ដានីយ៉ែល 6:11-28
ដានីយ៉ែល 6:11-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកអ្នកទាំងនោះក៏លើកគ្នាចូលមក ហើយឃើញដានីយ៉ែលកំពុងតែអធិស្ឋាន ទូលអង្វរនៅចំពោះព្រះរបស់លោក។ ពេលនោះ គេនាំគ្នាចូលទៅគាល់ស្តេច ហើយទូលអំពីបំរាមនោះថា៖ «បពិត្រព្រះរាជា តើទ្រង់មិនបានឡាយព្រះហស្ដលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលសូមអ្វីពីព្រះណា ឬពីមនុស្សណា ក្រៅពីព្រះករុណា នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហទេឬ?»។ ស្ដេចឆ្លើយថា៖ «សេចក្ដីនោះពិតហើយ គឺស្របតាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ដែលប្រែក្រឡាស់មិនបានឡើយ»។ ពេលនោះ គេក៏ទូលស្តេចថា៖ «ដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយមកពីស្រុកយូដា មិនអើពើនឹងព្រះករុណាទេ បពិត្រព្រះករុណា ក៏មិនយកចិត្តទុកដាក់នឹងបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ គឺគាត់នៅតែអធិស្ឋានមួយថ្ងៃបីដង»។ កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ព្រួយព្រះហឫទ័យជាខ្លាំង ហើយទ្រង់គិតរិះរកវិធីដើម្បីរំដោះដានីយ៉ែល។ ស្ដេចខំប្រឹងប្រែងជួយសង្គ្រោះលោក រហូតដល់ថ្ងៃលិច។ ពេលនោះ ពួកអ្នកទាំងនោះក៏លើកគ្នាមកទូលស្តេចថា៖ «បពិតព្រះរាជា សូមទ្រង់ជ្រាបថា តាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ច្បាប់ណា ឬបំរាមណាដែលស្តេចចេញហើយ នោះមិនអាចផ្លាស់ប្តូរបានឡើយ»។ ពេលនោះ ស្ដេចក៏ចេញបញ្ជា ហើយគេនាំដានីយ៉ែលយកទៅបោះក្នុងរូងសិង្ហ។ ស្ដេចមានរាជឱង្ការទៅដានីយ៉ែលថា៖ «ព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តស្មោះត្រង់ ទ្រង់នឹងសង្គ្រោះលោកមិនខាន!» គេក៏យកថ្មមួយផ្ទាំងមកសន្ធប់មាត់រូង ហើយស្ដេចក៏ប្រថាប់ត្រាព្រះទម្រង់ និងចិញ្ចៀនត្រារបស់ពួកសេនាបតីស្ដេច ដើម្បីមិនឲ្យមានអ្វីផ្លាស់ប្តូរពីដំណើរដានីយ៉ែលឡើយ។ បន្ទាប់មក ស្ដេចយាងទៅឯរាជវាំងវិញ ឥតសោយអ្វីនៅយប់នោះឡើយ ក៏មិនមានតន្ត្រីប្រគំថ្វាយដែរ ស្ដេចផ្ទំមិនលក់ទាល់តែសោះ។ លុះព្រលឹមស្រាង ស្ដេចក៏តើនឡើង ហើយប្រញាប់ប្រញាល់យាងទៅឯរូងសិង្ហ។ កាលស្ដេចយាងចូលទៅជិតរូង ទ្រង់ក៏ស្រែកហៅដានីយ៉ែល ដោយសំឡេងយ៉ាងក្ដុកក្ដួលថា៖ «ឱដានីយ៉ែល ជាអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មរស់អើយ តើព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តស្មោះត្រង់ ព្រះអង្គអាចសង្គ្រោះលោកឲ្យរួចពីពួកសិង្ហបានឬទេ?» ពេលនោះ ដានីយ៉ែលទូលទៅស្ដេចថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! ព្រះរបស់ទូលបង្គំបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមកបិទមាត់សិង្ហ មិនឲ្យវាធ្វើបាបទូលបង្គំទេ ព្រោះនៅចំពោះព្រះអង្គ មិនឃើញថាទូលបង្គំមានទោសអ្វីឡើយ ហើយបពិត្រព្រះករុណា នៅចំពោះព្រះករុណា ក៏ទូលបង្គំមិនបានប្រព្រឹត្តអ្វីខុសដែរ»។ ពេលនោះ ស្ដេចមានព្រះហឫទ័យរីករាយក្រៃលែង ហើយក៏បញ្ជាឲ្យគេយោងដានីយ៉ែលចេញពីរូង។ ដូច្នេះ គេក៏យោងដានីយ៉ែលចេញពីរូង ហើយមិនឃើញមានរបួសណានៅខ្លួនលោកឡើយ ព្រោះលោកបានទុកចិត្តដល់ព្រះរបស់លោក។ បន្ទាប់មក ស្ដេចចេញបញ្ជា ហើយគេក៏នាំអស់អ្នកដែលចោទប្ដឹងដានីយ៉ែល យកទៅបោះក្នុងរូងសិង្ហវិញ គឺទាំងខ្លួនគេ និងប្រពន្ធកូនរបស់គេផង។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង សិង្ហទាំងនោះក៏មានអំណាចលើគេ ហើយបំបាក់ឆ្អឹងរបស់គេខ្ទេចខ្ទីអស់។ បន្ទាប់មក ព្រះបាទដារីយុសចេញរាជសារប្រកាសប្រាប់ប្រជាជន ជាតិសាសន៍ទាំងអស់ និងមនុស្សគ្រប់ភាសា ដែលរស់នៅលើផែនដីទាំងមូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូរ! យើងចេញបញ្ជាឲ្យមនុស្សទាំងឡាយដែលរស់នៅពាសពេញក្នុងអាណាចក្ររបស់យើងទាំងមូល ឲ្យញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះរបស់ដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មរស់ ក៏នៅស្ថិតស្ថេរអស់កល្បជានិច្ច រាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ នៅដរាបគ្មានទីបញ្ចប់។ ព្រះអង្គរំដោះ ហើយសង្គ្រោះ ព្រះអង្គធ្វើទីសម្គាល់ និងការអស្ចារ្យ នៅស្ថានសួគ៌ ហើយនៅផែនដី គឺព្រះអង្គដែលបានសង្គ្រោះដានីយ៉ែល ឲ្យរួចពីអំណាចសិង្ហ»។ ដូច្នេះ ដានីយ៉ែលនេះក៏ចម្រុងចម្រើនឡើង ក្នុងរជ្ជកាលព្រះបាទដារីយុស និងក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាសាសន៍ពើស៊ី។
ដានីយ៉ែល 6:11-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ពួកនាម៉ឺនមន្ត្រីក៏លើកគ្នាចូលមក ឃើញលោកដានីយ៉ែលកំពុងតែទូលអង្វរព្រះរបស់លោក។ ពួកគេនាំគ្នាចូលទៅគាល់ស្ដេច ទូលអំពីរាជបំរាមនោះថា៖ «បពិត្រព្រះរាជា! តើទ្រង់បានឡាយព្រះហស្ដលេខាលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរព្រះ ឬមនុស្ស ក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោមែនឬ?»។ ព្រះមហាក្សត្រឆ្លើយថា៖ «ត្រូវហើយ! យើងបានសម្រេចដូច្នេះមែន គឺស្របតាមច្បាប់របស់ជនជាតិមេឌី និងពែរ្ស ដែលមិនអាចប្រែក្រឡាស់បានឡើយ»។ ពួកគេក៏ទូលព្រះរាជាថា៖ «បពិត្រព្រះរាជា លោកដានីយ៉ែលជាអ្នកដែលគេជន្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងព្រះករុណា ហើយក៏មិនគោរពតាមបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ! គឺលោកនៅតែអធិស្ឋានមួយថ្ងៃបីដង»។ កាលស្ដេចព្រះសណ្ដាប់ដូច្នេះហើយ ទ្រង់ព្រួយព្រះហឫទ័យជាខ្លាំង។ ព្រះរាជាចង់ដោះលែងលោកដានីយ៉ែលណាស់ គឺតាំងពីពេលនោះរហូតដល់ល្ងាច ទ្រង់រិះរកមធ្យោបាយដោះលែងលោកដានីយ៉ែល។ ប៉ុន្តែ នាម៉ឺនមន្ត្រីទាំងនោះលើកគ្នាមកទូលស្ដេចថា៖ «បពិត្រព្រះរាជា! សូមទ្រង់ជ្រាបថា តាមច្បាប់របស់ជនជាតិមេឌី និងជនជាតិពែរ្ស រាជបំរាម និងរាជក្រឹត្យទាំងប៉ុន្មាន ដែលមានឡាយព្រះហស្ដលេខារបស់ព្រះមហាក្សត្រមិនអាចប្រែប្រួលបានជាដាច់ខាត!»។ ព្រះមហាក្សត្របញ្ជាឲ្យគេនាំលោកដានីយ៉ែលទៅបោះនៅក្នុងរូងតោ ទាំងមានរាជឱង្ការទៅលោកថា៖ «ព្រះរបស់លោកនឹងសង្គ្រោះជីវិតលោកជាមិនខាន ព្រោះលោកបានគោរពបម្រើព្រះអង្គដោយចិត្តព្យាយាម»។ គេយកផ្ទាំងថ្មមួយផ្ទាំងមកសន្ធប់មាត់រូង ហើយព្រះមហាក្សត្រប្រថាប់ត្រាព្រះទម្រង់លើថ្មនោះ ពួកមន្ត្រីរបស់ស្ដេចក៏បោះត្រាចិញ្ចៀនរបស់គេលើថ្មនោះដែរ។ ដូច្នេះ គ្មាននរណាអាចសង្គ្រោះលោកដានីយ៉ែលបានឡើយ។ បន្ទាប់មក ព្រះមហាក្សត្រយាងចូលរាជវាំងវិញ ទ្រង់យាងចូលក្រឡាបន្ទំ ដោយមិនព្រមសោយអ្វីឡើយ ហើយក៏មិនអនុញ្ញាតឲ្យពួកស្នំចូលមកជិតដែរ។ យប់នោះ ទ្រង់ផ្ទំមិនលក់ទាល់តែសោះ។ ព្រះរាជាក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយប្រញាប់ប្រញាល់យាងឆ្ពោះទៅរូងតោ។ ទ្រង់ចូលទៅជិតរូង ទាំងស្រែកហៅលោកដានីយ៉ែល ដោយបន្លឺព្រះសូរសៀងយ៉ាងក្ដុកក្ដួលថា៖ «លោកដានីយ៉ែលជាអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មគង់នៅអើយ តើព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តព្យាយាមនោះ បានរំដោះលោកឲ្យរួចពីតោឬទេ?»។ លោកដានីយ៉ែលទូលទៅស្ដេចវិញថា៖ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ! ព្រះរបស់ទូលបង្គំចាត់ទេវតារបស់ព្រះអង្គមកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបទូលបង្គំឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបថា ទូលបង្គំគ្មានទោសពៃរ៍អ្វីនៅចំពោះព្រះភ័ក្ត្រព្រះអង្គទេ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណាដែរ»។ ពេលនោះ ព្រះមហាក្សត្រមានព្រះហឫទ័យរីករាយក្រៃលែង ទ្រង់បញ្ជាឲ្យគេយកលោកដានីយ៉ែលចេញពីរូងមកវិញ គេក៏យកលោកចេញមកឃើញថា លោកគ្មានរបួសអ្វីសោះ ដ្បិតលោកមានជំនឿលើព្រះរបស់លោក។ បន្ទាប់មក ព្រះមហាក្សត្របញ្ជាឲ្យគេនាំពួកនាម៉ឺនមន្ត្រី ដែលបានចោទប្រកាន់លោកដានីយ៉ែលយកទៅបោះនៅក្នុងរូងតោទាំងប្រពន្ធ ទាំងកូន។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង តោបានលោតមកត្របាក់ស៊ីពួកគេខ្ទេចខ្ទីអស់។ ព្រះបាទដារីយូសចេញរាជសារមួយប្រកាសប្រាប់ប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសា ដែលរស់នៅលើផែនដីទាំងមូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌! យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទួទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចព្រះរបស់លោកដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ហើយព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ។ ព្រះអង្គសង្គ្រោះ និងរំដោះមនុស្សលោក ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ នៅលើមេឃ និងនៅលើផែនដី គឺព្រះអង្គនេះហើយដែលបានសង្គ្រោះ លោកដានីយ៉ែលឲ្យរួចពីក្រញាំតោ»។ លោកដានីយ៉ែលបានចម្រុងចម្រើនរុងរឿងឡើង ក្នុងរជ្ជកាលព្រះចៅដារីយូស និងក្នុងរជ្ជកាលព្រះចៅស៊ីរូស ជាជនជាតិពែរ្ស។
ដានីយ៉ែល 6:11-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកអ្នកទាំងនោះ គេក៏មូលគ្នាមកឃើញដានីយ៉ែលកំពុងតែអធិស្ឋាន ទូលអង្វរនៅចំពោះព្រះនៃលោក រួចគេក៏ចូលទៅជិត ទូលនឹងស្តេច ពីដំណើរពាក្យបំរាមរបស់ទ្រង់ថា ទ្រង់បានចុះហត្ថលេខា នៅច្បាប់បំរាមហើយ ថា បើអ្នកណានឹងសូមអ្វីពីព្រះណា ឬពីមនុស្សណាក៏ដោយ លើកតែសូមពីព្រះរាជា ក្នុងរវាង៣០ថ្ងៃ នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហមែនឬមិនមែន ស្តេចទ្រង់មានបន្ទូលសបថា សេចក្ដីនោះពិតមែនហើយ តាមរបៀបច្បាប់នៃសាសន៍មេឌី នឹងសាសន៍ពើស៊ី ដែលនឹងផ្លាស់ប្តូរមិនបានឡើយ នោះគេក៏ទូលដល់ស្តេចថា ឈ្មោះដានីយ៉ែលនោះ ដែលជាពួកឈ្លើយសាសន៍យូដា មិនអើពើចំពោះទ្រង់ទេ ឱព្រះករុណាអើយ ក៏មិនយកចិត្តទុកដាក់នឹងច្បាប់បំរាម ដែលទ្រង់បានចុះហត្ថលេខាហើយ នោះដែរ គឺចេះតែអធិស្ឋានសូម១ថ្ងៃ៣ដងវិញ កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ក៏ទោមនស្សជាខ្លាំង ហើយតាំងព្រះទ័យនឹងរកដោះដានីយ៉ែលឲ្យរួច ទ្រង់ខំរកផ្លូវជួយឲ្យលោករួច ដរាបដល់ថ្ងៃលិច ខណៈនោះ ពួកអ្នកទាំងនោះក៏មូលគ្នាមកឯស្តេចទូលថា បពិត្រព្រះរាជា សូមទ្រង់ជ្រាបថា តាមច្បាប់នៃសាសន៍មេឌី នឹងសាសន៍ពើស៊ី ច្បាប់ណាឬបំរាមណា ដែលស្តេចបានតាំងទុកហើយ នោះនឹងផ្លាស់ប្តូរមិនបានឡើយ។ ដូច្នេះ ស្តេចទ្រង់ក៏ចេញបង្គាប់ ហើយគេនាំយកដានីយ៉ែលទៅបោះចុះក្នុងរូងសត្វសិង្ហទៅ ស្តេចទ្រង់មានបន្ទូលដល់ដានីយ៉ែលថា ព្រះនៃអ្នកដែលអ្នកគោរពជានិច្ច ទ្រង់នឹងជួយសង្គ្រោះអ្នកជាពិត គេក៏យកថ្ម១មកបិទសន្ធប់មាត់រូង ស្តេចទ្រង់ក៏ប្រថាប់ត្រាព្រះទំរង់ ហើយនឹងចិញ្ចៀនត្រារបស់សេនាបតីទ្រង់ផង ដើម្បីមិនឲ្យមានអ្វីផ្លាស់ប្តូរពីដំណើរដានីយ៉ែលឡើយ រួចទ្រង់វិលទៅឯព្រះរាជវាំងវិញ ក៏អត់ព្រះស្ងោយអស់១យប់នោះ ពួកមហោរីមិនបានប្រគំថ្វាយទ្រង់ទេ ឯទ្រង់ក៏ផ្ទំមិនលក់ដែរ។ ស្តេចទ្រង់តើនឡើងពីព្រលឹមស្រាង យាងទៅឯរូងសិង្ហជាប្រញាប់ កាលជិតដល់រូងហើយ នោះទ្រង់ស្រែកហៅដានីយ៉ែល ដោយសំឡេងយ៉ាងកណ្តុក សួរថា ឱដានីយ៉ែល ជាអ្នកបំរើនៃព្រះដ៏មានព្រះជន្មរស់អើយ តើព្រះនៃអ្នក ដែលអ្នកគោរពជានិច្ចនោះ ទ្រង់អាចនឹងជួយឲ្យអ្នករួចពីសិង្ហបានឬទេ នោះដានីយ៉ែល លោកទូលតបថា បពិត្រព្រះករុណា សូមទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរចុះ ព្រះនៃទូលបង្គំទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកបិទមាត់សិង្ហទាំងអស់ វាមិនបានប្រទូស្តដល់ទូលបង្គំទេ ពីព្រោះនៅចំពោះព្រះ នោះមិនឃើញជាទូលបង្គំមានទោសអ្វីឡើយ ហើយបពិត្រព្រះករុណា នៅចំពោះទ្រង់ ទូលបង្គំក៏មិនបានធ្វើខុសអ្វីដែរ ដូច្នេះ ស្តេចទ្រង់មានព្រះទ័យរីករាយក្រៃលែង ក៏ចេញបង្គាប់ឲ្យយោងយកដានីយ៉ែលចេញពីរូងមក គេក៏យោងយកដានីយ៉ែលចេញមក ហើយឥតឃើញមានរបួសណានៅខ្លួនលោកឡើយ ពីព្រោះលោកបានទុកចិត្តនឹងព្រះនៃលោក។ រួចស្តេចទ្រង់ចេញបង្គាប់ ហើយគេក៏នាំពួកអ្នកដែលប្តឹងចោទដានីយ៉ែល មកបោះគេទៅក្នុងរូងសិង្ហវិញ គឺទាំងខ្លួនគេ នឹងប្រពន្ធកូនគេផង ហើយសិង្ហទាំងឡាយក៏មានអំណាចលើគេ បានទាំងបំបាក់ឆ្អឹងគេឲ្យខ្ទេចខ្ទី ទៅមុនដែលគេធ្លាក់ទៅដល់បាតរូងផង។ រួចមក ស្តេចដារីយុស ទ្រង់ចេញព្រះរាជសាសន៍ផ្ញើដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាដែលនៅលើផែនដីទាំងមូលថា សូមឲ្យសេចក្ដីសុខបានចំរើនដល់អ្នករាល់គ្នាចុះ យើងចេញបង្គាប់ឲ្យមនុស្សទាំងឡាយ នៅពេញក្នុងអាណាចក្ររបស់យើង បានញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះនៃដានីយ៉ែល ដ្បិតទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ស្ថិតស្ថេរនៅអស់កល្បរៀងតទៅ រាជ្យទ្រង់នឹងមិនត្រូវបំផ្លាញឡើយ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងនៅជាប់ដរាបដល់ចុងបំផុត ទ្រង់ប្រោសឲ្យរួច ហើយក៏ជួយសង្គ្រោះ ទ្រង់ធ្វើទីសំគាល់ នឹងការអស្ចារ្យនៅស្ថានសួគ៌ ហើយនៅផែនដី គឺទ្រង់ដែលបានប្រោសឲ្យដានីយ៉ែលរួចពីអំណាចសិង្ហ។ យ៉ាងនោះ ដានីយ៉ែលនេះ ក៏ចំរើនឡើងនៅក្នុងរាជ្យរបស់ដារីយុស ហើយក្នុងរាជ្យរបស់ស៊ីរូស ជាសាសន៍ពើស៊ីដែរ។