ដានីយ៉ែល 6:1-18

ដានីយ៉ែល 6:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​បាទ​ដារី‌យុស​សព្វ​ព្រះ‌ហឫ‌ទ័យ​តែង​តាំង​ពួក​នាយក​មួយ​រយ​ម្ភៃ​រូប ឲ្យ​គ្រប់​គ្រង​លើ​នគរ គឺ​ឲ្យនៅ​ពាស​ពេញ​នគរ​ទាំង​មូល ហើយ​ឲ្យ​មាន​អធិបតី​បី​រូប គ្រប់​គ្រង​លើ​នាយក​ទាំង​នោះ ដើម្បី​ឲ្យ​គេ​ធ្វើ​របាយ​ការណ៍​ជូន​លោក​ទាំង​បី ប្រ‌យោជន៍​មិន​ឲ្យ​ខូច​ខាត​ផល​ប្រយោជន៍​របស់​ស្ដេច ឯ​ដានី‌យ៉ែល​ក៏​នៅ​ក្នុង​ពួក​អធិបតី​នោះ​ដែរ។ បន្ទាប់​មក ដានី‌យ៉ែល​បាន​ត្រឡប់​ជា​កំពូល​លើ​ពួក​អធិបតី និង​ពួក​នាយក​ទាំង​ប៉ុន្មាន ព្រោះ​លោក​មាន​វិញ្ញាណ​មួយ​ដ៏​វិសេស ហើយ​ស្ដេច​មាន​បំណង​នឹង​តែង​តាំង​លោក ឲ្យ​ត្រួត​លើ​នគរ​ទាំង​មូល។ ដូច្នេះ ពួក​អធិបតី និង​ពួក​នាយក​ក៏​រិះ​រក​ហេតុ​ដើម្បី​ចោទ​ប្រកាន់​ដានី‌យ៉ែល តែ​គេ​រក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់‌ធ្លោយ ឬ​ទោស​កំហុស​អ្វី​ដែរ ព្រោះ​លោក​ជា​មនុស្ស​ស្មោះ​ត្រង់។ ដូច្នេះ អ្នក​ទាំង​នោះ​ប្រឹក្សា​គ្នា​ថា៖ «យើង​រក​ឱកាស​ចោទ​ប្រកាន់​ដានី‌យ៉ែល​នេះ​មិន​បាន​ឡើយ គឺ​មាន​តែ​រក​ឱកាស​ដែល​ទាក់​ទង​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​គាត់​ប៉ុណ្ណោះ»។ ពេល​នោះ ពួក​អធិបតី និង​ពួក​នាយក​ទាំង​នោះ ក៏​បាន​លើក​គ្នា​ចូល​ទៅ​គាល់​ស្តេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌រាជា​ដារី‌យុស សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! ពួក​អធិបតី​ក្នុង​នគរ ពួក​ចៅ‌ហ្វាយ ពួក​នាយក ពួក​ទី​ប្រឹក្សា និង​ពួក​ទេសា​ភិបាល​បាន​មូល​មតិ​គ្នា សូម​ឲ្យ​ព្រះ‌រាជា​ចេញ​រាជ​ឱង្ការ​មួយ​ច្បាប់ ប្រកាស​បំរាម​យ៉ាង​តឹង‌រ៉ឹង​ថា បពិត្រ​ព្រះរាជា ក្នុង​រយៈ​ពេល​សាម​សិប​ថ្ងៃ បើ​អ្នក​ណា​ទូល​សូម​អ្វី​ពី​ព្រះ‌ណា ឬ​ពី​មនុស្ស​ណា ក្រៅ​ពី​ព្រះ‌ករុណា នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ។ បពិត្រ​ព្រះ‌រាជា ឥឡូវ​នេះ សូម​ទ្រង់​ចេញ​ច្បាប់ ហើយ​ឡាយ​ព្រះ‌ហស្ត​លើ​ច្បាប់​នោះ ដើម្បី​កុំ​ឲ្យ​ផ្លាស់​ប្ដូរ​បាន ស្រប​តាម​ច្បាប់​របស់​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ដែល​ប្រែ​ក្រឡាស់​មិន​បាន​ឡើយ»។ ដូច្នេះ ព្រះ​បាទ​ដារី‌យុស​ក៏​ឡាយ​ព្រះ​ហស្ត​លើ​សំបុត្រ និង​បំរាម​នោះ។ កាល​ដានី‌យ៉ែល​បាន​ដឹង​ថា សំបុត្រ​នោះ​បាន​ចុះ​ហត្ថ‌លេខា​ហើយ លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក ដែល​មាន​បង្អួច​នៅ​បន្ទប់​ខាង​លើ បើក​ចំហ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម។ លោក​លុត​ជង្គង់​ចុះ​អធិ‌ស្ឋាន ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​លោក មួយ​ថ្ងៃ​បី​ដង ដូច​លោក​បាន​ធ្វើ​ពី​មុន។ ពួក​អ្នក​ទាំង​នោះ​ក៏​លើក​គ្នា​ចូល​មក ហើយ​ឃើញ​ដានី‌យ៉ែល​កំពុង​តែ​អធិ‌ស្ឋាន ទូល​អង្វរ​នៅ​ចំពោះ​ព្រះ​របស់​លោក។ ពេល​នោះ គេ​នាំ​គ្នា​ចូល​ទៅ​គាល់​ស្តេច ហើយ​ទូល​អំពី​បំរាម​នោះ​ថា៖ «បពិត្រ​ព្រះ​រាជា តើ​ទ្រង់​មិន​បាន​ឡាយ​ព្រះហស្ដ​លើ​បំរាម​ថា ក្នុង​រយៈ​ពេល​សាម​សិប​ថ្ងៃ បើ​អ្នក​ណា​ទូល​សូម​អ្វី​ពី​ព្រះ‌ណា ឬ​ពី​មនុស្ស​ណា ក្រៅ​ពី​ព្រះ​ករុណា នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ​ទេ​ឬ?»។ ស្ដេច​ឆ្លើយ​ថា៖ «សេចក្ដី​នោះ​ពិត​ហើយ គឺ​ស្រប​តាម​ច្បាប់​របស់​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ដែល​ប្រែ​ក្រឡាស់​មិន​បាន​ឡើយ»។ ពេល​នោះ គេ​ក៏​ទូល​ស្តេច​ថា៖ «ដានី‌យ៉ែល ជាម្នាក់​ក្នុង​ចំណោម​ពួក​ឈ្លើយ​មក​ពី​ស្រុក​យូដា មិន​អើ​ពើ​នឹង​ព្រះ​ករុណា​ទេ បពិត្រ​ព្រះ‌ករុណា ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ គឺ​គាត់​នៅ​តែ​អធិ‌ស្ឋាន​មួយ​ថ្ងៃ​បី​ដង»។ កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ព្រួយ​ព្រះ​ហឫ​ទ័យ​ជា​ខ្លាំង ហើយ​ទ្រង់​គិត​រិះ​រកវិធី​ដើម្បី​រំ​ដោះ​ដានី‌យ៉ែល។ ស្ដេច​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​លោក រហូត​ដល់​ថ្ងៃ​លិច។ ពេល​នោះ ពួក​អ្នក​ទាំង​នោះ​ក៏​លើក​គ្នា​មក​ទូល​ស្តេច​ថា៖ «បពិត​ព្រះ‌រាជា សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​របស់​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ច្បាប់​ណា ឬ​បំរាម​ណា​ដែល​ស្តេច​ចេញ​ហើយ នោះមិន​អាច​ផ្លាស់​ប្តូរ​បាន​ឡើយ»។ ពេល​នោះ ស្ដេច​ក៏​ចេញ​បញ្ជា ហើយ​គេ​នាំ​ដានី‌យ៉ែល​យក​ទៅ​បោះ​ក្នុង​រូង​សិង្ហ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ដានី‌យ៉ែល​ថា៖ «ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទ្រង់​នឹង​សង្គ្រោះ​លោក​មិន​ខាន!» គេ​ក៏​យក​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ស្ដេច​ក៏​ប្រថាប់​ត្រា​ព្រះ‌ទម្រង់ និង​ចិញ្ចៀន​ត្រា​របស់​ពួក​សេនា‌បតី​ស្ដេច ដើម្បី​មិន​ឲ្យ​មាន​អ្វី​ផ្លាស់​ប្តូរ​ពី​ដំណើរ​ដានី‌យ៉ែល​ឡើយ។ បន្ទាប់​មក ស្ដេច​យាង​ទៅ​ឯ​‌រាជ​វាំង​វិញ ឥត​សោយ​អ្វី​នៅ​យប់​នោះឡើយ ក៏​មិន​មាន​តន្ត្រី​ប្រគំ​ថ្វាយ​ដែរ ស្ដេច​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។

ចែក​រំលែក
អាន ដានីយ៉ែល 6

ដានីយ៉ែល 6:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះចៅ​ដារី‌យូស​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​មេ‌ទ័ព​មួយ​រយ​ម្ភៃ​រូប​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។ ស្ដេច​តែង‌តាំង​មហា​មន្ត្រី​បី​រូប​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​មេ‌ទ័ព​ទាំង​នោះ។ មេ‌ទ័ព​ទាំង​អស់​ត្រូវ​ធ្វើ​របាយ‌ការណ៍​ជូន​មហា​មន្ត្រី ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ស្ដេច។ លោក​ដានី‌យ៉ែល​ជា​មហា‌មន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី។ ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី​រូប និង​មេ‌ទ័ព​ទាំង​អស់ លោក​ដានី‌យ៉ែល​ប្រសើរ​ជាង​គេ ព្រោះ​លោក​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​បំផុត។ ព្រះ‌រាជា​មាន​បំណង​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។ ពេល​នោះ មហា‌មន្ត្រី​ឯ​ទៀតៗ និង​ពួក​មេ‌ទ័ព​រិះ​រក​មូល​ហេតុ​ណា​មួយ ដែល​ជាប់​ទាក់ទង​នឹង​ការ‌ងារ​ក្នុង​រាជា‌ណាចក្រ ដើម្បី​ចោទ​ប្រកាន់​លោក​ដានី‌យ៉ែល តែ​ពួក​គេ​ពុំ​អាច​រក​ឃើញ​មូល​ហេតុ ឬ​កំហុស​ណា​មួយ​បាន​ទេ ដ្បិត​លោក​ដានី‌យ៉ែល​ជា​មនុស្ស​ស្មោះ​ត្រង់​នឹង​ការ‌ងារ មិន​ដែល​ធ្វេស‌ប្រហែស ឬ​មាន​កំហុស​ណា​មួយ​ឡើយ។ អ្នក​ទាំង​នោះ​ពិភាក្សា​គ្នា​ថា៖ «យើង​ពុំ​អាច​រក​មូល​ហេតុ​ចាប់​កំហុស​លោក​ដានី‌យ៉ែល​បាន​ទេ។ ដូច្នេះ មាន​តែ​រិះ​រក​មូល​ហេតុ​ដែល​ជាប់​ទាក់ទង​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​គាត់»។ បន្ទាប់​មក ពួក​មហា‌មន្ត្រី និង​ចៅហ្វាយ​ខេត្ត បាន​លើក​គ្នា​ចូល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រ​ទូល​ថា៖ «បពិត្រ​ព្រះ‌មហា‌ក្សត្រ ដារី‌យូស សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ! មហា‌មន្ត្រី​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ព្រម​ទាំង​មន្ត្រី​រដ្ឋ‌បាល មេ‌ទ័ព​ក្រុម​ប្រឹក្សា​ព្រះ‌រាជ​បល្ល័ង្ក និង​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​បាន​មូល​មតិ​គ្នា សូម​ឲ្យ​ស្ដេច​ចេញ​រាជ‌ក្រឹត្យ​មួយ ដើម្បី​ប្រកាស​បំរាម​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌រាជា ក្នុង​អំឡុង​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​សូម​អ្វី​ពី​ព្រះ​ណា​មួយ ឬ​ពី​មនុស្ស​ណា​ម្នាក់ ក្រៅ​ពី​ព្រះ‌ករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ”។ បពិត្រ​ព្រះ‌រាជា ឥឡូវ​នេះ សូម​ទ្រង់​ឡាយ​ព្រះ‌ហស្ដ​លេខា​បញ្ជាក់​បំរាម​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស​ដែល​ឥត​ផ្លាស់​ប្ដូរ ឬ​ប្រែ​ក្រឡាស់​បាន​ឡើយ»។ ព្រះចៅ​ដារី‌យូស​ក៏​ឡាយ​ព្រះ‌ហស្ដ​លេខា​លើ​រាជ‌ក្រឹត្យ​ប្រកាស​បំរាម​នោះ។ កាល​លោក​ដានី‌យ៉ែល​បាន​ជ្រាប​អំពី​រាជ‌ក្រឹត្យ​នេះ លោក​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ ក្នុង​ផ្ទះ​របស់​លោក​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម។ លោក​លុត​ជង្គង់​អធិស្ឋាន និង​សរសើរ​ព្រះ​របស់​លោក​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។ ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​លោក​ដានី‌យ៉ែល​កំពុង​តែ​ទូល‌អង្វរ​ព្រះ​របស់​លោក។ ពួក​គេ​នាំ​គ្នា​ចូល​ទៅ​គាល់​ស្ដេច ទូល​អំពី​រាជ​បំរាម​នោះ​ថា៖ «បពិត្រ​ព្រះ‌រាជា! តើ​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​លេខា​លើ​បំរាម​ថា ក្នុង​រយៈ​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​ព្រះ ឬ​មនុស្ស ក្រៅ​ពី​ព្រះ‌ករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ​មែន​ឬ?»។ ព្រះ‌មហា‌ក្សត្រ​ឆ្លើយ​ថា៖ «ត្រូវ​ហើយ! យើង​បាន​សម្រេច​ដូច្នេះ​មែន គឺ​ស្រប​តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ពែរ្ស ដែល​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ»។ ពួក​គេ​ក៏​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា លោក​ដានី‌យ៉ែល​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា ពុំ​បាន​អើពើ​នឹង​ព្រះ‌ករុណា ហើយ​ក៏​មិន​គោរព​តាម​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ! គឺ​លោក​នៅ​តែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង»។ កាល​ស្ដេច​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ទ្រង់​ព្រួយ​ព្រះ‌ហឫទ័យ​ជា​ខ្លាំង។ ព្រះ‌រាជា​ចង់​ដោះ​លែង​លោក​ដានី‌យ៉ែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ទ្រង់​រិះ​រក​មធ្យោ‌បាយ​ដោះ​លែង​លោក​ដានី‌យ៉ែល។ ប៉ុន្តែ នាម៉ឺន​មន្ត្រី​ទាំង​នោះ​លើក​គ្នា​មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌រាជា! សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស រាជ​បំរាម និង​រាជ‌ក្រឹត្យ​ទាំង​ប៉ុន្មាន ដែល​មាន​ឡាយ​ព្រះ‌ហស្ដ​លេខា​របស់​ព្រះ‌មហា‌ក្សត្រ​មិន​អាច​ប្រែ‌ប្រួល​បាន​ជា​ដាច់​ខាត!»។ ព្រះ‌មហា‌ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​លោក​ដានី‌យ៉ែល​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ព្រះ​របស់​លោក​នឹង​សង្គ្រោះ​ជីវិត​លោក​ជា​មិន​ខាន ព្រោះ​លោក​បាន​គោរព​បម្រើ​ព្រះអង្គ​ដោយ​ចិត្ត​ព្យាយាម»។ គេ​យក​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ព្រះ‌មហា‌ក្សត្រ​ប្រថាប់​ត្រា​ព្រះ‌ទម្រង់​លើ​ថ្ម​នោះ ពួក​មន្ត្រី​របស់​ស្ដេច​ក៏​បោះ​ត្រា​ចិញ្ចៀន​របស់​គេ​លើ​ថ្ម​នោះ​ដែរ។ ដូច្នេះ គ្មាន​នរណា​អាច​សង្គ្រោះ​លោក​ដានី‌យ៉ែល​បាន​ឡើយ។ បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​យាង​ចូល​រាជ​វាំង​វិញ ទ្រង់​យាង​ចូល​ក្រឡា‌បន្ទំ ដោយ​មិន​ព្រម​សោយ​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ ទ្រង់​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។

ចែក​រំលែក
អាន ដានីយ៉ែល 6

ដានីយ៉ែល 6:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ដារី‌យុស​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​តាំង​ចៅហ្វាយ​ខេត្ត​១២០​នាក់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​នគរ ជា​ពួក​អ្នក​ដែល​ត្រូវ​ផ្សាយ​ចេញ​ទៅ​នៅ​ពេញ​ក្នុង​នគរ​ទាំង​មូល ហើយ​ឲ្យ​មាន​អធិបតី​៣​នាក់​ត្រួត​លើ​ចៅហ្វាយ​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រាប់​រៀប​ប្រាប់​ដល់​ពួក​៣​នាក់​នោះ ប្រយោជន៍​មិន​ឲ្យ​សេ្ដច​ត្រូវ​ខ្វះ​ខាត​ឡើយ ឯ​ដានី‌យ៉ែល​លោក​ក៏​នៅ​ក្នុង​ពួក​អធិបតី​នោះ​ដែរ រួច​មក​ដានី‌យ៉ែល​បាន​ត្រឡប់​ជា​កំពូល​លើ​ពួក​អធិបតី នឹង​ពួក​ចៅហ្វាយ​ទាំង​ប៉ុន្មាន ដ្បិត​លោក​មាន​វិញ្ញាណ​យ៉ាង​ស្រួច‌ស្រាល់ ហើយ​ស្តេច​ទ្រង់​គិត​នឹង​តាំង​លោក ឲ្យ​ត្រួត​លើ​នគរ​ទាំង​មូល។ ដូច្នេះ ពួក​អធិបតី នឹង​ពួក​ចៅហ្វាយ​ក៏​ស្វែង​រក​ហេតុ​ពី​ដំណើរ​រាជ‌ការ​ផែនដី ឲ្យ​ទាស់​នឹង​ដានី‌យ៉ែល តែ​គេ​រក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់‌ធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពី​ព្រោះ​លោក​ជា​មនុស្ស​ស្មោះ‌ត្រង់ ដូច្នេះ ពួក​អ្នក​ទាំង​នោះ​ប្រឹក្សា​គ្នា​ថា យើង​នឹង​រក​ឱកាស​ទាស់​នឹង​ឈ្មោះ​ដានី‌យ៉ែល​នេះ​មិន​បាន​ឡើយ វៀរ​តែ​រក​បាន​ខាង​ឯ​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​វា​ប៉ុណ្ណោះ ពួក​អធិបតី នឹង​ពួក​ចៅហ្វាយ​ទាំង​នោះ ក៏​នាំ​គ្នា​ចូល​ទៅ​គាល់​ស្តេច ទូល​ដូច្នេះ​ថា បពិត្រ​ព្រះ‌រាជា​ដារី‌យុស សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ជន្ម​ចំរើន​ជា​យឺន‌យូរ​ត​ទៅ ពួក​អធិបតី​ក្នុង​នគរ ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​បាឡាត់ នឹង​ពួក​ចៅហ្វាយ​ស្រុក បាន​ជំនុំ​ព្រម​គ្នា ចង់​តាំង​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ គឺ​ជា​សេចក្ដី​បំរាម​យ៉ាង​តឹង‌រ៉ឹង​ថា បើ​អ្នក​ណា​នឹង​សូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​មនុស្ស​ណា​ក៏​ដោយ វៀរ​តែ​សូម​ពី​ព្រះ‌រាជា​ក្នុង​រវាង​៣០​ថ្ងៃ នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ បពិត្រ​ព្រះ‌រាជា ដូច្នេះ សូម​ទ្រង់​តាំង​ច្បាប់ ហើយ​ចុះ​ហត្ថ‌លេខា​នៅ​ច្បាប់​នោះ ប្រយោជន៍​មិន​ឲ្យ​ផ្លាស់​ប្រែ​បាន តាម​របៀប​ច្បាប់​នៃ​សាសន៍​មេឌី នឹង​សាសន៍​ពើស៊ី ដែល​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ ដូច្នេះ ស្តេច​ដារី‌យុស​ទ្រង់​ក៏​ចុះ​ហត្ថ‌លេខា នៅ​សំបុត្រ​ជា​សេចក្ដី​បំរាម​នោះ។ កាល​ដានី‌យ៉ែល​បាន​ដឹង​ថា សំបុត្រ​នោះ​បាន​ចុះ​ហត្ថ‌លេខា​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក (រីឯ​បង្អួច​នៃ​បន្ទប់​របស់​លោក ខាង​ក្រុង​យេរូ‌សាឡិម ក៏​នៅ​ចំហ) លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​លោក​១​ថ្ងៃ​៣​ដង ដូច​ជា​កាល​ពី​មុន ឯ​ពួក​អ្នក​ទាំង​នោះ គេ​ក៏​មូល​គ្នា​មក​ឃើញ​ដានី‌យ៉ែល​កំពុង​តែ​អធិស្ឋាន ទូល​អង្វរ​នៅ​ចំពោះ​ព្រះ​នៃ​លោក រួច​គេ​ក៏​ចូល​ទៅ​ជិត ទូល​នឹង​ស្តេច ពី​ដំណើរ​ពាក្យ​បំរាម​របស់​ទ្រង់​ថា ទ្រង់​បាន​ចុះ​ហត្ថ‌លេខា នៅ​ច្បាប់​បំរាម​ហើយ ថា បើ​អ្នក​ណា​នឹង​សូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​មនុស្ស​ណា​ក៏​ដោយ លើក​តែ​សូម​ពី​ព្រះ‌រាជា ក្នុង​រវាង​៣០​ថ្ងៃ នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ​មែន​ឬ​មិន​មែន ស្តេច​ទ្រង់​មាន​បន្ទូល​សប​ថា សេចក្ដី​នោះ​ពិត​មែន​ហើយ តាម​របៀប​ច្បាប់​នៃ​សាសន៍​មេឌី នឹង​សាសន៍​ពើស៊ី ដែល​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ នោះ​គេ​ក៏​ទូល​ដល់​ស្តេច​ថា ឈ្មោះ​ដានី‌យ៉ែល​នោះ ដែល​ជា​ពួក​ឈ្លើយ​សាសន៍​យូដា មិន​អើពើ​ចំពោះ​ទ្រង់​ទេ ឱ​ព្រះ‌ករុណា​អើយ ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ច្បាប់​បំរាម ដែល​ទ្រង់​បាន​ចុះ​ហត្ថ‌លេខា​ហើយ នោះ​ដែរ គឺ​ចេះ​តែ​អធិស្ឋាន​សូម​១​ថ្ងៃ​៣​ដង​វិញ កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ក៏​ទោមនស្ស​ជា​ខ្លាំង ហើយ​តាំង​ព្រះ‌ទ័យ​នឹង​រក​ដោះ​ដានី‌យ៉ែល​ឲ្យ​រួច ទ្រង់​ខំ​រក​ផ្លូវ​ជួយ​ឲ្យ​លោក​រួច ដរាប​ដល់​ថ្ងៃ​លិច ខណៈ​នោះ ពួក​អ្នក​ទាំង​នោះ​ក៏​មូល​គ្នា​មក​ឯ​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​នៃ​សាសន៍​មេឌី នឹង​សាសន៍​ពើស៊ី ច្បាប់​ណា​ឬ​បំរាម​ណា ដែល​ស្តេច​បាន​តាំង​ទុក​ហើយ នោះ​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ។ ដូច្នេះ ស្តេច​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​នាំ​យក​ដានី‌យ៉ែល​ទៅ​បោះ​ចុះ​ក្នុង​រូង​សត្វ​សិង្ហ​ទៅ ស្តេច​ទ្រង់​មាន​បន្ទូល​ដល់​ដានី‌យ៉ែល​ថា ព្រះ​នៃ​អ្នក​ដែល​អ្នក​គោរព​ជានិច្ច ទ្រង់​នឹង​ជួយ​សង្គ្រោះ​អ្នក​ជា​ពិត គេ​ក៏​យក​ថ្ម​១​មក​បិទ​សន្ធប់​មាត់​រូង ស្តេច​ទ្រង់​ក៏​ប្រថាប់​ត្រា​ព្រះ‌ទំរង់ ហើយ​នឹង​ចិញ្ចៀន​ត្រា​របស់​សេនាបតី​ទ្រង់​ផង ដើម្បី​មិន​ឲ្យ​មាន​អ្វី​ផ្លាស់​ប្តូរ​ពី​ដំណើរ​ដានី‌យ៉ែល​ឡើយ រួច​ទ្រង់​វិល​ទៅ​ឯ​ព្រះ‌រាជ​វាំង​វិញ ក៏​អត់​ព្រះ‌ស្ងោយ​អស់​១​យប់​នោះ ពួក​មហោរី​មិន​បាន​ប្រគំ​ថ្វាយ​ទ្រង់​ទេ ឯ​ទ្រង់​ក៏​ផ្ទំ​មិន​លក់​ដែរ។

ចែក​រំលែក
អាន ដានីយ៉ែល 6