ដានីយ៉ែល 3:19-27

ដានីយ៉ែល 3:19-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​ពេញ​ដោយ​សេចក្ដី​ក្រេវ​ក្រោធ ទាស់​នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ហើយ​ព្រះ‌ភក្ត្រ​របស់​ស្ដេច​ក៏​ផ្លាស់​ប្រែ។ ស្ដេច​បញ្ជា​ឲ្យ​គេ​ដុត​គុក​ភ្លើង ឲ្យ​ក្តៅ​ជាង​ធម្មតា​ប្រាំ​ពីរ​ដង រួច​បញ្ជា​មនុស្ស​ខ្លាំង​ពូកែ​ខ្លះ​ក្នុង​កង‌ទ័ព​របស់​ស្ដេច ឲ្យ​ចង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ។ ពេល​នោះ គេ​ក៏​ចង​អ្នក​ទាំង​បី ភ្ជាប់​ទាំង​ខោ​ទាំង​អាវ និង​ឈ្នួត ព្រម​ទាំង​សម្លៀក‌បំពាក់​ឯ​ទៀត​ៗ រួច​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។ ដោយ​ព្រោះ​រាជ​បញ្ជា​របស់​ស្តេច​តឹង​រឹង ហើយ​គុក​ភ្លើងក៏​ក្តៅយ៉ាង​ក្រៃ‌លែង នោះ​អណ្ដាត​ភ្លើង​ក៏​សម្លាប់​អស់​អ្នក​ដែល​បាន​ចាប់​បោះ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​នោះទៅ។ ប៉ុន្ដែ អ្នក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ធ្លាក់​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ ទាំង​ជាប់​ចំណង។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​ព្រះ​ហឫទ័យ​ស្រឡាំង‌កាំង ហើយ​ក៏​ក្រោក​ឡើង​យ៉ាង​ប្រញាប់​ប្រញាល់ មាន​រាជ​ឱង្ការ​ទៅ​កាន់​ពួក​ទី​ប្រឹក្សា​របស់​ស្ដេច​ថា៖ «តើ​យើង​មិន​បាន​បោះមនុស្ស​បី​នាក់ ទៅ​ក្នុង​ភ្លើង​ទាំង​ជាប់​ចំណង​ទេ​ឬ?»។ គេ​ក៏​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា ពិត​មែន​ហើយ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «តែ​យើង​ឃើញ​មនុស្ស​បួន​នាក់​ឥត​ជាប់​ចំណង កំពុង​ដើរ​នៅ​កណ្ដាល​ភ្លើង ឥត​ឈឺ​ចាប់​អ្វី​សោះ រី​ឯ​អ្នក​ទី​បួន​មាន​ទ្រង់​ទ្រាយ​ដូច​ជា​កូន​ព្រះ»។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​ទ្វារ​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ មាន​រាជ​ឱង្ការ​ថា៖ «សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្ដាល​ភ្លើង​មក។ ពួក​នាយក ពួក​ចៅ​ហ្វាយ ពួក​ទេសា​ភិបាល និង​ពួក​ទីប្រឹក្សា​របស់​ស្តេច បាន​មក​ជួប​ជុំ​គ្នា ហើយ​ឃើញ​ថា ភ្លើង​គ្មាន​អំណាច​អ្វី​លើ​ខ្លួន​របស់​អ្នក​ទាំង​នោះ​សោះ សក់​ក្បាល​របស់​គេ​ក៏​មិន​បាន​ទាំង​រួញ​ដែរ ឯ​ខោ​អាវ​រប​ស់​គេ​មិន​បាន​ឆេះ ក៏​មិន​មាន​ក្លិន​ឈ្ងៀម​នៅ​ជាប់​ខ្លួន​ផង។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:19-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់​នឹង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​យ៉ាង​ខ្លាំង ព្រះ‌ភ័ក្ត្រ​របស់​ស្ដេច​បាន​ផ្លាស់​ប្រែ។ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ដុត​ឡ​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង រួច​បញ្ជា​ទាហាន​ខ្លះ​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា​ឲ្យ​ចាប់​ចង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ គេ​ចង​លោក​ទាំង​បី ដោយ​ទុក​សម្លៀក‌បំពាក់ ទាំង​ក្នុង​ទាំង​ក្រៅ​ជាប់​នឹង​ខ្លួន និង​ឈ្នួត​ផង រួច​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ ដោយ‌សារ​រាជ​បញ្ជា​ដ៏​តឹង‌តែង គេ​បាន​ដុត​ភ្លើង​យ៉ាង​ក្ដៅ​បំផុត រហូត​ដល់​ធ្វើ​ឲ្យ​ទាហាន​ដែល​ចាប់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ បោះ​ទៅ​ក្នុង​ភ្លើង​នោះ​ត្រូវ​ស្លាប់។ ពេល​នោះ លោក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អេបេឌ-‌នេកោ ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​រន្ធត់​ព្រះ‌ហឫទ័យ​ជា​ខ្លាំង ទ្រង់​ប្រញាប់‌ប្រញាល់​ក្រោក​ឈរ​ឡើង មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម​ប្រឹក្សា​ថា៖ «តើ​យើង​បាន​បោះ​មនុស្ស​បី​នាក់​ដែល​ជាប់​ចំណង​ទៅ​ក្នុង​ភ្លើង​មែន​ឬ​មិន​មែន?»។ ពួក​គេ​ទូ ល​ព្រះ‌រាជា​ថា៖ «ពិត​មែន​ហើយ ព្រះ‌ករុណា!»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឃើញ​មនុស្ស​បួន​នាក់ ដែល​គ្មាន​ជាប់​ចំណង​កំពុង​តែ​ដើរ​នៅ​ក្នុង​ភ្លើង ដោយ​ឥត​រលាក​សោះ​ដូច្នេះ? រីឯ​អ្នក​ទី​បួន មាន​ទ្រង់‌ទ្រាយ​ដូច​ទេវតា»។ ព្រះចៅ​នេប៊ូ‌ក្នេសា​ចូល​ទៅ​ជិត​ឡ​ភ្លើង មាន​រាជ‌ឱង្ការ​ថា៖ «លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ ចូរ​នាំ​គ្នា​ចេញ​មក!»។ លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​ក៏​នាំ​គ្នា​ចេញ​ពី​ក្នុង​ភ្លើង។ ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត និង​ក្រុម​ប្រឹក្សា​ព្រះ‌មហា‌ក្សត្រ ក៏​រួម​ប្រជុំ​គ្នា ពួក​គេ​ឃើញ​ថា ភ្លើង​ពុំ​មាន​អំណាច​អ្វី​លើ​រូប​កាយ​របស់​បុរស​ទាំង​បី​សោះ សក់​ក្បាល​របស់​អ្នក​ទាំង​បី​ក៏​មិន​ឆេះ ហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​គេ​ពុំ​ខូច​ខាត ឬ​ធុំ​ក្លិន​ឈ្ងៀម​ដែរ។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:19-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​នេប៊ូ‌ក្នេសា ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​ឃោរ‌ឃៅ ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ​ទៅ ទាស់​នឹង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​ដុត​គុក​ភ្លើង​ឲ្យ​ក្តៅ​ជាង​ធម្មតា​១​ជា​៧ រួច​ទ្រង់​បង្គាប់​ដល់​មនុស្ស​ខ្លាំង​ពូកែ​ខ្លះ​ក្នុង​កង‌ទ័ព​ទ្រង់ ឲ្យ​គេ​ចង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​នោះ ដូច្នេះ គេ​ក៏​ចង​អ្នក​ទាំង​នោះ​ភ្ជាប់​ទាំង​ខោ​ទាំង​អាវ នឹង​ឈ្នួត ព្រម​ទាំង​សំលៀក‌បំពាក់​ឯ​ទៀត​ផង បោះ​ចុះ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​ទៅ ហេតុ​នោះ ដោយ​ព្រោះ​បង្គាប់​ស្តេច​ក៏​តឹង​រឹង​ណាស់ ហើយ​គុក​ភ្លើង​បាន​ក្តៅ​យ៉ាង​ក្រៃ‌លែង បាន​ជា​អណ្តាត​ភ្លើង​ឆេះ​សំឡាប់​ពួក​អ្នក​ដែល​បាន​លើក​បោះ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​ទៅ​នោះ ចំណែក​អ្នក​ទាំង​៣​នោះ គឺ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ គេ​ធ្លាក់​ទៅ​កណ្តាល​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ ទាំង​ជាប់​ចំណង​ផង។ ខណៈ​នោះ ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​មាន​សេចក្ដី​ស្រឡាំង‌កាំង ហើយ​ក៏​ក្រោក​ឡើង​ជា​ប្រញាប់ មាន​បន្ទូល​នឹង​ពួក​ជំនិត​របស់​ទ្រង់​ថា តើ​មិន​មែន​៣​នាក់ដែល​យើង​បោះ​ទៅ​ក្នុង​ភ្លើង​ទាំង​ជាប់​ចំណង​ផង​ទេ​ឬ​អី គេ​ក៏​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា​អើយ ពិត​ហើយ​ដូច្នោះ រួច​ទ្រង់​មាន​បន្ទូល​ថា មើល យើង​ឃើញ​៤​នាក់ ឥត​ជាប់​ចំណង​សោះ កំពុង​ដើរ​នៅ​កណ្តាល​ភ្លើង ឥត​មាន​អ្វី​សោះ ឯ​អ្នក​ទី​៤​ក៏​មាន​ភាព​ដូច​ជា​កូន​ព្រះ នោះ​នេប៊ូ‌ក្នេសា​ក៏​ចូល​ទៅ​ជិត​មាត់​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​នោះ មាន​បន្ទូល​ថា ឱ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ជា​អ្នក​គោរព​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ​ចុះ ដូច្នេះ សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ក៏​ចេញ​ពី​កណ្តាល​ភ្លើង​មក រួច​ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក នឹង​ពួក​ជំនិត​របស់​ស្តេច​ដែល​បាន​ប្រជុំ​គ្នា គេ​ក៏​ឃើញ​មនុស្ស​ទាំង​នោះ​ដែល​ភ្លើង​គ្មាន​អំណាច​លើ​ខ្លួន​គេ​សោះ សក់​ក្បាល​គេ​ក៏​មិន​បាន​ទាំង​រួញ​ដែរ ឯ​ខោ​អាវ​មិន​បាន​ឆេះ ក៏​ឥត​មាន​ក្លិន​ឈ្ងៀម​នៅ​ជាប់​លើ​គេ​ផង។

ចែក​រំលែក
អាន ដានីយ៉ែល 3