ដានីយ៉ែល 3:4-7
ដានីយ៉ែល 3:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានម្នាក់ស្រែកប្រកាសយ៉ាងខ្លាំងថា៖ «ម្នាលប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ ស្ដេចចេញរាជបញ្ជាថា ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង អ្នករាល់គ្នាត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានដំឡើង។ អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនោះភ្លាម!»។ ដូច្នេះ កាលប្រជាជនទាំងឡាយបានឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ និងតន្ត្រីគ្រប់យ៉ាងហើយ ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ក៏ក្រាបថ្វាយបង្គំរូបបដិមាករមាស ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។
ដានីយ៉ែល 3:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានអាមាត្យម្នាក់ស្រែកឡើងយ៉ាងខ្លាំងៗថា៖ «ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ! ចូរស្ដាប់រាជបញ្ជា! ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង ត្រូវនាំគ្នាឱនកាយក្រាបថ្វាយបង្គំរូបចម្លាក់មាស ដែលព្រះករុណានេប៊ូក្នេសាបានកសាង។ អ្នកណាមិនក្រាបថ្វាយបង្គំ អ្នកនោះនឹងត្រូវបោះភ្លាមៗទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ»។ ហេតុនេះ ពេលបានឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និងតន្ដ្រីគ្រប់យ៉ាង ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះចៅនេប៊ូក្នេសាបានកសាង។
ដានីយ៉ែល 3:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមានអ្នក១ស្រែកប៉ាវប្រកាស ជាសំឡេងយ៉ាងខ្លាំងថា ម្នាលជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាអើយ មានសេចក្ដីបង្គាប់ដល់អ្នករាល់គ្នាដូច្នេះថា វេលាណាដែលអ្នករាល់គ្នាឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ នឹងប៉ី ហើយដន្ត្រីគ្រប់យ៉ាង នោះត្រូវក្រាបថ្វាយបង្គំដល់រូបមាស ដែលព្រះករុណាទ្រង់បានតាំងឡើងទៅ បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះនឹងត្រូវបោះទៅកណ្តាលគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនៅវេលានោះឯង ដូច្នេះ នៅវេលានោះ កាលជនទាំងឡាយបានឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ នឹងដន្ត្រីគ្រប់យ៉ាងហើយ នោះជនទាំងឡាយព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាផង ក៏ក្រាបថ្វាយបង្គំដល់រូបមាស ដែលស្តេចនេប៊ូក្នេសាបានតាំងទុកនោះ។