប់នោះ ខ្ញុំឃើញសត្វទីបួន ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកម្លាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប វាកិនកម្ទេច ហើយជាន់ឈ្លីសំណល់ដោយជើង។ សត្វនោះប្លែកពីសត្វមុនៗអស់ទាំង គឺវាក៏មានស្នែងដប់។ ខ្ញុំបានពិចារណាមើលស្នែងទាំងនោះ ក៏ឃើញមានស្នែងមួយទៀត ជាស្នែងតូច ដុះឡើងនៅកណ្ដាល នៅពីមុខវា ស្នែងចាស់បីត្រូវគេដកចេញទាំងឫស ស្នែងនេះមានភ្នែក ដូចភ្នែកមនុស្ស ហើយមានមាត់ដែលពោលពាក្យធំៗ។ កាលខ្ញុំគន់មើល ឃើញគេយកបល្ល័ង្កជាច្រើនមកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណ គង់លើបល្ល័ង្ករបស់ព្រះអង្គ ព្រះអង្គមានព្រះពស្ត្រសស្គុសដូចហិមៈ ហើយព្រះកេសានៅព្រះសិរព្រះអង្គ សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កព្រះអង្គសុទ្ធតែជាអណ្ដាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ជាភ្លើងដែលកំពុងឆេះ។ មានទន្លេជាភ្លើងហូរចេញពីចំពោះព្រះអង្គ មានមនុស្សរាប់ពាន់រាប់ម៉ឺនគោរពបម្រើព្រះអង្គ ហើយរាប់លានរាប់កោដិឈរនៅចំពោះព្រះអង្គ។ ការវិនិច្ឆ័យបានរៀបចំជាស្រេច ហើយបញ្ជីទាំងប៉ុន្មានក៏បើកឡើងដែរ។ ពេលនោះ ខ្ញុំគន់មើល ព្រោះមានសំឡេងរបស់ស្នែង ដែលពោលពាក្យយ៉ាងធំ។ ពេលខ្ញុំមើលទៅ ឃើញគេសម្លាប់សត្វនោះ ហើយគេបំផ្លាញខ្មោចវា រួចបោះចោលឲ្យភ្លើងឆេះ។ ចំណែកសត្វឯទៀតៗ អំណាចគ្រប់គ្រងរបស់វាត្រូវគេដកចេញ តែគេឲ្យវាមានជីវិតមួយរយៈពេលទៅមុខទៀត។ ខ្ញុំក៏ឃើញក្នុងនិមិត្តនៅពេលយប់នោះ មានម្នាក់ដូចកូនមនុស្ស យាងមកក្នុងពពកនៅលើមេឃ ព្រះអង្គយាងមកជិតព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ។ លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។ ឯខ្ញុំ ដានីយ៉ែល ចិត្តខ្ញុំកើតមានសេចក្ដីតប់ប្រមល់នៅក្នុងខ្លួន ហើយនិមិត្តក្នុងគំនិតខ្ញុំ ក៏នាំឲ្យខ្ញុំតក់ស្លុត។ ខ្ញុំចូលទៅជិតម្នាក់ ក្នុងចំណោមអស់អ្នកដែលឈរនៅទីនោះ ហើយសួរអត្ថន័យពិតអំពីហេតុការណ៍ទាំងនោះ។ ដូច្នេះ អ្នកនោះក៏ប្រាប់ខ្ញុំ ហើយទម្លាយឲ្យខ្ញុំដឹងពីន័យកាត់ស្រាយនោះថា ឯសត្វធំទាំងបួននោះ គឺជាស្តេចបួនអង្គដែលនឹងកើតឡើងនៅផែនដី។ ប៉ុន្ដែ ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត នឹងទទួលរាជ្យនោះ ហើយបានរាជ្យនោះជារបស់ខ្លួនអស់កល្បជានិច្ច គឺអស់កល្បជាអង្វែងតរៀងទៅ។ ពេលនោះ ខ្ញុំចង់ដឹងន័យពិតអំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតទាំងអស់ ជាសត្វដែលគួរស្ញែងខ្លាចជាខ្លាំង មានធ្មេញដែក និងក្រចកលង្ហិន ដែលត្របាក់លេប កិនកម្ទេច ហើយជាន់ឈ្លីសំណល់ដោយជើង ក៏ចង់ដឹងអំពីដំណើរស្នែងដប់នៅលើក្បាលវា និងពីស្នែងមួយទៀតដែលដុះឡើង ហើយធ្វើឲ្យស្នែងបីមុនដួលនៅមុខវា ជាស្នែងមួយដែលមានភ្នែក និងមាត់ដែលពោលពាក្យធំៗ ហើយមើលទៅហាក់ដូចជាធំជាងស្នែងឯទៀតៗ។ ខ្ញុំគន់មើលទៅ ឃើញស្នែងនោះច្បាំងនឹងពួកបរិសុទ្ធ ហើយមានប្រៀបលើពួកគេ រហូតដល់ពេលព្រះដ៏មានព្រះជន្មពីបុរាណយាងមក ទើបការវិនិច្ឆ័យបានប្រគល់ឲ្យពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត រួចពេលកំណត់ក៏មកដល់ ជាពេលដែលពួកបរិសុទ្ធទទួលបានរាជ្យជារបស់ខ្លួន។ អ្នកនោះពោលដូច្នេះថា៖ «រីឯសត្វទីបួន គឺនឹងមាននគរទីបួននៅលើផែនដីកើតឡើង ដែលនគរនោះប្លែកពីនគរឯទៀតៗទាំងអស់ នគរនោះនឹងលេបត្របាក់ផែនដីទាំងមូល ហើយជាន់ឈ្លីដោយជើង ព្រមទាំងកិនកម្ទេចផង។ ឯស្នែងទាំងដប់ គឺនឹងមានស្តេចដប់អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមានមួយអង្គទៀតកើតឡើង ស្ដេចនេះប្លែកពីស្តេចមុនៗ ក៏នឹងទម្លាក់ស្តេចបីអង្គនោះចោល។ ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបុកម្នេញ ដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត ហើយមានបំណងចង់ផ្លាស់ប្ដូរ ពេលកំណត់ និងច្បាប់ ហើយគេនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចនោះ អស់រយៈពេលមួយខួប ពីរខួប និងកន្លះខួប។
ដានីយ៉ែល 7:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅបេលសាសារ ជាស្ដេចស្រុកបាប៊ីឡូន លោកដានីយ៉ែលបានយល់សុបិននៅពេលសម្រាន្ដ គឺព្រលឹងរបស់លោកនិមិត្តឃើញការអស្ចារ្យ ដែលលោកលើកយកចំណុចសំខាន់ៗ មកសរសេររៀបរាប់ដូចតទៅ: លោកដានីយ៉ែលមានប្រសាសន៍ថា៖ «ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញខ្យល់ទាំងបួនទិសបក់ពីមេឃមកលើមហាសមុទ្រ។ ពេលនោះ ស្រាប់តែមានសត្វដ៏ធំសម្បើមបួនក្បាលប្លែកៗពីគ្នា ផុសចេញពីមហាសមុទ្រ។ សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។ សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។ ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀត មានរូបរាងដូចខ្លារខិន នៅលើខ្នងវាមានស្លាបបួន ហើយវាមានក្បាលបួនដែរ វាបានទទួលអំណាចគ្រប់គ្រងលើពិភពលោក។ បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។ ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះមានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច»។ «ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ គង់នៅលើបល្ល័ង្កមួយ ទ្រង់មានព្រះភូសាពណ៌សដូចកប្បាស ហើយព្រះកេសារបស់ព្រះអង្គសដូចសំឡី។ បល្ល័ង្ករបស់ព្រះអង្គប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។ មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើព្រះអង្គ និងរាប់លានរាប់កោដិនាក់ទៀតឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។ ខ្ញុំក្រឡេកមើលទៅ ខ្ញុំបានឮស្នែងតូចនោះពោលពាក្យយ៉ាងព្រហើនកោងកាច។ ពេលខ្ញុំកំពុងតែសម្លឹងមើល ស្រាប់តែសត្វទីបួននោះត្រូវគេសម្លាប់ ហើយគេយកខ្មោចទៅដុតចោលក្នុងភ្លើង។ រីឯសត្វឯទៀតៗក៏បាត់បង់អំណាចគ្រប់គ្រង តែពួកវាបានទទួលការអនុញ្ញាតឲ្យរស់តទៅមុខទៀតរហូតដល់ពេលកំណត់។ ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រមនុស្ស* មកជាមួយពពកនៅលើផ្ទៃមេឃ លោកចូលទៅជិតព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ លោកបានទទួលអំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់លោកមិនត្រូវរលាយដែរ។» ពេលនោះ ខ្ញុំ ដានីយ៉ែល តប់ប្រមល់ក្នុងចិត្តជាខ្លាំង ដ្បិតនិមិត្តហេតុដ៏អស្ចារ្យដែលខ្ញុំបានឃើញក្នុងសុបិននេះ ធ្វើឲ្យខ្ញុំតក់ស្លុតណាស់។ ខ្ញុំក៏ខិតទៅជិតបុរសម្នាក់ក្នុងចំណោមអស់អ្នកដែលឈរនៅក្បែរបល្ល័ង្ក ហើយសួរគាត់ឲ្យពន្យល់អត្ថន័យពិតប្រាកដនៃហេតុការណ៍ទាំងនោះ។ គាត់ក៏កាត់ស្រាយអត្ថន័យនៃហេតុការណ៍ទាំងអស់ដែលខ្ញុំបានឃើញនោះដូចតទៅ: សត្វធំសម្បើមទាំងបួននោះ គឺព្រះមហាក្សត្របួនអង្គ ដែលនឹងឡើងគ្រងរាជ្យលើផែនដីនេះ។ បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជសម្បត្តិនោះ ហើយពួកគេគ្រងព្រះរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច ជាអង្វែងតរៀងទៅ។ ក្រោយមក ខ្ញុំក៏សួរចង់ដឹងឲ្យច្បាស់អំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតៗ គឺមានរូបរាងគួរស្ញែងខ្លាច មានធ្មេញដែក មានក្រចកលង្ហិន ហើយត្របាក់ស៊ីកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់។ ខ្ញុំក៏ចង់ដឹងអំពីស្នែងទាំងដប់នៅលើក្បាលសត្វនោះ និងអំពីស្នែងមួយទៀតដែលដុះឡើងធ្វើឲ្យជ្រុះស្នែងបី។ ស្នែងក្រោយនេះមានភ្នែក និងមានមាត់ពោលពាក្យព្រហើនកោងកាច ហើយឃើញហាក់ដូចជាធំជាងស្នែងឯទៀតៗ។ ខ្ញុំបានឃើញស្នែងនេះកំពុងតែច្បាំងនឹងប្រជាជនដ៏វិសុទ្ធ ហើយមានប្រៀបលើពួកគេ រហូតដល់ពេលព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរយាងមក ដើម្បីរកយុត្តិធម៌ឲ្យប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ពេលនោះ ជាពេលកំណត់ដែលប្រជាជនដ៏វិសុទ្ធត្រូវទទួលរាជសម្បត្តិ។ បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួនដែលនឹងកើតឡើង នៅលើផែនដី។ រាជាណាចក្រនោះប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេប ជាន់ឈ្លី និងកិនកម្ទេចរាជាណាចក្រឯទៀតៗ។ រីឯស្នែងទាំងដប់ គឺស្ដេចដប់អង្គដែលនឹងឡើងគ្រងរាជ្យ ក្នុងរាជាណាចក្រនោះ។ បន្ទាប់មក មានស្ដេចមួយអង្គ ដែលប្លែកពីស្ដេចមុនៗឡើងគ្រងរាជ្យក្រោយគេបង្អស់ ហើយទម្លាក់ស្ដេចបីអង្គទៀតចោល។ ស្ដេចអង្គនេះនឹងមានរាជឱង្ការប្រឆាំងព្រះដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរក្រឹត្យវិន័យទៀតផង។ ទ្រង់នឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា។
ដានីយ៉ែល 7:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅក្នុងឆ្នាំដំបូង នៃបេលសាសារ ជាស្តេចក្រុងបាប៊ីឡូន នោះដានីយ៉ែលលោកយល់សប្តិ ហើយឃើញការជាក់ស្តែងនៅក្នុងខួរ កំពុងដេកលើដំណេក រួចក៏កត់សប្តិនោះទុក ហើយប្រាប់ដោយសង្ខេបតាមសេចក្ដីដែលសំខាន់ៗ ដានីយ៉ែលលោកបរិយាយថា ខ្ញុំបានឃើញការជាក់ស្តែងនៅពេលយប់ដូច្នេះ ខ្យល់ទាំង៤នៅលើអាកាសធ្លាក់ចុះមកលើមហាសមុទ្រ រួចមានសត្វធំ៤ឡើងចេញពីសមុទ្រមក មានសណ្ឋានផ្សេងៗគ្នា សត្វទី១ដូចជាសិង្ហ ហើយមានស្លាបជាស្លាបឥន្ទ្រី ខ្ញុំបានគន់មើលដរាបដល់ចំអេងស្លាបវាត្រូវដកចេញ ហើយវាត្រូវលើកឡើងផុតពីដី ក៏ដាក់ឲ្យឈរជើង២ដូចជាមនុស្ស ហើយបានឲ្យវាមានចិត្តរបស់មនុស្សដែរ រួចឃើញសត្វ១ទៀត ជាសត្វទី២ មានសណ្ឋានជាខ្លាឃ្មុំ ក៏ឈរចំខែងពាំឆ្អឹងជំនីរ៣នៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់ដល់វាថា ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនៗទៅ ក្រោយមក ខ្ញុំគន់មើលទៅឃើញសត្វ១ទៀត មានសណ្ឋានជាខ្លារខិន ឯនៅលើខ្នងវា មានស្លាប៤នៃសត្វហើរ ក៏មានក្បាល៤ដែរ ហើយមានអំណាចគ្រប់គ្រងប្រគល់ដល់វា លំដាប់នោះ ក្នុងការជាក់ស្តែងពេលយប់ ខ្ញុំក៏ឃើញសត្វទី៤ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកំឡាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង សត្វនោះផ្សេងពីអស់ទាំងសត្វដែលមកជាមុននោះក៏មានស្នែង១០ ខ្ញុំបានពិចារណាមើលស្នែងទាំងនោះ ក៏ឃើញមានស្នែង១ទៀត ជាស្នែងតូច ដុះឡើងនៅជាកណ្តាល នៅមុខវាស្នែងចាស់៣ត្រូវដកចេញទាំងឫស ហើយឃើញថា ស្នែង១នោះមានភ្នែក ដូចជាភ្នែកនៃមនុស្ស ក៏មានមាត់កំពុងតែពោលយ៉ាងធំ។ ខ្ញុំក៏គន់មើល ទាល់តែមានគេយកបល្ល័ង្ក មកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះពស្ត្រទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិរទ្រង់ ក៏សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កទ្រង់ នោះសុទ្ធតែជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ក៏ជាភ្លើងឆេះដែរ មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំង ម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ ខណៈនោះ ខ្ញុំបានគន់មើល ដោយព្រោះសំឡេងរបស់ស្នែង១ ដែលពោលយ៉ាងធំនោះ ក៏មើលដរាបដល់សត្វ នោះត្រូវសំឡាប់បង់ ហើយខ្មោចវាត្រូវបំផ្លាញ ព្រមទាំងប្រគល់ដល់ភ្លើងឲ្យឆេះផង រីឯសត្វឯទៀតទាំងនោះ អំណាចគ្រប់គ្រងរបស់វាត្រូវដកចេញ តែជីវិតវាបាននៅតទៅអស់១ពេលដល់កំណត់។ ខ្ញុំក៏ឃើញ ក្នុងការជាក់ស្តែងពេលយប់នោះ មាន១អង្គដូចជាមនុស្សជាតិ ទ្រង់យាងមកក្នុងពពកឰដ៏អាកាស ទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង។ ឯខ្ញុំ ដានីយ៉ែល ចិត្តខ្ញុំកើតមានសេចក្ដីតប់ប្រមល់នៅក្នុងខ្លួន ហើយការជាក់ស្តែងក្នុងខួរខ្ញុំ ក៏នាំឲ្យខ្ញុំវិតក្កព្រួយ ខ្ញុំក៏អែបចូលទៅជិតម្នាក់ដែលឈរនៅទីនោះ សួរន័យដ៏ពិតរបស់ការទាំងនោះ អ្នកនោះក៏ប្រាប់ដល់ខ្ញុំ ព្រមទាំងទំលាយន័យសេចក្ដីឲ្យខ្ញុំយល់ផង ឯសត្វធំទាំង៤នោះ គឺជាស្តេច៤អង្គដែលនឹងកើតឡើងនៅផែនដី តែពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត គេនឹងទទួលរាជ្យ ហើយនឹងបានរាជ្យនោះជារបស់ផងខ្លួននៅជានិច្ច គឺអស់កល្បតទៅ នោះខ្ញុំចង់ដឹងន័យពិត ពីសត្វទី៤ដែលផ្សេងពីសត្វឯទៀតនោះ ជាសត្វដែលគួរស្ញែងខ្លាចជាខ្លាំងមានធ្មេញដែក នឹងក្រចកលង្ហិន ដែលត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង ក៏ចង់ដឹងពីដំណើរស្នែង១០ នៅលើក្បាលវា នឹងពីស្នែង១នោះដែលដុះឡើងជាខាងក្រោយ ហើយមានស្នែង៣មុនដួលនៅមុខវា គឺជាស្នែង១នោះដែលមានភ្នែក នឹងមាត់ពោលយ៉ាងធំ ហើយឫកពាក៏មាំជាងស្នែងឯទៀត ខ្ញុំគន់មើលទៅ ឃើញស្នែងនោះឯង បានច្បាំងនឹងពួកបរិសុទ្ធហើយក៏ឈ្នះផង ដរាបដល់ព្រះដ៏មានព្រះជន្មពីបុរាណបានយាងមក នោះការវិនិច្ឆ័យបានប្រគល់ដល់ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត ហើយកំណត់ក៏មកដល់ ដែលពួកបរិសុទ្ធត្រូវបានរាជ្យជារបស់ផងខ្លួន។ អ្នកនោះក៏ប្រាប់ថា សត្វទី៤នោះ គឺជានគរទី៤នៅលើផែនដី ដែលនឹងត្រូវជាផ្សេងពីអស់ទាំងនគរ ហើយនឹងត្របាក់លេបផែនដីទាំងមូល ក៏នឹងជាន់ពង្រាបដោយជើង ព្រមទាំងលំអិតកំទេចផង ឯស្នែងទាំង១០នោះ គឺនឹងមានស្តេច១០អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមាន១ទៀតកើតឡើង ដែលនឹងប្លែកពីស្តេចមុនៗ ក៏នឹងទំលាក់ស្តេច៣អង្គនោះចុះ ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតដែរ ព្រមទាំងគិតបំផ្លាស់ពេលកំណត់ នឹងច្បាប់ផង ហើយគេនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចនោះ នៅ១ខួប២ខួប ហើយកន្លះខួប