ដានីយ៉ែល 6:6-10

ដានីយ៉ែល 6:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ពួក​អធិបតី និង​ពួក​នាយក​ទាំង​នោះ ក៏​បាន​លើក​គ្នា​ចូល​ទៅ​គាល់​ស្តេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌រាជា​ដារី‌យុស សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! ពួក​អធិបតី​ក្នុង​នគរ ពួក​ចៅ‌ហ្វាយ ពួក​នាយក ពួក​ទី​ប្រឹក្សា និង​ពួក​ទេសា​ភិបាល​បាន​មូល​មតិ​គ្នា សូម​ឲ្យ​ព្រះ‌រាជា​ចេញ​រាជ​ឱង្ការ​មួយ​ច្បាប់ ប្រកាស​បំរាម​យ៉ាង​តឹង‌រ៉ឹង​ថា បពិត្រ​ព្រះរាជា ក្នុង​រយៈ​ពេល​សាម​សិប​ថ្ងៃ បើ​អ្នក​ណា​ទូល​សូម​អ្វី​ពី​ព្រះ‌ណា ឬ​ពី​មនុស្ស​ណា ក្រៅ​ពី​ព្រះ‌ករុណា នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ។ បពិត្រ​ព្រះ‌រាជា ឥឡូវ​នេះ សូម​ទ្រង់​ចេញ​ច្បាប់ ហើយ​ឡាយ​ព្រះ‌ហស្ត​លើ​ច្បាប់​នោះ ដើម្បី​កុំ​ឲ្យ​ផ្លាស់​ប្ដូរ​បាន ស្រប​តាម​ច្បាប់​របស់​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ដែល​ប្រែ​ក្រឡាស់​មិន​បាន​ឡើយ»។ ដូច្នេះ ព្រះ​បាទ​ដារី‌យុស​ក៏​ឡាយ​ព្រះ​ហស្ត​លើ​សំបុត្រ និង​បំរាម​នោះ។ កាល​ដានី‌យ៉ែល​បាន​ដឹង​ថា សំបុត្រ​នោះ​បាន​ចុះ​ហត្ថ‌លេខា​ហើយ លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក ដែល​មាន​បង្អួច​នៅ​បន្ទប់​ខាង​លើ បើក​ចំហ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម។ លោក​លុត​ជង្គង់​ចុះ​អធិ‌ស្ឋាន ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​លោក មួយ​ថ្ងៃ​បី​ដង ដូច​លោក​បាន​ធ្វើ​ពី​មុន។

ចែក​រំលែក
អាន ដានីយ៉ែល 6

ដានីយ៉ែល 6:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ពួក​មហា‌មន្ត្រី និង​ចៅហ្វាយ​ខេត្ត បាន​លើក​គ្នា​ចូល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រ​ទូល​ថា៖ «បពិត្រ​ព្រះ‌មហា‌ក្សត្រ ដារី‌យូស សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ! មហា‌មន្ត្រី​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ព្រម​ទាំង​មន្ត្រី​រដ្ឋ‌បាល មេ‌ទ័ព​ក្រុម​ប្រឹក្សា​ព្រះ‌រាជ​បល្ល័ង្ក និង​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​បាន​មូល​មតិ​គ្នា សូម​ឲ្យ​ស្ដេច​ចេញ​រាជ‌ក្រឹត្យ​មួយ ដើម្បី​ប្រកាស​បំរាម​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌រាជា ក្នុង​អំឡុង​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​សូម​អ្វី​ពី​ព្រះ​ណា​មួយ ឬ​ពី​មនុស្ស​ណា​ម្នាក់ ក្រៅ​ពី​ព្រះ‌ករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ”។ បពិត្រ​ព្រះ‌រាជា ឥឡូវ​នេះ សូម​ទ្រង់​ឡាយ​ព្រះ‌ហស្ដ​លេខា​បញ្ជាក់​បំរាម​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស​ដែល​ឥត​ផ្លាស់​ប្ដូរ ឬ​ប្រែ​ក្រឡាស់​បាន​ឡើយ»។ ព្រះចៅ​ដារី‌យូស​ក៏​ឡាយ​ព្រះ‌ហស្ដ​លេខា​លើ​រាជ‌ក្រឹត្យ​ប្រកាស​បំរាម​នោះ។ កាល​លោក​ដានី‌យ៉ែល​បាន​ជ្រាប​អំពី​រាជ‌ក្រឹត្យ​នេះ លោក​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ ក្នុង​ផ្ទះ​របស់​លោក​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម។ លោក​លុត​ជង្គង់​អធិស្ឋាន និង​សរសើរ​ព្រះ​របស់​លោក​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។

ចែក​រំលែក
អាន ដានីយ៉ែល 6

ដានីយ៉ែល 6:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​អធិបតី នឹង​ពួក​ចៅហ្វាយ​ទាំង​នោះ ក៏​នាំ​គ្នា​ចូល​ទៅ​គាល់​ស្តេច ទូល​ដូច្នេះ​ថា បពិត្រ​ព្រះ‌រាជា​ដារី‌យុស សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ជន្ម​ចំរើន​ជា​យឺន‌យូរ​ត​ទៅ ពួក​អធិបតី​ក្នុង​នគរ ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​បាឡាត់ នឹង​ពួក​ចៅហ្វាយ​ស្រុក បាន​ជំនុំ​ព្រម​គ្នា ចង់​តាំង​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ គឺ​ជា​សេចក្ដី​បំរាម​យ៉ាង​តឹង‌រ៉ឹង​ថា បើ​អ្នក​ណា​នឹង​សូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​មនុស្ស​ណា​ក៏​ដោយ វៀរ​តែ​សូម​ពី​ព្រះ‌រាជា​ក្នុង​រវាង​៣០​ថ្ងៃ នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ បពិត្រ​ព្រះ‌រាជា ដូច្នេះ សូម​ទ្រង់​តាំង​ច្បាប់ ហើយ​ចុះ​ហត្ថ‌លេខា​នៅ​ច្បាប់​នោះ ប្រយោជន៍​មិន​ឲ្យ​ផ្លាស់​ប្រែ​បាន តាម​របៀប​ច្បាប់​នៃ​សាសន៍​មេឌី នឹង​សាសន៍​ពើស៊ី ដែល​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ ដូច្នេះ ស្តេច​ដារី‌យុស​ទ្រង់​ក៏​ចុះ​ហត្ថ‌លេខា នៅ​សំបុត្រ​ជា​សេចក្ដី​បំរាម​នោះ។ កាល​ដានី‌យ៉ែល​បាន​ដឹង​ថា សំបុត្រ​នោះ​បាន​ចុះ​ហត្ថ‌លេខា​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក (រីឯ​បង្អួច​នៃ​បន្ទប់​របស់​លោក ខាង​ក្រុង​យេរូ‌សាឡិម ក៏​នៅ​ចំហ) លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​លោក​១​ថ្ងៃ​៣​ដង ដូច​ជា​កាល​ពី​មុន

ចែក​រំលែក
អាន ដានីយ៉ែល 6