ដានីយ៉ែល 3:8-12

ដានីយ៉ែល 3:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ពេល​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ចោទ​ប្រកាន់​ពួក​សាសន៍​យូដា។ គេ​ទូល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ចេញ​‌រាជ​បញ្ជា​ថា មនុស្ស​ទាំង​ឡាយ​ណា​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង គេ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាសនេះ ហើយ​ថា អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ទោ​សន្ធៅ។ ប៉ុន្ដែ មាន​ពួក​សាសន៍​យូដា​ខ្លះ ដែល​ទ្រង់​បាន​តែង​តាំងឲ្យ​គ្រប់​គ្រង​លើ​កិច្ច​ការ​នៅ​អាណា​ខេត្ត​បាប៊ី‌ឡូន គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ អ្នក​ទាំង​បី​នាក់នេះ បពិត្រ​ព្រះ‌ករុណា គេ​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ទេ គេ​មិន​គោរព​បម្រើ​ព្រះ​របស់​ព្រះ​ករុណា ក៏​មិន​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ​ករុណា​បាន​តាំង​ឡើង​នោះ​ដែរ»។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន‌ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន‌ជាតិ​យូដា។ ពួក​គេ​ទូល​ព្រះចៅ​នេប៊ូ‌ក្នេសា​ថា៖ «បពិត្រ​ព្រះ‌រាជា​សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​អង្វែង​ត​រៀង​ទៅ! បពិត្រ​ព្រះ‌ករុណា ព្រះអង្គ​បាន​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង​អស់​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស នៅ​ពេល​គេ​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី​គែន និង​តន្ត្រី​គ្រប់​យ៉ាង។ តាម​បញ្ជា​នេះ អ្នក​ណា​មិន​ឱន​កាយ​ក្រាប​ថ្វាយ​បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ បពិត្រ​ព្រះ‌ករុណា មាន​ជន‌ជាតិ​យូដា​ខ្លះ​ដែល​ទ្រង់​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន គឺ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ពុំ​បាន​គោរព​តាម​រាជ​បញ្ជា​ទេ។ អ្នក​ទាំង​នោះ​មិន​គោរព​បម្រើ​ព្រះ​របស់​ព្រះ‌ករុណា ហើយ​ក៏​មិន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​ព្រះ‌ករុណា​បាន​កសាង​នោះ​ដែរ»។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​ជិត​ប្តឹង​ពី​ពួក​សាសន៍​យូដា គេ​ទូល​ដល់​ស្តេច​នេប៊ូ‌ក្នេសា​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ចេញ​ព្រះ‌រាជ​បង្គាប់​ថា អស់​មនុស្ស​ណា​ដែល​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹង​ដន្ត្រី​គ្រប់​យ៉ាង នោះ​ត្រូវ​តែ​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស​នេះ ហើយ​ថា បើ​អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ រីឯ​ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​តាំង​ឡើង លើ​ក្រសួង​ការ​ខេត្ត​បាប៊ីឡូន នោះ​មាន​ពួក​សាសន៍​យូដា​ខ្លះ គឺ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ទាំង​៣​នាក់​នោះ បពិត្រ​ព្រះ‌ករុណា គេ​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ទេ គេ​ក៏​មិន​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​នៃ​ទ្រង់ ឬ​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ។

ចែក​រំលែក
អាន ដានីយ៉ែល 3