ដានីយ៉ែល 6:1-9
ដានីយ៉ែល 6:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទដារីយុសសព្វព្រះហឫទ័យតែងតាំងពួកនាយកមួយរយម្ភៃរូប ឲ្យគ្រប់គ្រងលើនគរ គឺឲ្យនៅពាសពេញនគរទាំងមូល ហើយឲ្យមានអធិបតីបីរូប គ្រប់គ្រងលើនាយកទាំងនោះ ដើម្បីឲ្យគេធ្វើរបាយការណ៍ជូនលោកទាំងបី ប្រយោជន៍មិនឲ្យខូចខាតផលប្រយោជន៍របស់ស្ដេច ឯដានីយ៉ែលក៏នៅក្នុងពួកអធិបតីនោះដែរ។ បន្ទាប់មក ដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី និងពួកនាយកទាំងប៉ុន្មាន ព្រោះលោកមានវិញ្ញាណមួយដ៏វិសេស ហើយស្ដេចមានបំណងនឹងតែងតាំងលោក ឲ្យត្រួតលើនគរទាំងមូល។ ដូច្នេះ ពួកអធិបតី និងពួកនាយកក៏រិះរកហេតុដើម្បីចោទប្រកាន់ដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសកំហុសអ្វីដែរ ព្រោះលោកជាមនុស្សស្មោះត្រង់។ ដូច្នេះ អ្នកទាំងនោះប្រឹក្សាគ្នាថា៖ «យើងរកឱកាសចោទប្រកាន់ដានីយ៉ែលនេះមិនបានឡើយ គឺមានតែរកឱកាសដែលទាក់ទងនឹងក្រឹត្យវិន័យរបស់ព្រះគាត់ប៉ុណ្ណោះ»។ ពេលនោះ ពួកអធិបតី និងពួកនាយកទាំងនោះ ក៏បានលើកគ្នាចូលទៅគាល់ស្តេច ហើយទូលថា៖ «បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! ពួកអធិបតីក្នុងនគរ ពួកចៅហ្វាយ ពួកនាយក ពួកទីប្រឹក្សា និងពួកទេសាភិបាលបានមូលមតិគ្នា សូមឲ្យព្រះរាជាចេញរាជឱង្ការមួយច្បាប់ ប្រកាសបំរាមយ៉ាងតឹងរ៉ឹងថា បពិត្រព្រះរាជា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលសូមអ្វីពីព្រះណា ឬពីមនុស្សណា ក្រៅពីព្រះករុណា នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ។ បពិត្រព្រះរាជា ឥឡូវនេះ សូមទ្រង់ចេញច្បាប់ ហើយឡាយព្រះហស្តលើច្បាប់នោះ ដើម្បីកុំឲ្យផ្លាស់ប្ដូរបាន ស្របតាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ដែលប្រែក្រឡាស់មិនបានឡើយ»។ ដូច្នេះ ព្រះបាទដារីយុសក៏ឡាយព្រះហស្តលើសំបុត្រ និងបំរាមនោះ។
ដានីយ៉ែល 6:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅដារីយូសសព្វព្រះហឫទ័យតែងតាំងមេទ័ពមួយរយម្ភៃរូបឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។ ស្ដេចតែងតាំងមហាមន្ត្រីបីរូបឲ្យធ្វើជាប្រមុខលើមេទ័ពទាំងនោះ។ មេទ័ពទាំងអស់ត្រូវធ្វើរបាយការណ៍ជូនមហាមន្ត្រី ដើម្បីរក្សាផលប្រយោជន៍របស់ស្ដេច។ លោកដានីយ៉ែលជាមហាមន្ត្រីមួយរូបក្នុងចំណោមមហាមន្ត្រីទាំងបី។ ក្នុងចំណោមមហាមន្ត្រីទាំងបីរូប និងមេទ័ពទាំងអស់ លោកដានីយ៉ែលប្រសើរជាងគេ ព្រោះលោកមានប្រាជ្ញាឈ្លាសវៃបំផុត។ ព្រះរាជាមានបំណងតែងតាំងលោកឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។ ពេលនោះ មហាមន្ត្រីឯទៀតៗ និងពួកមេទ័ពរិះរកមូលហេតុណាមួយ ដែលជាប់ទាក់ទងនឹងការងារក្នុងរាជាណាចក្រ ដើម្បីចោទប្រកាន់លោកដានីយ៉ែល តែពួកគេពុំអាចរកឃើញមូលហេតុ ឬកំហុសណាមួយបានទេ ដ្បិតលោកដានីយ៉ែលជាមនុស្សស្មោះត្រង់នឹងការងារ មិនដែលធ្វេសប្រហែស ឬមានកំហុសណាមួយឡើយ។ អ្នកទាំងនោះពិភាក្សាគ្នាថា៖ «យើងពុំអាចរកមូលហេតុចាប់កំហុសលោកដានីយ៉ែលបានទេ។ ដូច្នេះ មានតែរិះរកមូលហេតុដែលជាប់ទាក់ទងនឹងក្រឹត្យវិន័យរបស់ព្រះគាត់»។ បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្ត បានលើកគ្នាចូលទៅគាល់ព្រះមហាក្សត្រទូលថា៖ «បពិត្រព្រះមហាក្សត្រ ដារីយូស សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ! មហាមន្ត្រីទាំងអស់ក្នុងរាជាណាចក្រ ព្រមទាំងមន្ត្រីរដ្ឋបាល មេទ័ពក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក និងចៅហ្វាយខេត្តទាំងប៉ុន្មានបានមូលមតិគ្នា សូមឲ្យស្ដេចចេញរាជក្រឹត្យមួយ ដើម្បីប្រកាសបំរាមដូចតទៅ: “បពិត្រព្រះរាជា ក្នុងអំឡុងពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរសូមអ្វីពីព្រះណាមួយ ឬពីមនុស្សណាម្នាក់ ក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ”។ បពិត្រព្រះរាជា ឥឡូវនេះ សូមទ្រង់ឡាយព្រះហស្ដលេខាបញ្ជាក់បំរាមនេះ ដើម្បីឲ្យបានស្របតាមច្បាប់របស់ជនជាតិមេឌី និងជនជាតិពែរ្សដែលឥតផ្លាស់ប្ដូរ ឬប្រែក្រឡាស់បានឡើយ»។ ព្រះចៅដារីយូសក៏ឡាយព្រះហស្ដលេខាលើរាជក្រឹត្យប្រកាសបំរាមនោះ។
ដានីយ៉ែល 6:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯដារីយុសទ្រង់សព្វព្រះទ័យនឹងតាំងចៅហ្វាយខេត្ត១២០នាក់ឡើង ឲ្យត្រួតត្រាលើនគរ ជាពួកអ្នកដែលត្រូវផ្សាយចេញទៅនៅពេញក្នុងនគរទាំងមូល ហើយឲ្យមានអធិបតី៣នាក់ត្រួតលើចៅហ្វាយទាំងនោះ ដើម្បីឲ្យគេរាប់រៀបប្រាប់ដល់ពួក៣នាក់នោះ ប្រយោជន៍មិនឲ្យសេ្ដចត្រូវខ្វះខាតឡើយ ឯដានីយ៉ែលលោកក៏នៅក្នុងពួកអធិបតីនោះដែរ រួចមកដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី នឹងពួកចៅហ្វាយទាំងប៉ុន្មាន ដ្បិតលោកមានវិញ្ញាណយ៉ាងស្រួចស្រាល់ ហើយស្តេចទ្រង់គិតនឹងតាំងលោក ឲ្យត្រួតលើនគរទាំងមូល។ ដូច្នេះ ពួកអធិបតី នឹងពួកចៅហ្វាយក៏ស្វែងរកហេតុពីដំណើររាជការផែនដី ឲ្យទាស់នឹងដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះលោកជាមនុស្សស្មោះត្រង់ ដូច្នេះ ពួកអ្នកទាំងនោះប្រឹក្សាគ្នាថា យើងនឹងរកឱកាសទាស់នឹងឈ្មោះដានីយ៉ែលនេះមិនបានឡើយ វៀរតែរកបានខាងឯក្រឹត្យវិន័យរបស់ព្រះនៃវាប៉ុណ្ណោះ ពួកអធិបតី នឹងពួកចៅហ្វាយទាំងនោះ ក៏នាំគ្នាចូលទៅគាល់ស្តេច ទូលដូច្នេះថា បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរតទៅ ពួកអធិបតីក្នុងនគរ ពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកបាឡាត់ នឹងពួកចៅហ្វាយស្រុក បានជំនុំព្រមគ្នា ចង់តាំងព្រះរាជឱង្ការ១ច្បាប់ គឺជាសេចក្ដីបំរាមយ៉ាងតឹងរ៉ឹងថា បើអ្នកណានឹងសូមអ្វីពីព្រះណា ឬពីមនុស្សណាក៏ដោយ វៀរតែសូមពីព្រះរាជាក្នុងរវាង៣០ថ្ងៃ នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ បពិត្រព្រះរាជា ដូច្នេះ សូមទ្រង់តាំងច្បាប់ ហើយចុះហត្ថលេខានៅច្បាប់នោះ ប្រយោជន៍មិនឲ្យផ្លាស់ប្រែបាន តាមរបៀបច្បាប់នៃសាសន៍មេឌី នឹងសាសន៍ពើស៊ី ដែលនឹងផ្លាស់ប្តូរមិនបានឡើយ ដូច្នេះ ស្តេចដារីយុសទ្រង់ក៏ចុះហត្ថលេខា នៅសំបុត្រជាសេចក្ដីបំរាមនោះ។