ដានីយ៉ែល 4:4-8
ដានីយ៉ែល 4:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើង នេប៊ូក្នេសា កំពុងរស់នៅយ៉ាងសុខស្រួល ក្នុងដំណាក់របស់យើង ហើយកំពុងចម្រើននៅក្នុងរាជវាំងរបស់យើង។ យើងបានសុបិនឃើញ ដែលធ្វើឲ្យយើងតក់ស្លុត ហើយគំនិតដែលយើងនឹកគិតនៅក្នុងដំណេក និងនិមិត្តក្នុងគំនិតរបស់យើង ក៏ធ្វើឲ្យយើងភ័យខ្លាច។ ដូច្នេះ យើងបានចេញបញ្ជាឲ្យនាំអ្នកប្រាជ្ញទាំងប៉ុន្មានក្នុងស្រុកបាប៊ីឡូន មកចំពោះយើង ដើម្បីឲ្យគេបានកាត់ស្រាយសុបិននិមិត្តនោះប្រាប់យើង។ ពេលនោះ ពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងគ្រូទាយក៏ចូលមក ហើយយើងបានប្រាប់សុបិននោះដល់គេ តែគេមិនអាចកាត់ស្រាយសុបិននោះប្រាប់យើងបានឡើយ។ នៅទីបំផុត ដានីយ៉ែល (ដែលមានឈ្មោះ បេលថិស្សាសារ តាមព្រះនាមព្រះរបស់យើង ជាអ្នកដែលមានវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅក្នុងខ្លួន) បានចូលមកចំពោះយើង ហើយយើងបានប្រាប់សុបិននោះដល់លោកថា
ដានីយ៉ែល 4:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើង នេប៊ូក្នេសា កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងព្រះបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។ យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើក្រឡាបន្ទំ យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។ យើងឲ្យគេកោះហៅអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូនមកជួបយើង ដើម្បីកាត់ស្រាយសុបិននេះឲ្យយើង។ ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរា គ្រូទាយ ព្រមទាំងគ្រូធ្មប់ផ្សេងៗបាននាំគ្នាមក។ យើងរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់យើង ប៉ុន្តែ ពួកគេពុំអាចកាត់ស្រាយអត្ថន័យប្រាប់យើងបានឡើយ។ នៅទីបំផុត លោកដានីយ៉ែលចូលមក (លោកក៏មាននាមថា “បេលថិស្សាសារ” តាមនាមព្រះរបស់យើងដែរ) ហើយមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ យើងបានរៀបរាប់ឲ្យលោកដឹងពីសុបិនរបស់យើង ដូចតទៅ
ដានីយ៉ែល 4:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើង នេប៊ូក្នេសា កំពុងនៅជាសុខ នៅក្នុងដំណាក់របស់យើង ហើយកំពុងចំរើននៅក្នុងព្រះរាជវាំង នោះយើងឃើញនិមិត្តដែលនាំឲ្យតក់ស្លុត ហើយគំនិតដែលយើងគិតនៅលើដំណេក នឹងការជាក់ស្តែងនៅក្នុងខួរ ក៏នាំឲ្យយើងបារម្ភព្រួយទៅ ដូច្នេះ យើងបានចេញបង្គាប់ឲ្យនាំអស់ទាំងអ្នកប្រាជ្ញក្នុងក្រុងបាប៊ីឡូន មកចំពោះយើង ដើម្បីឲ្យគេបានកាត់ស្រាយន័យសុបិននិមិត្តនោះ ឲ្យយើងដឹង នោះពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ នឹងគ្រូទាយក៏មក ហើយយើងបានប្រាប់សុបិននោះដល់គេ តែគេមិនបានកាត់ស្រាយឲ្យយើងយល់ន័យសោះ លុះក្រោយមក ដានីយ៉ែល ដែលមានឈ្មោះ បេលថិស្សាសារ តាមព្រះនាមព្រះនៃយើង បានចូលមកចំពោះយើង ជាអ្នកដែលមានវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធ សណ្ឋិតនៅលើខ្លួន យើងក៏ប្រាប់សុបិននោះដល់គាត់ថា