ដានីយ៉ែល 3:8-17

ដានីយ៉ែល 3:8-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ពេល​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ចោទ​ប្រកាន់​ពួក​សាសន៍​យូដា។ គេ​ទូល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ចេញ​‌រាជ​បញ្ជា​ថា មនុស្ស​ទាំង​ឡាយ​ណា​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង គេ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាសនេះ ហើយ​ថា អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ទោ​សន្ធៅ។ ប៉ុន្ដែ មាន​ពួក​សាសន៍​យូដា​ខ្លះ ដែល​ទ្រង់​បាន​តែង​តាំងឲ្យ​គ្រប់​គ្រង​លើ​កិច្ច​ការ​នៅ​អាណា​ខេត្ត​បាប៊ី‌ឡូន គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ អ្នក​ទាំង​បី​នាក់នេះ បពិត្រ​ព្រះ‌ករុណា គេ​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ទេ គេ​មិន​គោរព​បម្រើ​ព្រះ​របស់​ព្រះ​ករុណា ក៏​មិន​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ​ករុណា​បាន​តាំង​ឡើង​នោះ​ដែរ»។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​សេចក្ដី​ក្រេវ​ក្រោធ​ជា​ខ្លាំង ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​នាំ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​មក។ ដូច្នេះ គេ​ក៏​នាំ​អ្នក​ទាំង​បី​ចូល​មកចំពោះ​ស្តេច។ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ​ឱង្ការ​ទៅ​កាន់​អ្នក​ទាំង​នោះ​ថា៖ «ម្នាល​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ តើ​ពិត​មែន​ឬ​ទេ ដែល​អស់​លោក​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ឬ​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស​ដែល​យើង​បាន​ដំ​ឡើង​នោះ? ឥឡូវ​នេះ បើ​អស់​លោក​ប្រុង‌ប្រៀប​នៅ​ពេល​ដែលឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​ដែល​យើង​បាន​កសាង នោះ​ល្អ​ប្រពៃ​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ គេ​នឹង​បោះ​លោក​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ ហើយ​នៅ​វេលា​នោះ តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​រំដោះ​អស់​លោក ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន?»។ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ទូល​ឆ្លើយ​ស្តេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា​នេប៊ូ‌ក្នេសា ទូល​បង្គំ​យើង​ខ្ញុំ​មិន​បាច់​ទូល​ឆ្លើយ​ព្រះ​ករុណា​ពី​ដំណើរ​នេះ​ទេ។ ប្រសិន​បើ​យ៉ាង​នោះ​មែន ព្រះ​របស់​ទូល​បង្គំ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​បម្រើ ទ្រង់​ពិត​ជា​អាច​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ដែរ។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:8-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន‌ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន‌ជាតិ​យូដា។ ពួក​គេ​ទូល​ព្រះចៅ​នេប៊ូ‌ក្នេសា​ថា៖ «បពិត្រ​ព្រះ‌រាជា​សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​អង្វែង​ត​រៀង​ទៅ! បពិត្រ​ព្រះ‌ករុណា ព្រះអង្គ​បាន​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង​អស់​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស នៅ​ពេល​គេ​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី​គែន និង​តន្ត្រី​គ្រប់​យ៉ាង។ តាម​បញ្ជា​នេះ អ្នក​ណា​មិន​ឱន​កាយ​ក្រាប​ថ្វាយ​បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ បពិត្រ​ព្រះ‌ករុណា មាន​ជន‌ជាតិ​យូដា​ខ្លះ​ដែល​ទ្រង់​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន គឺ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ពុំ​បាន​គោរព​តាម​រាជ​បញ្ជា​ទេ។ អ្នក​ទាំង​នោះ​មិន​គោរព​បម្រើ​ព្រះ​របស់​ព្រះ‌ករុណា ហើយ​ក៏​មិន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​ព្រះ‌ករុណា​បាន​កសាង​នោះ​ដែរ»។ ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​លោក​ទាំង​បី​មក​គាល់​ស្ដេច។ ព្រះចៅ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ទាំង​បី​ថា៖ «សាដ្រាក់ មែសាក់ និង​អបេឌ-នេកោ អស់​លោក​ពិត​ជា​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ? ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​អស់​លោក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង អស់​លោក​ត្រូវ​តែ​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​អស់​លោក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​អស់​លោក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​អស់​លោក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ!»។ លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទូល​ព្រះចៅ​នេប៊ូ‌ក្នេសា​វិញ​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​មិន​បាច់​ឆ្លើយ​នឹង​ព្រះ‌ករុណា​អំពី​រឿង​នេះ​ទេ។ បពិត្រ​ព្រះ‌រាជា ព្រះ​ដែល​ទូលបង្គំ​យើង​ខ្ញុំ​គោរព​បម្រើ ពិត​ជា​អាច​រំដោះ​ទូលបង្គំ​យើង​ខ្ញុំ គឺ​ព្រះអង្គ​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ និង​ឲ្យ​យើង​ខ្ញុំ រួច​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌ករុណា​ជា​មិន​ខាន។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:8-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​ជិត​ប្តឹង​ពី​ពួក​សាសន៍​យូដា គេ​ទូល​ដល់​ស្តេច​នេប៊ូ‌ក្នេសា​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ចេញ​ព្រះ‌រាជ​បង្គាប់​ថា អស់​មនុស្ស​ណា​ដែល​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹង​ដន្ត្រី​គ្រប់​យ៉ាង នោះ​ត្រូវ​តែ​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស​នេះ ហើយ​ថា បើ​អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ រីឯ​ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​តាំង​ឡើង លើ​ក្រសួង​ការ​ខេត្ត​បាប៊ីឡូន នោះ​មាន​ពួក​សាសន៍​យូដា​ខ្លះ គឺ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ទាំង​៣​នាក់​នោះ បពិត្រ​ព្រះ‌ករុណា គេ​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ទេ គេ​ក៏​មិន​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​នៃ​ទ្រង់ ឬ​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ។ ហេតុ​នោះ នេប៊ូ‌ក្នេសា​ទ្រង់​មាន​សេចក្ដី​ក្រោធ នឹង​សេចក្ដី​ឃោរ‌ឃៅ​យ៉ាង​ក្រៃ‌លែង ក៏​បង្គាប់​ឲ្យ​គេ​នាំ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​មក ដូច្នេះ គេ​ក៏​នាំ​អ្នក​ទាំង​៣​នោះ​ចូល​មក​នៅ​ចំពោះ​ស្តេច នេប៊ូ‌ក្នេសា ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ម្នាល​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ តើ​ដោយ​បំណង​ចិត្ត​ឬ ដែល​ឯង​រាល់​គ្នា​មិន​គោរព​ដល់​ព្រះ​នៃ​យើង ឬ​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​តាំង​ឡើង​ហើយ​នោះ ឥឡូវ​នេះ បើ​ឯង​រាល់​គ្នា​ប្រុង‌ប្រៀប​ក្នុង​វេលា​ណា​ដែល​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹង​ដន្ត្រី​គ្រប់​យ៉ាង ឲ្យ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​ធ្វើ​នេះ នោះ​បាន​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ឯង​ទៅ​ក្នុង​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ នៅ​វេលា​នោះ​ឯង តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​យើង​បាន តែ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​ទូល​ឆ្លើយ​ដល់​ស្តេច​ថា បពិត្រ​ព្រះ‌រាជា​នេប៊ូ‌ក្នេសា យើង​ខ្ញុំ​មិន​ចាំ​បាច់​ទូល​ឆ្លើយ​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ទេ បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិ‌បត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះ‌ហស្ត​ទ្រង់​ដែរ

ចែក​រំលែក
អាន ដានីយ៉ែល 3