ដានីយ៉ែល 5:5-9

ដានីយ៉ែល 5:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរ‌សេរ​លើ​ជញ្ជាំង​‌ព្រះ​រាជ​ដំណាក់ ទល់​មុខ​នឹង​ជើង​ចង្កៀង ស្ដេច​ទត​ឃើញ​ដៃ​ដែល​កំពុង​សរ‌សេរ​នោះ។ ពេល​នោះ ព្រះ‌ភក្ត្រ​បំព្រង​របស់​ស្តេច​ក៏​ផ្លាស់​ប្រែ ហើយ​គំនិត​ស្ដេច​ក៏​នាំ​ឲ្យ​ព្រួយ​បារម្ភ ព្រះ​កាយ​ពល​ទន់​ខ្សោយ ហើយ​ជង្គង់​ស្ដេចប្រដំ​គ្នា។ ស្ដេច​ស្រែក​យ៉ាង​ខ្លាំង បញ្ជា​ឲ្យគេ​នាំ​ពួក​អាប​ធ្មប់ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ​មក រួច​ស្ដេច​មាន​រាជ​ឱង្ការ​ទៅកាន់​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​ដែល​អាច​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​ន័យ​ប្រាប់​យើង​បាន អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ​នេះ»។ ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្តេច​ក៏​ចូល​មក តែ​គេ​មិន​អាច​អាន​អក្សរ​នោះ​បាន​ឡើយ ក៏​មិន​អាច​កាត់​ស្រាយ​ថ្វាយ​ស្តេច​បាន​ដែរ។ ដូច្នេះ ព្រះ​បាទ​បេល‌សាសារ​តក់​ស្លុតជា​ខ្លាំង ហើយ​ព្រះ‌ភក្ត្រ​ស្ដេច​ប្រែ​ជា​ស្លេក​ស្លាំង ឯ​ពួក​សេនាបតី​របស់​ស្ដេច​ក៏​ទាល់​គំនិត​ដែរ។

ចែក​រំលែក
អាន ដានីយ៉ែល 5

ដានីយ៉ែល 5:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរសេរ​លើ​ជញ្ជាំង​ព្រះ‌បរម‌រាជ​វាំង គឺ​នៅ​ទល់​មុខ​ជើង​ចង្កៀង។ កាល​ព្រះ‌រាជា​ទត​ឃើញ​ម្រាម​ដៃ​ដែល​កំពុង​តែ​សរសេរ​នោះ ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ប្រែ​ជា​ស្លេក‌ស្លាំង ទ្រង់​រំជួល​ព្រះ‌ហឫទ័យ មាន​ព្រះ‌កាយ​ពល​ទន់​ខ្សោយ និង​ព្រះ‌បាទា​ញាប់‌ញ័រ។ ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​ឲ្យ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស ជូន​ជា​កិត្តិយស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។ ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​នាំ​គ្នា​ចូល​មក តែ​គ្មាន​នរណា​ម្នាក់​អាច​អាន​អក្សរ​នោះ និង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌រាជា​បាន​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះចៅ​បេលសា‌សារ​រឹត​តែ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ថែម​ទៀត ហើយ​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ក៏​ទាល់​គំនិត​ដែរ។

ចែក​រំលែក
អាន ដានីយ៉ែល 5

ដានីយ៉ែល 5:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​វេលា​នោះ​ឯង មាន​ម្រាម​ដៃ​នៃ​មនុស្ស លេច​ចេញ​មក សរសេរ​នៅ​ជញ្ជាំង​នៃ​ព្រះ‌រាជ‌ដំណាក់ ប្រទល់​មុខ​នឹង​ជើង​ចង្កៀង ស្តេច​ទ្រង់​ក៏​ឃើញ​ចំណែក​ដៃ​ដែល​សរសេរ​នោះ ដូច្នេះ ព្រះ‌ភក្ត្រ​បំព្រង​នៃ​ស្តេច​ក៏​ផ្លាស់​ប្រែ​ទៅ ហើយ​គំនិត​ទ្រង់​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ​វិញ កំឡាំង​ទ្រង់​ក៏​ល្វើយ​ទៅ ហើយ​ព្រះ‌ជង្ឃ​ទ្រង់​ប្រដំ​គ្នា ស្តេច​ទ្រង់​ស្រែក​យ៉ាង​ខ្លាំង បង្គាប់​ឲ្យ​នាំ​ពួក​អាប‌ធ្មប់ នឹង​ពួក​ខាល់ដេ ហើយ​ពួក​គ្រូ​ទាយ​មក រួច​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​ពួក​អ្នក​ប្រាជ្ញ ដែល​នៅ​ក្រុង​បាប៊ីឡូន​ថា អ្នក​ណា​ដែល​អាន​មើល​អក្សរ​នេះ ហើយ​ស្រាយ​ន័យ​ឲ្យ​យើង​ផង អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​នឹង​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ ខណៈ​នោះ អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​របស់​ស្តេច​ក៏​ចូល​មក តែ​គេ​មើល​អក្សរ​នោះ​មិន​បាន​ឡើយ ក៏​មិន​អាច​នឹង​ស្រាយ​ន័យ​ថ្វាយ​ស្តេច​បាន​ដែរ ដូច្នេះ បេល‌សាសារ​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ជា​ខ្លាំង ហើយ​ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ស្លុត​ទៅ ឯ​ពួក​សេនាបតី​របស់​ទ្រង់​គេ​ក៏​ទាល់​គំនិត​ដែរ។

ចែក​រំលែក
អាន ដានីយ៉ែល 5